Friday, July 28, 2017

លោក ញឹម វណ្ណដា ចុះជួបមន្ត្រីតាមបណ្តាខេត្តនានា ដើម្បីក្តាប់ស្ថានការណ៍ជំនន់ទឹកភ្លៀង និងផ្តល់អំណោយត្រៀមទុកសង្គ្រោះពលរដ្ឋ ដែលរងផលប៉ះពាល់ និងរងគ្រោះពីទឹកជំនន់

លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធាន​ប្រតិបត្តិ នៃគណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ បានចុះជួបមន្ត្រី​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ មកពីខេត្ត​ចំនួន៣​រួមមាន ខេត្តកំពង់ធំ  ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលរងផលប៉ះពាល់​ពីគ្រោះមហន្តរាយ ដោយ ជំនន់ទឹកភ្លៀង។នៅក្នុងកិច្ចប្រជុំ ដើម្បីក្តាប់ស្ថានការណ៍ជំនន់ទឹកភ្លៀងនាពេលនោះ រដ្ឋបាលខេត្តកំពង់ធំ បានធ្វើសេចក្តីរាយការណ៍ថា រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសជូនប្រជាពលរដ្ឋឲ្យបានជ្រាប អំពីស្ថានភាពទឹកភ្លៀង ដែលនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃនេះ នៅទូទាំងភូមិឃុំស្រុកក្រុង ក្នុងខេត្តកំពង់ធំ បង្កឲ្យភូមិមួយចំនួន ដែលស្ថិតនៅតាមដងទន្លេ ដូចជាទន្លេមេគង្គ, ទន្លេសេគង្គ, ទន្លេសេសាន ទន្លេស្រែពក និងនៅតាមដៃរអូធំៗ ប្រឈមការជន់លិច ហើយប្រជាពលរដ្ឋអាច នឹងទៅរកទីទួលដែលខ្ពស់ៗ។
មន្រ្តីតំណាងសាលាខេត្តព្រះវិហារបានរាយការណ៍អោយដឹងថា ទឹកភ្លៀងបានធ្លាក់ជោកជាំ និងជន់លិច ស្រុកមួយចំនួនក្នុងខេត្តព្រះវិហារ ដូចជាស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងឆែបជាដើម ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង ប្រជាពលរដ្ឋជាបន្តបន្ទាប់។ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានមនុស្ស២នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹក ដែលបញ្ហានេះជារឿងគួរឲ្យព្រួយបារម្ភ ចំពោះគ្រោះថ្នាក់ដែលកើតចេញពីជំនន់ទឹកភ្លៀង។
នៅក្នុងខេត្តឧត្តរមានជ័យវិញ ជំនន់ទឹកភ្លៀងកំពុងជន់លិចភូមិ-ឃុំ មួយចំនួន ក្នុងស្រុកត្រពាំងប្រាសាទ និងស្រុក អន្លង់វែង គឺកំពុងត្រូវជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋ ដែលជាហេតុធ្វើឲ្យពលរដ្ឋរាប់ពាន់គ្រួសារ កំពុងប្រឈម នឹងការលំបាកសព្វគ្រប់បែបយ៉ាង។
លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងសហគមន៍ ក៏ដូចជាសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ។
លោកបន្តថា តាមរបាយការណ៍របស់ខេត្តឧត្តរមានជ័យ ដែលបានលើកឡើង គឺ នៅស្រុកត្រពាំងប្រាសាទ ជំនន់ទឹកភ្លៀង កំពុងវាយលុកយ៉ាងខ្លាំងលើស្រុកចំនួនពីរ។ ដូច្នេះលោកសូមសំណូមពរ អោយប្រជាពលរដ្ឋ ដែលរស់នៅក្នុង តំបន់ជំនន់ទឹកភ្លៀង ជន់លិចត្រូវ មានការប្រុងប្រយ័ត្ន គ្រប់ពេលវេលា ដើម្បីកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ លោក ញឹម វណ្ណដា បានបន្ថែមថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលមានជំនន់ទឹកភ្លៀង គួរប្រុងប្រយ័ត្នសព្វបែបយ៉ាងជាពិសេស ត្រូវមើលថែទាំកូនចៅតូចៗឲ្យបានល្អ ដើម្បីចៀសវាងកុំឲ្យមានគ្រោះថ្នាក់កើតឡើង។ ជាងនេះទៅទៀត ប្រជាពលរដ្ឋត្រូវមាន ការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់សត្វអសិរពិស ព្រោះងាយនឹងមានគ្រោះថ្នាក់បំផុត ក្នុងរដូវទឹកជំនន់នេះ ហើយជាពិសេសមន្រ្តីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវពិនិត្យមើលពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងឲ្យបានដិតដល់។
លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីខេត្តព្រះសីហនុ និងខេត្តកំពត ដែលជំនន់ទឹកភ្លៀង កំពុងវាយលុកតាមបណ្ដាស្រុកមួយចំនួន ព្រោះកម្រិតទឹកភ្លៀងកើនឡើងខ្ពស់ ដោយសារភ្លៀងធា្លក់ខ្លាំងជាប់ៗគ្នាច្រើនថ្ងៃ ហើយប្រជាពលរដ្ឋ ដែលរងផលប៉ះ ពាល់ ដោយសារជំនន់ទឹកភ្លៀង កំពុងប្រឈមនឹងការលំបាក។ លោកបន្តថា ថ្មីៗនេះកំណាត់ផ្លូវជាតិលេខ៤ ក្នុងតំបន់ស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ត្រូវបានទឹកជន់លិច ហើយមានការហាមឃាត់មិនឲ្យ រថយន្តបើកបរឆ្លងកាត់ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់។
លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីស្ថានភាពទឹកនៅខេត្តកំពង់ចាម គឺស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ទឹកបានជន់លិចលំនៅដ្ឋាន និងចំការដំណាំរបស់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់។ នៅចំណុចភូមិកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានករណីបាក់ដីច្រាំង ទន្លេចូលទៅក្នុង ទន្លេ ធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ មួយចំនួនកំពុងប្រឈមនឹងការធ្លាក់ចូលទៅក្នុងទន្លេផងដែរ។ បញ្ហានេះ ជារឿងដែលប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពអាយុជីវិត ហើយមិនត្រូវធ្វេសប្រហែស ជាដាច់ខាតព្រោះគ្រោះធម្មជាតិ ពុំមានវិធីណាដែលអាចទប់ទល់បានទេ ក្រៅពីការប្រុងប្រយ័ត្ន។ ចំណែកឯនៅក្នុងឃុំមួយចំនួននៃស្រុកល្វាឯម ខេត្តកណ្ដាល ទឹកជំនន់បានជន់លិចចម្ការដំណាំរបស់ប្រជាពលរដ្ឋ និងលំនៅដ្ឋានប្រជាពលរដ្ឋជាបន្តបន្ទាប់ ដូច្នេះប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថា ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ កំពុងធ្វើឲ្យប្រជាពលរដ្ឋ រាប់ពាន់រាប់ម៉ឺនគ្រួសារ ត្រូវប្រឈមនឹងផលប៉ះពាល់ហើយធ្វើឲ្យមនុស្ស បាត់បង់ជីវិតគួរឲ្យសោកស្ដាយ រីឯទ្រព្យសម្បត្តិ និងផលដំណាំ ត្រូវប្រឈមនឹងការខូចខាត ។ សម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងកណ្ដាល ត្រូវប្រុងប្រយ័ត្នចំពោះទឹកជំនន់ទន្លេមេគង្គ ដែលកំពុងកើនឡើងយ៉ាងគំហុក។ លោកបានមានប្រសាសន៍ថា មានតែការប្រុងប្រយ័ត្នទេ ទើបប្រជាពលរដ្ឋអាចចៀសផុត ពីគ្រោះថ្នាក់ផ្សេងៗ ហើយការថែរក្សាកូនចៅតូចៗឲ្យបានល្អ គឺជាប្រការសំខាន់បំផុត ក្នុងខណៈដែលជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេ កំពុងវាយលុកព្រមៗគ្នា នាពេលនេះ។

ក្រោយពីបញ្ចប់ កិច្ចប្រជុំបូកសរុបលទ្ធផលគ្រោះមហន្តរាយក្នុងឆមាសទី១ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានបន្តចុះពិនិត្យទីតាំងមួយចំនួន ដែលកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង និងបានផ្តល់អំណោយ ជូនដល់មន្ត្រីថ្នាក់ខេត្ត ដើម្បីត្រៀមទុកជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងនូវផលប៉ះពាល់ និងគ្រោះមហន្តរាយ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ច្រើន នៅតាមតំបន់មួយចំនួន៕









No comments:

Post a Comment