Friday, January 17, 2020

ប្រជាពលរដ្ឋចំនួន០៤ភូមិ ក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ សប្បាយរីករាយដោយទទួលបានសមិទ្ធផលគម្រោងលើកស្ទួយជីវភាព

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អមដំណើរដោយអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកបន្ទាយអំពិល បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលគម្រោងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន០៤ភូមិ ស្ថិតនៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នាឱកាសនោះដែរ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោក PIET MARS ជាស្ថាបនិក និងជាប្រធានមូលនិធិហ្វារ៉ាស និងលោកប្រធានអង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍(CIDO) ដែលបានគៀងគរស្វែងរកជំនួយពីប្រទេសហូឡង់ មកជួយកសាងសមិទ្ធផលក្នុងឃុំគោកខ្ពស់ រួមមាន៖ ទំនប់ទឹកប្រវែង ១៨៧១ម៉ែត្រ ប្រឡាយប្រវែង២៥០០ម៉ែត្រ និងប្រព័ន្ធចែកចាយទឹកចំនួន០៤ភូមិ ដែលបានចំណាយថវិកាប្រមាណ២៧១ ៩៦៦ដុល្លារអាមេរិក ដែលជាការរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា ខេត្តឧត្តរមានជ័យមានការអភិវឌ្ឍន៍ឈានឡើងលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈដែលបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយអ្វីៗទាំងអស់ទទួលបានដោយសារប្រទេសមានសន្តិភាព ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីថែរក្សាសន្តិភាព។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បាននាំយកនូវសម្ភារសិក្សាមួយចំនួនដល់ក្មួយៗសិស្សានុសិស្សចំនួន១០០នាក់ ក្នុងម្នាក់ៗ ទទួលបានសៀវភៅ០១ក្បាល ប៊ិច១ដើម និងប្រជាពលរដ្ឋចំនួន២៥០នាក់ ម្នាក់ៗទទួលបានសារុង០១ ផងដែរ៕







No comments:

Post a Comment