Thursday, November 03, 2016

កាកបាទក្រហមប្រទេសចិន នឹងជួយអភិវឌ្ឍវិស័យអប់រំ សុខាភិបាល និងកសិកម្ម នៅភូមិធម្មជាតិរុនតាឯក

ក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិធម្មជាតិរុនតាឯក នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ គណៈប្រតិភូខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាចូលរួមក្នុងការអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល និងកសិកម្ម។ ជាមួយនឹងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូកាកបាទក្រហមខេត្តក្វាងស៊ីក៏បាននាំយកកាបូប និងសម្ភារៈសិក្សាមួយចំនួន ដើម្បីចែកជូនសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាភូមិធម្មជាតិផងដែរ។

លោក Feng Guoping អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមខេត្តក្វាងស៊ី ដែលជាអ្នកដឹកនាំក្រុមប្រតិភូ បានសរសើរភូមិធម្មជាតិរុនតាឯកថា មានការអភិវឌ្ឍល្អ បរិស្ថានស្អាត ជាពិសេសគឺប្រជាពលរដ្ឋមានទឹកមុខញញឹមរួសរាយរាក់ទាក់ ធ្វើឲ្យគណៈប្រតិភូរបស់លោកមានភាពកក់ក្តៅ និងមានចិត្តសោមនស្សរីករាយខ្លាំង។

លោកបានបន្ថែមថា ការអភិវឌ្ឍភូមិនេះមានសារៈសំខាន់ណាស់ ព្រោះវាជួយការពាររមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ឲ្យមានភាពគង់វង្សយូរអង្វែង និងកាន់តែមានភាពល្បីល្បាញឡើងលើឆាកអន្តរជាតិថែមទៀត។ ជាមួយគ្នានេះ លោក Guoping បានសន្យាថា ក្រុមប្រតិភូកាកបាទក្រហមខេត្តក្វាងស៊ីប្រទេសចិននឹងជួយអភិវឌ្ឍភូមិនេះបន្ថែមទៀតលើវិស័យអប់រំ សុខាភិបាលនិងកសិកម្ម ហើយលោកសង្ឃឹមថានឹងមានសប្បុរសជនជាតិនិងអន្តរជាតិជាច្រើនទៀត ចូលរួមជួយអភិវឌ្ឍភូមិនេះកាន់តែល្អប្រសើរឡើងបន្តទៀត។

លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានធ្វើបទបង្ហាញស្តីពីការកកើត ការវិវឌ្ឍ និងគម្រោងអភិវឌ្ឍន៍ដទៃៗទៀត។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះក្រុមប្រតិភូ ដែលបានចំណាយពេលវេលាមកបំពេញទស្សនកិច្ចនៅភូមិធម្មជាតិតាឯក និងសង្ឃឹមថា ទទួលបានការចូលរួមអភិវឌ្ឍន៍ភូមិធម្មជាតិមួយនេះឲ្យកាន់តែល្អប្រសើរក្នុងពេលឆាប់ៗខាងមុខនេះ។
គួររំឭកថា ដើម្បីដោះស្រាយការកើនឡើងនូវចំនួនខ្នងផ្ទះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរជាតិអប្សរា បានសម្រេចជ្រើសរើសដីមួយកន្លែងដែលស្ថិតនៅក្រៅតំបន់ការពារ មានទំហំ១០១២ហិកតា ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ដែលមានគ្រួសារថ្មីហើយមានបំណងបំបែកខ្នងផ្ទះពីឪពុកម្តាយ។ គ្រួសារថ្មីដែលស្ម័គ្រចិត្តចាប់ឆ្នោតមករស់នៅទីនេះ នឹងបានទទួលដីឡូត៍ទំហំ១៥x២៥ម៉ែត្រការ៉េសម្រាប់សាងសង់ផ្ទះ និងដាំបន្លែ និងទទួលបានដីសម្រាប់ធ្វើស្រែចម្ការមានទំហំ ១ហិកតាថែមទៀត។ បច្ចុប្បន្ន មានប្រជាពលរដ្ឋជាង១០០គ្រួសារហើយ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯកនេះ៕









No comments:

Post a Comment