Thursday, September 23, 2021

វិភាគអន្តរជាតិ៖ តើចិនពិតជាគំរាមកំហែងដល់ សណ្ដាប់ធ្នាប់ពិភពលោក ដូចអាមេរិកចោទមែនឬ?

 (វ៉ាស៊ីនតោន)៖ នាឱកាសថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិជាលើកដំបូងនៅក្នុងអាណត្តិរបស់ខ្លួន នៅថ្ងៃអង្គារ ទី២១ ខែកញ្ញានេះ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកមិនមានចេតនាបង្ក «សង្រ្គាមត្រជាក់» ជាមួយប្រទេសណាមួយឡើយហើយក៏មិនចង់ឃើញ ពិភពលោកបែកបាក់គ្នា ឬបែងចែកបក្ខពួកនោះដែរ។

លោក បៃដិន មិនបានលើកឡើងចំឈ្មោះចិននោះទេ ប៉ុន្តែអ្វីដែលលោកនិយាយត្រូវបានគេមើលឃើញថា ហាក់ដូចជាឆ្លុះបញ្ចំងពីអ្វីដែលអគ្គលេខាធិការ UN លោក Antonio Guterres បានកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP កាលពីពេលថ្មីៗនេះថា លោកមានការបារម្ភជាខ្លាំងពីការផ្ទុះឡើងនូវ សង្រ្គាមត្រជាក់ថ្មីមួយរវាងអាមេរិក និងចិន នៅក្នុងករណីដែលមហាអំណាចទាំង២ បរាជ័យក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ពួកគេល្អប្រសើរឡើងវិញ។ ជាភាសា ការទូតស្ដាប់ទៅពិតជាពិរោះ តែកាលពីសប្ដាហ៍មុន លោក ចូ បៃដិនបានបង្កភាពភ្ញាក់ផ្អើល តាមរយៈការប្រកាសពីការបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី។

សម្ព័ន្ធភាព AUKUS ត្រូវបានអ្នកជំនាញភាគច្រើនយល់ថាមានគោលដៅចម្បង ក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្រោមយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់
លោក ហើយវាក៏ជាសញ្ញាមួយបង្ហាញកាន់តែច្បាស់ផងដែរពីការលេចឡើងនូវ «សង្រ្គាមត្រជាក់ថ្មីមួយ»។ លោក ចូ បៃដិន រួមទាំងមេដឹកនាំលោកខាងលិចខ្លះ ដូចជានាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានពិពណ៌នាការប្រកួតប្រជែងជាមួយចិននៅក្នុងន័យ «មនោគមន៍វិជ្ជា» យ៉ាងច្បាស់ថា
ជាការការពារប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្ដាច់ការនិយម។ ទាំងលោក បៃដិន និងលោក ម៉ូរីសុនតែងតែធ្លាប់លើកឡើងជារឿយៗថាចិនកំពុងបង្កការគំរាមកំហែង និងមានចេតនាចង់ផ្លាស់ប្ដូរ «សណ្ដាប់ធ្នាប់អន្តរជាតិឈរលើមូលដ្ឋានប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»ដោយដាក់ជំនួសមកវិញនូវគោលការណ៍ និងការអនុវត្តរបស់ គណបក្សកុម្មុយនិស្ដចិន (CCP)។ ពោលនិយាយឱ្យងាយស្ដាប់ គឺពួកគេចង់មានន័យថា ចិនចង់ឱ្យពិភពលោកទាំងមូលក្លាយជា «កុម្មុយនិស្ដផ្ដាច់ការ»

វោហាស័ព្ទ និងគោលនយោបាយតឹងរ៉ឹងចំពោះចិនបែបនេះវាទាក់ទាញបានប្រជាប្រិយភាព និងការគំាទ្រខ្លាំងនៅក្នុងស្រុក ប៉ុន្តែថាតើវានឹងមានប្រសិទ្ធភាពសម្រាប់ នយោបាយការបរទេសដែរឬក៏យ៉ាងណា? ក្រុមអ្នកជំនាញភាគច្រើនយល់ថាចិនមិនបានបង្កការគំរាមកំហែងជាក់ស្ដែងដូចដែលអតីតសហភាពសូវៀតបានបង្កឡើង នោះទេ ហើយការគិតបែបនេះគឺមានមូលហេតុ ២៖

*មូលហេតុទី១ គឺពាក់ព័ន្ធនឹងចេតនារបស់ចិន។ វាមិនមានភស្តុតាងបង្ហាញថាទីក្រុងប៉េកាំងកំពុងចង់កែប្រែពិភពលោកទាំងមូលឱ្យក្លាយទៅជាកុម្មុយនិស្ដដូចខ្លួន ឡើយ ហើយប្រសិនបើចិនចង់ពិតមែន ក៏ប្រហែលជាមិនអាចទៅរួចនោះដែរ។ ចិនខុសពីសហភាពសូវៀត ដែលចង់ឱ្យពិភពលោកក្លាយជាកម្មុយនិស្ដ។ នៅសម័យ សង្រ្គាមជាក់រវាងអាមេរិក និងសូវៀត វាជាការប្រជែងខាងមនោគមន៍វិជ្ជាសុទ្ធសាធ ដោយអាមេរិកបង្កើតប្លុកលោកខាងលិច ឬប្រជាធិបតេយ្យ រីឯសូវៀតបង្កើត ប្លុកលោកខាងកើត ឬកុម្មុយនិស្ដ។ សូវៀតបានផ្ដល់ការគាំទ្រ និងជួយបង្កើតសាខាគណបក្សកម្មុយនិស្ដជាច្រើននៅក្នុងតំបន់អឺរ៉ុបដូចជានៅបារាំង និងអ៉ីតាលី ជាដើម។

អ្វីដែលសូវៀតបានដើរ គឺផ្ទុយទាំងស្រុងពីអ្វីដែលចិនកំពុងដើរសព្វថ្ងៃ។ ចិនផ្ដោតសំខាន់លើការផ្ដល់ប្រយោជន៍សេដ្ឋកិច្ច ដូចជាការបង្កើតគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។ ម្យ៉ាងវិញទៀត អ្វីដែលសំខាន់ទោះជាចិនចង់បង្កើតសណ្ដាប់ធ្នាប់អន្តរជាតិថ្មី ឬប្រព័ន្ធនយោបាយបែបចិន ក៏មិនគ្មានប្រទេស លោកខាងលិច ឬប្រទេសណាមួយព្រមទទួលយក ឬធ្វើតាមចិនគ្រប់ៗគ្នានោះទេ។ ជាឧទាហរណ៍ សូម្បីតែវៀតណាមដែលមានមនោគមន៍វិជ្ជាកុម្មុយនិស្ដដូចចិន ក៏កំពុងប្រឆាំងនឹងឥទ្ធិពលចិនផងដែរ។

*មូលហេតុទី២ គឺសមត្ថភាពរបស់ចិន។ នៅសម័យសង្រ្គាមត្រជាក់ គេឃើញមានមហាអំណាចតែ ២ប៉ុណ្ណោះ គឺអាមេរិក និងសូវៀត ដោយនៅពេលនោះអឺរ៉ុបខាងកើត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សូវៀត រីឯអឺរ៉ុបខាងលិច និងជប៉ុននៅតែមិនទាន់អាចងើបរួចនៅឡើយ។ តែបច្ចុប្បន្នក្រៅពីអាមេរិក និងចិនមានប្រទេសជាច្រើន ដែលត្រូវបានគេចាត់ទុកថាជាមហាអំណាច ដូចជាឥណ្ឌា, បារាំង, ជប៉ុន, អង់គ្លេស និងអាលឺ្លម៉ង់ជាដើម។ ដោយឡែកនិយាយពីចិនវិញ សព្វថ្ងៃប្រឈមមុខនឹង ការលេចឡើងនូវមហាអំណាចថ្មីកាន់តែច្រើន ចិនមិនមែនកំពុងគ្រប់គ្រងតំបន់ ឬប្រទេសណាមួយដូចជាសូវៀតធ្លាប់ធ្វើទេ។ រុស្ស៊ី, ឥណ្ឌា និងអឺរ៉ុបសុទ្ធតែ មហាអំណាចធំៗ និងមានអាវុធនុយក្លេអ៊ែរគ្រប់ដៃ ដូច្នេះចិន គ្មានឱកាសឯណាទៅគ្រប់គ្រង ឬចង់បង្កើតគំរូដឹកនាំមួយឱ្យពួកគេនោះទេ ហើយប្រសិនមិនអាច គ្រប់គ្រងប្រទេសទាំងនេះបានផង ថាតើចិនចង់កែប្រែពិភពលោក ឱ្យទៅជាកម្មុយនិស្ដបានយ៉ាងមេចទៅ?

ពេញមួយសម័យសង្រ្គាមត្រជាក់ សូវៀតគឺជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក ប៉ុន្តែមិនបានស្មើនឹងពាក់កណ្ដាលនៃទំហំសេដ្ឋកិច្ចរបស់អាមេរិកឡើយ។ ចំណែកឯ ផលិតផលនៅក្នុងស្រុក ឬ GDP របស់ចិនបច្ចុប្បន្ន បានវ៉ាដាច់សហរដ្ឋអាមេរិករួចទៅហើយ ក្នុងលក្ខខណ្ឌនៃយុគភាព នៃអំណាចទិញ ឬ Purchasing Power Parity (PPP)។ មិនតែប៉ុណ្ណោះចិនថែមទាំងធ្លាប់ត្រូវបានគេព្យាករផងដែរថា អាចនឹងវ៉ាដាច់អាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោកទៀតផងនៅឆ្នាំ២០២៨ ដោយសារតែការឆ្លងរាតត្បាត COVID-19។ នេះទើបជាអ្វីដែលអាមេរិក និងលោកខាងលិចបារម្ភបំផុតនោះគឺពួកគេខ្លាច ចិនដែលជាប្រទេសអាស៊ី ឬពួកស្បែកលឿងដណ្ដើមតំណែងជាមេដឹកនាំពិភពលោក និងជាមហាអំណាចសេដ្ឋកិច្ចពីពួកស្បែកស។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ជាយុទ្ធសាស្ត្ររបស់ចិនក្នុងរយៈពេលមធ្យម ចិនគ្រាន់តែចង់ក្លាយជាមហាអំណាចនៅក្នុងតំបន់អាស៊ីខាងកើត ដើម្បីស្មើមុខស្មើ មាត់នឹងសហរដ្ឋអាមេរិក និងមានតួនាទីក្នុងការចូលរួមចាត់ចែង សណ្ដាប់ធ្នាប់ពិភពលោក។ ប៉ុន្តែ នេះវាមិនមែនមានន័យថាចិនអាច ឬចង់ដាក់សណ្ដាប់ធ្នាប់ ពិភពលោកគ្រប់គ្រងដោយចិននោះទេ តែអ្វីដែលចិនចង់ ប្រហែលជាការបញ្រ្ជាបប្រព័ន្ធនយោបាយ និងគុណតម្លៃរបស់ចិនលើបណ្ដាប្រទេសដទៃ។

អាមេរិក និងបណ្ដាប្រទេសលោកខាងលិច តែងតែចោទប្រកាន់ចិនថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យ ប៉ុន្តែធាតុពិតប្រជាជាធិបតេយ្យ មិនមែនរងការគំរាមកំហែងតែពីខាងក្រៅទេ ពោលគឺសូម្បីតែនៅសហរដ្ឋអាមេរិក ប្រជាធិបតេយ្យក៏ធ្លាប់ត្រូវបានគេសម្លាប់ដែរ នៅក្រោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ចូលអុកឡុកវិមានសភាជាតិ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ជាពេលមួយដែលកាសែតអាមេរិកធំៗ ដាក់ចំណងជើងនៅលើក្របទំព័រមុខរបស់ខ្លួនថា «ថ្ងៃដែលប្រជាធិបតេយ្យស្លាប់»

ប្រភព៖ Lowy Institute (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh News




សេចក្តីសម្រេច ស្តីពី ការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

 សេចក្តីសម្រេច ស្តីពី ការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១)





សេចក្ដីណែនាំ ស្ដីពីវិធានការទប់ស្កាត់ការរីករាដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ



 
 រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ ស្ថាប័នពាក់ព័ន្ធ មន្ទីរធម្មការ និងសាសនា និងគ្រប់វត្តអារាមទាំងអស់ចូលរួមអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ និងបុណ្យកឋិនទាន ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងសភាពការណ៍នៃជំងឺកូវីដ-១៩ និងការប្រារព្វពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១)

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីបារម្ភជាខ្លាំងនូវការផ្ទុះឡើងវិញនូវការឆ្លងជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីមានការរកឃើញមានផ្ទុះជំងឺកូវីដ១៩ នៅតាមទីអារាមមួយចំនួនក្នុងឱកាសបុណ្យកាន់បិណ្ឌរយៈពេលពីរថ្ងៃកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការពិចារណាឡើងវិញចំពោះការប្រារព្ធពិធីបុណ្យនេះ ឬអាចឈានទៅផ្អាកការបារព្ធពិធីនេះក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩នេះសិន។

តាមរយៈសារសំឡេងពិសេសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា នៅតាមទីវត្តអារាមមួយចំនួន រួមទាំងវត្តជំពុះក្អែករបស់សម្តេចព្រះពោធិ៍វង្ស អំ លីមហេង ផង បានរកឃើញមានការឆ្លងជំងឺកូវីដ១៩។

សម្តេចតេជោ បានលើកឡើងថា ការរកឃើញឆ្លងជំងឺកូវីដ១៩នេះ ជាសញ្ញាមិនល្អសម្រាប់ការគ្រប់គ្រងជំងឺកូវីដ១៩ ដែលអាចឈានដល់ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ បំផ្លាញដល់កិច្ចប្រឹងប្រែងដែលកម្ពុជាបានខិតខំគ្រប់គ្រង និងធ្វើឱ្យមានស្ថានភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំពិតជាមានការបារម្ភថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺ និងមនុស្សស្លាប់អាចមានការកើនឡើង ដែលបង្កជាហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ។ មិនគ្រាន់តែនៅក្នុងទីក្រុងទេ ប្រជុំជនទេ ជនបទក៏នឹងកើតឡើងដែរ។ ឥឡូវជនបទមួយចំនួនចាប់ផ្តើមផ្ទុះនូវកូវីដ១៩ ដែលវាអាចឈានទៅបំផ្លាញដល់ការបើកសាលារៀនឡើងវិញ ដោយសារពេលនេះអ្នកទីក្រុងចរាចរណ៍ទៅជនបទ អ្នកជនបទចរាចរណ៍មកទីក្រុង ជាពិសេសចូលទៅតាមទីអារាមនានា បង្កើតទៅជាការឆ្លងពីតំបន់មួយទៅតំបន់មួយដោយគ្មានការទប់ស្កាត់»។

សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីត័រ្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ម៉ម ប៊ុនហេង និងផ្នែកពាក់ព័ន្ធដទៃទៀត ក៏ដូចជារដ្ឋមន្ត្រីក្រសួងធម្មការចូលរួម ពិនិត្យពិចារណាលើរឿងនេះ ឱ្យបានម៉ត់ចត់។

សម្រាប់សម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យមានការរក្សានូវស្ថានភាពដែលកម្ពុជាបានអនុវត្តន៍កន្លងមក ដែលជាការរស់នៅតាមបែបគន្លងថ្មី ដោយរក្សានូវភាពស្ងប់ស្ងាត់ បន្ថយការប្រមូលផ្តុំជាដើម។ តាមសម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យមានការពិចារណាក្នុងផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ បើមិនផ្អាកពិធីបុណ្យកាន់បិណ្ឌទេ ត្រូវរកវិធីកាត់បន្ថយការជួបជុំ គឺអនុញ្ញាតឱ្យមានមនុស្សតិចបំផុតទៅទីអារាមកាន់បិណ្ឌសម្រាប់វេននីមួយៗ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាទិភាពដល់ព្រះចៅអធិការនៅតាមវត្តនីមួយៗ ក្នុងការដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានសូមការយោគយល់ពីព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទូទាំងប្រទេសចំពោះមុខស្ថានភាពដ៏លំបាករបស់សង្គមជាតិនាពេលនេះ។ សម្តេចតេជោ រំពឹងថា ក្រោយពិធីបុណ្យកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌនេះទៅ នឹងមានមហន្តរាយសម្រាប់ប្រជាពលរដ្ឋខ្មែរ ព្រោះតែជំងឺកូវីដ១៩៕

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងកិច្ចពិភាក្សាជ្រើសរើសគម្រោងសម្រាប់ ការអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងសហគមន៍មូលដ្ឋាន

កំពង់ឆ្នាំង៖នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនិងកិច្ចពិភាក្សាជ្រើសរើសគម្រោងសម្រាប់ ការអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋានដល់មន្ត្រីអនុវត្តគម្រោងសន្ដិសុខស្បៀង និងការគាំទ្រការស្ដារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ 

ពិធីបើកវគ្គបណ្ដុះបណ្ដាល បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តដោយមានការចូលរួមពីមន្រ្តីបង្គោលខេត្តកំពង់ធំ មន្ត្រីបង្គោលខេត្តកំពង់ឆ្នាំង ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងអង្គការស្បៀងអាហារពិភពលោក (WFP) និង មន្រ្តីគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់នៅក្រោមជាតិ(គ ជ អ ប)និងអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។

នាឱកាសនោះ លោក អម សុភា បានផ្តាំផ្ញើអោយសមាជិក សមាជិកា នៃវគ្គបណ្តុះបណ្តាលទាំងអស់ត្រូវពិនិត្យពិភាក្សាជ្រើសរើសគម្រោងដើម្បីអនុវត្តនិងស្តារឡើងវិញនូវគម្រោងអាទិភាពដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅសហគមន៍មូលដ្ឋានក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនត្រូវដោះអោយបានទាន់ពេលវេលាតាមសំណូមពរនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕




ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី១ នៅវត្តអារញ្ញិការាម ស្ថិតនៅភូមិស្រែព្រីង

កំពង់ឆ្នាំង៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្រ្តីរាជការអង្គភាពជុំវិញខេត្ត បានទៅចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ ជាមួយពុទ្ធបរិស័ទនៅ វត្តអារញ្ញិការាម ស្ថិតនៅភូមិស្រែព្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

នៅក្នុងឱកាសនោះ លោក ឡុង ឈុនឡៃ និង លោក ស៊ុន សុវណ្ណារិទ្ធិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទបានរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធ បុព្វការីជន និង ញាតិការទាំង៧សណ្តានដែលបានចែកឋានទៅ កាន់លោកខាងមុខ ព្រមទាំងឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ សូមទទួលបានផល្លានិសង្ឃដែល ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដោយអំណាចនៃបុញ្ញមហាកុសល សូមទ្រទ្រង់ ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ទីឋានបរមសុខកុំបីអាក់ខានឡើយ។

លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងបន្ដបន្ទាប់រហូតដល់បុណ្យភ្ជុំបិណ្ឌ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការរបស់អាជ្ញាធរ, គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល«៣ការពារនិង៣កុំអោ» ដើម្បីកាត់ផ្តាច់ការខ្សែចម្លងជំងឺកូវីដ-១៩ ។ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត ក៏បានអំពាវនាវបន្ថែម ឱ្យប្រជាពលរដ្ឋដែលមានកូនគ្រប់អាយុ សូមយកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ក្នុងពិធីនោះដែរ លោក ឡុង ឈុនឡៃ និង លោក ស៊ុន សុវណ្ណារិទ្ធិ រួមនិងថ្នាក់ដឹកនាំ មន្រ្តីរាជការបានប្រគេនបច្ច័យសម្រាប់កសាងចំនួន៥០០០ ដូល្លាដល់ព្រះសង្ឃគង់ចាំព្រះវស្សា និង ជូនថវិកាដល់យាយជី តាជី និងប្រជាការពារនិងបានចែកមួកសុវត្ថិភាពនិងអំណោយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ផងដែរ៕






អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹក និង ពិនិត្យមើលស្ថានភាពបងប្អូនប្រជាពលរដ្ឋឡើងមកទីទួលសុវត្ថិភាព

បន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក រត្ន័ ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានចុះពិនិត្យមើលស្ថានភាពទឹកផ្នែកខាងលិចភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី និង ពិនិត្យមើលស្ថានភាពបងប្អូនប្រជាពលរដ្ឋឡើងមកទីទួលសុវត្ថិភាពក្បែរផ្លូវវាងក្រុង ចំនួន ២០ គ្រួសារ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

ជាមួយគ្នានោះ លោកអភិបាលខេត្ត និងលោកអភិបាលស្រុក 

បានផ្តល់អំណោយគ្រឿងបរិភោគជាឃីតមួយគ្រួសារ ១កញ្ចប់ និងផ្តល់ តង់បាំងជម្រកស្នាក់នៅ ទឹកបរិសុទ្ធ ហូបចុកជូនពួកគាត់។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ ស្ថានភាពទឹកមានសភាពកើតឡើងតាមដងស្ទឹងមង្គលបូរី សិរីសោភ័ណ និងអមផ្លូវវាងក្រុងសិរីសោភ័ណ ប៉ុន្តែមិនទាន់មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ មិនទាន់មានការលិចលង់ ៕






លោកបណ្ឌិត ឆាយ ថន ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ចុះត្រួតពិនិត្យការធ្វើអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១ នៅមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

កណ្តាល៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ លោកបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ អមដំណើរដោយលោក ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល តំណាងដៃគូអភិវឌ្ឍន៍ រួមាន៖ UNFPA, WFP និង D-FAT ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងផែនការ អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងការងារចូលរួមពិនិត្យមើលការធ្វើអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១ នៅមូលដ្ឋានភូមិ ឃុំ មួយចំនួននៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១ (CDHS) ជាអង្កេតលើកទី០៥ ដែលបានអនុវត្តប្រកបជោគជ័យតាំងពីឆ្នាំ២០០០ ឆ្នាំ២០០៥ ឆ្នាំ២០១០ និងឆ្នាំ២០១៤ ។ អង្កេតប្រជាសាស្រ្ត និងសុខភាព (CDHS) នេះបានអនុវត្តក្រោមកិច្ចសហការរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល ក្រោមការសម្របសម្រួល និងផ្តល់ជំនួយបច្ចេកទេសរបស់ ICF International តាមរយៈកម្មវិធី រង្វាស់អង្កេតប្រជាសាស្ត្រ និងសុខភាព  MEASURE DHS ។

គោលដៅសំខាន់នៃអង្កេតប្រជាសាស្ត្រ និងសុខភាព គឺដើម្បីប្រមូលព័ត៌មានទូទៅទាក់ទងនឹង ប្រជាសាស្រ្ត សុខភាព និងបញ្ហាសង្គម ដូចជាចរឹតលក្ខណៈផ្ទះសម្បែង  ការប្រើប្រាស់សេវាសុខភាព សុខភាពមាតា និងទារក ការអនុវត្តន៍ការបំបៅដោះកូន មរណភាពកុមារ  មរណភាពមាតា  ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារតូច  កម្រិតលទ្ធភាពមានកូន និងការមានកូនតាមប្រាថ្នា អាពាហ៍ពិពាហ៍ ការយល់ដឹង និងប្រើប្រាស់ផែនការគ្រួសារ សកម្មភាពរួមភេទ  ការយល់ដឹង និងឥរិយាបថទាក់ទងនឹងជំងឺអេដស៍ និងការឆ្លងជំងឺកាមរោគដទៃទៀត ដើម្បីបំពេញតម្រូវការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍ជាតិ ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) បច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ អនុវត្តកម្មវិធីសុខាភិបាលដូចជាផែនការ គ្របដណ្តប់ការចាក់ថ្នាំបង្ការ កម្មវិធីសុខាភិបាលផ្តល់សេវាសុខាភិបាល កម្មវិធីសុខភាពមាតានិងទារក កម្មវិធីសង្គមកិច្ច និងស្តារនិតិសម្បទាសម្រាប់ជនពិការ កម្មវិធីនារីរតនៈរបស់ក្រសួងកិច្ចការនារី និងរៀបចំផែនការតាមវិស័យជាច្រើនទៀត ដើម្បីគាំទ្រយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះទៀត លទ្ធផលអង្កេតនេះក៏ បំពេញតម្រូវការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធស្ថិតិជាតិ  លេខាធិការអាស៊ាន និងអន្តរជាតិ ពិសេសលទ្ធផលអង្កេតផ្តល់ឲ្យរដ្ឋាភិបាល ធ្វើរបាយការណ៍អំពីវឌ្ឍនភាពអំពីស្ត្រីប្រចាំឆ្នាំ ជូនអង្គការសហប្រជាជាតិ ។

ការសម្ភាសន៍ស្រង់ទិន្នន័យត្រូវបាន ចុះសម្ភាសន៍ស្រង់ទិន្នន័យ តាមរាជធានី ខេត្តគោលដៅទាំង២៥ ដោយគោរពតាមគោលការ ៣ការពារ និង ៣កុំ របស់ក្រសួងសុខាភិបាល និងពិនិត្យអាទិភាពសុវត្ថិភាពជាចម្បង។ ការសម្ភាសន៍ស្រង់ទិន្នន័យចាប់អនុវត្តពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅដើមខែមករា ឆ្នាំ ២០២២ខាងមុខនេះ៕



សេចក្តីជូនដំណឹងស្តីពីការបន្ថែមមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ

រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹងស្តីពីការបន្ថែមមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចំនួន៨ទីតាំង នៅតាមក្រុង ស្រុក នៃខេត្តស្វាយរៀង។


ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងខាងក្រោម÷



លោក អ៊ុក ភ័ក្ត្រា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

កោះកុង÷ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ នៅភូមិសាស្ត្រខេត្តកោះកុង ស្រុកថ្មបាំង។

ក្នុងនោះលោកអភិបាលរងខេត្ត បានផ្តល់ការណែនាំ និងអនុសាសន៍ដូចខាងក្រោម៖

១/សូមឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនេះ និងត្រូវចាត់ទុកថានេះ ជាការងាររបស់ជាតិ របស់រាជរដ្ឋាភិបាល និងត្រូវចាប់ផ្តើមពីយើងគ្រប់គ្នា ដោយទំនួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។

២/ត្រូវរាយការណ៍ជាប្រចាំនូវទិន្នន័យ ដែលបាន និងកំពុងអនុវត្តនៅតាមមូលដ្ឋាននីមួយៗ ទៅក្នុងក្រុមតេលេក្រាមដែលបានបង្កើតសម្រាប់ការអនុវត្តការងារគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ នេះ

៣/មន្ទីរសុខាភិបាល ត្រូវសហការជាមួយ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងបុស្តិ៍សុខភាព ដើម្បីរៀបចំចងក្រង និងរាយការណ៍នូវ តារាងទិន្នន័យជំងឺកូវីដ-១៩ និងបញ្ជីករណីជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា៕





រដ្ឋបាលខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

ព្រះសីហនុ៖នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ពី លោកឧកញ៉ាសុខ ចំរើន និងភរិយា និងលោក យ៉ាង ម៉ីងសៀង (ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបCAMKOM ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ) នាំយកថវិកាចំនួន៤.០០០.០០០ រៀល ម៉ាស ១០.០០០ម៉ាស  អាល់កុល ១០កាន ដបអាល់កុល ៣០០ ដប និងទឹកពិសារបរិសុទ្ធ ២០កេស ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ។ 

នាឱកាសនោះដែរ លោកអភិបាលខេត្ត មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ាសុខ ចំរើន និងភរិយា និងលោក យ៉ាង ម៉ីងសៀង (ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបCAMKOM ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ) ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។ 

លោកអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា អស់លោក លោកស្រី លោកឧកញ៉ា បងប្អូនសប្បុរសជន បណ្តាក្រុមហ៊ុន រោងចក្រក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត ៕





អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

កោះកុង៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ នៅភូមិសាស្ត្រខេត្តកោះកុង នៅស្រុកកោះកុង។

នាឱកាសនោះ លោកអភិបាលរងខេត្ត បានផ្តល់ការណែនាំ និងអនុសាសន៍ដូចខាងក្រោម៖

១-សូមឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនេះ និងត្រូវចាត់ទុកថានេះ ជាការងាររបស់ជាតិ របស់រាជរដ្ឋាភិបាល និងត្រូវចាប់ផ្តើមពីយើងគ្រប់គ្នា ដោយទំនួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។

២-ត្រូវរាយការណ៍ជាប្រចាំនូវទិន្នន័យ ដែលបាន និងកំពុងអនុវត្តនៅតាមមូលដ្ឋាននីមួយៗ ទៅក្នុងក្រុមតេលេក្រាមដែលបានបង្កើតសម្រាប់ការអនុវត្តការងារគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ 

៣-មន្ទីរសុខាភិបាល ត្រូវសហការជាមួយ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងបុស្តិ៍សុខភាព ដើម្បីរៀបចំចងក្រង និងរាយការណ៍នូវ តារាងទិន្នន័យជំងឺកូវីដ-១៩ និង បញ្ជីករណីជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា៕