Wednesday, June 13, 2018

លោក កែ គឹមយ៉ាន អំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមឯកសារទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបាន ធ្វើការអំពាវនាវ​ដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅទូទាំងខេត្តបន្ទាយមានជ័យ ត្រៀមនូវឯកសារទៅ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែ រីកចម្រើនថែមទៀត។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ ដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្ដី នៅសាលាបឋមសិក្សាកងវ៉ា ស្ថិតនៅក្នុងភូមិ​កងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃចន្ទ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា ចាប់ពីមួយអាណត្តិ ទៅមួយអាណត្តិរាជរដ្ឋាភិបាល​កម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសជាតិ​ដោយរក្សាបាន​នូវស្ថិរភាព សុខសន្តិភាព ជំរុញការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសបានធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែមានការផ្លាស់ប្តូររីកចម្រើនធូរធារជាលំដាប់។
លោកឧបនាយរដ្ឋមន្ត្រីបន្តថា ការបណ្តុះបណ្តាលធនធានមនុស្សដល់កូន ចៅជំនាន់ក្រោយគឺដើម្បីបន្តវេន​ជា​ការងារអាទិភាព ដែលប្រមុខរាជរដ្ឋាភិបាល បានខិតខំកសាងនូវសាលារៀនគ្រប់កម្រិតសិក្សានៅគ្រប់​ទីកន្លែង​​ដោយ​បង្ខិតសាលារៀនឱ្យមកជិតផ្ទះប្រជាពលរដ្ឋ និងបានជំរុញពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិតសិក្សា។
លោកបានជំរុញដល់បងប្អូនប្រជាពលរដ្ឋចាប់យកឱកាសមាសនេះ ដោយត្រូវ ជំរុញបញ្ជូនកូនចៅដែលគ្រប់​អាយុឱ្យទៅសិក្សារៀនសូត្របានគ្រប់គ្នាដើម្បីអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិឱ្យបានរុងរឿងបន្តទៀត។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ​ទាំងអស់ដែលបានរួមគ្នា​ថែរក្សាសន្តិភាព និងសូមបន្តថែរក្សានូវតម្លៃនៃសន្តិភាព នេះឱ្យបានគង់វង្សហើយអញ្ជើញទៅបោះឆ្នោត​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីជ្រើសរើសអ្នកដឹកនាំនិងបន្ដអភិវឌ្ឍន៍នាវាកម្ពុជា​ឱ្យកាន់តែរីក​ចម្រើនឆាប់រហ័សបន្ថែមទៀត។ ជាមួយនេះដែរ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកថវិកា និងអំណោយចែកជូនប្រជាពលរដ្ឋចំនួន៤.០០០នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ចំនួន២ម៉ឺនរៀល, គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ សាលាសង្កាត់កំពង់ស្វាយថវិកា ១លានរៀល សិស្សានុសិស្សចំនួន ១៤៤នាក់ ម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល ប៊ិច ១ដើម និងថវិកាមួយចំនួន លោកគ្រូ អ្នកគ្រូម្នាក់ៗទទួលបាន សារុង១ និងថវិកា ២ម៉ឺនរៀលផងដែរ ៕






No comments:

Post a Comment