Wednesday, June 13, 2018

រដ្ឋមន្រ្តីការពារជាតិឥណ្ឌា អះអាងថា ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅប្រទេសឥណ្ឌាកាលពីពេលកន្លងមកធ្វើឱ្យវិនិយោគិនឥណ្ឌាចាប់អារម្មណ៍ខ្លាំងលើកម្ពុជា

លោកស្រី Nirmala Sitharaman រដ្ឋមន្រ្តីក្រសួងការពារប្រទេសឥណ្ឌា បានថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងជ្រាលជ្រៅ ដែលបានអញ្ជើញទៅទស្សនកិច្ច នៅប្រទេសឥណ្ឌា នាពេលកន្លងមក និងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួនក្នុងនោះក៏មានពាក់ព័ន្ធនឹងវិស័យឯកជន ដែលបានធ្វើឲ្យអ្នកវិនិយោគឥណ្ឌា បានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា។ លោកស្រីបានអះអាងដូចនេះក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ អំឡុងពេលលោកស្រី បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ពីថ្ងៃទី១០ ដល់១២ ខែមិថុនា។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ឱ្យដឹងថា
លោកស្រី Nirmala Sitharaman បានលើកឡើងថា ដំណើរទស្សនកិច្ច របស់លោកស្រី មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពិនិត្យមើល លើអ្វីដែលបានចុះហត្ថលេខាហើយ និងដើម្បីជំរុញអ្វី ដែលបានចុះហត្ថលេខាហើយនោះឱ្យទទួលបានផ្លែផ្កា។ ជាមួយគ្នានោះដែរ លោកស្រី បានមានប្រសាសន៍ដែរថា ដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា ឲ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌារូបនេះ បានបន្ថែមថា ជាមួយនឹងដំណើរទស្សនកិច្ច របស់លោកស្រី, ឥណ្ឌាបានសម្រេចផ្តល់ជំនួយដល់កម្ពុជាលើវិស័យដោះមីន ក្នុងនោះឥណ្ឌានឹងផ្ដល់នូវសត្វឆ្កែ ដើម្បីហិតមីនដល់កម្ពុជា ហើយក៏ស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ រវាងកងទ័ពឥណ្ឌា និងកងទ័ពកម្ពុជា ដែលកំពុងបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសឥណ្ឌា ជាប្រទេសមួយ ដែលបានទទួលស្គាល់កម្ពុជា តាំងពីមុនកម្ពុជាទទួលបានឯករាជ្យម្ល៉េះ ហើយក៏ជាប្រទេសទីមួយ ដែលទទួលស្គាល់កម្ពុជា បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ លើសពីនោះទៅទៀត ឥណ្ឌា ក៏បានរួមចំណែកជួយរកសន្តិភាពរបស់កម្ពុជា រហូតទៅដល់២ដំណាក់កាល, ដំណាក់កាលទី១ គឺនៅឆ្នាំ១៩៥៤ និងដំណាក់កាលទី២ នៅទសវត្សរ៍៨០ និង៩០។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអរគុណរដ្ឋាភិបាលឥណ្ឌា ចំពោះករណីខាងលើ ហើយក៏ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលឥណ្ឌាផងដែរ ដែលបានផ្ដល់ឱ្យកម្ពុជា នូវសត្វឆ្កែហិតមីន ហើយក៏សម្តែងនូវការពេញចិត្តនិងសាទរ ចំពោះកិច្ចសហប្រតិការ ដែលឥណ្ឌាផ្ដល់ឱ្យកម្ពុជា រវាងកងទ័ពឥណ្ឌា និងកងទ័ពកម្ពុជា នៅបំពេញបេសកកម្មសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ លោកបានមានប្រសាសន៍ថា កងទ័ពឥណ្ឌា មានបទពិសោធន៍ និងព័ត៌មានច្រើនដែរ ដូច្នេះការចែករំលែក បទពិសោធន៍ ព័ត៌មាននេះ នឹងអាចជួយកាត់បន្ថយដល់ហានិភ័យ ទៅដល់កងទ័ពកម្ពុជាផងដែរ៕








No comments:

Post a Comment