Friday, July 28, 2017

រដ្ឋមន្ត្រីបរិស្ថាន ប្រែក្លាយតំបន់ការពារធម្មជាតិជាគោលដៅទេសចរណ៍ ជាយុទ្ធសាស្ត្រការពារធនធានធម្មជាតិរយៈពេលយូរអង្វែង

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានផែនការប្រែក្លាយ តំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃជា គោលដៅទេសចរណ៍ តំបន់លំហែកាយដើម្បីបង្កើន និងលើកស្ទួយជីវភាពប្រជាសហគមន៍ ដែលនេះគឺជា យុទ្ធសាស្ត្រនៃការការពារធនធានធម្មជាតិរយៈពេលយូរអង្វែង។
លោក បានថ្លែងប្រាប់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយពន្យល់ថា៖ «នៅពេលដែលមានភ្ញៀវ ទេសចរទៅកាន់តំបន់អភិរក្ស ឬសហគមន៍ ព្រៃឈើនោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នឹងទទួលបាន ចំណូលពីភ្ញៀវទេសចរ ដោយគាត់បានក្លាយជាអ្នកនាំផ្លូវ អ្នកផ្គត់ផ្គង់ម្ហូបអាហារបាយទឹក និងអាហារ ផ្សេងៗជូនដល់ភ្ញៀវទេសចរ។ ពលរដ្ឋសហគមន៍នឹងលែងចូលកាប់ព្រៃ ហើយបែរមកថែរក្សាព្រៃឈើជំនួសវិញ ព្រោះក្រៅពីទទួលបានចំណូលពី ភ្ញៀវទេសចរ ពលរដ្ឋក្នុងសហគមន៍ផ្ទាល់នៅតែអាចរក អនុផលព្រៃឈើ បន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ»។
លោកបានសង្កត់ធ្ងន់ថា ៖ «នេះគឺជាការប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋ នៅសហគមន៍យ៉ាងពិតប្រាកដ និងជាការថែរក្សាបាននូវធនធាន ធម្មជាតិដែលស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់រដ្ឋាភិបាល»។ ជាមួយគ្នាលោក សាយ សំអាល់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរ កំសាន្តទៅកាន់តំបន់ការពារធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីបានឃើញសម្រស់ ព្រៃឈើកម្ពុជា ដោយផ្ទាល់។ លោកសង្កត់ធ្ងន់ថា ដើម្បីការពារព្រៃឱ្យនៅគង់វង្សនោះ ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ដែល បច្ចុប្បន្នសុទ្ធសឹង តែជាអ្នកស្វែងរកដំណើរកំសាន្តចុងសប្តាហ៍ គួរតែធ្វើដំណើរទៅកាន់តំបន់ អភិរក្ស សហគមន៍ព្រៃឈើ ឬតំបន់បេតិកភណ្ឌធម្មជាតិនៅក្នុងប្រទេសដែលជាតំបន់សក្តានុពលទេសចរណ៍។
សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីព្រៃការពារប្រមាណ៧, ៥ លានហិកតា ដែលមានសហគមន៍ ព្រៃឈើចំនួន ១៥០សហគមន៍ និងតំបន់ការពារធម្មជាតិចំនួន៤៦កន្លែង ដែលកំពុងរង់ចាំទទួលភ្ញៀវទេសចរជាតិ និង អន្តរ ជាតិ។ តំបន់ធម្មជាតិទាំងនោះដូចជាតំបន់ទេសចរណ៍ធម្មជាតិជីផាត់ គីរីរម្យ ចំបក់ តំបន់បេតិកភណ្ឌ ធម្មជាតិ ភ្នំត្បែង និង តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាដើម ៕









No comments:

Post a Comment