Wednesday, January 15, 2020

លិខិតមិត្តអ្នកអាន៖ " តើអ្នកនយោបាយដែលជាប់ ចោទពីបទក្បត់ជាតិឃុបឃិត ជាមួយបរទេសគួរត្រូវកាត់ទោសរឺទេ ?

ក្នុងនាមអ្នកតាមដាននយោបាយ មួយរូប ខ្ញុំចង់ឆ្លើយតបទៅនឹងប្រព័ន្ធឃោសនាមួយចំនួនជាពិសេសប្រព័ន្ធឃោសនាមកពីក្រៅប្រទេសក៏ដូចជាអ្នកនយោបាយ និងសង្គមស៊ីវិល មួយចំនួនដែលបានធ្វើអត្ថាធិប្បាយចំពោះករណីលោក កឹម សុខា ហើយអះអាងថា លោក កឹម សុខា គ្មានទោសកំហុសដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
ខ្ញុំពិតជាមិនហ៊ានអះអាងជំនួសតុលាការទេពីព្រោះវាជាឆន្ទានុសិទ្ធិរបស់តុលាការដែលត្រូវសម្រេច។
ប៉ុន្តែ ខ្ញុំគ្រាន់តែចង់លើក ហេតុផលមកបញ្ជាក់អំពីទោសក្បត់ជាតិ ជាពិសេសទោសនៃការឃុបឃិតជាមួយបរទេស ឬអនុញ្ញាតឲ្យបរទេសប្រើប្រាស់ជាកូនអុកក្នុងកិច្ចការនយោបាយជាតិ ពិតជាបញ្ហាដ៏រសើបបំផុតដែលគ្មានប្រទេសណាមួយគេអនុញ្ញាតឡើយ។
វិលមកនិយាយអោយចំអំពីករណីលោក កឹម សុខាវីញ ! តើសំណុំរឿងនេះជាការបំបិទ សិទ្ធិសេរីភាពនយោបាយ ឬជាអំពើក្បត់ជាតិពិតប្រាកដ? ដើម្បីឆ្លើយសំណួរនេះ យើងត្រូវក្រឡេកមើលទាំងបរិបទនយោបាយជាតិនិងអន្តរជាតិ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៣ កញ្ញា ឆ្នាំ ២០១៧ ពីបទសន្ទិដ្ឋិភាព (ក្បត់ជាតិ) ដោយមានផែនការផ្តួលរំលំ រដ្ឋាភិបាលលោក ហ៊ុន សែន ដែលចេញពីការបោះឆ្នោត តាមរយៈការឃុបឃិតជាមួយបរទេស។ បទចោទប្រកាន់លើលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានរកឃើញឃ្លីបវីដេអូមួយដែលគេបង្ហោះក្នុងគេហទំព័ររបស់សារព័ត៌មានអនឡាញ CBN របស់អូស្ត្រាលីក្នុងនោះលោក កឹម សុខា និយាយប្រាប់ក្រុមអ្នកគាំទ្រនៅក្រៅប្រទេសថា "...អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលលោកទទួលការ បង្វឹកពីគ្រូជំនាញបរទេសស្តី របៀបផ្តួលរំលំរដ្ឋាភិបាលដោយយកលំនាំតាមចលនាបដិវត្តផ្តួលរំលំរដ្ឋាភិបាលលោក ស្លូបូដាន់ មីឡូសេវិក នៃប្រទេសយូហ្គោស្លាវីនិងស៊ែរប៊ី ... ។ ហើយនៅក្នុងឃ្លីបវីដេអូនោះ លោក កឹម សុខា បានពន្យល់ យ៉ាងពិស្តារអំពីផែនការដែល លោកបានធ្វើតាមកាណែនាំរបស់ចៅហ្វាយបរទេស ដោយលោកមានសង្ឃឹមយ៉ាងមុតមាំថា មេរៀនទាំងនោះអាចយកមកអនុវត្តនៅកម្ពុជាយ៉ាងមានប្រសិទ្ធភាព។
សំណួរសួរថា តើអ្វីដែលលោក កឹម សុខា បាននិយាយនិងបានអនុវត្តន៍ផ្ទាល់កាលពីឆ្នាំ ២០១៣ និង ២០១៤ គឺជាអំពើក្បត់ជាតិ ដែលត្រូវតែចាត់ការតាមផ្លូវច្បាប់មែនដែរឬទេ? មុននឹងឆ្លើយសំណួរនេះ យើងគួរគប្បីក្រឡេកមើលបណ្តាប្រទេសធំៗ លើលោកដែលបញ្ហាឃុបឃិត មួយបរទេសគឺជារសំណុំរឿងដ៏រសើបបំផុត។
ជាក់ស្តែង នៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី ដូណាល់ត្រាំ ត្រូវបានចោទប្រកាន់ពីការឃុបឃិតជាមួយរដ្ឋបរទេសរហូតឈានដល់ការចាត់នីតិវិធីទម្លាក់រូបលោកចេញពីតំណែងទៀតផង។ សំណុំរឿងមួយនេះដែលកំពុងធ្វើឲ្យរញ្ជួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគឺគ្រាន់តែ លោកដូណាល់ត្រាំ បានទូរស័ព្ទទាក់ទងប្រធានាធិបតីអ៊ុយក្រែន ហើយបានស្នើសុំឲ្យបើកការស៊ើបអង្កេតទៅលើកូនប្រុសលោក ជោ បាយឌិន ដែលជាគូប្រជែងនយោបាយរបស់ខ្លួន។ គ្រាន់តែរឿងទូរស័ព្ទ ប៉ុណ្ណឹងសោះ លោក ប្រធានាធិបតីត្រាំបានទទួលរងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថា បានឃុបឃិតជាមួយបរទេសដែលរហូតដល់រដ្ឋសភាសម្រេចឲ្យចាត់នីតិវិធីទម្លាក់លោកត្រាំចេញពីតំណែង។
នៅសហរដ្ឋអាមេរិកដដែល សំណុំរឿងចោទប្រកាន់រឿងការ លូកដៃជ្រែតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បរទេសក៏កើតមាន ដែរក្រោយការជាប់ឆ្នោតជា ប្រធានាធិបតីរបស់លោក
ដូណាល់ ត្រាំ។ លោក ប្រធានាធិបតីក៍ត្រូវបានគូបដិបក្ខចោទថា ឈ្នះឆ្នោតដោយសារការលូកដៃជួយជ្រោមជ្រែងពីសំណាក់ប្រទេសរុស្ស៊ី។ សំណុំរឿងនេះក៏បានធ្វើឲ្យកក្រើកសេតវិមានអស់ជាច្រើនឆ្នាំហើយៗនៅមិនទាន់ចប់ដាច់ស្រេចនៅឡើយផង។ ចុះទម្រាំលោក កឹម សុខា ដែល និយាយពេញៗមាត់ថា ខ្លួនបាន ទទួលការហ្វឹកហាត់ពីជនបរទេសជាច្រើនឆ្នាំតាំងពីនៅជាប្រធានអង្គការសិទ្ធិមនុស្ស រហូតដល់ក្លាយជាអ្នកនយោបាយ ហើយថែមទាំងបានអនុវត្តជាក់ស្តែងវិធីសាស្ត្រផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ ២០១៣ និង ២០១៤ តើជាអំពើក្បត់ជាតិដែរឬទេ?
ដូច្នេះ សូមអ្នកដែលតាំងខ្លួនថាស្រឡាញ់ប្រជាធិបតេយ្យ និងស្រឡាញ់នីតិរដ្ឋទាំងឡាយ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកផ្ទាល់តែម្តង សូមបើកភ្នែកមើលគេឯងផង និងសូមមើលសហរដ្ឋអាមេរិកដែលជាប្រទេសប្រជាធិបតេយ្យ និងជាមហាអំណាចពិភពលោកផង។ មិនថាតែសហរដ្ឋអាមេរិកទេគឺគ្រប់ប្រទេសទាំងអស់សុទ្ធតែ ហាមប្រាមដាច់ខាតមិនឲ្យធ្វើនយោបាយដោយឃុបឃិតជាមួយបរទេសឡើយ។ ដូច្នេះ វាជារឿងសមស្របណាស់ដែលករណីលោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិពីព្រោះសម្តី និងទង្វើរបស់គាត់បានបង្ហាញ យ៉ាងច្បាស់។
សម្រាប់ប្រទេសកម្ពុជា ប្រសិនបើគេនិយាយពីការពឹងបរទេសឲ្យជួយដើម្បីសម្រេចគោលដៅនយោបាយរបស់ខ្លួន ប្រាកដជាគ្មានអ្នកនយោបាយប្រទេសណាធ្វើច្រើនជាងអ្នកនយោបាយប្រឆាំងនៅកម្ពុជា នោះឡើយ។ មេដឹកនាំបក្សប្រឆាំងហារមាត់និយាយ មួយម៉ាត់ណាក៏យកបរទេសដាក់ ពីក្រោយខ្នង មួយម៉ាត់ណាក៏ ហារមាត់ពឹងបរទេសឲ្យដាក់ទណ្ឌកម្មមកលើកម្ពុជា និងមួយម៉ាត់ណាក៏និយាយពីការជួយជ្រោមជ្រែងរបស់ចៅហ្វាយ បរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែរ។ ក្រុមប្រឆាំងនៅកម្ពុជា មិនដែល ញញើតឡើយក្នុងការអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្មមកលើកម្ពុជា, ផ្តាច់ជំនួយពីកម្ពុជា ឬឈប់បោះទុនវិនិយោគនៅកម្ពុជា ឬឈប់ទិញទិញទំនិញ ដែលកើតចេញកម្លាំងនិងស្នាដៃកម្មករខ្មែរ។
ក្នុងន័យនេះ ការចាប់ខ្លួនលោក កឹម សុខា និងការឈានទៅ រំលាយគណបក្សសង្គ្រោះជាតិ គឺមិនមែនជារឿងចម្លែកទេ ហើយក៏មិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជាតែម្នាក់ឯងដែរ។ តាមពិត កម្ពុជាអនុត្តន៍នៅធូររលុងណាស់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិរបស់អ្នកនយោបាយ។ ខ្ញុំហ៊ាននិយាយថា ធ្វើនយោបាយដូចលោក សម រង្ស៊ី, លោក កឹម សុខា និងក្រុមប្រឆាំងជ្រុលនិយម ទាំងឡាយនៅកម្ពុជាដែលយក បរទេសជាធំ ហើយប្រសិនបើ នៅសហរដ្ឋអាមេរិក ឬបណ្តាប្រទេសអឺរ៉ុបវិញ ប្រហែលជាគ្មានមុខនៅលើឆាកនយោបាយជាតិបានឡើយ។ ប៉ុន្តែ នៅកម្ពុជា ការអត់ឱន យោគយល់ត្រូវបានមេដឹកនាំរដ្ឋាភិបាលប្រើប្រាស់អស់លទ្ធភាពហើយមុននឹង ចាត់ការតាមផ្លូវច្បាប់។
ថ្ងៃទី ១៥ មករានេះ តុលាការនឹង បើកសវនាការកាត់ក្តីសំណុំរឿង នេះហើយ។ តាមរយៈសវនាការ នេះ គេនឹងដឹងថា តើមាន ភស្តុតាងអ្វីខ្លះដែលត្រូវដាក់បន្ទុកលើលោក កឹម សុខា? ដូច្នេះ សូមទុកឲ្យតុលាការធ្វើការតាម នីតិវិធីច្បាប់ទៅចុះ។ មានទោសឬគ្មានទោសនឹងដឹងច្បាស់ក្រោយពេលសវនាការជំនុំជម្រះបិទបញ្ចប់។ គ្មានអ្នកណាមានសិទ្ធិកាត់ក្តីក្រៅពីតុលាការនោះឡើយ៕
ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ


No comments:

Post a Comment