Friday, January 17, 2020

ល្ងាចនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នឹងអញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម រៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញដែលនឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក វូ ក្វាងមិញ, ពាណិជ្ជករ អ្នកជំនួញខ្មែរ និងវៀតណាម ព្រមទាំងប្រជាពលរដ្ឋវៀតណាមមួយចំនួនទៀតដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
នេះជាលើកដំបូងហើយសម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអញ្ជើញចូលរួមពិសារអាហារបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម។ លោក ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីឆ្នាំ២០១៩ បានប្រកាសថានឹងអញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងអ្នកវិនិយោគ ពាណិជ្ជករ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា និងវៀតណាម។ បើតាម លោក ហ៊ុន សែន ការលើកកម្ពស់ទំនាក់ទំនងរវាងអ្នកវិនិយោគ ពាណិជ្ជករ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ជាការរួមចំណែកជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយត្រូវបានកាត់ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០។ ប្រទេសទាំងពីបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ វៀតណាម និងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ មកដល់ពេលបច្ចុប្បន្នទំនាក់ទំនងប្រទេសមានរយៈពេលជាងកន្លះសតវត្សរ៍ហើយ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម កំពុងស្វះស្វែងក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជាពិសេសជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានទំហំឱ្យកាន់តែធំឡើងថែមទៀត។
ក្នុងឆ្នាំ២០១៧ ប្រទេសទាំងពីរសម្រេចទំហំពាណិជ្ជកម្មបានប្រមាណប្រមាណ ២.១៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦។ តែការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែងការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៧ មានចំនួន ៣៤២លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ២០១៧ មានចំនួនប្រមាណ ១,៨ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០១៨ ទំហំពាណិជ្ជរវាងប្រទេសទាំងពីរបានកើនឡើងដល់ ៤.៧ពាន់លានដុល្លារអាមេរិកអាមេរិក។ កម្ពុជា និងវៀតណាម គ្រោងជំរុញទំហំពាណិជ្ជកម្មឱ្យបានដល់ ៥ពាន់លានដុល្លារអាមេរិក។
ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥គម្រោង លើទុនវិនិយោគសរុបចំនួនប្រមាណ ២,៤​ពាន់លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕

No comments:

Post a Comment