Wednesday, June 13, 2018

ក្រសួងការពារជាតិកម្ពុជា ថ្កោលទោសចំពោះទង្វើដ៏គគ្លើនរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ


ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយថ្កោលទោសចំពោះសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្ម លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខមេរភូមិន្ទ និងនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។
សេចក្តីប្រកាសរបស់ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយ ច្រានចោល និងថ្កោលទោស យ៉ាងដាច់អហង្កាចំពោះទង្វើដ៏គគ្លើនរបស់ក្រសួងហិរញ្ញវត្ថុនៃសហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្ម ដោយបង្កកទ្រព្យសម្បត្តិ មកលើមន្រ្តីជាន់ខ្ពស់១រូប នៃកងយោធពលខេមភូមិន្ទ របស់ប្រទេសកម្ពុជា»។
ប្រតិកម្មភ្លាមៗរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស។
ក្រសួងការពារជាតិ បានចាត់ទុកថា ការសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ មកលើមន្រ្តីជាន់ខ្ពស់កម្ពុជាបែបនេះ គឺជាការរំលោភដល់ច្បាប់រកម្ពុជា ដែលជារដ្ឋអធិបតេយ្យ យ៉ាងអយុត្តិធម៌ទីបំផុត ហើយគ្មានភស្តុតាងអ្វីទាំងអស់។ ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនេះ គឺជាការសម្រេចដ៏ល្ងង់ខ្លៅ ធ្វើឡើងដោយទំនើងចិត្ត សហរដ្ឋអាមេរិក ដែលកម្ពុជាមិនអាចទទួលស្គាល់បានឡើយ។
ក្រសួងការពារជាតិកម្ពុជា សូមអំពាវនាវដល់ សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្ម មកលើមន្រ្តីជាន់ខ្ពស់យោធាកម្ពុជា ដោយមិនមាន មូលដ្ឋាន ច្បាស់លាស់បែបនេះផងដែរ៕

ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការរិះគន់ត្រង់ៗចំពោះវិធានការដោយខ្វះវិចារណញ្ញាណ របស់សហរដ្ឋអាមេរិក លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង

ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែង ការណ៍ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្ម លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។
សេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរបញ្ជាក់ថា អ្វីដែលអាមេរិក ធ្វើនេះគឺជាការបំពានអធិបតេយ្យនៃប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ឡើយ និងសូមរិះគន់ដោយត្រង់ៗចំពោះវិធានការដោយខ្វះវិចារណញ្ញាណ និងជាអំពើបំពានទាំងកម្រោងឥត អៀនខ្មាស់ របស់សហរដ្ឋអាមេរិកមួយនេះ។ សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍៖
ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានដូចខាងក្រោម៖
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក បានចេញនូវសេចក្តីសម្រេចមួយ ដាក់ពហិកាមកលើរូប ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ហើយអាមេរិក នឹងមិនផ្តល់ទិដ្ឋាការឱ្យចូលទៅកាន់ សហរដ្ឋអាមេរិក ព្រមទាំងបង្កកទ្រព្យសម្បត្តិរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទៀត។
ខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការថ្កោលទោស ចំពោះវិធាន ការរបស់អាមេរិកនេះ ដែលធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន មកលើរូប ឯកឧត្តម នាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ថែមជាអ្នកប្រតិបត្តិច្បាប់ដ៏ហ្មត់ចត់ និងជាអ្នកអនុវត្តន៍កាតព្វកិច្ចដ៏ថ្លៃថ្នូរ នៅក្នុងការការពារ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមកម្ពុជា ដែលស្ថានភាពនេះកំពុងតែរីកចម្រើនជាទីគាប់ប្រសើរ។
អ្វីដែលអាមេរិកធ្វើនេះ គឺជាការបំពានអធិបតេយ្យនៃប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់ សហរដ្ឋអាមេរិកឡើយ។ ហើយម្យ៉ាងទៀត គួរតែសួរទៅអាមេរិកវិញដែរថា ចុះការដែលកងទ័ពអាមេរិកមក សម្លាប់ជនជាតិកម្ពុជារាប់លាននាក់កាលពីទសវត្សឆ្នាំ១៩៧០ ដែលគ្រាប់បែកនៅតែរកឃើញរហូតមក ដល់សព្វថ្ងៃនោះ តើនេះមិនមែនជាការរំលោភសិទ្ធិមនុស្សពីសំណាក់អាមេរិកទេឬ។

ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមរិះគន់ដោយត្រង់ៗចំពោះវិធានការដោយខ្វះ វិចារណញ្ញាណ និងជាអំពើបំពានទាំងកម្រោង ឥតអៀនខ្មាសរបស់សហរដ្ឋអាមេរិកមួយនេះ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីសូត្រមន្តថ្វាយព្រះពរ ក្នុងឳកាសចម្រើនព្រះជន្មាយុគម្រប់ ៨២ យាងចូល ៨៣ ព្រះវស្សា សម្តេចម៉ែ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីអ្នកមុខអ្នកការ សាលាខេត្ត តាជី យាយជី និងយុវជនកាកបាទក្រហម សរុបប្រមាណ ២១១នាក់ បានអញ្ជើញចូលរួមពិធី សូត្រមន្ត ថ្វាយព្រះពរក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា ។
ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ ពិតជាចង់ចាំជានិច្ចនូវទឹកព្រះទ័យមនុស្សធម៌ សណ្តោសត្រាប្រណី ដល់មនុស្សជាតិ ភាពម៉ឺងម៉ាត់ ម៉ត់ចត់ សុភាពរាបសារ ប្រកបដោយភាពឈ្លាសវៃគួរជាទីគោរពប្រតិបត្តិ របស់សម្តេចម៉ែជានិច្ច។
ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៨២យាងចូល ៨៣ព្រះវស្សា នៃសម្តេចម៉ែ ព្រះវររាជ មាតាជាទីស្រឡាញ់គោរពសក្ការៈ លោក លី ឡេង រួមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញខេត្ត គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហម ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ បានបួងសួងប្រសិទ្ធិពរ បវរសួស្តីជ័យមង្គល មហាប្រសើរថ្វាយព្រះវររាជមាតាជាតិខ្មែរ ជាព្រះវររាជមាតាដ៏ឆ្នើម ដែលបានផ្តល់គំរូល្អ ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួត របស់ព្រះអង្គ។
ស្ថិតក្នុងឳកាសដ៍វិសេសវិសាលនោះ លោក លី ឡេង រួមទាំងមន្ត្រីក្រោមឳវាទ តំណាងប្រជានុរាស្រ្ត ក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេសទាំងអស់ បានបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធិទាំងឡាយ លើលោក ទេវតារក្សាព្រះមហាស្វេទច្ឆ័ត្រ និងព្រះវិញ្ញាណក្ខ័ន្ធដ៏មានបារមីនៃអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីខ្មែរ សូមយាងតាមបីបាច់ថែរក្សា ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សូមព្រះវររាជមាតា និងព្រះអង្គ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលរឹងមាំ ដើម្បីទ្រទ្រង់គង់ជាម្លប់ដ៏ត្រជាក់យូរអង្វែង សម្រាប់ប្រជា នុរាស្ត្រខ្មែរ បន្តព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមដឹកនាំប្រទេសជាតិឆ្ពោះទៅរកភាពសម្បូរណ៍សប្បាយថ្កុំថ្កើងរុងរឿង ជាបន្តរៀងរហូត។

ជាចុងក្រោយ លោក លី ឡេង និងលោកស្រី បានវេរប្រគេនទិយ្យទាន ទិយ្យវត្ថុ ដល់ព្រះសង្ឃចំនួន៧អង្គ ព្រមទាំងចែកក្រណាត់ស១ដុំ ថវិការ១ម៉ឺនរៀល ដល់យាយជីតាជី និងយុវជនកាកបាទក្រហម ក្នុងម្នាក់១ម៉ឺនរៀលផងដែរ ៕





អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបើកការដ្ឋាន ស្ថាបនាកំណាត់ផ្លូវក្រាលកៅស៊ូមួយខ្សែ មានប្រវែងជាង៥គីឡូម៉ែត្រ

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បានថ្លែងនៅចំពោះមុខប្រជាពលរដ្ឋជិត២ពាន់នាក់ថា ផ្អែកតាមប្រវត្តិសាស្ត្រក្រោយមហានគរ៥០០ឆ្នាំមុន ប្រទេសកម្ពុជាមិនដែលមានសន្តិភាពទេ ប៉ុន្តែក្រោយឆ្នាំ១៩៩៨ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រើប្រាស់ពេលវេលា និងអាយុជីវិត ទម្រាំបានសន្តិភាពជូនប្រជាពលរដ្ឋ រហូតមកដល់សព្វថ្ងៃ។ នេះគឺជាសន្តិភាពដំបូងបង្អស់របស់ប្រទេសកម្ពុជា ដូច្នេះក្នុងនាមយើងជាកុលបុត្រកុលធីតាជំនាក់ក្រោយ ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះឲ្យបាន ដើម្បីទឹកដី និងមាតុភូមិរបស់យើង។

លោកអភិបាលខេត្ត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន ស្ថាបនាកំណាត់ផ្លូវក្រាល​កៅស៊ូមួយ​ខ្សែ មានប្រវែងជាង៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវកៅស៊ូ ក្នុងភូមិលលកស ទៅកាន់ផ្លូវបំបែក ផ្លូវជាតិលេខ៥៥ ក្នុងភូមិវត្តហ្លួង ឆ្លងកាត់ភូមិកោះ និងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្របតាម​សំណូមពរជាអាទិភាពរបស់ប្រជាពលរដ្ឋ ប្រើប្រាស់ថវិកាខេត្ត និងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍​ជនបទខេត្ត ៕











ក្រុងធានជីញ(Tianjin) ប្រទេសចិន ចង់ភ្ជាប់ចំណងជាខេត្ត/ក្រុង បងប្អូនជាមួយខេត្តព្រះសីហនុ

យោងតាមស្មារតីនៃជំនួបពិភាក្សានៅព្រឹកថ្ងៃពុធ ទី១៣ខែមិថុនា ឆ្នាំ២០១៨នេះ រវាងគណៈគណៈប្រតិភូចិន (ក្រុងធានជីង)ដឹកនាំដោយលោក Li Xuyan និង លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានអោយ​ដឹងថា ក្រុងធានជីងមានបំណងចង់អោយខេត្តព្រះសីហនុនិងទីក្រុង Tianjin បានក្លាយទៅជាខេត្តសម្ពន្ធ័មេត្រី​ភាព​ឬខេត្តបងប្អូននឹងគ្នា។
លោក គង់ វិតាណៈ មានប្រសាសន៏ថា ការបង្កើតខេត្ត/ក្រុងសម្ពន្ធ័មេត្រីភាពនេះ​វាមានប្រយោជន៏ដល់​ភាគី​ទាំងពីរ អោយមានភាពងាយស្រូលក្នុងការទំនាក់ទំនងគ្នាជួយគ្នានិងធ្វើការជាមួយគ្នាលើវិស័យមួយ​ចំនួនក្នុង​នោះរួមមាន អប់រំសុខាភិបាល វប្បធម៌ ពាណិជ្ជកម្មនិងវិនិយោគជាដើម…។ល។
លោក បន្ថែមថា ទៅមុខទៀតភាគីទាំងពីរ នឹងរៀបចំបែបបទចាំបាច់នានាដើម្បីឈានទៅចុះអនុសារណៈយោគ​យល់​​គ្នានៅ​ពេលខាងមុខបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីបានយល់ព្រម។

លោក Li Xuyan បានកោតសរសើរខេត្តព្រះសីហនុ ថា មានការរីចំរើនលឿន និងមានភូមិសាស្រ្តល្អ​គួរអោយ​ទាក់ទាញបំផុត។ សូមបញ្ជាក់ថា បន្ទាប់ពីពីជំនួបនេះ លោក Li Xuyan ដឹកនាំ គណៈប្រតិភូទៅទស្សនកិច្ច កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងតំបន់ សេដ្ចកិច្ចពិសេសខេត្តព្រះសីហនុផងដែរ ៕






អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការយ៉ាងតឹងរឹងចំពោះការបង្ហោះDrone នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ដើម្បីទប់ស្កាត់ការបង្ហោះយន្តហោះខ្នាតតូច (Drone) ក្នុងតំបន់អង្គរឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សាជាមួយស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗដូចជា តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសាលាខេត្តសៀមរាប តំណាងស្នងការនគរបាលខេត្តសៀមរាប តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ តំណាងនាយកដ្ឋាននគរការពារបេតិកភណ្ឌ តំណាងគ្រឹះសា្ថនអង្គរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប តំណាងមន្ទីរទេសចរណ៍ខេត្តសៀមរាប តំណាងមន្ទីរព័ត៌មានខេត្តសៀមរាប សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំង៦នៅខេត្តសៀមរាប តំណាងសមាគមទីភ្នាក់ងារទេសចរណ៍នៅខេត្តសៀមរាប និងមេធាវីរបស់អាជ្ញាធរជាតិអប្សរាជាដើម ដើម្បីរិះរកវិធានការស្របច្បាប់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
ការរៀបចំកិច្ចប្រជុំនេះឡើង ស្របពេលដែលការលួចបង្ហោះ Drone ក្នុងរមណីយដ្ឋានអង្គរមានការកើនឡើងយ៉ាងគំហុក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺត្រីមាសទី១ ឆ្នាំ២០១៧ មានចំនួន៥៨ គ្រឿង និងត្រីមាសទី១ឆ្នាំ២០១៨ មានរហូតដល់ចំនួន ១៥៨ គ្រឿង បើទោះជាអាជ្ញាធរជាតិអប្សរាធ្លាប់បានផ្សព្វផ្សាយជាសាធារណៈតាមរយៈសេចក្តីជូនដំណឹងលេខ៦៧៧/១៦រប.សជណ ហើយក្រុមការងារបានព្យាយាមទប់ស្កាត់យ៉ាងណាក្តី។ ការរៀបចំកិច្ចប្រជុំនេះ គឺក្នុងគោលដៅពិភាក្សា រកវិធីសាស្ត្រផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់អ្នកប្រើប្រាស់Drone និងរិះរកវិធានការពិន័យតឹងរឹងបន្ថែមទៀត។
លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កំណើននៃDroneក្នុងតំបន់អង្គរនេះ វាជាហានិភ័យដល់ប្រាង្គប្រាសាទនានា បង្កការរំខាន និងអាចប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ និងភ្ញៀវទេសចរថែមទៀត។ ម្យ៉ាងវិញទៀត Drone ជាបច្ចេកវិជ្ជាដ៏ទំនើប ដែលអាចបង្កភាពងាយស្រួល ដល់ក្រុមភេរវកម្មក្នុងការបំផ្លាញដល់រមណីដ្ឋានបេតិកភណ្ឌពិភពលោកផងដែរ។
លោក ក្រូច វ៉ាន់ឌី អនុប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ជាគោលការណ៍ កន្លងមក លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានកំណត់មិនឲ្យមានប្រើប្រាស់Droneជាលក្ខណៈបុគ្គលឡើយ។ អាចអនុញ្ញាតបានតែក្នុងករណីក្រុមហ៊ុនមានចុះបញ្ជីត្រឹមត្រូវ និងអាចអនុញ្ញាតឲ្យបង្ហោះក្នុងរយៈចម្ងាយ១៥០គម ពីតំបន់ហាមឃាត់ និងមិនឲ្យហួសពីកម្ពស់១៥០ម៉ែត្រពីដី។
ឧត្ដមសេនីយ៍ឯក ឡាយ ប៊ុនថន ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានបង្ហាញការគាំទ្រចំពោះការរឹតបន្តឹងនូវវិធានការទប់ស្កាត់ និងបង្ក្រាបនូវការបង្ហោះDroneក្នុងតំបន់ហាមឃាត់ ជាពិសេសគឺរមណីយដ្ឋានអង្គរតែម្តង។ ឧត្ដមសេនីយ៍ឯក ឡាយ ប៊ុនថន បញ្ជាក់ថា វិធានការដែលសំខាន់គឺការទប់ស្កាត់កុំឲ្យមានអ្នកលួចបង្ហោះបាន តាមរយៈការផ្សព្វផ្សាយឲ្យបានទូលំទូលាយ គ្រប់ទីតាំងសំខាន់ៗដែលភ្ញៀវទេសចរឆ្លងកាត់ និងស្នាក់នៅ មុននឹងពួកគាត់ធ្វើដំណើរទៅកាន់កន្លែងកម្សាន្ត។

ជាលទ្ធផល កិច្ចប្រជុំនេះបានព្រមព្រៀងគ្នាដើម្បីបង្កើតក្រុមការងារចម្រុះមួយដែលនឹងពិភាក្សាទៅលើអង្គច្បាប់ ដើម្បីចាត់វិធានការតឹងរឹងបន្ថែមទៀត។ ចំណែកវិធានការជាបណ្តោះអាសន្ន គឺត្រូវចាប់Droneរក្សាទុកមួយរយៈជាបណ្តោះអាសន្ន និងតម្រូវឲ្យម្ចាស់បំពេញបែបបទស្នើសុំតាមក្រោយ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរានិងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នឹងរៀបចំការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀត នូវបម្រាមប្រើប្រាស់Droneក្នុងតំបន់អង្គរ ដូចជា ការបោះពុម្ពផ្ទាំងប៉ាណូធំៗ ការដាក់សញ្ញាហាមឃាត់នៅលើបណ្ណទស្សនា និងការផ្សព្វផ្សាយនៅលើគេហទំព័រទេសចរណ៍ជាដើម៕




គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ និងរៀបចំផែនការការឆ្ពោះទៅកាន់ការបោះឆ្នោត


ព្រះវិហារ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ សមាជិកគណ:កម្មាធិការកណ្តាល និងជាអនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ និងរៀបចំផែនការការងារឆ្ពោះទៅកាន់ការបោះឆ្នោត ព្រមទាំងបានដាក់ទិសដៅសម្រាប់យកទៅអនុវត្តជាក់ស្តែងដល់ប្រធាន អនុប្រធានក្រុមបក្សចុះជួយឃុំទាំង ០៥ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ផងដែរ៕



គ.ជ.ប ចេញលទ្ធផលនៃការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតបានជាង៣លានសន្លឹក

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញតារាងបូកសរុបលទ្ធផលនៃការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលគិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បានចំនួន ៣,២៣៥,១១២នាក់ ស្មើនឹង ៣៨.៦០%។

សូមអានលិខិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខាងក្រោម៖

លោកទេសរដ្ឋមន្ត្រី ឆាយ ថន ជួបពិភាក្សាការងារជាមួយតំណាង UNFPA

នារសៀលថ្ងៃអង្គារទី១២ ខែមិថុនា ឆ្នាំ២០១៨ នាទីស្តីការក្រសួងផែនការ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋ​មន្ត្រីក្រសួងផែនការ បានអនុញ្ញាតិអោយលោកស្រី Catherine Breen Kamkong តំណាង UNFPA ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះដែរ លោកស្រី បានមានប្រសាសន៍ថា លោ កស្រីមានចិត្តសប្បាយរីករាយដែលបានមកសហការធ្វើ ការងារជាដៃគូរអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងផែនការកន្លងមក ហើយលោកស្រីសន្យាពាំនាំនូវកិច្ចសហការ ប្រតិបត្តិការទាំងអស់ រវាងក្រសួងផែនការ និងUNFPA ជូនអ្នកតំណាងUNFPAថ្មី ដែលនឹងត្រូវចូលមកកាន់តំ ណែងនៅខែសីហា ឆ្នាំ២០១៨នេះ ដើម្បីធ្វើការងារបន្តពីលោកស្រីក្នុងឱកាសដែលលោកស្រីនឹងត្រូវផ្ទេរទៅទទួលភារកិច្ចថ្មី។

លោកមទេសរដ្ឋមន្ត្រី ឆាយ ថន ក៏បានថ្លែងអំណរគុណចំពោះលោកស្រីដែលបានជួយផ្តល់ការសហការ គាំទ្រ កៀងគរជំនួយពីដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀតជួយដល់ក្រសួងផែនការ ជាពិសេសសម្រាប់ជំរឿនប្រជាជនឆ្នាំ ២០១៩ខាងមុខនេះ និងសូមជូនពរលោកស្រីអោយធ្វើ ដំណើរត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងភារកិច្ចថ្មី៕


គ.ជ.ប បកស្រាយពីមូលហេតុដែលកម្ពុជាជ្រើសរើសយកការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បង្ហាញថា ហេតុអ្វីបានជាប្រទេសកម្ពុជាជ្រើសយកការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ដោយបានបញ្ជាក់ថា ប្រព័ន្ធសមាមាត្រគឺឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋត្រឹមត្រូវបានច្រើនជាងប្រព័ន្ធឯកត្តនាមពីព្រោះឆន្ទៈអ្នកបោះឆ្នោតចេញជាចំនួនអាសនៈនៅក្នុងរដ្ឋសភា។ ប្រព័ន្ធនេះផ្តល់លទ្ធភាពច្រើនដល់ក្រុមភាគតិច និងស្រ្តីឱ្យមានភាពតំណាងរបស់ខ្លួននៅក្នុងរដ្ឋសភាឬក្រុមប្រឹក្សា ហើយច្រើនបង្កើតបានរដ្ឋាភិបាលចម្រុះញឹកញាប់ជាងប្រព័ន្ធឯកត្តនាម។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងការណ៍ក្នុង សេចក្តីប្រកាសព័ត៌មាននោះថា «ប្រព័ន្ធបោះឆ្នោតនីមូយៗសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនដោយហេតុផលនេះ ទើបនៅប្រទេសមួយចំនួន ជ្រើសយកប្រព័ន្ធបោះឆ្នោតមួយឱ្យស្របតាមស្ថានភាពប្រទេសរបស់ខ្លួន។ ក្នុងនោះកម្ពុជា បានជ្រើសយកការបោះឆ្នោត តាមប្រព័ន្ធសមាមាត្រ»។
លោក បានបញ្ជាក់ថា ប្រទេសដែលកាន់របបដឹកនាំតាមបែបប្រជាធិបតេយ្យ អ្នកធ្វើនយោបាយ ត្រូវមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ។ ដោយឡែកបក្សប្រឆាំងត្រូវ ទុកឱកាសឱ្យបក្សដឹកនាំប្រទេស និងត្រូវចេះទទួលស្គាល់ការពិត ទុកឱ្យប្រជាពលរដ្ឋ ជាអ្នកសម្រេច ៤ឆ្នាំម្ដងឬ ៥ឆ្នាំម្ដង តាមការកំណត់ របស់ប្រទេសនីមួយៗ។

សូមអានសេចក្តីប្រកាសព័ត៌មានលំអិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខាងក្រោម៖


(សូមទស្សនាវីដេអូ) អ្នកវិភាគចៅចាក់ស្មុក៖ ថ្ងៃអន្សារបស់ សម រង្ស៊ី

(មានវីដេអូ) ជនជាតិបារាំងសញ្ជាតិខ្មែរមួយរូប ប្រកាសគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងពេញទំហឹង

បុរសជនជាតិបារាំងមួយរូប ដែលបានរស់នៅក្នុងប្រទេសកម្ពុជាជិត២០ឆ្នាំ មានប្រពន្ធខ្មែរ និងមានកូនពីរនាក់ផងនោះ បានប្រកាសថា លោកស្រលាញ់ប្រទេសកម្ពុជាខ្លាំងណាស់ និងថែមទាំងបានសរសើរដល់ការដឹកនាំ និងការអភិវឌ្ឍន៍ប្រទេសបានរីកចម្រើនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផង។
តាមរយៈវីដេអូឃ្លីប រយៈពេលជិត៤នាទី លោក ឆាត រីជេសុន ជាជនជាតិបារាំងសញ្ជាតិកម្ពុជារូបនេះ បានបញ្ជាក់ជំហរយ៉ាងម៉ឺងមាត់ថា កម្ពុជាជិតបោះឆ្នោតហើយ សម្រាប់រូបលោក ឆ្លើយថា « លោកប្រាកដណាស់នឹងទៅបោះឆ្នោតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ» ។

សូមទស្សនាឃ្លីបវីដេអូ៖

លោក គង់ សំអុល តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងបានពង្រឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងក្រុងកំពង់ឆ្នាំងអោយដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា

(កំពងឆ្នាំង)នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ លោក គង់ សំអុល អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងក្រុងកំពង់ឆ្នាំងត្រូវមានតម្លាភាពការផ្តល់សេវាសាធារណៈនិងដោះស្រាយតាមសំណូមពរចាំបាច់ជាពិសេសសំណូមពរតម្រូវការអោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
លោក គង់ សំអុល បានជំរុញបែបនេះ នៅក្រុងកំពង់ឆ្នាំងក្នុងពិធីជួបសំណេះសំណាលពង្រឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងក្រុងកំពង់ឆ្នាំងចំនួន៤៤១នាក់។
លោកបានបន្តទៀតថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនពួកគាត់ដូចជា ត្រូវតែធ្វើឱ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ទាំងនេះជាក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដប្រជាឱ្យទទួលបាននូវការគាំទ្រមកវិញ ពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

លោក គង់ សំអុល ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់អប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនកុំអោយធ្វើចំណាកស្រុកខុសច្បាប់ បង្កើនមុខរបបក្នុងគ្រួសារ គោរពច្បាប់ចរាចរណ៍ ជាពិសេសកុំអោយប្រព្រឹត្តបទល្មើសផ្សេងៗដែលសង្គមស្អប់ខ្ពើម និងជួយផ្សព្វផ្សាយឱ្យទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅ ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថាការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាអាស្រ័យដោយមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងហ្វេសប៊ុកផ្លូវការថា ប្រទេសកម្ពុជាមានការរីកលូតលាស់គឺអាស្រ័យដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន ព្រមទាំងកម្មករ កម្មការិនីនៅទូទាំងប្រទេស ហើយលោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរក្នុង Facebook ថា «គណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០! កម្ពុជាសុខសប្បាយ និងរីកលូតលាស់មកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ និងក្មួយៗយុវជនព្រមទាំងកូនក្មួយកម្មករកម្មការនីទាំងអស់នៅទូទាំងប្រទេស។ អរគុណជនរួមជាតិដែលមានជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” បានដឹកនាំកសាងប្រទេសរីកចម្រើនមកទល់សព្វថ្ងៃ»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដើម្បីរក្សាសន្តិភាពឱ្យនៅស្ថិតស្ថេរគង់វង្ស និងដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសកសាងសង្គមគ្រួសារ និងប្រទេសជាតិអោយកាន់តែរុង​រឿង​សំបូរសប្បាយ សូមបងប្អូនជនរួមជាតិបោះឆ្នោតជូនគណបក្សប្រជា​ជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ២០ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ ចម្រើន​ និងសំណាងល្អគ្រប់ៗគ្នា៕





រដ្ឋសភា ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យមើលរបៀបវារៈមួយចំនួន សម្រាប់ដាក់បញ្ចូលកិច្ចប្រជុំពេញអង្គ

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋសភា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន នៅវិមានរដ្ឋសភា ដើម្បីពិនិត្យមើលរបៀបវារៈមួយចំនួន សម្រាប់ដាក់បញ្ចូលក្នុងកិច្ចប្រជុំពេញអង្គ ដែលធ្វើឡើង នាពេលខាងមុខនេះ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃនៃរដ្ឋសភា នៅព្រឹកនេះ បានធ្វើឡើង ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
របៀបវារៈដែលត្រូវលើកមកពិភាក្សាក្នុងកិច្ចប្រជុំមាន៖
ទី១- ការពិភាក្សាសុំអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេកខូអិលធីឌី។
ទី២- ការិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃកម្ពុជាឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែនគ្រុប ៕







លោក កែ គឹមយ៉ាន អំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមឯកសារទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបាន ធ្វើការអំពាវនាវ​ដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅទូទាំងខេត្តបន្ទាយមានជ័យ ត្រៀមនូវឯកសារទៅ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែ រីកចម្រើនថែមទៀត។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្ដី នៅសាលាបឋមសិក្សាកងវ៉ា ស្ថិតនៅក្នុងភូមិ​កងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃចន្ទ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា ចាប់ពីមួយអាណត្តិ ទៅមួយអាណត្តិរាជរដ្ឋាភិបាល​កម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសជាតិ​ដោយរក្សាបាន​នូវស្ថិរភាព សុខសន្តិភាព ជំរុញការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសបានធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែមានការផ្លាស់ប្តូររីកចម្រើនធូរធារជាលំដាប់។
លោកឧបនាយរដ្ឋមន្ត្រីបន្តថា ការបណ្តុះបណ្តាលធនធានមនុស្សដល់កូន ចៅជំនាន់ក្រោយគឺដើម្បីបន្តវេន​ជា​ការងារអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាល បានខិតខំកសាងនូវសាលារៀនគ្រប់កម្រិតសិក្សានៅគ្រប់​ទីកន្លែង​​ដោយ​បង្ខិតសាលារៀនឱ្យមកជិតផ្ទះប្រជាពលរដ្ឋ និងបានជំរុញពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិតសិក្សា។
លោកបានជំរុញដល់បងប្អូនប្រជាពលរដ្ឋចាប់យកឱកាសមាសនេះ ដោយត្រូវ ជំរុញបញ្ជូនកូនចៅដែលគ្រប់​អាយុឱ្យទៅសិក្សារៀនសូត្របានគ្រប់គ្នាដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិឱ្យបានរុងរឿងបន្តទៀត។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ​ទាំងអស់ដែលបានរួមគ្នា​ថែរក្សាសន្តិភាព និងសូមបន្តថែរក្សានូវតម្លៃនៃសន្តិភាព នេះឱ្យបានគង់វង្សហើយអញ្ជើញទៅបោះឆ្នោត​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីជ្រើសរើសអ្នកដឹកនាំនិងបន្ដអភិវឌ្ឍន៍នាវាកម្ពុជា​ឱ្យកាន់តែរីក​ចម្រើនឆាប់រហ័សបន្ថែមទៀត។ ជាមួយនេះដែរ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកថវិកា និងអំណោយចែកជូនប្រជាពលរដ្ឋចំនួន៤.០០០នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ចំនួន២ម៉ឺនរៀល, គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ សាលាសង្កាត់កំពង់ស្វាយថវិកា ១លានរៀល សិស្សានុសិស្សចំនួន ១៤៤នាក់ ម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៊ិច ១ដើម និងថវិកាមួយចំនួន លោកគ្រូ អ្នកគ្រូម្នាក់ៗទទួលបាន សារុង១ និងថវិកា ២ម៉ឺនរៀលផងដែរ ៕