Friday, July 28, 2017

រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងបង្កើនឱកាសការងារសមស្របតាមតម្រូវការទីផ្សារជូនកម្មករ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជាង៥០០នាក់ ដោយមានការចូលរួមពីសំណាក់លោក យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ នៅក្រុមហ៊ុនញូស្តារ ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនេះ លោក អ៊ិត សំហេង ក៏បានពាំនាំមកនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលតែងតែខ្វល់ខ្វាយដល់សុខទុក្ខរបស់បងប្អូនពលករ និងសូមជូនពរសព្វសាធុការពរជ័យជូនដល់បងប្អូនពលករទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ និងបានសម្តែងនូវការកោតសរសើរចំពោះបងប្អូនកម្មករនិយោជិតនៃរោងចក្រញូស្តារដែលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយវិជ្ជាជីវៈ រក្សាសុខដុមរម្យនាក្នុងរោងចក្រ ដែលជាឆ្នាំបាយរួមរបស់បងប្អូនទាំងអស់គ្នា។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់ និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របតាមតម្រូវការទីផ្សារការងារ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម កសាងហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ ដោយរក្សាបានកំណើនថេរជាមធ្យមប្រចាំឆ្នាំ៧% អត្រាភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកត្រឹម១៣,៥% និងអត្រាអត់ការងារធ្វើចំនួន០,៧% ប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោក អ៊ិត សំហេង ក៏បានបន្ថែមថា ការតម្លើងប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិត ចំនួន ១៥៣ ដុល្លារ រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបានទទួលពី១៧០ដុល្លារ ទៅ១៨១ដុល្លារសម្រាប់ឆ្នាំ២០១៧។ តម្លៃអគ្គីសនី ទឹកស្អាតត្រូវបានបញ្ចុះ ហើយការឡើងថ្លៃជួលផ្ទះត្រូវបានគ្រប់គ្រងដោយច្បាប់។ ការផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗតាមរយៈបេឡាជាតិរបបសន្តិសុខសង្គមដូចជារបបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តនាពេលខាងមុខ ការលើកលែងការបង់ពន្ធលើប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ការតម្លើងប្រាក់បៀវត្សមន្រ្តីរាជការឱ្យបានយ៉ាងតិច ១ លានរៀល លើកលែងការបង់ពន្ធក្នុងការផ្ទេរទ្រព្យសម្បត្តិពីឪពុកម្តាយទៅកូន លើកលែងការបង់ថ្លៃប្រថាប់ត្រា ការធ្វើសំបុត្រកំណើត សំបុត្រមរណភាព អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងលិខិតបញ្ជាក់នានាដោយឥតបង់ថ្លៃ ការកាត់បន្ថយអត្រាប្រាក់កម្ចីនៅត្រឹម ១៨% និងការគិតគូរដល់ការផ្តល់សេវា និងភាពងាយស្រួលជូនប្រជាជនកាន់តែច្រើនថែមទៀត។

លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ដល់រោងចក្រ សូមខិតខំអនុវត្តតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាពិសេសរបបហានិភ័យការងារ និងរបបថែទាំសុខភាពឱ្យបាន១០០% ។ និយោជក និងកម្មករនិយោជិតត្រូវរក្សាឱ្យបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយចាត់ទុករោងចក្រជាឆ្នាំងបាយរួម ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕




No comments:

Post a Comment