Friday, July 28, 2017

ប្រតិភូ​អាស៊ាន-ចិនផ្នែក​អភិវឌ្ឍជន​បទបំពេញ​ទស្សន​កិច្ចនៅ​ភូមិធម្មជាតិរុន​តាឯក​

ក្រោយចំណាយពេលប្រជុំ២ថ្ងៃនៅក្រុងសៀមរាប ថ្នាក់ដឹកនាំនៃកិច្ចប្រជុំអាស៊ាន-ចិនផ្នែកអភិវឌ្ឍន៍ជនបទរួមនឹងសមាជិកប្រមាណជិត១០០នាក់ បានទៅបំពេញទស្សនកិច្ចភូមិធម្មជាតិរុនតាឯកដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចនេះត្រូវបានសហការរៀបចំដោយអាជ្ញាធរជាតិអប្សរានិងមន្ទីអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។ លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដែលចូលរួមក្នុងកម្មវិធីនេះបញ្ជាក់ថា ការមកទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯកពេលនេះ គឺដើម្បីឲ្យក្រុមប្រតិភូបានស្វែងយល់អំពីគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលអាជ្ញាធរជាតិអប្សរាកំពុងតែរៀបចំអភិវឌ្ឍន៍ទាំងផ្នែកកសិកម្ម និងទេសចរណ៍ ក្នុងគោលបំណងលើកស្ទួយជីវភាពប្រជាជនក្នុងមូលដ្ឋាន។
លោកបន្ថែមថា ក្រុមប្រតិភូពិតជាពេញចិត្តនឹងការរៀបចំភូមិដ្ឋាននេះដែលមានសណ្តាប់ធ្នាប់ល្អ និងបរិស្ថានស្រស់ស្អាតគួរឲ្យទាក់ទាញ។ ជាពិសេស ពួកគាត់ពិតជារីករាយដែលបានចូលរួមដាំដើមឈើអនុស្សាវរីយ៍នៅភូមិនេះទៀតផង ដែលជាផ្នែកមួយជួយបង្កើនគម្របព្រៃឈើនៅតំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ ដែលអាចនឹងធ្វើឲ្យពួកគាត់ចង់វិលត្រឡប់មកទស្សនាលើកក្រោយៗទៀត។
លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានធ្វើបទបង្ហាញសង្ខេបជូនប្រតិភូអំពីគោលបំណងនៃការបង្កើតភូមិធម្មជាតិរុនតាឯក ពិសេសការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋពីតំបន់រមណីយដ្ឋានអង្គរ និងការអភិវឌ្ឍភូមិធម្មជាតិនេះ ដោយផ្តោតសំខាន់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងវិស័យកសិកម្ម និងវិស័យទេសចរណ៍ដើម្បីបង្កើនភាពងាយស្រួល និងចំណូលដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅទីនេះ។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់គ្រប់បណ្តាប្រទេសអាស៊ាន និងចិន ដើម្បីចូលរួមចំណែកលើការអភិវឌ្ឍភូមិធម្មជាតិនេះតាមគ្រប់មធ្យោបាយដែលអាចជួយបាន ដើម្បីអភិវឌ្ឍភូមិធម្មជាតិនេះឲ្យកាន់តែរីកចម្រើន។ ជាពិសេស គឺការអភិវឌ្ឍផ្នែកកសិកម្ម និងទេសចរណ៍ ដែលជាគោលដៅដ៏សំខាន់នៃគម្រោងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅទីនេះ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីការទស្សនាភូមិដ្ឋានប្រជាពលរដ្ឋ និងគម្រោងផ្សេងៗ ក្រុមប្រតិភូក៏បានទិញទំនិញធម្មជាតិរបស់អ្នកភូមិដូចជា បន្លែធម្មជាតិ តែម្ជូរល្មម និងផលិតផលផ្លែម្រុំជាដើម ដែលជាផលិតផលផ្ទាល់របស់អ្នកភូមិ ជាផលិតធម្មជាតិ គ្មានជាតិគីមី៕











No comments:

Post a Comment