Wednesday, January 15, 2020

លោក កឹម សុខា ទទួលស្គាល់វីដេអូរបស់ខ្លួន ខណៈក្រុមប្រឹក្សាជំនុំជម្រះយល់ព្រមឲ្យដាក់អក្សរតំណាងនៃប្រទេសពាក់ព័ន្ធក្នុងសំណុំរឿង

សវនាការសំណុំរឿងលោក កឹម សុខា បានចាប់ផ្តើមបើកនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ សវនានេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។ ចំណែកមេធាវីរាជរដ្ឋាភិបាលដឹកនាំដោយលោក គី តិច។

ក្រោយបញ្ចប់សវនាការលើកទី១នៅពេលព្រឹក លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដោយអះអាងថា ក្នុងសវនាការពេលព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក កឹម សុខា បានទទួលស្គាល់ថា វីដេអូដែលនិយាយអំពីដំណើររឿងបរទេស បានបណ្ដុះបណ្ដាល និងបង្រៀនលោកអំពីរបៀបនៃការផ្លាស់ប្ដូររបបគឺជាវីដេអូរបស់លោកយ៉ាងពិតប្រាកដ។ លោក គី តិច បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចចាក់ភស្ដុតាងដែលជាវីដេអូឃ្លីបសំខាន់ដែលមានប្រសាសន៍របស់ លោក កឹម សុខា ពេលនោះលោក កឹម សុខា បានសម្រេចនៅចំពោះមុខក្រុមប្រឹក្សានៅក្នុងសវនាការគឺលោកទទួលស្គាល់សំឡេងរូបរបស់លោកនៅក្នុងឃ្លឹបដែលក្រុមប្រឹក្សាជំនុំជម្រះបានចាក់ជូនអង្គសវនាការមើលគឺលោកទទួលស្គាល់សំឡេងរូបរបស់គាត់ពិតប្រាកដមែន»។

បន្ថែមពីនេះមេធាវី គី តិច បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការទទួលស្គាល់របស់លោក កឹម សុខា ក្រោយពីក្រុមប្រឹក្សាសម្រេចចាក់វីដេអូឃ្លឹបនេះនៅក្នុងអង្គសវនាការ ហើយវីដេអូនេះជាភស្ដុតាងសំខាន់ក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស»។ ទន្ទឹងនឹងការទទួលស្គាល់នេះ លោក កឹម សុខា បានបដិសេធចំណុចមួយនៅត្រង់ថា វីដេអូដែលចាក់នេះមិនគ្រប់ទេ ពោលបានកាត់ជាកំណត់ ខណៈដែលចំណុចសំខាន់មួយចំនួន ជាផលប្រយោជន៍សម្រាប់គាត់ គឺត្រូវបានកាត់ចេញ។ នេះជាអ្វីដែលលោក កឹម សុខា តវ៉ានៅបន្ទាប់ពីការចាក់វីដេអូឃ្លីប។ ជាមួយគ្នានេះ លោក កឹម សុខា ឲ្យ USB ថ្មីមួយទៅក្រុមប្រឹក្សាជំនុំជម្រះដោយអះអាងថា ជាវីដេអូឃ្លីបទាំងស្រុងរបស់លោក។

សវនាការជំនុំជម្រះសំណុំរឿងសន្ទិដ្ឋិភាពរបស់លោក កឹម សុខា លើកទី២ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានបញ្ចប់ដោយរលូន នៅវេលាម៉ោងជាង៥ល្ងាច។ ក្នុងអង្គសវនាការនេះ មេធាវីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក គី តិច និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី បានស្នើដល់ក្រុមប្រឹក្សាជំនុំជម្រះ សុំដាក់អក្សរតំណាងនៃប្រទេសទាំង៩ ដែលមានជាប់ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា នៅលើកំណត់ហេតុ និងសាលក្រម។ ចំពោះសំណើសុំដាក់អក្សរតំណាងប្រទេសទាំង៩នេះ ត្រូវបានក្រុមប្រឹក្សាអង្គជំនុំជម្រះ សម្រេចយល់ព្រមតាមសំណើរបស់មេធាវីរាជរដ្ឋាភិបាល លើសាលក្រម ប៉ុន្តែលើ «កំណត់ហេតុតុលាការ» មិនអនុញ្ញាតតាមសំណើរបស់មេធាវីនោះគឺតម្រូវឲ្យដាក់ឈ្មោះចំៗតែម្តង។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រោយសវនាការលើកទី២ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ លោកមេធាវី គី តិច បានបញ្ជាក់ថា សវនាការនៅរសៀលថ្ងៃនេះមានចំណុច សំខាន់មួយដែលភ្ជាប់ពីសវនាលើកទី១ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ គឺការដាក់ពាក្យស្នើសុំប្រើប្រាស់ពាក្យតំណាង ចំពោះរដ្ឋនៃបរទេសមួយចំនួន អង្គការមួយចំនួន និងឈ្មោះបុគ្គលជាបរទេសដែលពាក់ព័ន្ធមួយចំនួន។ លោកមេធាវី បានបន្តថា នៅរសៀលនេះអង្គក្រុមប្រឹក្សាជំនុំជម្រះ បានលើកយកករណីនេះយកមកពិភាក្សា ហើយក្រោយពីការពិភាក្សាគឺភាគីមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា បានកត់សំគាល់ឃើញថា ការស្នើឲ្យប្រើពាក្យតំណាងនៃប្រទេសទាំងនោះដើម្បីជៀសវាងការប៉ះពាល់ដល់ទំនាក់ទំនងល្អ រវាងប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសដែលមានពាក់ព័ន្ធឈ្មោះនៅក្នុងសំណុំរឿងជនជាប់ចោទ កឹម សុខា។

លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចសំខាន់យើងបានស្នើឲ្យអង្គសវនាការទាំងមូល គិតគូរអំពីផលប្រយោជន៍ជាតិ ព្រោះថាការទំនាក់ទំនងរវាងប្រទេស និងប្រទេសគឺដើម្បីផលប្រយោជន៍ជាតិ។ ក្រោយពីការពិភាក្សានេះ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលយកពាក្យស្នើសុំ ដោយទទួលយកការប្រើពាក្យតំណាង នៅក្នុងសាលក្រមនៃសំណុំរឿងនេះ ដោយឡែកចំពោះកំណត់ហេតុ នៅតែរក្សាពាក្យចំឈ្មោះប្រទេសតែម្ដងដោយសារជាឯកសាររដ្ឋបាលផ្ទៃក្នុងរបស់តុលាការ»។
ប្រទេសទាំង៩ ដែលត្រូវសម្រេចឲ្យប្រើប្រាស់អក្សរតំណាងក្នុងសាលក្រម សំណុំរឿងលោក កឹម សុខា រួមមាន៖ ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្រ្តាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា។

សូមជម្រាបថា សវនាការលើសំណុំរឿងសន្ទិដ្ឋិភាពរបស់លោក កឹម សុខា ថ្ងៃដំបូង គឺថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះបញ្ចប់ទៅដោយភាពរលូនល្អ ខណៈបញ្ហាសន្តិសុខត្រូវបានរឹងបន្តឹងផងដែរ។ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្អែកនេះសវនាការនេះនឹងត្រូវបន្តទៀត៕



សូមស្តាប់កិច្ចសម្ភាសន៍របស់ លោក គី តិច មេធាវីរាជរដ្ឋាភិបាល ក្នុងបណ្តឹង លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ) ស្តីពីលទ្ធផលនៃសាវនាកានារសៀលថ្ងៃទី១៥ មករា ២០២០

Video៖ លិខិតមិត្តអ្នកអាន៖ " តើអ្នកនយោបាយដែលជាប់ ចោទពីបទក្បត់ជាតិឃុបឃិត ជាមួយបរទេសគួរត្រូវកាត់ទោសរឺទេ ?

លិខិតមិត្តអ្នកអាន៖ " តើអ្នកនយោបាយដែលជាប់ ចោទពីបទក្បត់ជាតិឃុបឃិត ជាមួយបរទេសគួរត្រូវកាត់ទោសរឺទេ ?

ក្នុងនាមអ្នកតាមដាននយោបាយ មួយរូប ខ្ញុំចង់ឆ្លើយតបទៅនឹងប្រព័ន្ធឃោសនាមួយចំនួនជាពិសេសប្រព័ន្ធឃោសនាមកពីក្រៅប្រទេសក៏ដូចជាអ្នកនយោបាយ និងសង្គមស៊ីវិល មួយចំនួនដែលបានធ្វើអត្ថាធិប្បាយចំពោះករណីលោក កឹម សុខា ហើយអះអាងថា លោក កឹម សុខា គ្មានទោសកំហុសដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
ខ្ញុំពិតជាមិនហ៊ានអះអាងជំនួសតុលាការទេពីព្រោះវាជាឆន្ទានុសិទ្ធិរបស់តុលាការដែលត្រូវសម្រេច។
ប៉ុន្តែ ខ្ញុំគ្រាន់តែចង់លើក ហេតុផលមកបញ្ជាក់អំពីទោសក្បត់ជាតិ ជាពិសេសទោសនៃការឃុបឃិតជាមួយបរទេស ឬអនុញ្ញាតឲ្យបរទេសប្រើប្រាស់ជាកូនអុកក្នុងកិច្ចការនយោបាយជាតិ ពិតជាបញ្ហាដ៏រសើបបំផុតដែលគ្មានប្រទេសណាមួយគេអនុញ្ញាតឡើយ។
វិលមកនិយាយអោយចំអំពីករណីលោក កឹម សុខាវីញ ! តើសំណុំរឿងនេះជាការបំបិទ សិទ្ធិសេរីភាពនយោបាយ ឬជាអំពើក្បត់ជាតិពិតប្រាកដ? ដើម្បីឆ្លើយសំណួរនេះ យើងត្រូវក្រឡេកមើលទាំងបរិបទនយោបាយជាតិនិងអន្តរជាតិ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៣ កញ្ញា ឆ្នាំ ២០១៧ ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ) ដោយមានផែនការផ្តួលរំលំ រដ្ឋាភិបាលលោក ហ៊ុន សែន ដែលចេញពីការបោះឆ្នោត តាមរយៈការឃុបឃិតជាមួយបរទេស។ បទចោទប្រកាន់លើលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានរកឃើញឃ្លីបវីដេអូមួយដែលគេបង្ហោះក្នុងគេហទំព័ររបស់សារព័ត៌មានអនឡាញ CBN របស់អូស្ត្រាលីក្នុងនោះលោក កឹម សុខា និយាយប្រាប់ក្រុមអ្នកគាំទ្រនៅក្រៅប្រទេសថា "...អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលលោកទទួលការ បង្វឹកពីគ្រូជំនាញបរទេសស្តី របៀបផ្តួលរំលំរដ្ឋាភិបាលដោយយកលំនាំតាមចលនាបដិវត្តផ្តួលរំលំរដ្ឋាភិបាលលោក ស្លូបូដាន់ មីឡូសេវិក នៃប្រទេសយូហ្គោស្លាវីនិងស៊ែរប៊ី ... ។ ហើយនៅក្នុងឃ្លីបវីដេអូនោះ លោក កឹម សុខា បានពន្យល់ យ៉ាងពិស្តារអំពីផែនការដែល លោកបានធ្វើតាមកាណែនាំរបស់ចៅហ្វាយបរទេស ដោយលោកមានសង្ឃឹមយ៉ាងមុតមាំថា មេរៀនទាំងនោះអាចយកមកអនុវត្តនៅកម្ពុជាយ៉ាងមានប្រសិទ្ធភាព។
សំណួរសួរថា តើអ្វីដែលលោក កឹម សុខា បាននិយាយនិងបានអនុវត្តន៍ផ្ទាល់កាលពីឆ្នាំ ២០១៣ និង ២០១៤ គឺជាអំពើក្បត់ជាតិ ដែលត្រូវតែចាត់ការតាមផ្លូវច្បាប់មែនដែរឬទេ? មុននឹងឆ្លើយសំណួរនេះ យើងគួរគប្បីក្រឡេកមើលបណ្តាប្រទេសធំៗ លើលោកដែលបញ្ហាឃុបឃិត មួយបរទេសគឺជារសំណុំរឿងដ៏រសើបបំផុត។
ជាក់ស្តែង នៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី ដូណាល់ត្រាំ ត្រូវបានចោទប្រកាន់ពីការឃុបឃិតជាមួយរដ្ឋបរទេសរហូតឈានដល់ការចាត់នីតិវិធីទម្លាក់រូបលោកចេញពីតំណែងទៀតផង។ សំណុំរឿងមួយនេះដែលកំពុងធ្វើឲ្យរញ្ជួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគឺគ្រាន់តែ លោកដូណាល់ត្រាំ បានទូរស័ព្ទទាក់ទងប្រធានាធិបតីអ៊ុយក្រែន ហើយបានស្នើសុំឲ្យបើកការស៊ើបអង្កេតទៅលើកូនប្រុសលោក ជោ បាយឌិន ដែលជាគូប្រជែងនយោបាយរបស់ខ្លួន។ គ្រាន់តែរឿងទូរស័ព្ទ ប៉ុណ្ណឹងសោះ លោក ប្រធានាធិបតីត្រាំបានទទួលរងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថា បានឃុបឃិតជាមួយបរទេសដែលរហូតដល់រដ្ឋសភាសម្រេចឲ្យចាត់នីតិវិធីទម្លាក់លោកត្រាំចេញពីតំណែង។
នៅសហរដ្ឋអាមេរិកដដែល សំណុំរឿងចោទប្រកាន់រឿងការ លូកដៃជ្រែតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បរទេសក៏កើតមាន ដែរក្រោយការជាប់ឆ្នោតជា ប្រធានាធិបតីរបស់លោក
ដូណាល់ ត្រាំ។ លោក ប្រធានាធិបតីក៍ត្រូវបានគូបដិបក្ខចោទថា ឈ្នះឆ្នោតដោយសារការលូកដៃជួយជ្រោមជ្រែងពីសំណាក់ប្រទេសរុស្ស៊ី។ សំណុំរឿងនេះក៏បានធ្វើឲ្យកក្រើកសេតវិមានអស់ជាច្រើនឆ្នាំហើយៗនៅមិនទាន់ចប់ដាច់ស្រេចនៅឡើយផង។ ចុះទម្រាំលោក កឹម សុខា ដែល និយាយពេញៗមាត់ថា ខ្លួនបាន ទទួលការហ្វឹកហាត់ពីជនបរទេសជាច្រើនឆ្នាំតាំងពីនៅជាប្រធានអង្គការសិទ្ធិមនុស្ស រហូតដល់ក្លាយជាអ្នកនយោបាយ ហើយថែមទាំងបានអនុវត្តជាក់ស្តែងវិធីសាស្ត្រផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ ២០១៣ និង ២០១៤ តើជាអំពើក្បត់ជាតិដែរឬទេ?
ដូច្នេះ សូមអ្នកដែលតាំងខ្លួនថាស្រឡាញ់ប្រជាធិបតេយ្យ និងស្រឡាញ់នីតិរដ្ឋទាំងឡាយ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកផ្ទាល់តែម្តង សូមបើកភ្នែកមើលគេឯងផង និងសូមមើលសហរដ្ឋអាមេរិកដែលជាប្រទេសប្រជាធិបតេយ្យ និងជាមហាអំណាចពិភពលោកផង។ មិនថាតែសហរដ្ឋអាមេរិកទេគឺគ្រប់ប្រទេសទាំងអស់សុទ្ធតែ ហាមប្រាមដាច់ខាតមិនឲ្យធ្វើនយោបាយដោយឃុបឃិតជាមួយបរទេសឡើយ។ ដូច្នេះ វាជារឿងសមស្របណាស់ដែលករណីលោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិពីព្រោះសម្តី និងទង្វើរបស់គាត់បានបង្ហាញ យ៉ាងច្បាស់។
សម្រាប់ប្រទេសកម្ពុជា ប្រសិនបើគេនិយាយពីការពឹងបរទេសឲ្យជួយដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន ប្រាកដជាគ្មានអ្នកនយោបាយប្រទេសណាធ្វើច្រើនជាងអ្នកនយោបាយប្រឆាំងនៅកម្ពុជា នោះឡើយ។ មេដឹកនាំបក្សប្រឆាំងហារមាត់និយាយ មួយម៉ាត់ណាក៏យកបរទេសដាក់ ពីក្រោយខ្នង មួយម៉ាត់ណាក៏ ហារមាត់ពឹងបរទេសឲ្យដាក់ទណ្ឌកម្មមកលើកម្ពុជា និងមួយម៉ាត់ណាក៏និយាយពីការជួយជ្រោមជ្រែងរបស់ចៅហ្វាយ បរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែរ។ ក្រុមប្រឆាំងនៅកម្ពុជា មិនដែល ញញើតឡើយក្នុងការអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្មមកលើកម្ពុជា, ផ្តាច់ជំនួយពីកម្ពុជា ឬឈប់បោះទុនវិនិយោគនៅកម្ពុជា ឬឈប់ទិញទិញទំនិញ ដែលកើតចេញកម្លាំងនិងស្នាដៃកម្មករខ្មែរ។
ក្នុងន័យនេះ ការចាប់ខ្លួនលោក កឹម សុខា និងការឈានទៅ រំលាយគណបក្សសង្គ្រោះជាតិ គឺមិនមែនជារឿងចម្លែកទេ ហើយក៏មិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជាតែម្នាក់ឯងដែរ។ តាមពិត កម្ពុជាអនុត្តន៍នៅធូររលុងណាស់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិរបស់អ្នកនយោបាយ។ ខ្ញុំហ៊ាននិយាយថា ធ្វើនយោបាយដូចលោក សម រង្ស៊ី, លោក កឹម សុខា និងក្រុមប្រឆាំងជ្រុលនិយម ទាំងឡាយនៅកម្ពុជាដែលយក បរទេសជាធំ ហើយប្រសិនបើ នៅសហរដ្ឋអាមេរិក ឬបណ្តាប្រទេសអឺរ៉ុបវិញ ប្រហែលជាគ្មានមុខនៅលើឆាកនយោបាយជាតិបានឡើយ។ ប៉ុន្តែ នៅកម្ពុជា ការអត់ឱន យោគយល់ត្រូវបានមេដឹកនាំរដ្ឋាភិបាលប្រើប្រាស់អស់លទ្ធភាពហើយមុននឹង ចាត់ការតាមផ្លូវច្បាប់។
ថ្ងៃទី ១៥ មករានេះ តុលាការនឹង បើកសវនាការកាត់ក្តីសំណុំរឿង នេះហើយ។ តាមរយៈសវនាការ នេះ គេនឹងដឹងថា តើមាន ភស្តុតាងអ្វីខ្លះដែលត្រូវដាក់បន្ទុកលើលោក កឹម សុខា? ដូច្នេះ សូមទុកឲ្យតុលាការធ្វើការតាម នីតិវិធីច្បាប់ទៅចុះ។ មានទោសឬគ្មានទោសនឹងដឹងច្បាស់ក្រោយពេលសវនាការជំនុំជម្រះបិទបញ្ចប់។ គ្មានអ្នកណាមានសិទ្ធិកាត់ក្តីក្រៅពីតុលាការនោះឡើយ៕
ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ


សូមទស្សនាវីដេអូពាក់់ពន្ធនិងការកាត់ទោស លោក កឺម សុខា នៅព្រឹកថ្ងៃទី១៥នេះ

ព្រឹកមិញថ្ងៃទី១៥មករា ២០២០នេះ ខាងភាគីគាំទ្រលោកកឹម សុខាជាជនជាប់ចោទពីបទក្បត់ជាតិឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ធាភិបាល លោក ហ៊ុន សែនថា " បានអះអាងថាបណ្តឹងនេះជារឿង នយោបាយ "។ រីឯជាង២ឆ្នាំកន្លងមកនេះ រដ្ធាភិបាល ភ្នំពេញបានបង្ហោះពត៍មានផ្សាយខ្លឹមសារនិងភស្តុតាងជាបន្តបន្ទាប់ថា "រឿង កឹម សុខា ជារឿងក្បត់ជាតិ រឿងព្រហ្មទណ្ឌមិនមែនរឿង នយោបាយនោះទេ " ។ ជាក់ស្តែង ក្នុងវិដេអូដែលបាបង្ហោះផ្សាយក្នុងបណ្តាញ សង្គម Youtube បានលើកឡើងថា៖
".... ព្រឹត្តិការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០១៣គឺបាន បង្ហាញយ៉ាងច្បាស់ អំពីការអនុវត្តផែនការក្នុងការធ្វើបដិវត្តន៍ពណ៌ ដែលក្នុងនោះមានដូចជា៖ ព្រឹត្តិការណ៍ ហឹង្សានៅស្ទឹងមានជ័យកាលពីខែកក្កដាឆ្នាំ២០១៣ ផ្តើមចេញពីការអុកឡុកនៅការិយាល័យបោះឆ្នោត ញុះញង់ឱ្យប្រជាពលរដ្ឋតតាំងនឹងកងកម្លាំងប្រដាប់អាវុធក្រោមលេសតវ៉ា ភាពមិនប្រក្រតីនៃការបោះឆ្នោត អំពើហឹង្សាបណ្តាលឱ្យមានមនុស្សស្លាប់នៅក្បាលថ្នល់ អំពើហឹង្សានៅផ្លូវវេងស្រេង ការបិទផ្លូវក្រោមលេសនៃការទាមទារតំឡើងប្រាក់ខែកម្មករ ការអុកឡុករំខាននៅតាមរោងចក្រ ការដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធមិនស្តាប់បង្គាប់រដ្ឋអំណាច និងការអនុវត្តវិធីហុចផ្កាឈូក ដើម្បីបំបែកកម្លាំងប្រដាប់អាវុធពីរដ្ឋអំណាច ក្នុងចេតនាផ្តល់និម្មិតរូបជាបដិវត្តន៍ផ្កាឈូក ព្រមទាំងការប្រើសារញុះញង់លើបញ្ហាសង្គម បញ្ហាជាតិនិយម ដើម្បីបញ្ឆេះកំហឹងអ្នកចូលរួមបាតុកម្ម ការប្រើសារជម្រុញឱ្យមានការផ្លាស់ប្តូរមេដឹកនាំរដ្ឋអំណាចស្របច្បាប់ ដោយប្រើកម្លាំងមហាជន និងយុវជនជាដើម។ សកម្មភាពទាំងអស់នេះគឺជាទម្រង់នៃការបះបោរដោយអតីតបក្សសង្គ្រោះជាតិ ដោយយកលំនាំតាមគម្រូនៃការធ្វើបដិវត្តន៍ពណ៌នៅតាមបណ្តាប្រទេសមួយចំនួនក្នុងមជ្ឈឹមបូព៌ា និងនៅយ៉ូហ្គោស្លាវី ស៊ែប៊ី ល.ល ដូច្នោះដែរ។
នៅមានភស្តុតាងជាច្រើនទៀត ដែលបង្ហាញផែនការឃុបឃឹតគ្នាជាសំងាត់ជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ដោយកំណត់យកឆ្នាំ២០១៨ជាគោលដៅចុងក្រោយសម្រាប់ការផ្តួលរំលំក្រោមលេសនៃទិសស្លោក នយោបាយបែបការទូតខាងក្នុងគឺ «ការផ្លាស់ប្តូរជាវិជ្ជមាន» ដែលជាល្បិចដ៏ពិសពុលតាមវិធីត្រជាក់ ប៉ុន្តែបង្កប់នូវឧបាយកលអូសទាញប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពបំពានច្បាប់នានា ..."។
ដូច្នេះ យើងទាំងឡាយាំងអស់គ្នាត្រូវរង់ចាំតាមដានមើលដំណើរការកាត់ក្តីនេះបន្តទៀត !
ដោយ: អ្នកតាមដាន នយោបាយតុកាហ្វេ


ស្នៀតរបស់ក្រុមប្រឆាំងគឺ ពេលទឹកដល់ច្រមុះទើបស្រែករកកិច្ចសន្ទនា!

លើកណាក៏ដូចលើកណាដែរ ខ្ញុំកត់សំគាល់ជាហូរហែរមកថាគណបក្សប្រឆាំងជ្រុលនិយមនៅកម្ពុជាយើងតែងប្រើស្នៀតដដែលៗតាំងពីរាប់ទសវត្សរ៍មក ហើយៗក៍មិនដែលផ្លាស់ប្តូរនោះឡើយ។ ស្នៀតរបស់ក្រុមប្រឆាំងធ្លាប់អនុវត្តនោះគឺ បង្កហេតុ បង្កាត់ភ្លើង ចាក់សាំងលើភ្លើង រហូតក្លាយជាអគ្គិភ័យឆេះផ្ទះខ្លួនឯងអស់ ទ្រព្យសម្បត្តិក៏អស់ រីឯខ្លួនក៏ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារឲ្យទទួលទោស ទើបនាំគ្នានឹកនាបួងសួង អង្វរ ក ឲ្យមានការសន្ទនាដើម្បីស្វែងរកដំណោះស្រាយ។ និយាយតាមបែបផ្សេងគឺ «ពេលទឹកដល់ច្រមុះទើបបន់ព្រះឲ្យជួយ»។
រឿងចុងក្រោយដែលបញ្ជាក់ថា ក្រុមប្រឆាំងនេះនៅតែអនុវត្តវិធី ចាស់គំរឹលដដែលនោះគឺ សំណុំរឿងលោក កឹម សុខា។ ពេលត្រូវចោទប្រកាន់ពីបទក្បត់ជាតិដែលជាទោស ព្រហ្មទណ្ឌដ៏ធ្ងន់អាចថារើខ្លួនមិនរួច ឥឡូវនេះ ពួកគេខំបង្វែទៅជារឿងនយោបាយ ហើយងាក មករកការសន្ទនាដើម្បីបញ្ចប់ទំនាស់ជាជាងការកាត់ទោសតាមផ្លូវតុលាការទៅវិញ។

ខ្ញុំនៅចាំបានថា លោក កឹម សុខា បាននិយាយយ៉ាងច្បាស់លាស់ពីផែនការសកម្មភាពរបស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ដោយមានបរទេសនៅ ពីក្រោយខ្នង។ លោក កឹម សុខា អះអាងយ៉ាងច្បាស់និងដោយ មោទនភាពថា " ...គាត់មិនមែនចេះតែធ្វើអ្វីតាមគាត់នឹកឃើញ នោះទេ តែគាត់ត្រូវបានបរទេស បញ្ជាពីក្រោយខ្នង...។ ហើយផែនការផ្តួលរំលំរដ្ឋាភិបាលនេះ ទៀតសោតក៍ត្រូវបានរៀបចំដោយបរទេសអស់រយៈពេលជាយូរឆ្នាំមកហើយ។ លោក កឹម សុខា បានបញ្ជាក់ដោយភាពជឿជាក់ថា បើរៀបចំល្អិតល្អន់ប៉ុណ្ណឹងហើយផ្តួលរំលំរដ្ឋាភិបាល មិនបានសម្រេចទៀតនោះ មិនដឹងធ្វើយ៉ាងម៉េចទៀតទេ?

ក្រៅពីផែនការតាមខ្សែញាក់របស់បរទេស លោក កឹម សុខា និងក្រុមប្រឆាំងរបស់ខ្លួនក៏បានធ្វើសកម្មភាពគឃ្លើនមិនខ្លាចច្បាប់ជាច្រើនទៀតក្នុងដំណើរជីវិតនយោបាយរបស់ខ្លួន។ លោក កឹម សុខា បានផ្លាស់ប្តូរខ្លួន ពីអ្នកនយោបាយទៅជាប្រធានអង្គការសង្គមស៊ីវិល បន្ទាប់មកក៏ហក់ចូលនយោបាយវិញ
លោក កឹម សុខាក៍បានអះអាងយ៉ាងច្បាស់ថា ភាពបត់បែននេះ សុទ្ធសឹងជាផែនការដែលរៀបចំ ដោយបរទេសទាំងអស់។ ទាំង នៅជាអ្នកនយោបាយ និងនៅជាប្រធានអង្គការសង្គមស៊ីវិល លោក កឹម សុខា បានតាំងខ្លួនជាអ្នកប្រឆាំងប្តូរផ្តាច់ម្នាក់ដោយ មិនញញើតកោតក្រែងអ្នកណា ទាំងអស់ សូម្បីតែច្បាប់ពីព្រោះតែគាត់ត្រូវការភាពល្បីល្បាញដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនដើម្បីធ្វើដើមទុន នយោបាយ។

ខ្ញុំនៅចាំបានថា កាលពីនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា បានធ្វើសកម្មភាព ក្រោមពាក្យស្លោកថា «បើមិនប្រថុយ គឺគ្មានការផ្លាស់ប្តូរទេ»។ ពាក្យស្លោកនេះជាការញុះញង់ផុសកំហឹងឲ្យប្រជាពលរដ្ឋអោយ ងើបបះបោរប្រឆាំងរដ្ឋាភិបាលក្រោមលេសថាដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ។
អ្នកនយោបាយកូនអុកបរទេសរូប នេះបានប្រើប្រាស់វេទិកាសាធារណៈដើម្បីបញ្ឆេះកំហឹងពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល។ ប៉ុន្តែ លទ្ធផលចុងក្រោយរបស់គណបក្សសិទ្ធិមនុស្សដែលជាមរតករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានទទួលលទ្ធផលត្រឹម ៣ កៅអីតែប៉ុណ្ណោះ។

ដោយអស់តម្រិះក្នុងការតស៊ូនយោបាយព្រោះតែលទ្ធផល ដែលទទួលបានខុសឆ្ងាយពីការរំពឹងទុក លោក កឹម សុខា ក៏ត្រូវបានបរទេសបញ្ជាឲ្យទៅចូលរួមជាមួយលោក សម រង្ស៊ី បង្កើតអតីតបក្សសង្គ្រោះជាតិបើទោះបីជាអ្នកទាំងពីរនេះមានទស្សនៈខុសគ្នាដូចទឹកនិងប្រេងក៏ដោយ។ ពេលអតីតបក្សប្រឆាំងបានកៅអីត្រឹម ៥៥ ដែលមិនគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូររដ្ឋាភិបាល លោក កឹម សុខា ក៏ ត្រូវបានបរទេសប្រើឲ្យរៀបចំផែនការផ្តួលរំលំ រដ្ឋាភិបាលដោយប្រើប្រាស់ចលនាបដិវត្តន៍ពណ៌តាមលំនាំបដិវត្តន៍នៅយូហ្គោស្លាវី និងស៊ែប៊ី។ នេះហើយជាទោសក្បត់ជាតិយ៉ាងធ្ងន់ធ្ងរដែលលោក កឹម សុខា កំពុងប្រឈមមុខ។
ដល់ពេលមានទោសធ្ងន់ អាចដឹងខ្លួនថារើខ្លួនមិនរួច ក្រុមប្រឆាំងបាននាំគ្នានិយាយថា នោះជា រឿងនយោបាយ និងសុំឲ្យមានការសន្ទនាតាមបែប នយោបាយដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ។

ខ្ញុំឆ្ងល់និងលើកជាសំនួរសួរថា ពេលរៀបចំផែនការផ្តួលរំលំ តើលោក កឹម សុខា ឬ ក្រុមប្រឆាំងជ្រុលនិយម ទាំងឡាយមានគិតដល់ការសន្ទនាតាមផ្លូវនយោបាយឬទេ? ពេលកម្លាំងរបស់ខ្លួនកើនឡើង ពួកគេគិតតែនាំគ្នាធ្វើបាតុកម្ម និងកូប្បកម្មផ្តួលរំលំ រដ្ឋាភិបាល តើម្តេចមិនគិត និយាយពីការសន្ទនាផង? ពេលអតីតបក្សប្រឆាំងមិនទាន់ត្រូវបាន រំលាយ ម្តេចក៏មិនគិតពី ការសន្ទនាបង្រួបបង្រួមជាតិ ម្តេចក៏គិតតែញុះញង់បំបែកបំបាក់ដើម្បីផ្តួលរំលំរដ្ឋាភិបាល? ដល់ពេលឥឡូវក្រោយពីដុតភ្លើង ថែមសាំងរហូតឆេះផ្ទះខ្លួនឯងអស់ ហើយខ្លួនត្រូវជាប់ចោទពីបទក្បត់ជាតិឃុបឃិតជាមួយបរទេសទៀត បែរជានាំគ្នា និយាយថា មានតែផ្លូវសន្ទនាខ្មែរ និងខ្មែរទេទើបអាចបញ្ចប់បញ្ហាខ្មែរបាន? ចុះពីមុនម្តេចមិនស្វែងរកការសន្ទនារវាងខ្មែរនិងខ្មែរ ម្តេចក៏បែរជាទៅពឹងបរទេសឲ្យជួយបង្រៀនពីរបៀបផ្តួលរំលំខ្មែរគ្នាឯងធ្វើអ្វី ជាពិសេសការផ្តួលរំលំតាមគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។

ដូច្នេះសំណួរ ទាំងអស់នេះអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ថា ក្រុមប្រឆាំងជ្រុលនិយមមិនចោលក្បួនសម្តែងល្ខោន លេងប៉ាហ៊ី ឆ្ពិនភ្នែកគេឯងនោះឡើយ។
តាមពិតក្រុមប្រឆាំងនេះក៍ មិនដែលគិតគូរដល់វប្បធម៌សន្ទនាអ្វីទេ គឺពួកគេគិតតែពីរកវិធីផ្តួលរំលំមួយមុខប៉ុណ្ណោះ។ តែដល់ពេលជាប់ចំណងអាច រើខ្លួនមិនរួចទើបស្រែករកការសន្ទនា។ បែបនេះគេហៅថា ពេលទឹកដល់ច្រមុះទើបរកព្រះជួយ។ ប៉ុន្តែ គ្មានព្រះណាអាចជួយមនុស្សពុតត្បុតពោរពេញដោយល្បិចកលបែបនេះបានឡើយ។

យ៉ាងណាមិញ អំពើដែលពួកគេបានសាងអាចនឹងឲ្យផល យ៉ាងសមស្របទៅពួកគេវិញហើយ។ ក្រុមអ្នកបំបែកបំបាក់ខ្មែរ កំពុងរងការបែកបាក់ខ្ទេចខ្ទីដោយខ្លួនឯង។ ក្រុមអ្នកសាងវប្បធម៌លាបពណ៌កំពុងត្រូវបានថ្នាំពណ៌កំពប់ប្រឡាក់ខ្លួនឯងវិញលាងមិនជ្រះឡើយ។ ក្រុមអ្នកចង់ផ្តួលរំលំគេអាចនឹង ទទួលទណ្ឌកម្មតាមរយៈទោសក្បត់ជាតិនៅឯតុលាការ។ នេះជាកម្មផលដែលពួកគេបានសាង។ រឿងផ្លូវច្បាប់ យើងត្រូវទុកឲ្យអ្នកច្បាប់ដោះស្រាយ ចំណែក រឿងនយោបាយគឺជារឿងដោយឡែកដែលមិនអាចឡូកឡំគ្នាបានឡើយ។ រឿងអាស្រូវរបស់អ្នកនយោបាយមិនមែនសុទ្ធតែជារឿងនយោបាយទេ។ តែបើអ្នកនយោបាយប្រព្រឹត្តខុសច្បាប់គឺជារឿងផ្លូវច្បាប់។ ខ្ញុំយល់ថា សូមកុំព្យាយាមទាញ រឿងច្បាប់ឲ្យទៅជារឿង នយោបាយឲ្យសោះ។ ពាក្យសន្ទនានយោបាយខ្មែរនិងខ្មែរដែលពួកគេកំពុងស្រែកទាមទារ ពេលនេះត្រូវបានក្រុមប្រឆាំងដដែលនេះសម្លាប់បាត់ទៅហើយ៕

ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ



ប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជិត៦ពាន់នាក់

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានសរុបជិត៦ពាន់នាក់។
ពិធីជួបជុំអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជាលើកទី៤នេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជំនួបអាហារសាមគ្គីនៅឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះដែរ ក្រៅពីអ្នកព័ត៌មានហើយនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីនេះផងដែរ។
ខាងក្រោមជាប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជិត៦ពាន់នាក់៖ 
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំថ្ងៃនេះ ដើម្បីពង្រឹងវិស័យព័ត៌មានដែលជាចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសម្រាប់ការអបអរសាទរថ្ងៃខួបឡើងធ្វើជានាយករដ្ឋមន្ត្រីរបស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំជំនួបចំថ្ងៃ១៤ មករា មិនមែនជាការរៀបចំ ដែលមានចេតនាឱ្យចំថ្ងៃខួបឡើងធ្វើជានាយករដ្ឋមន្ត្រីរបស់សម្តេចនោះទេ។ គឺគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ខែមករា គឺពាក់ព័ន្ធនឹងប្រវត្តិជីវិតរបស់សម្រេច និងជាតិរហូតដល់ទៅ៣៨។
* រឿងរ៉ាវទាំង៨ ដែលពាក់ព័ន្ធនឹងជីវិត ក៏ដូចជាប្រវត្តិរបស់ជាតិនោះរួមមាន៖ ទី១ គឺខួបនៃការរំដោះជាតិ, ទី២ ខួប៤១ឆ្នាំ ក្លាយខ្លួនជារដ្ឋមន្ត្រីការបរទេសក្នុងវ័យមិនដល់២៦ឆ្នាំ, ទី៣ ខួបលើកទី៣៥ នៃការក្លាយខ្លួនជានាយករដ្ឋមន្ត្រីក្នុងវ័យ៣២ឆ្នាំ, ទី៤ ខួប៣២ឆ្នាំនៃការចរចារវាងសម្តេច និងសម្តេចនរោត្តម សីហនុ, ទី៥ ខួប២៤ឆ្នាំ នៃការចាប់ផ្តើមអនុវត្តន៍នយោបាយឈ្នះឈ្នះ, ទី៦ ខួប៤៤ឆ្នាំនៃការប្រែក្លាយខ្លួនពីកំលោះទៅជាអ្នកមានភរិយា, ទី៧ ខួប២០ឆ្នាំ ក្លាយជាជីតារបស់ចៅស្រីលើកដំបូង, ទី៨ គឺកូនប្រុសស្រី៤គូ រៀបការនៅក្នុងខែនេះរួមគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវកាន់តំណែងប្រមាណ១០ឆ្នាំទៅមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើលោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងក្លាយជានាយករដ្ឋមន្ត្រី គឺត្រូវរង់ចាំរហូតដល់ទៅឆ្នាំ២០២៨ ឬ២០២៩ ឬ២០៣០ ទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា គ្មានរបបផ្ទេរអំណាចពីឪពុក ទៅកូននោះឡើយ គឺត្រូវតែធ្វើឡើងតាមរយៈការបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើពេលនេះត្រូវប្តូរនាយករដ្ឋមន្ត្រី ក៏មិនទាន់ដល់ពេលលោក ហ៊ុន ម៉ាណែត ត្រូវធ្វើនាយករដ្ឋមន្ត្រីនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអត់ឱនឱ្យជនណាប្រមាថសម្តេច និងកូនប្រុសនោះឡើយ។
* សម្តេចតេជោ ចោទសួរទៅជនបរទេសទាំងឡាយថា តើអាចទទួលយកបានទេ បើមានការប្រមាថដល់ភរិយា និងកូនរបស់ពួកគេ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្រោយ «ហ៊ុន សែន» គឹ «ហ៊ុន សែន»។
* សម្តេចតេជោ ហ៊ុន សែន ក៏សុំឱ្យបញ្ចប់ការនិយាយពីការប្រឹងប្រែងផ្ទេរអំណាចទៅឱ្យកូន ព្រោះសម្តេចត្រូវកាន់តំណែងនាយករដ្ឋមន្ត្រីយ៉ាងតិចបំផុត១០ឆ្នាំទៅមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់អាចរស់ទៅបាន គឺត្រូវពឹងផ្អែកលើការផ្សាយពាណិជ្ជកម្ម។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងអស់ ដែលជួយធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយអាចដំណើរការបាន។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រុមហ៊ុននានា ជួយគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលបានខិតខំផ្សព្វផ្សាយ និងចូលរួមក្នុងការថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមរបស់ព័ត៌មានទាំងអស់ បានចូលរួមដល់ការរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់បែកអាចបំផ្លាញផ្ទះ និងភូមិមួយ តែបើការផ្សាយព័ត៌មានបំភ្លៃការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ជាតិទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមានការប៉ះទង្គិចគ្នារវាងអាមេរិក និងអ៉ីរ៉ង់ រឿងដែលសម្តេចធ្វើមុនគេ គឺដាក់បញ្ជាឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មទប់តម្លៃប្រេងនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គឺចំណងខ្សែមួយដែលមានមុខពីរ ដែលត្រូវតែរក្សាឱ្យបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល និងស្ថាប័នព័ត៌មានជាដៃគូដែលមិនអាចខ្វះគ្នាបាន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំលើកកម្ពស់សារព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងស្ថាប័នទាំងអស់ ដែលបានខិតខំផ្សព្វផ្សាយនូវការងាររបស់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានឆ្លើយដោយផ្ទាល់ជាមួយអ្នកព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញរដ្ឋមន្ត្រី ថ្នាក់ដឹកនាំទាំងអស់យកគំរូតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីបើមិនចេះកុំព្យូទ័រ ក៏ត្រូវចេះឱ្យអស់លើការប្រើប្រាស់ស្មាតហ្វូនផងដែរ ដើម្បីប្រសិទ្ធភាពការងារ។
* សម្តេចតេជោ ហ៊ុន សែន សម្តែងការខកចិត្តចំពោះអ្នកផ្សាយតាម Facebook ដែលផ្សព្វផ្សាយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មចំពោះអ្នកដែលផ្សាយតាម Facebook រឿងជម្លោះគ្រួសារផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវពាក្យស្លោកជូនអ្នកព័ត៌មានថា «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
* សម្តេចតេជោ បានថ្លែងថា ការចាប់ផ្តើមសួនច្បារមិនបានសម្រិតសម្រាំងពូជ ប្រាកដជាចេញផ្កាមកមានល្អ និងមិនល្អ ស្មៅ ដើមត្រែង តែយូរទៅស្មៅ ស្បូវ ដើមត្រែង នឹងត្រូវដកចេញ នៅសល់តែផ្កាទេ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកព័ត៌មានចូលរួមរក្សាសន្តិភាព។ បើប្រទេសមានសង្គ្រាមមិនអាចបើកការផ្សព្វផ្សាយបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សគ្រប់ត្រូវការសន្តិភាព ដូច្នេះត្រូវរួមគ្នាថែរក្សាសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន ក៏ស្នើដល់អ្នកព័ត៌មានចូលរួមថែរក្សាស្ថេរភាព និងសន្តិសុខសង្គម តាមរយៈការចូលរួមផ្សព្វផ្សាយនូវនយោបាយភូមិឃុំមានសុវត្ថិភាព។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់គ្រោះថ្នាក់ចរាចរ គឺជាការចូលរួមផ្សព្វផ្សាយនយោបាយភូមិឃុំមានសុវត្ថិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្សាយវាយបកចំពោះព័ត៌មានក្លែងក្លាយ គឺជាចូលរួមចំណែករក្សានូវស្ថិរភាពសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានស្នើអ្នកព័ត៌មានចូលរួមរក្សាសុខសន្តិភាព ស្ថិរភាព សុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
* សម្តេចតេជោ បានថ្លែងថា ដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថេរិភាពសង្គម សុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺអ្នកព័ត៌មានទាំងអស់ត្រូវរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ត្រូវមានយន្តច្បាស់លាស់លើបញ្ហាព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រី អភិបាលរាជធាន ខេត្ត ត្រូវតែជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេ ក្នុងការបញ្ចេញព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ សម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចក្រឡាហោម ស ខេង លោកទេសរដ្ឋមន្ត្រី ស៊ុ ន ចាន់ថុល និងអភិបាលខេត្តមួយចំនួន ដែលតែងមានភាពសកម្មក្នុងការឆ្លើយជាមួយអ្នកព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យអ្នកព័ត៌មានមានការយោគយល់ចំពោះរដ្ឋមន្ត្រី អភិបាលរាជធានី ខេត្ត ដែលមានភាពមមាញឹកមិនអាចឆ្លើយជាមួយអ្នកព័ត៌មាន នៅពេលមានកិច្ចប្រជុំ។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ដល់មន្ត្រីកុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ គឺត្រូវចាត់ទុកជាដៃគូមិនអាចខ្វះបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវបានគេចាត់ទុកជាតារារះលើទំព័រព័ត៌មានតាំងពីឆ្នាំ១៩៨២មកម្ល៉េះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកព័ត៌មានជាអ្នកធ្វើឱ្យគេស្គាល់សម្តេចនៅលើពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានភាពធូរស្រាលបន្តិចក្រោយពេលម្តាយក្មេកបានប្រសើរពីជំងឺ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋមន្ត្រី និងអភិបាលខេត្ត បើមានភាពចាំបាច់ត្រូវចេញមុខបកស្រាយដោយផ្ទាល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចឈប់ផ្តល់បទសម្ភាសន៍ជាមួយ VOA ព្រោះតែការកាត់សំឡេងសម្ភាសន៍របស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបណ្តាញព័ត៌មាន Fresh News សម្រាប់ផ្តល់បទសម្ភាសន៍ផ្តាច់មុខនាពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនដោយសារតែលេសរក្សាសន្តិសុខជាតិ ហើយបិទគ្រប់ព័ត៌មាននោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ស្ថាប័នព័ត៌មាន និងអ្នកព័ត៌មានធ្វើជាស្ពានចម្លងរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកព័ត៌មានមិនត្រឹមតែជួយផ្សព្វផ្សាយនូវគោលនយោបាយនានានោះទេ តែក៏គួរតាមដានមើលការអនុវត្តន៍គោលនយោបាយនោះផងដែរ។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនអាចយកគំរូ ឬ ធ្វើតាមប្រទេសណាមួយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកព័ត៌មានចូលរួមកាន់តែច្រើន កាន់តែស៊ីជម្រៅក្នុងការប្រយុទ្ធភាពអសកម្ម អំពើពុករលួយ និងអយុត្តិធម៌ក្នុងសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវទទួលស្គាល់ថា ភាពអយុត្តិធម៌សង្គម វាប៉ះពាល់ដល់ស្ថិរភាពសង្គម និងជម្លោះប្រដាប់អាវុធ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបញ្ជាទៅលោក កែវ រ៉េមី និងនាយឧត្តមសេនីយ៍ សៅ សុខា ស៊ើបអង្កេតលើករណីមនុស្សស្លាប់នៅខេត្តបន្ទាយមានជ័យ ដែលត្រូវបានអះអាងថា ស្លាប់ដោយសាររងការធ្វើទារុណកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើមានការធ្វើទារុណកម្មមនុស្សរហូតដល់ស្លាប់មែននោះ គឺត្រូវតែចាប់ខ្លួនមកផ្តន្ទាទោស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គមមួយគ្មានភាពអយុត្តិធម៌ គឺជាសង្គមនាំឱ្យមានសុខុដុមនីយកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រព្រឹត្តអំពើអយុត្តិធម៌នឹងត្រូវថមថយនៅពេលមានការផ្សព្វផ្សាយ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យអ្នកព័ត៌មានចូលរួមប្រយុទ្ធជាមួយព័ត៌មានក្លែងក្លាយ ដោយបញ្ចេញនូវព័ត៌មានពិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវត្រៀមលក្ខណៈសម្បត្តិបញ្ចប់ការផ្សាយតាមប្រព័ន្ធអាន់ណឺឡក់ ទៅជាប្រព័ន្ធឌីជីថលនៅត្រឹមឆ្នាំ២០២៣។
 * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងត្រូវចេញនៅក្នុងឆ្នាំ២០២០នេះ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការខិតខំបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មានទាំងចំណេះដឹង និងសីលធម៌វិជ្ជាជីវៈ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យស្ថាប័នព័ត៌មាននីមួយៗបើកវគ្គបំប៉នបន្ថែមដល់បុគ្គលិករបស់ខ្លួន ឬផ្តល់ឱកាសឱ្យទៅរៀនបន្ថែម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលសម្តេចបញ្ចប់ជីវិតនយោបាយ សម្តេចនឹងធ្វើជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចមិនយកថ្លៃលើការប្រើប្រាស់ហ្វ្រេកង់តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន សម្រេច ផ្តល់មេធាវីស្ម័គ្រចិត្តរបស់សម្តេចជួយការពារក្តីឱ្យអ្នកព័ត៌មាន តែត្រូវពិនិត្យលើអង្គហេតុឱ្យសមស្រប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អ្នកព័ត៌មានមកពីគ្រប់និន្នាការ ដែលបានចូលរួមពិសាអាហារសាមគ្គី។
 * សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកថ្ងៃ១៤ មករា ជាថ្ងៃជំនួបរវាងសម្តេច និងអ្នកសារព័ត៌មានរៀងរាល់ឆ្នាំ។
* សម្តេចបានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៩៖៤០នាទី នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០៕