Friday, July 28, 2017

ស្ថានភាព​ជំនន់ទឹកភ្លៀង​ បានចាប់​ផ្តើមធូរស្រាល​ នៅខេត្តព្រះវិហារ ​និងឧត្តរមានជ័យ​

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជូនក្រុមបច្ចេកទេស និងគ្រឿងចក្រធន់ធំ ទៅដល់គោលដៅ នៃទីតាំងប្រព័ន្ធធារាសាស្រ្តចំនួន២កន្លែង ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដើម្បីធ្វើការជួសជុលឡើងវិញ ក្រោយរងការខូចខាតដោយគ្រោះធម្មជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានចាប់ផ្តើមធូរស្រាលជាបណ្តើរៗ។
ទន្ទឹមនឹងស្ថានភាពបែបនេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានឲ្យដឹងថា បន្ទាប់ពីទឹកជំនន់បានស្រកចុះភ្លាម លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក បានចាត់បញ្ជូនអ្នកបច្ចេកទេស និងគ្រឿងចក្រទៅដល់ទីតាំងប្រព័ន្ធធារាសាស្ត្រ ដែលខូចខាតដោយទឹកជំនន់នាពេលកន្លងមក និងចាប់ផ្តើមធ្វើការជួសជុលឡើងវិញ នូវតួទំនប់ឡើងវិញជាបន្ទាន់ ដែលអាងទឹកទាំងនោះមាន៖ ទី១-អាងទឹកអូរស្វាយ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី២អាងទឹក០៥ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសចុះពិនិត្យមើលគ្រឿងចក្រ ជួសជុលអាងទំនប់នេះឡើងវិញ គេសង្កេតឃើញមានវត្តមាននាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងថ្នាកល់ដឹកនាំខេត្តព្រះវិហារ និងឧត្តរមានជ័យផងដែរ ដែលបានចុះជាប់ជាប្រចាំដើម្បីជួយអន្តរាគមន៍ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបានកើតឡើង។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រាប់ឲ្យបណ្ដាអង្គភាពទ័ពទាំងអស់ នៅសមរភូមិទិស ក្នុងខេត្តព្រះវិហារ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះពលរដ្ឋ និងគ្រួសារទ័ព ដែលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។
ស្ថានភាពទឹកជំនន់នៅខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ទឹកស្ទឹងសែនមានកំពស់១៣,០០ម៉ែត្រ លើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ដែលមានត្រឹម១១,៥០ម៉ែត្រ ប៉ុន្តែនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ទឹកបានធូរស្រាល ជាបណ្តើរៗហើយ។
ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល រួមមានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី ១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់ខ្ពង់រាប ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨-១០ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់មាត់សមុទ្រ ពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១.៥០-២.៥០ម៉ែត្រ។ តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ៕






No comments:

Post a Comment