Thursday, October 31, 2019

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយលោកបានសម្តែងនូវការអបអរសាទរចំពោះលោក Masahiro MIKAMI ដែលបានមកបំពេញការងារជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានវាយតម្លៃខ្ពស់អំពីបទពិសោធន៍ការងារការបរទេសដ៏ប៉ិនប្រសប់របស់លោក Masahiro MIKAMI ថានឹងមានភាពងាយស្រួលដល់ការបំពេញការងារនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបញ្ជាក់ថា ចាប់ពីនេះតទៅស្ថានឯកអគ្គរដ្ឋទូត សូមធ្វើការទំនាក់ទំនង ជាមួយទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមទាំងកិច្ចការងាររបស់អង្គជំនុំជម្រះវិសាមញ្ញនៃតុការកម្ពុជា (អ.វ.ត.ក) និងអគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ( LDC ) ផងដែរ។
លោក ប៊ិន ឈិន បានមានប្រសាសន៍បន្ថែមថា កន្លងមកប្រទេសជប៉ុន គឺជាប្រទេសដែលបានផ្តល់ជំនួយជាថវិកាច្រើនជាងគេដែលមានទឹកប្រាក់ចំនួនប្រមាណ ៨៧លានដុល្លារអាមេរិកលើចំនួនសរុប៣១១លានដុល្លារអាមេរិកដល់ អ.វ.ត.ក មិនត្រឹមតែប៉ុណ្ណោះទេ កាលពីឆ្នាំ២០១២ រដ្ឋាភិបាលប្រទេសជប៉ុនក៏បានជួយកសាងអគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ( LDC ) និង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអស់ទឹកប្រាក់២,២លានដុល្លារអាមេរិក ហើយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩កន្លងនេះ ជប៉ុន ក៏បានសម្រេចផ្តល់ថវិកាចំនួនប្រមាណជាង២៥១ ០០០ដុល្លាអាមេរិក បន្ថែមទៀតដើម្បីជួយទ្រទ្រង់គម្រោងការងាររបស់ LDC សម្រាប់រយៈពេល៣ឆ្នាំខាងមុខផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានចាត់ទុកបេសកកម្មការទូតរបស់លោក Masahiro MIKAMI នៅកម្ពុជា គឺជាការបន្តមរតករពីឯកឧត្តមឯកអគ្គរដ្ឋទូតមុននិងដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា ជប៉ុនឱ្យកាន់តែមានភាពល្អប្រសើរឡើង និងក៏បានស្នើសុំ ឯកអគ្គរដ្ឋទូតជប៉ុនមេត្តាជួយសម្របសម្រួលជាមួយរដ្ឋាភិបាលជប៉ុនដើម្បីបន្តជួយផ្តល់ទាំងជំនួយឥតសំណង ឬជំនួយជាប្រាក់កម្ចីក្នុងរបៀបជាសម្បទានដើម្បីការកសាងនិងអភិវឌ្ឍរីកចម្រើនសម្រាប់កម្ពុជាផងដែរ។
លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុនថ្មី បានសម្តែងនូវការអរគុណយ៉ាងកក់ក្តៅ និងសេចក្តីសោមនស្សរីករាយជាទីបំផុតដែលបានមកធ្វើការជាឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំកម្ពុជាជាលើកដំបូង។ ប៉ុន្តែទោះយ៉ាងនេះក្តី លោក Masahiro MIKAMI ក៏បានស្វែងយល់ផងដែរអំពីស្ថានភាពពិតរបស់កម្ពុជា បើប្រៀបធៀបពីពេលកន្លងទៅគឺលោក Masahiro MIKAMI មានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍន៍រីកចម្រើនដ៏អស្ចារ្យ និងថាកម្ពុជាគឺជាប្រទេសដ៏ល្អ។
ឯកអគ្គរដ្ឋទូតជប៉ុនថ្មី បានប្តេជ្ញាចិត្តខ្ពស់ថានឹងពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរទ្វេភាគីលើវិស័យផ្សេងៗជាច្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ជាដើមឱ្យកាន់តែរឹងមាំក្នុងនោះគាំទ្រដំណើរការរបស់សាលាក្តីខ្មែរក្រហមគឺជាការចូលរួមព្រឹងសន្តិភាព និងនីតិរដ្ឋ និងគាំទ្រ LDC គឺជាការថែរក្សា និងលើកកំពស់កេរដំណែលប្រវត្តិសាស្រ្ត សម្រាប់មនុស្សជំនាន់ក្រោយ។ នៅទីបញ្ចប់ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានជូនពរដល់លោក Masahiro MIKAMI សូមបំពេញបេសកកម្មការទូតនៅកម្ពុជាឱ្យបានសមប្រកបនូវជោគជ័យគ្រប់ប្រការ៕





សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០



សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០
ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩

ស្ថានទូតខ្មែរនៅថៃ អះអាងថា ពលករខ្មែរកំពុងបម្រើការងារតាមធម្មតានៅប្រទេសថៃ ហើយរូបភាពការវិលត្រឡប់មកកម្ពុជារបស់ពលករគឺជារូបភាពចាស់ដើម្បីកេងចំណេញនយោបាយ

ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានចេញមកប្រកាសថា បច្ចុប្បន្នពលករខ្មែរនៅក្នុងប្រទេសថៃ កំពុងបម្រើការងារតាមធម្មតា ពុំមានការធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជា ជាគំហុក ដូចដែលសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ស្ថានទូតកម្ពុជា បានអះអាងទៀតថា កាលពីពេលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុក និងសារព័ត៌មានតាមបណ្តាញសង្គមមួយចំនួនបានយករូបភាពនិងឃ្លីបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យពលករបរទេសរបស់អាជ្ញាធរថៃ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនវិលត្រឡប់ទៅចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់បងប្អូនពលករនាពេលកន្លងមក មកធ្វើការផ្សព្វផ្សាយឡើងវិញក្នុងគោលបំណងបង្កការភ្ញាក់ផ្អើល និងអូសទាញឱ្យបងប្អូនពលករត្រឡប់ទៅប្រទេសកម្ពុជាវិញដើម្បីកេងចំណេញផ្នែកនយោបាយ។
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖