Friday, July 28, 2017

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បើកប្រាក់គោលនយោបាយដល់ និវត្តជន ជនពិការ និងគ្រួសារមរណៈ

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកប្រាក់គោលនយោបាយ ដល់និវត្តជន ជនពិការ និងគ្រួសារមរណៈ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ស្នងការរង នាយ នាយរង ការិយាល័យបុគ្គលិក និងនិវត្តជន ជនពិការ គ្រួសារមរណៈ ។

តាមរបាយការណ៍សង្ខេប ដែលអានដោយ លោកឧត្តមសេនីយ៍ត្រី អ៊ូ វណ្ណរិទ្ធ ស្នងការរង ទទួលផែនធនធានមនុស្ស បានឱ្យដឹងថា ការបើកប្រាក់គោលនយោបាយនាពេលនេះ គឺធ្វើទៅតាមគោលការណ៍ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។ សមាជិកដែលត្រូវបើកប្រាក់ សរុបចំនួន ៧៤នាក់ ក្នុងនោះ និវត្តជនមាន៥២នាក់ ជនពិការ០២នាក់ មរណៈ២០នាក់ ហើយការទទួលបានទឹកប្រាក់ គឺទៅតាមឋានន្តរស័ក្តិ និងអតីតភាពការងារ។
មានប្រសាសន៍ទៅកាន់បងប្អូននិវត្តជន ជនពិការ និងសមាជិកគ្រួសារមរណៈ នាពេលនោះ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ ដែលបានចូលរួម បំរើជាតិមាតុភូមិ នាពេលកន្លងមក បានលះបងកំលាំងកាយចិត្ត និងអាយុជីវិត។

លោកឧត្តមសេនីយ៍ទោ ក៏បានសំណូមពរដល់បងប្អូនដែលចូលនិវត្ត ត្រូវពង្រឹងគោលជំហរ ជឿជាក់លើមាគ៌ារបស់ប្រមុខរាជរដ្ឋាភិបាល និងគោរពតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយបន្តជួយផ្តល់បទពិសោធការងារល្អៗ ដល់កងកម្លាំងជំនាន់ក្រោយ និងចូលរួមទាំងអស់គ្នា ក្នុងការងារការពារសន្តិសុខភូមិឃុំ ជាពិសេសជួយផ្តល់ព័ត៌មាន ពេលបានដឹងពីហេតុការណ៍ផ្សេងៗ ក្នុងមូលដ្ឋាន ៕







No comments:

Post a Comment