Friday, July 28, 2017

មន្ត្រីបុគ្គលិកច្ចេកទេសអាជ្ញាធរជាតិអប្សរា បានបញ្ចប់​វគ្គបណ្តុះបណ្តាល​ភាសាអង់គ្លេស​ ក្រោមកិច្ចសហការ​ពីស្ថានទូត​អាមេរិក​ ប្រចាំកម្ពុជា​

វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញទំនាក់ទំនងទូទៅ និងជំនាញសរសេរ ចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៦ ដល់ខែកក្កដា ឆ្នាំ២០១៧ និងចែកជា៣វគ្គ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២៣នាក់ ក្នុងនេះមានស្រីចំនួន១០នាក់ មកពីនាយកដ្ឋានចំនួន៨ផ្សេងគ្នានៃអាជ្ញាធរជាតិអប្សរា។
ការបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់មន្ត្រីបុគ្គលិកបច្ចេកទេស ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា គាំទ្រដោយគម្រោង English Language Fellow Programs បានបិទបញ្ចប់ និងប្រគល់វិញ្ញាបនបត្រនៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា។
ក្នុងឱកាសប្រគល់វិញ្ញាបនបត្រនេះ លោកស្រី Monica Davis មន្ត្រីកិច្ចការវប្បធម៌ស្ថានទូតអាមេរិក បានមានប្រសាសន៍ កោតសរសើរចំពោះអ្នកទាំងអស់គ្នា ហើយអ្នកស្រីគិតថា ការធ្វើការបណ្ដើរ រៀនបណ្ដើរ មិនមែនជាការងាយស្រួលទេ។ អ្នកស្រីសង្ឃឹមថាទាំងអស់គ្នានឹងយកចំណេះដឹងទាំងនេះ ទៅបម្រើក្នុងវិស័យផ្សេងៗ ដែលជាប្រយោជន៍ដល់ប្រទេសកម្ពុជាផ្ទាល់។
ក្នុងឱកាសនៃពិធីបិទវគ្គបណ្តុះបណ្តាល លោក ហង់ ពៅ បានថ្លែងថា អ្នកចេះភាសាអង់គ្លេសប្រៀបដូចជាមានប៉ាស្ព័រសម្រាប់ឆ្លងដែន ឬមានអាវុធសម្រាប់ប្រយុទ្ធ។
លោកបន្តថា យើងត្រូវធ្វើការប្រកួតប្រជែងការងារ ដូច្នេះភាសាអង់គ្លេសជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ខ្លួនយើង។ អង់គ្លេសជាភាសាសំខាន់ និងសំខាន់សម្រាប់រយៈពេលយូរអង្វែង។ លោកចងឲ្យអ្នកទាំងអស់គ្នា ប្រើភាសាអង់គ្លេសដើម្បីពន្យល់ជនបរទេសឱ្យយល់ពីវប្បធម៌ខ្មែរ ជាជាងឱ្យជនបរទេសពន្យល់ជនបរទេសអំពីវប្បធម៌ខ្មែរ។
កញ្ញា ម៉ៅ ជូណា ជាសិក្ខាកាមមួយរូប បានបង្ហាញនូវទឹកចិត្តរីករាយចំពោះការបណ្ដុះបណ្ដាលនេះថា កញ្ញាពិតជារំភើបណាស់ចំពោះការបណ្ដុះបណ្ដាលមួយនេះ។ វាពិតជាធ្វើឱ្យយើងបានទទួលនូវបទពិសោធន៍ថ្មីៗ ធ្វើឱ្យយើងក្លាហាន។ ពិសេសគឺយើងមានការអភិវឌ្ឍលឿនបំផុត ស្ទើរនឹកស្មានមិនដល់៕







No comments:

Post a Comment