Friday, July 28, 2017

ក្រសួងទេសចរណ៍ស្នើឲ្យសហគមន៍ដែលអាស្រ័យផលនៅប្រាសាទសំបូរព្រៃគុកបែងចែកចំណូលប្រកបដោយតម្លាភាព


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញអោយសហគមន៍ប្រជាពលរដ្ឋដែលអាស្រ័យផលនៅប្រាសាទសំបូរព្រៃគុក ត្រូវសហការបែងចែកចំណូលចូលសហគមន៍ប្រកបដោយតម្លាភាព ដើម្បីអោយសហគមន៍បានថវិកាចូលរួមចំណែកអភិវឌ្ឍន៍តំបន់ប្រាសាទអោយបានល្អប្រសើរ។
ក្នុងកិច្ចប្រជុំបូកការងារសហគមន៍ទេសចរណ៍នៅតំបន់ប្រាសាទសំបូរព្រៃគុក ថ្ងៃទី២៧ ខែកក្កដា នៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក លោក ថោង ខុន មានប្រសាសន៍ថា ប្រាសាទសំបូរព្រៃគុក បន្ទាប់ពីចុះបញ្ជីបេតិកភណ្ឌពិភពលោក បាននិងកំពុងមានភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តជាបន្តបន្ទាប់ ដែលបញ្ហានេះ គឺទាមទារអោយសហគមន៍ប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់ប្រាសាទនោះ ត្រូវការរួមគ្នាខិតខំថែរក្សាការពារអភិរក្សតំបន់ប្រាសាទ និងអភិវឌ្ឍន៍ការផ្តល់សេវានានាជូនភ្ញៀវទេសចរណ៍បានល្អ ពិសេសការបែងចែកចំណូលសហគមន៍ប្រកបដោយតម្លាភាព ដើម្បីអោយសហគមន៍បានថវិកាអភិវឌ្ឍន៍តំបន់ប្រាសាទ។
លោក ថោង ខុន បញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យមួយយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចសង្គម បង្កើតឱកាសការងារ ឱកាសមុខរបរ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន ថ្លែងថា បច្ចុប្បន្ននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកមានប្រាង្គប្រាសាទប្រមាណជិត៣០០ប្រាសាទ តែបច្ចុប្បន្នភ្ញៀវទេសចរណ៍អាចដើរទស្សនាបានប្រមាណជាង៨០ប្រាសាទប៉ុណ្ណោះ។
លោកបន្តថា បន្ទាប់ពីប្រាសាទមួយនេះចុះបញ្ជីបេតិកភណ្ឌពិភពលោក បច្ចុប្បន្នភ្ញៀវទេសចរណ៍បរទេសចេញចូលទស្សនាមានប្រមាណ៤០០នាក់ ពោល គឺក្នុងមួយថ្ងៃមានភ្ញៀវទេសចរចូលទស្សនាក្នុងរង្វង់៥០រូប បូករួមនឹងភ្ញៀវទេសចរណ៍ជាជនជាតិខ្មែរគឺមានក្នុងរង្វង់៤ពាន់ទៅ៥ពាន់នាក់ក្នុងរយៈពេលជាង១០ថ្ងៃចុងក្រោយនេះ៕

No comments:

Post a Comment