Thursday, November 03, 2016

កាកបាទក្រហមប្រទេសចិន នឹងជួយអភិវឌ្ឍវិស័យអប់រំ សុខាភិបាល និងកសិកម្ម នៅភូមិធម្មជាតិរុនតាឯក

ក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិធម្មជាតិរុនតាឯក នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ គណៈប្រតិភូខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាចូលរួមក្នុងការអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល និងកសិកម្ម។ ជាមួយនឹងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូកាកបាទក្រហមខេត្តក្វាងស៊ីក៏បាននាំយកកាបូប និងសម្ភារៈសិក្សាមួយចំនួន ដើម្បីចែកជូនសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាភូមិធម្មជាតិផងដែរ។

លោក Feng Guoping អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមខេត្តក្វាងស៊ី ដែលជាអ្នកដឹកនាំក្រុមប្រតិភូ បានសរសើរភូមិធម្មជាតិរុនតាឯកថា មានការអភិវឌ្ឍល្អ បរិស្ថានស្អាត ជាពិសេសគឺប្រជាពលរដ្ឋមានទឹកមុខញញឹមរួសរាយរាក់ទាក់ ធ្វើឲ្យគណៈប្រតិភូរបស់លោកមានភាពកក់ក្តៅ និងមានចិត្តសោមនស្សរីករាយខ្លាំង។

លោកបានបន្ថែមថា ការអភិវឌ្ឍភូមិនេះមានសារៈសំខាន់ណាស់ ព្រោះវាជួយការពាររមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ឲ្យមានភាពគង់វង្សយូរអង្វែង និងកាន់តែមានភាពល្បីល្បាញឡើងលើឆាកអន្តរជាតិថែមទៀត។ ជាមួយគ្នានេះ លោក Guoping បានសន្យាថា ក្រុមប្រតិភូកាកបាទក្រហមខេត្តក្វាងស៊ីប្រទេសចិននឹងជួយអភិវឌ្ឍភូមិនេះបន្ថែមទៀតលើវិស័យអប់រំ សុខាភិបាលនិងកសិកម្ម ហើយលោកសង្ឃឹមថានឹងមានសប្បុរសជនជាតិនិងអន្តរជាតិជាច្រើនទៀត ចូលរួមជួយអភិវឌ្ឍភូមិនេះកាន់តែល្អប្រសើរឡើងបន្តទៀត។

លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានធ្វើបទបង្ហាញស្តីពីការកកើត ការវិវឌ្ឍ និងគម្រោងអភិវឌ្ឍន៍ដទៃៗទៀត។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះក្រុមប្រតិភូ ដែលបានចំណាយពេលវេលាមកបំពេញទស្សនកិច្ចនៅភូមិធម្មជាតិតាឯក និងសង្ឃឹមថា ទទួលបានការចូលរួមអភិវឌ្ឍន៍ភូមិធម្មជាតិមួយនេះឲ្យកាន់តែល្អប្រសើរក្នុងពេលឆាប់ៗខាងមុខនេះ។
គួររំឭកថា ដើម្បីដោះស្រាយការកើនឡើងនូវចំនួនខ្នងផ្ទះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរជាតិអប្សរា បានសម្រេចជ្រើសរើសដីមួយកន្លែងដែលស្ថិតនៅក្រៅតំបន់ការពារ មានទំហំ១០១២ហិកតា ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ដែលមានគ្រួសារថ្មីហើយមានបំណងបំបែកខ្នងផ្ទះពីឪពុកម្តាយ។ គ្រួសារថ្មីដែលស្ម័គ្រចិត្តចាប់ឆ្នោតមករស់នៅទីនេះ នឹងបានទទួលដីឡូត៍ទំហំ១៥x២៥ម៉ែត្រការ៉េសម្រាប់សាងសង់ផ្ទះ និងដាំបន្លែ និងទទួលបានដីសម្រាប់ធ្វើស្រែចម្ការមានទំហំ ១ហិកតាថែមទៀត។ បច្ចុប្បន្ន មានប្រជាពលរដ្ឋជាង១០០គ្រួសារហើយ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯកនេះ៕









សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យលោកត្រាំឈ្នះគូប្រជែង ព្រោះបើត្រាំឈ្នះ ពិភពលោកអាចនឹងប្រែប្រួល សភាពការណ៍សេដ្ឋកិច្ច នឹងល្អប្រសើរជាងសព្វថ្ងៃនេះ

ខណៈការបោះឆ្នោត ប្រធានាធិបតីអាម៉េរិច កាន់តែខិតជិតមកដល់នោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញទស្សនៈផ្ទាល់ ដោយចង់អោយលោកត្រាំឈ្នះគូប្រជែង ខ្លាំងណាស់ ព្រោះបើត្រាំឈ្នះ ពិភពលោកអាចនឹងមានការប្រែប្រួល ហើយសភាពការណ៍សេដ្ឋកិច្ច នឹងល្អប្រសើរជាងសព្វថ្ងៃនេះ។
នៅក្នុងឱកាសអញ្ចើញធ្វើបឋកថា ចែករំលែកបទពិសោធន៍លើប្រធានបទ ស្តីពី ការដឹកនាំបញ្ជាកងកំលាំងសភាពការណ៍ជាតិ -អន្តរជាតិ និងងបញ្ហាផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី គ្រូនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៃបណ្ឌិតសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានទាញចំណាប់អារម្មណ៍ អ្នកចូលរួមទាំអស់ឱ្យផ្តោតការយកចិត្តទុកដាក់សំខាន់ ទៅលើបញ្ហាទិដ្ឋភាពមួយចំនួន ទាក់ទងទៅនិងសភាពការអន្តរជាតិ នៃបរិបទនយោបាយពិភពលោក និងនៅក្នុងស្ថានភាពនៃសង្គ្រាមត្រជាក់ ដែលកាន់តែបើកចំហ ដែលវាបានវិវត្តន៍ឈានឡើងថ្មីៗ ក្នុងនោះរាប់ទាំងបញ្ហាសភាពការណ៍ខ្លះ ដែលពិភពលោក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ បំផុត នោះគឺការបោះឆ្នោតសាកល ជ្រើសរើសប្រធានាធិបតីអាម៉េរិច ដែលជាការប្រជែង រវាងបេក្ខភាព មកពីគណបក្សសាធារណរដ្ឋ របស់លោក ដូណាល់ត្រាំ  និងគណបក្សប្រជាធិបតេយ្យ របស់លោស្រី ហ៊ីលឡារី គ្លីនតុន។
សម្តេចបន្តថា ពិភពលោកបានកំពុង តាមដាន ចំពោះការបោះឆ្នោតនៅអាម៉េរិច ដែលជិតមកដល់នេះ ហើយអ្វីដែលយើងចាប់អារម្មណ៍ គឺការធ្លាក់ដ៏គំហុក របស់លោកស្រី គ្លីនតុន ដោយសារតែស្ថាប័ន FBI  បានទាមទារលិខិតបំភ្លឺពី លោកស្រី គ្លីនតុន ពាក់ពន្ធ័និងករណី នៃភាពមិនប្រក្រតីមួយចំនួននាពេលកន្លងមក។ សម្តេចបានបន្តថា  ដោយសារបញ្ហានេះហើយ ដែលជាដើមចមធ្វើឱ្យលោកត្រាំ មានមួយពិន្ទុឡើងបន្ថែមទៀត លើលោកស្រីគ្លីនតុន។ ដូច្នេះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាម៉េរិច នាពេលខាងមុខនេះ សំរាប់រូបសម្តេចផ្ទាល់ គឺចង់អោយលោក ដូណាល់ត្រាំ ឈ្នះ លោកស្រីគ្លីនតុន ដោយសម្តេចបញ្ជាក់យ៉ាងដូច្នេះថា «ប៉ុន្តែសំរាប់ខ្ញុំ និយាយដោយត្រង់ ខ្ញុំចង់ឲ្យ លោកត្រាំ ឈ្នះខ្លាំងណាស់..បើ លោកត្រាំឈ្នះ ពិភពលោកអាចនិងមានការប្រែប្រួល ហើយអាចមានសភាពការសេដ្ឋកិច្ច កាន់តែប្រសើរជាង ដោយសារលោកត្រាំ គាត់ជាអ្នករកស៊ី..បើលោកត្រាំរកស៊ី អញ្ចឹងត្រាំ មិនចង់ឲ្យកើតមានសង្គ្រាមនោះទេ»
ម្យ៉ាងទៀត បើលោកត្រាំ ឈ្នះទំនាក់ទំនង ដែលធ្លាប់ល្អក់កករ ដោយសារបញ្ហាវិបត្តិនៅក្នុងប្រទេស​​ស៊ីរី និងតំបន់គ្រីមមៀរ (ព្រំដែនរុស្សី) រវាងអាម៉េរិច និងរុស្សី អាចនិងមានស្ថានភាពប្រសើរឡើង ហើយស្ថានការណ៍នយោបាយ និងកិច្ចការបរទេស នឹងវិលមករកប្រក្រតីភាព និងជាមិត្តនិងគ្នាឡើងវិញ ជាធម្មតាដូចគ្រាមុន។ តែយ៉ាងណា បើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ទោះអ្នកណាឈ្នះ អ្នកណាចាញ់ នោះវាជារឿងរបស់អាម៉េរិច ប៉ុន្តែវាក៏ទាក់ទងជាមួយយើងដែរ ព្រោះបើខាងលោកស្រី គ្លីនតុនឈ្នះ សភាពការណ៍អន្តរជាតិ ក៏មិនងាយស្រួលប៉ុន្មាននោះឡើយ ហើយទំនាក់ទំនង អាម៉េរិច និងរុស្សី នឹងកាន់តែមានការលំបាកបន្ថែមទៀត ដោយសារតែអាម៉េរិច និងសម្ព័ន្ធមិត្តណាតូ គាំទ្រឧទ្ទាមស៊ីរី ហើយរុស្សីប្រឆាំង និងការគាំទ្រទាំងនេះ ហើយបានបង្កើនការវាយប្រហារ ក្រុមឧទាមក្នុងប្រទេសស៊ីរី ជាប់ព្រំដែនរុស្សី ជាញឹកញ៉យនោះ។
ដោយឡែកទាក់ទង និងដំណើរការ នៃបណ្ឌិតសភានគរបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានថ្លែងអបអរសាទរ ជាមួយនិងកំណែទម្រង់ស៊ីជំរៅ របស់ក្រសួងមហាផ្ទៃ លើបញ្ហានគរបាលជាតិ ពិសេសទាក់ទងនិងការបណ្តុះបណ្តាល ធនធាននគរបាលជាតិ មិនត្រឹមកន្លែងនេះនោះទេ បុន្តែនៅគ្រប់ទីកន្លែង ដែលមានសាលា តាមភូមិភាគជាដើម។
បើតាម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៦នេះ បណ្ឌិតសភានគរបាលកម្ពុជា បានធ្វើការបណ្តុះបណ្តាលដល់និស្សិត សិក្ខាកាម ដែលជាមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារសរុប ៤៧៩៩៧នាក់ ក្នុងនោះវគ្គខ្លី ចំនួន៤៣៨៧១នាក់ វគ្គមធ្យមចំនួន ៦២៤នាក់ វគ្គវែងចំនួន២៤០២នាក់ និងវគ្គបណ្តុះបណ្តាលមន្ត្រីពន្ធនាគារ ១១០០នាក់ ហើយបច្ចុប្បន្នកំពុងធ្វើការបណ្តុះបណ្តាលនិស្សិត សិក្ខាកាម សរុប ១១២៥នាក់៕






គម្រោង​ជួសជុល​​កែលម្អផ្លូវពី​ខាងកើតកស្សិណ​អង្គរវត្ត ឆ្ពោះទៅស្រះស្រង់