Wednesday, June 13, 2018

ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការរិះគន់ត្រង់ៗចំពោះវិធានការដោយខ្វះវិចារណញ្ញាណ របស់សហរដ្ឋអាមេរិក លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង

ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែង ការណ៍ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្ម លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។
សេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរបញ្ជាក់ថា អ្វីដែលអាមេរិក ធ្វើនេះគឺជាការបំពានអធិបតេយ្យនៃប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ឡើយ និងសូមរិះគន់ដោយត្រង់ៗចំពោះវិធានការដោយខ្វះវិចារណញ្ញាណ និងជាអំពើបំពានទាំងកម្រោងឥត អៀនខ្មាស់ របស់សហរដ្ឋអាមេរិកមួយនេះ។ សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍៖
ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានដូចខាងក្រោម៖
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក បានចេញនូវសេចក្តីសម្រេចមួយ ដាក់ពហិកាមកលើរូប ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ហើយអាមេរិក នឹងមិនផ្តល់ទិដ្ឋាការឱ្យចូលទៅកាន់ សហរដ្ឋអាមេរិក ព្រមទាំងបង្កកទ្រព្យសម្បត្តិរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទៀត។
ខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការថ្កោលទោស ចំពោះវិធាន ការរបស់អាមេរិកនេះ ដែលធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន មកលើរូប ឯកឧត្តម នាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ថែមជាអ្នកប្រតិបត្តិច្បាប់ដ៏ហ្មត់ចត់ និងជាអ្នកអនុវត្តន៍កាតព្វកិច្ចដ៏ថ្លៃថ្នូរ នៅក្នុងការការពារ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមកម្ពុជា ដែលស្ថានភាពនេះកំពុងតែរីកចម្រើនជាទីគាប់ប្រសើរ។
អ្វីដែលអាមេរិកធ្វើនេះ គឺជាការបំពានអធិបតេយ្យនៃប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់ សហរដ្ឋអាមេរិកឡើយ។ ហើយម្យ៉ាងទៀត គួរតែសួរទៅអាមេរិកវិញដែរថា ចុះការដែលកងទ័ពអាមេរិកមក សម្លាប់ជនជាតិកម្ពុជារាប់លាននាក់កាលពីទសវត្សឆ្នាំ១៩៧០ ដែលគ្រាប់បែកនៅតែរកឃើញរហូតមក ដល់សព្វថ្ងៃនោះ តើនេះមិនមែនជាការរំលោភសិទ្ធិមនុស្សពីសំណាក់អាមេរិកទេឬ។

ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមរិះគន់ដោយត្រង់ៗចំពោះវិធានការដោយខ្វះ វិចារណញ្ញាណ និងជាអំពើបំពានទាំងកម្រោង ឥតអៀនខ្មាសរបស់សហរដ្ឋអាមេរិកមួយនេះ៕

No comments:

Post a Comment