Friday, July 28, 2017

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់កន្រ្តាក់ចំនួន១២គ្រួសារ

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧​ លោក ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រួមដំណើរដោយ សមាជិកគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់កន្រ្ទាក់ចំនួន ១២ គ្រួសារ នៅចំណុចចំការក្រូច ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ លោក ជាម ហ៊ីម ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់ ប្រធានកិត្តិយសសាខា ប្រធានគណៈកម្មាធិការសាខា ពិសេសលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលផ្ដល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ត្រីខ ១០កំប៉ុង តង់មួយ កន្ទេល ១ ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកាមួយចំនួន។ ក្នុងពេលនោះដែរ លោក ក៏បានបន្តចុះសួរសុខលោកយាយ អ៊ឹម រឿន ដែលជាជនពិការក្រីក្រ និងបានចូលរួមបុណ្យសព ៧ ថ្ងៃគ្រួសារដែលស្លាប់នៅពេលឆ្លងទន្លេទាំងម្តាយ ទាំងទារក ហើយបានផ្តល់អំណោយមនុស្សធម៌នូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕






No comments:

Post a Comment