Friday, January 17, 2020

ល្ងាចនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នឹងអញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម រៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញដែលនឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក វូ ក្វាងមិញ, ពាណិជ្ជករ អ្នកជំនួញខ្មែរ និងវៀតណាម ព្រមទាំងប្រជាពលរដ្ឋវៀតណាមមួយចំនួនទៀតដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
នេះជាលើកដំបូងហើយសម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអញ្ជើញចូលរួមពិសារអាហារបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម។ លោក ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីឆ្នាំ២០១៩ បានប្រកាសថានឹងអញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងអ្នកវិនិយោគ ពាណិជ្ជករ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា និងវៀតណាម។ បើតាម លោក ហ៊ុន សែន ការលើកកម្ពស់ទំនាក់ទំនងរវាងអ្នកវិនិយោគ ពាណិជ្ជករ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ជាការរួមចំណែកជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយត្រូវបានកាត់ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០។ ប្រទេសទាំងពីបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ វៀតណាម និងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ មកដល់ពេលបច្ចុប្បន្នទំនាក់ទំនងប្រទេសមានរយៈពេលជាងកន្លះសតវត្សរ៍ហើយ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម កំពុងស្វះស្វែងក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជាពិសេសជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានទំហំឱ្យកាន់តែធំឡើងថែមទៀត។
ក្នុងឆ្នាំ២០១៧ ប្រទេសទាំងពីរសម្រេចទំហំពាណិជ្ជកម្មបានប្រមាណប្រមាណ ២.១៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦។ តែការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែងការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៧ មានចំនួន ៣៤២លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ២០១៧ មានចំនួនប្រមាណ ១,៨ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០១៨ ទំហំពាណិជ្ជរវាងប្រទេសទាំងពីរបានកើនឡើងដល់ ៤.៧ពាន់លានដុល្លារអាមេរិកអាមេរិក។ កម្ពុជា និងវៀតណាម គ្រោងជំរុញទំហំពាណិជ្ជកម្មឱ្យបានដល់ ៥ពាន់លានដុល្លារអាមេរិក។
ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥គម្រោង លើទុនវិនិយោគសរុបចំនួនប្រមាណ ២,៤​ពាន់លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕

ប្រជាពលរដ្ឋចំនួន០៤ភូមិ ក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ សប្បាយរីករាយដោយទទួលបានសមិទ្ធផលគម្រោងលើកស្ទួយជីវភាព

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អមដំណើរដោយអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកបន្ទាយអំពិល បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលគម្រោងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន០៤ភូមិ ស្ថិតនៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នាឱកាសនោះដែរ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោក PIET MARS ជាស្ថាបនិក និងជាប្រធានមូលនិធិហ្វារ៉ាស និងលោកប្រធានអង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍(CIDO) ដែលបានគៀងគរស្វែងរកជំនួយពីប្រទេសហូឡង់ មកជួយកសាងសមិទ្ធផលក្នុងឃុំគោកខ្ពស់ រួមមាន៖ ទំនប់ទឹកប្រវែង ១៨៧១ម៉ែត្រ ប្រឡាយប្រវែង២៥០០ម៉ែត្រ និងប្រព័ន្ធចែកចាយទឹកចំនួន០៤ភូមិ ដែលបានចំណាយថវិកាប្រមាណ២៧១ ៩៦៦ដុល្លារអាមេរិក ដែលជាការរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា ខេត្តឧត្តរមានជ័យមានការអភិវឌ្ឍន៍ឈានឡើងលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយអ្វីៗទាំងអស់ទទួលបានដោយសារប្រទេសមានសន្តិភាព ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីថែរក្សាសន្តិភាព។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បាននាំយកនូវសម្ភារសិក្សាមួយចំនួនដល់ក្មួយៗសិស្សានុសិស្សចំនួន១០០នាក់ ក្នុងម្នាក់ៗ ទទួលបានសៀវភៅ០១ក្បាល ប៊ិច១ដើម និងប្រជាពលរដ្ឋចំនួន២៥០នាក់ ម្នាក់ៗទទួលបានសារុង០១ ផងដែរ៕







ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន គូសបញ្ជាក់ថា កម្ពុជា បានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ និងប្រជាពលរដ្ឋកម្ពុជាមានទឹកមុខស្រស់ស្រាយនិងរស់រវើក

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារបន្តជាមួយ លោកស្រី OBUCHI Chizuko ដែលភរិយា របស់លោក Keizō Obuchi អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ក្នុងជំនួបនោះ លោកស្រី OBUCHI Chizuko បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា លោកស្រីពិតជាមានសេចក្តីសោមនស្សរីករាយដែលបានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅក្នុងខួប២០ឆ្នាំបន្ទាប់ពីលោកស្រី និងស្វាមី បានធ្លាប់មកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។ លោកស្រីបានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យលោកស្រី និងគណៈប្រតិភូបានចូលជួបសំដែងការគួរសមនាពេលនេះ និងក៏សូមថ្លែងអំណរគុណផងដែរ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយសជូនលោកស្រី។
លោកស្រី OBUCHI Chizuko បានមានប្រសាសន៍ថា លោកស្រី មានការចងចាំយ៉ាងរស់រវើកក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់មជ្ឍមណ្ឌលស៊ីម៉ាក់កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមី ហើយក្នុងដំណើរទស្សនកិច្ចលើកនេះក៏បានទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស៊ីម៉ាក់ផងដែរ។ លោកស្រី បានកត់សម្គាល់ឃើញថាក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ លោកស្រី បានមើលឃើញថា ព្រះរាជាណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ។ លើសពីនេះទៅទៀតប្រជាពលរដ្ឋកម្ពុជាមានទឹកមុខស្រស់ស្រាយ និងរស់រវើក។ ជាមួយគ្នានេះផងដែរ លោកស្រី បានមានប្រសាសន៍បន្តថានេះជាជោគជ័យដ៏ពិតប្រាកដរបស់កម្ពុជា។ បន្ទាប់មក លោកស្រី ក៏បានជូនពរឲ្យចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនកាន់តែស្អិតរមួតរឹងមាំបន្ថែមទៀត ហើយលើសពីនេះទៅទៀតលោកជំទាវក៏បានគោរពជូនពរជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមឱ្យមាតាក្មេករបស់លោកឆាប់បានជាសះស្បើយពីជម្ងឺនាពេលខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រី និងគណៈប្រតិភូដែលបានជូនពរដល់ម្ដាយក្មេករបស់លោកឱ្យជាសះស្បើយពីជំងឺ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីអតីតកាល ដែលពេលនោះលោក Obuchi មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងទស្សនកិច្ចនោះផងដែរ មានតែលោក Obuchi និងលោកស្រីទេ ដែលជាជនជាតិបរទេសធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីននៅមជ្ឈមណ្ឌលស៊ីម៉ាក់ ហើយមានតែលោក Obuchi ទេដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាដោះមីននៅកម្ពុជានោះ។
លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកពីអតីតកាលផងដែរនោះគឺលោក Keizō Obuchi និងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុននៅក្នុងការជួយដល់ប្រទេសកម្ពុជាឲ្យមានការបោះឆ្នោតក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះដោយប្រដាប់អាវុធនៅឆ្នាំ១៩៩៧ លើសពីនេះទៅទៀត លោកបានបញ្ជាក់ថាឯកឧត្តម Obuchi ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយលោកបានមកកាន់ប្រទេសកម្ពុជាកាលពី២០ឆ្នាំមុននោះគឺជាប្រវត្តិសាស្ត្រ ហើយលោកគឺជាមនុស្សទីពីរហើយនៅក្នុងដំណាក់កាលរបស់លោកជានាយករដ្ឋមន្ត្រីជប៉ុនដែលបានចូលរួមក្នុងប្រទេសកម្ពុជាជាច្រើន ជាពិសេសក្នុងការជំរុញឲ្យមានការផ្តល់នូវថវិកាទ្រទ្រង់ដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលគាត់បានប្រកាសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចនោះ៕



រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការផ្អាករថយន្តគ្រប់ប្រភេទឆ្លងកាត់លើកលែងតែទោចក្រយានយន្តតាមបណ្ដោយផ្លូវលេខ៣៧១ ចាប់ពីផ្លូវលេខ២០០៤ ដល់ផ្លូវលេខ២០០៦

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានទ្វារទឹកដើមស្លែង តាមបណ្ដោយផ្លូវលេខ៣៧១ ចាប់ពីផ្លូវលេខ២០០៤ ដល់ផ្លូវលេខ២០០៦ ស្ថិតក្នុងព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដើម្បីដោះស្រាយបញ្ហាជន់លិចដោយទឹកភ្លៀងនៅរដូវវស្សាដែលតែងតែកើតមានឡើងក្នុងរាជធានីភ្នំពេញ។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖


លោក ហេង សំរិន ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ត្រឡប់ពីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសអូស្រា្តលីវិញ ដោយសុវត្ថិភាព

លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ត្រឡប់ពីការចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីវិញ ដោយសុវត្ថិភាព និងជោគជ័យ។
APPF បានដំណើរការកិច្ចប្រជុំរបស់ខ្លួន ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ដោយមានគណៈប្រតិភូសភាជាសមាជិក APPF ចំនួន២០ប្រទេស និងប្រទេសសង្កេតការណ៍ចំនួន១០ មានចំនួនគណៈប្រតិភូជាង ៣៥០នាក់ បានចូលរួមកិច្ចប្រជុំ។
លោកប្រធានរដ្ឋសភា ត្រូវបានសភាប្រទេសអូស្ត្រាលី ផ្តល់កិត្តិយសចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងបានថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ។ សភាប្រទេសអូស្រ្តាលី និងប្រតិភូដែលបានចូលរួម បានសម្តែងការកោតសរសើរចំពោះលោក ដែលបានដឹកនាំសភាកម្ពុជា រៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំកន្លងទៅ នៅខេត្តសៀមរាប បានទទួលជោគជ័យ ហើយជោគជ័យនៅកម្ពុជានោះ ធ្វើឲ្យការប្រជុំរបស់APPF កាន់តែមានលក្ខណៈល្អប្រសើរឡើង។
កំឡុងពេលចូលរួមកិច្ចប្រជុំនេះ លោក ហេង សំរិន បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីជំរុញទំនាក់ទំនងសភា និងស្នើសុំអូស្រ្តាលីជូយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ លោកក៏បានស្នើសុំអូស្រ្តាលី ផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជាឲ្យបានច្រើនបន្ថែមទៀត។
ក្រៅពីនេះ លោកប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោកស្រីប្រធានរដ្ឋសភាប្រទេសឡាវ លោកស្រីអនុប្រធានរដ្ឋសភាប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរ និងបានផ្លាស់ប្តូរព័ត៌មានបច្ចុប្បន្នភាពពីគ្នាទៅវិញទៅមក ក្នុងការជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទេសជិតខាង។
ចំពោះសមាជិកគណៈប្រតិភូសភាកម្ពុជាវិញ បានចូលប្រជុំពិភាក្សានៅគ្រប់កិច្ចប្រជុំ របស់ APPF ក្នុងនោះមានកិច្ចប្រជុំគណៈកម្មាធិការនយោបាយនិងសន្តិសុខ ដឹកនាំដោយ លោក ឈាង វុន បានចូលប្រជុំ។ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី ដឹកនាំដោយ លោកស្រី បាន ស្រីមុំ បានចូលប្រជុំ។ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ដឹកនាំដោយ លោក សុខ សូកាន បានចូលប្រជុំ។ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការតំបន់ ដឹកនាំដោយលោក ខៀវ មុត បានចូលប្រជុំ និងកិច្ចប្រជុំគណៈកម្មាធិការបូកសរុបនិងសេចក្តីថ្លែងការណ៍ ដឹកនាំដោយ លោក ឈាង វុន និងលោក សុខ សូកាន បានចូលប្រជុំ។ ប្រតិភូសភាកម្ពុជាក៏បានចូលរួម នៅក្នុងគណៈកម្មាធិការព្រាងសេចក្តីប្រកាសរួម ដោយបានផ្លាស់ប្តូរយោបល់ជាមួយសមាជិក APPF យ៉ាងផុលផុសផងដែរ។
សូមជម្រាបថា កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ បានបិទបញ្ចប់ដោយបានអនុម័តសេចក្តីសម្រេចចំនួន១៩ ដែលជាយន្តការមួយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទីសភាក្នុងការពង្រឹងសន្តិភាពនិងសន្តិសុខ ការពង្រឹងស្ថាប័នពហុភាគី ដើម្បីអនុវត្តពាណិជ្ជកម្មសេរី និងរួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្ពោះ ទៅរកការរីកចម្រើន ប្រកបដោយចីរភាព និងវិបុលភាព នៅក្នុងតំបន់ និងសកលលោក។ កិច្ចប្រជុំ APPF លើកទី២៩ នឹងប្រារព្ធធ្វើនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២១ និងនៅព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ២០២២ ៕



រដ្ឋសភាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅអូស្ត្រាលីរបស់គណៈប្រតិភូសភាកម្ពុជា

រដ្ឋសភានៃកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៨ នៅប្រទេសអូស្ត្រាលី របស់គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា។
APPF បានដំណើរការកិច្ចប្រជុំរបស់ខ្លួន ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ដោយមានគណៈប្រតិភូសភាជាសមាជិក APPF ចំនួន២០ប្រទេស និងប្រទេសសង្កេតការណ៍ចំនួន១០ មានចំនួនគណៈប្រតិភូជាង ៣៥០នាក់ បានចូលរួមកិច្ចប្រជុំ ៕
ខ្លឹមសារលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានមានទាំងស្រុង៖



លោកឧបនាយករដ្ឋមន្ត្រី ស ខេង អញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុងហូជីមិញ រយៈពេល៣ថ្ងៃ

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៩ខែមករា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ។
សេចក្តីប្រកាសព័ត៌មានដែលទទួលបាន, បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។
ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខា លើផែនការសហប្រតិបត្តិការឆ្នាំ២០២០ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់លើការលើកកម្ពស់តួនាទី និងភារកិច្ចកងកម្លាំងនគរបាល ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ៕

អនុក្រឹត្យស្ដីពីការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យលេខ២៤៥ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ក្នុងគោលបំណង ចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារ ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ របស់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។
គួរបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្ដីមានផ្ទៃ ពោះ និងកុមារអាយុក្រោម២ឆ្នាំ ត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ ដែលអនុវត្តន៍ទៅ តាមប្រកាសអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលជាមុន ហើយចាប់ តាំងពីដើមឆ្នាំ២០២០នេះទៅ ការអនុត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំនេះ មានលក្ខណៈទូលំទូលាយ ដែលចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយក្រសួងសង្គមកិច្ច និងក្រសួងសុខាភិបាលជាដើម តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៅពេលថ្មីៗនេះ៕
សូមអានអនុក្រឹត្យស្ដីពីការអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ៖








អតីតក្រុមប្រឆាំងដែលបង្កើតគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ចេញសេចក្តីថ្លែង ការណ៍ការពារលោក កឹម សុខា ទាំងខ្លួនមិនទាន់ទទួលបានការចុះបញ្ជីផ្លូវការ

អតីតក្រុមប្រឆាំង ដែលបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយទាំងខ្លួន មិនទាន់ទទួលបានការចុះបញ្ជីផ្លូវការទាមទារឱ្យតុលាការផ្តល់យុត្តិធម៌ជូន លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដោយសារតែគណបក្សនេះមិនទាន់ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅឡើយទេ។
សេចក្តីថ្លែងការណ៍យ៉ាងប្រញាប់ប្រញាល់ ដោយប្រើ ប្រាស់រូប និងស្លាកសញ្ញាគណបក្សខ្មែរស្រឡាញ់ជាតិ មិនទាន់ទទួលបានច្បាប់ផ្លូវការ បានសរសេរថា៖ «ក្រោយពីបានស្តាប់អង្គសវនការរបស់តុលាការអស់រយៈពេលចំនួនពីរថ្ងៃកន្លងមកនេះ ទោះបីជាដំណើរនៃការកាត់សេចក្តីពុំទាន់ចប់ក៏ដោយ យើងខ្ញុំសង្ឃឹមថា តុលាការនឹងធ្វើការសម្រេចប្រកបដោយសុភវិនិច្ឆ័យ និងយុត្តិធម៌ជូនចំពោះ ឯកឧត្តម កឹម សុខា ដែលជាអតីត ប្រធានគណបក្សសង្គ្រោះជាតិ»។
គណបក្សនេះ បានសរសេរបន្តថា៖ «ក្នុងនាមអ្នកស្នេហា ជាតិ និងអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យជាពិសេស គណបក្សខ្មែរស្រឡាញ់ជាតិ នឹងតស៊ូឥតងាករេក្នុងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម»។
រហូតមកដល់ពេលនេះ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលបង្កើតឡើងដោយក្រុមអតីតថ្នាក់ដឹកនាំ CNRP មានលោក ជីវ កត្តា, លោក ស៊ឹម សុវណ្ណនី, លោក កង គឹមហាក់ និងលោក ខឺយ ស៊ីនឿន ជាដើមនោះ មិនទាន់ទទួលបានការចុះបញ្ជីស្របច្បាប់ជាគណបក្សនយោ បាយ នៅក្រសួងមហាផ្ទៃ នៅឡើយទេ។
ពាក់ព័ន្ធសេចក្តីថ្លែងការណ៍នេះ ត្រូវបានអ្នកវិភាគលើក ឡើងថា គណបក្សមួយនេះបានតាំងខ្លួនជាគណបក្សប្រឆាំងនៅកម្ពុជា ប៉ុន្តែមិនគោរពច្បាប់ បំពានច្បាប់ខណៈគណបក្សខ្លួនមិនទាន់ទទួលបានច្បាប់ផង តើអោយប្រជាពលរដ្ឋជឿទុកចិត្តម្តេចបាន ?
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បានយល់ព្រមឱ្យអតីតថ្នាក់ដឹកនាំមួយចំនួនរបស់ អតីតគណ បក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទាធ្វើនយោ បាយ បង្កើតគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ប៉ុន្តែក្រសួងតម្រូវឱ្យតំណាងគណបក្សនេះរៀបចំឯកសារស្របតាមច្បាប់ ដើម្បីចុះបញ្ជី មុននឹងធ្វើសកម្មភាពផ្សេងៗ៕