Friday, February 01, 2019

(សូមទស្សនាវីដេអូ)៖ ផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ីនឹងត្រូវបរាជ័យ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលស្ថាប័នមានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការកែសម្រួលស្ថាប័នមានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចេញ-នាំចូលដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។
អនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល របស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រល) នៃក្រសួងពាណិជ្ជកម្ម ពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ។
អនុក្រឹត្យបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល នៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគីច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀត។ ក្នុងករណីចាំបាច់ដែលត្រូវការជំនាញឯកទេស ជាក់លាក់ក្នុងការត្រួតពិនិត្យ ស្របតាមគោលការណ៍គ្រប់គ្រងហានិភ័យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចស្នើសុំកិច្ចសហការពីស្ថាប័នឯកទេសផ្សេងទៀត ក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ស្របតាមការកំណត់នៃលិខិតបទដ្ឋានជាធរមាន។
សូមជម្រាបថា ក្នុងកម្មវិធីជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន ប្រមាណជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាឲ្យទុកតែ២ស្ថាប័នប៉ុណ្ណោះ គឺស្ថាប័នគយ និងនគរបាលអន្ដោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ហើយក្រៅពីស្ថាប័នពីរនេះ ត្រូវដកចោលទាំងអស់។

ការសម្រេចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកនាំចេញ នាំចូលដែលកំពុងតែប្រកបរបររកស៊ីនៅកម្ពុជា ថាបានជួយសំរួលដល់ការធ្វើធុរកិច្ច និងកាត់បន្ថយការចំណាយ រួមទាំងពេលវេលាផងដែរ ៕



លោក សុខ ទូច៖ បើសិនអាមេរិកមិនទម្លាក់គ្រាប់បែក និងមិនធ្វើសង្គ្រាមជាមួយវៀតណាមខាងត្បូង ប្រហែលគ្មានវត្តមានខ្មែរក្រហមនៅកម្ពុជាទេ

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា បើសិនអាមេរិកមិនទម្លាក់គ្រាប់បែក និងមិនធ្វើសង្គ្រាមជាមួយវៀតណាមខាងត្បូង ប្រហែលគ្មានវត្តមានខ្មែរក្រហមនៅកម្ពុជាទេ។

ការបញ្ជាក់របស់លោក សុខ ទូច បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ រៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានភាពនយោបាយចុងក្រោយ នៃអតីតគណបក្សសង្គ្រោះជាតិ»។ កិច្ចពិភាក្សានេះ មានការចូលរួមធ្វើបទបង្ហាញពីសំណាក់ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី, លោក ស៊ា ម៉ៅ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងលោក ឌៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ដ្រ និងទំនាក់ទំនងអន្ដរជាតិ។
លោក សុខ ទូច បានថ្លែងយ៉ាងដូច្នេះ៖ «ប្រសិនបើមិនទម្លាក់គ្រាប់បែកទេ បើសិនជាអាមេរិក មិនធ្វើសង្គ្រាមជាមួយវៀតណាមខាងត្បូង ដែលប្រើប្រាស់ទឹកដីកម្ពុជា នៅពេលនោះ អ្នកឱ្យខ្ញុំមិននិយាយទេចាំទៅមើលប្រវត្តិសាស្ត្រខ្លួនឯង ប្រហែលជាគ្មានវត្តមានខ្មែរក្រហមទេ»។
ត្រង់ចំណុចនេះលោក សុខ ទូច ក៏បានចោទជាសំណួរថា តើហេតុអ្វីបានជាខ្មែរក្រហមឈ្នះរបបសាធារណរដ្ឋ លន់ ណុល ដែលមានការជួយជ្រោមជ្រែងពីសំណាក់មហាអំណាចអាមេរិកលឿនម៉េស…?
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបន្ថែមទៀតថា ហេតុអីបានខ្មែរក្រហមឈ្នះ របបសាធារពណរដ្ឋខ្មែរ ប៉ុន្តែសហរដ្ឋអាមេរិក បាននិយាយហើយថា សូមកុំបន្ទោសគាត់ គឺប្រទេសគាត់មិនបានចូលដៃធ្វើរដ្ឋប្រហារ ប៉ុន្តែអាមេរិក បានចូលដៃទម្លាក់គ្រាប់បែក ដែលធ្វើឱ្យក្រុមខ្មែរក្រហម មានឱកាសចូលក្នុងប្រទេសកម្ពុជា។ ដូច្នេះ ហេតុអ្វីបានជាខ្មែរក្រហមឈ្នះ គឺភាពខ្ជិលរបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែមានអ្នកនយោបាយណា ឬក្រុមណាមួយបានសន្យាថា ឱ្យពួកគាត់រស់នៅស្រួល (ដូចអ្វីដែលពួក ប៉ុល ពត) បានសន្យាថា នៅពេលពួកគេឡើងកាន់អំណាចប្រជាពលរដ្ឋមានសិទ្ធិស្មើៗគ្នា ទាំងនេះគឺដោយសារតែសម័យនោះមានគម្លាតគ្នាយ៉ាងរវាងអ្នកមាន និងអ្នកក្រ ដែលធ្វើឱ្យប្រជាជនខ្មែរជាចម្រើនសម្រុកចុះ ចូលទៅធ្វើជាទាហានរបស់ខ្មែរក្រហម។

លោក សុខ ទូច បានបញ្ជាក់បន្តថា ត្រង់ចំណុចនេះ បានបង្ហាញឱ្យពីទិដ្ឋភាពចំនួន៥គឺ ទី១៖ ភាពស្មើគ្នា, ទី២៖ ស្អប់វប្បធម៌ពួកបញ្ចឹមប្រទេស, ទី៣៖ ភាពមានក្រ គម្លាតមានក្រ, ទី៤៖ បញ្ហាទម្លាក់គ្រាប់បែក ដែលប្រជាជនឮស្នូរ និងទី៥៖ បំផុសចូលចិត្តជឿភាពពិចារណញ្ញាណ ៕




ខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំ​ពិភាក្សាការងារ ​សិក្សាស្វែងយល់​អំពីសកម្មភាពការងារ ​និងបញ្ហា​ប្រឈមនានា​

កំពង់ឆ្នាំង៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានទទួលជួបប្រជុំពិភាក្សាកាងារ និងសិក្សាស្វែងយល់សកម្មភាពការងារ និងបញ្ហាប្រឈមនានានៅក្នុងខេត្ត ជាមួយគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ដែលដឹកនាំដោយលោក ជា វ៉ាន់ដេត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភាទទួលបន្ទុកផ្នែកផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធនានា លោក លោកស្រីសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ទាំង៨ផងដែរ។
ក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន បានអានរបាយការណ៍ជូនអង្គប្រជុំដោយរៀបរាប់ពីលក្ខណ:ភូមិសាស្រ្ត ប្រជាពលរដ្ឋ ការប្រកបរបរអាជីវកម្ម វិនិយោគ កសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។ លោកបានមានប្រសាសន៍បន្តថា ក្នុងនាមរដ្ឋបាលខេត្ត បានអនុវត្តការងារលើគ្រប់វិស័យ ក្រៅពីការកសាងសមិទ្ធផលផ្សេងៗមានការរីកចម្រើនហើយ រដ្ឋបាលខេត្តបានបម្រើការងារផ្សេងៗជាច្រើនទៀតជូនប្រជាពលរដ្ឋ និងបានផ្សព្វផ្សាយជូនដំណឹងពីការងារថ្មីៗឱ្យពួកគាត់បានដឹងយកទៅអនុវត្ត ព្រមទាំងជួយសម្រួលបង្កលក្ខណ:ងាយស្រួលដល់អ្នកវិនិយោគិននៅក្នុងខេត្ត ទាំងវិនិយោគិនបរទេស វិនិយោគិនក្នុងស្រុក ពិសេសវិស័យកសិកម្ម កសិឧស្សាហកម្ម និងសេវាកម្មផ្សេងៗជាច្រើនទៀត។
បន្ទាប់ពីរបាយការណ៍របស់លោកអភិបាលខេត្ត រួចមក លោក ជា វ៉ាន់ដេត បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង និងអង្គភាពពាក់ព័ន្ធដែលបានខិតខំអនុវត្តកន្លងមកស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងស្របតាមច្បាប់រដ្ឋធម្មនុញ្ញបានកំណត់។

លោក ជា វ៉ាន់ដេត បានបន្ថែមថា បញ្ហាប្រឈមដែលនៅសេសសល់ លោកក៏បានផ្តាំផ្ញើអោយរដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយអោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលរបស់ខ្លួនអោយបានជោគជ័យ៕


អភិបាលខេត្តព្រះវិហារ ណែនាំពន្លឿនការងារចុះបញ្ជីដីរដ្ឋ ឲ្យបានឆាប់រហ័សចំពោះក្រុមហ៊ុនដែលមិនទាន់ចុះបញ្ជីដីរដ្ឋ

ព្រះវិហារ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនវិនិយោគសម្បទានសេដ្ឋកិច្ចចំនួន១១ក្រុមហ៊ុន ដែលមិនទាន់ចុះបញ្ជីដីរដ្ឋ ក្នុងខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរង ខេត្ត នាយករដ្ឋបាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធនៅសាលសាលាខេត្តព្រះវិហារ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត ស្នើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវបញ្ចៀសបញ្ហាស្មុគស្មាញ នានាជាមួយប្រជាពលរដ្ឋ និងទាំងសហការជាមួយអាជ្ញាធរខេត្តក្នុងការអនុវត្តច្បាប់ចំពោះបុគ្គលឬប្រជាពលរដ្ឋ​ខិលខូចបង្ក​បញ្ហាផ្សេងៗ និងឆ្លៀតឱកាសរំលោភដីរដ្ឋ ក៏ដូចដី ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រុមហ៊ុន​ក្នុងន័យវិនិយោគ ។
បន្ថែមពីនេះ ដើម្បីសម្រេច បាននូវការងារចុះបញ្ជីដីសម្បទានសេដ្ឋកិច្ចដែលនៅសេសសល់​ចំនួន១១​ក្រុមហ៊ុននេះទទួលបាន ជោគជ័យ លោកបានណែនាំដល់អង្គប្រជុំដូចខាងក្រោម៖
១ រដ្ឋបាលខេត្ត នឹងរៀបចំបង្កើតក្រុមការងារសម្របម្រួលដោះស្រាយដីក្នុងការចុះបញ្ជី​ក្រុមហ៊ុនដែលនៅ​សេសសល់ចំនួន១១ក្រុមហ៊ុននេះដឹកនាំដោយ អភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ។ ព្រមទាំងត្រូវកសាងផែនការចុះសិក្សា វាស់វែង និងបោះបង្គោលឲ្យបានច្បាស់លាស់ផងដែរ។
២ ស្នើសុំឲ្យក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចទាំង៣៤ ក្នុងខេត្ត ត្រូវមានការិយាល័យ ទំនាក់ទំនងរបស់​ខ្លួន​ក្នុងក្រុងព្រះវិហារ ក្នុងងាយស្រួលធ្វើការជំមួយជំនាញ អាជ្ញាធរខេត្ត ការដោះស្រាយបញ្ហានានា​បានឆាប់រហ័ស និងមានប្រសិទ្ធភាព។
៣ បើទោះបីក្រុមហ៊ុននោះបានបញ្ចប់ការចុះបញ្ជីដីរដ្ឋរួចរាល់ក៏ពិតមែន តែក្រុមហ៊ុនវិនិយោគត្រូវ ពង្រឹងបន្តទៀតនូវវិធានការការពារនិងយាមការ គ្រប់ពេល ចៀសវាងបញ្ហាក្តៅខ្លាំងហើយ បានរាយការណ៍មកខេត្តជួយដោះស្រាយ។

គួររំលឹកថា ក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តព្រះវិហារមាន៣៤ ក្រុមហ៊ុន ហើយចំនួន១១ក្រុមហ៊ុនមិនទាន់ចុះបញ្ជីដីរដ្ឋនៅឡើយ រហូតដល់ពេលនេះ។



(សូមទស្សនាវីដេអូ)៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទាត់ចោលព័ត៌មានមិនពិត ស្តីពី «ផែនការរបស់រាជរដ្ឋាភិបាល គ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែរបបរាជានិយមអាស្រ័យធម្មនុញ្ញ ឱ្យទៅជារបបសាធារណរដ្ឋ»

លោក កែវ ពៅ អំពាវនាវអ្នកធ្វើដំណើរចរាចរណ៍លើផ្លូវគោកត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ

កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរ ក្នុងឱកាសបុណ្យឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះ។
លោកប្រធានមន្ទីរបានអំពាវនាវបែបនេះ ក្នុងពេលដែលជួបជាមួយ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងក្នុងការពាក់មួកសុវត្ថិភាព នៅភូមិស្មែត្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកបានអោយដឹងថា រាល់ពេលមានពិធីបុណ្យធំៗ គ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានឡើង ស្ទើរគ្រប់ទីកន្លែងដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ទាំងកត្តាសេដ្ឋកិច្ច ជីវភាពរស់នៅ ហើយបង្ករអោយមនុស្សរបួស និងស្លាប់ ជាបន្តបន្ទាប់។ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ប្រជាពលរដ្ឋត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាក្នុងពេលធ្វើដំណើរ។ ចំពោះម៉ូតូពេលធ្វើដំណើរ ត្រូវពាក់មួកសុវត្តិភាព មានកញ្ចក់មើលក្រោយ ដោយឡែកអ្នកបើកបររថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាប្រចាំ ការបើកបរត្រូវចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
លោកប្រធានមន្ទីរ បានអោយដឹងទៀតថា យុទ្ធនានេះជាលើកទី១៤ ហើយ សម្រាប់យុទ្ធនាការពាក់មួកសុវត្ថិភាព ដែលបានចែកមួកសុវត្ថិភាពជូន ប្រជាពលរដ្ឋបានសរុបចំនួន ១.៤៥៣មួក។ ហើយថ្ងៃនេះបានបំពាក់មួកសុវត្ថិភាពដល់ ប្រជាពលរដ្ឋដែលបានឆ្លើយសំណួរត្រូវចំនួន ៧០មួក ផងដែរ។

ក្រៅពីពាក់មួកសុវត្ថិភាព មន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន បានចែក ជូននូវសៀវភៅច្បាប់ចររាចរណ៍ផ្លូវគោក ខិតប័ណ្ណអប់រំស្តីពីចរាចរណ៍ និង បិទចំណាំងផ្លាតដល់យានយន្ត និងទោចក្រយាន្តជាច្រើនផងដែរ៕




(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា សុខសន្តិភាព ធ្វើឲ្យបងប្អូនខ្មែរ-ចិន ត្រៀមអបអរសាទរពិធីចូលឆ្នាំចិន

លោក សុខ ទូច ប្រាប់ទណ្ឌិត សម រង្ស៉ី កុំប្រៀបធៀបកម្ពុជា ទៅនឹងប្រទេសវេណេស៊ុយអេឡា

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសប្រាប់ទៅទណ្ឌិត សម រង្ស៉ី កុំឲ្យប្រៀបធៀបប្រទេសកម្ពុជា ទៅនឹងប្រទេសវេណេស៊ុយអេឡា ដោយស្នើឲ្យទណ្ឌិតខ្លាចគុក សម រង្ស៉ី ពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់ផ្សេងៗ។
ការលើកឡើងរបស់លោក សុខ ទូច បន្ទាប់ពីទណ្ឌិត សម រង្ស៉ី ដែលតាំងខ្លួនជាប្រធានស្ដីទី​ខ្មោចគណបក្សសង្គ្រោះជាតិ បានប្រៀបធៀបសភាពការណ៍នៅប្រទេសវេណេស៊ុយអេឡាថា​ដូចទៅនឹងប្រទេសកម្ពុជា ហើយបានទទូចឲ្យអន្តរជាតិអនុវត្តវិធានការមកលើកម្ពុជា ដូចទៅនឹងប្រទេសវេណេស៊ុយអេឡា ដែលកំពុងតែជួបប្រទះនូវបញ្ហានយោបាយយ៉ាងធ្ងន់ធ្ងរ រហូតឈានដល់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
ក្នុងកិច្ចពិភាក្សាស្ដីពីស្ថានភាពនយោបាយចុងក្រោយ នៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះលោក សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា «ការរំលាយគណបក្សសង្គ្រោះជាតិ គឺឈរលើអង្គច្បាប់ និងអង្គហេតុ កុំទៅប្រៀបធៀបនឹងវេណេស៊ុយអេឡា។ វេណេស៊ុយអេឡា ពេលមានវិបត្តិបានធ្វើការបោះឆ្នោត ឯកម្ពុជាបោះឆ្នោត ទៅតាមការកំណត់របស់រដ្ឋធម្មនុញ្ញមិនកែប្រែពេលវេលា នៃការបោះឆ្នោត និងសេដ្ឋកិច្ចមានស្ថិរភាព៧ភាគរយ ឯវេណេស៊ុយអេឡា សេដ្ឋកិច្ចធ្លាក់»។

ប្រធានរាជបណ្ឌិត្យសភារូបនេះ បានអះអាងទៀតថា យុទ្ធនាការដេកផ្ទះឈ្នះស្អាត របស់លោក សម រង្ស៉ី ក៏មិនទទួលបានជោគជ័យដែរ ដោយសារតែមានប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់ប្រជាធិបតេយ្យបាន​ចេញទៅបោះឆ្នោតរហូតជាង ៨៣%ឯណោះ។ លោកបន្ថែមថា នៅពេលបោះឆ្នោត ប្រជាពលរដ្ឋគាំទ្រ​សង្គ្រោះជាតិ ម្ល៉េះសន្លឹកឆ្នោតត្រូវបានគេគូសចោលបាត់ទៅហើយ ៕

កិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារការងារប្រចាំ​ ឆ្នាំ២០១៨​ និងទិសដៅការងារ​សម្រាប់អនុវត្តបន្ត​ឆ្នាំ២០១៩​ របស់រដ្ឋបាលខេត្ត​សៀមរាប​

សៀមរាប៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប នៅសាលប្រជុំលេខ០១ សាលាខេត្ត ដោយមានការចូលរួមពីលោកនាយក នាយករង រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ នាយកអង្គភាព ចំណុះរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១២ និងមន្ត្រីលេខាបូកសរុបការងារសន្និបាត សរុបចំនួន ៥៨រូប។
កិច្ចប្រជុំនេះមានរៀបវារៈដូចខាងក្រោម ៖
១-ត្រួតពិនិត្យរបាយការណ៍សង្ខេប បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាប។
២-ត្រួតពិនិត្យរបាយការណ៍លទ្ធផលនៃការអនុវត្ត សេចក្តីសម្រេចអង្គសន្និបាតឆ្នាំមុន
៣-ការងាររៀបចំបទអន្តរាគមន៍ រូបភាព ឬវីដេអូ ឬទិន្នន័យសម្រាប់បទបង្ហាញ។
កិច្ចប្រជុំនេះដែរ ប្រធានអង្គប្រជុំ បានណែនាំអោយមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកត្រៀមធ្វើបទអន្តរាគមន៍ ជាពិសេសបញ្ហាចម្បងៗ ពាក់ព័ន្ធនឹងការការងារសាធារណការ ការងារដែនដី នគរូបនីយកម្ម សំណង់ ការងារអភិវឌ្ឍន៍ជនបទ ការងារមុខងារសាធារណៈ ដើម្បីធ្វើបទបង្ហាញក្នុងសន្និបាត។

បទអន្តរាគមន៍នេះត្រូវផ្តោតយកចិត្តទុកដាក់ ពិនិត្យទៅលើបញ្ហាប្រឈម គោលនយោបាយ ភាពអសកម្ម តួនាទី ភារកិច្ច ដែលស្របតាមនិយាម នៃគោលការណ៍ច្បាប់ និងលើកជាដំណោះស្រាយ៕



(សូមទស្សនាវីដេអូ) ទស្សនៈវិភាគ៖ កម្ពុជា និង វេណេហ្ស៊ូអេឡា គឺខុសគ្នា

កម្ពុជា គ្រោងរៀបចំធ្វើលំហាត់ហ្វឹកហ្វឺនមហារំអិល១៩ នៅខេត្តកោះកុង ក្រោមប្រធានបទ «ប្រឆាំងនឹងការប្លន់នាវាដឹកប្រេង»

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឯកភាពនៅក្នុងគម្រោងផែនការធ្វើ​លំហាត់ហ្វឹកហ្វឺន មហារំអិល១៩ ដែលលំហាត់នេះធ្វើរៀងរាល់២ឆ្នាំម្ដង ហើយនៅឆ្នាំនេះនឹងប្រារព្ធនៅក្នុង​ដែនសមុទ្រខេត្តកោះកុង ដោយលើកយកប្រធានបទ «ប្រឆាំងនឹងការប្លន់នាវាដឹកប្រេង»។
ការឯកភាពរបស់ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោក បានអញ្ជើញបើកកិច្ចប្រជុំពេញអង្គ ដើម្បីត្រួតពិនិត្យការងាររបស់ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្តថា សម្រាប់លំហាត់ហ្វឹកហ្វឺនមហារំអិលនេះ អាចនឹងធ្វើឡើងខ្ទង់​ខែចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើងដោយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។ ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្រ្ដី បានកោតសសើដល់ក្រុមការងារបច្ចេកទេស របស់អគ្គលេខាដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលបានចុះស្រាវជ្រាវត្រួតពិនិត្យ និងសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណាឱ្យ​កិច្ចការលម្ហសមុទ្រកម្ពុជា មានដំណើរការទៅមុខល្អ។
លោក សួង សំណាង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជាក់ថា គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានរៀបចំជួសជុលនាវាប្រដេញដោយខ្លួនឯង ដែលបានផ្លាស់ប្ដូរម៉ាស៊ីនដោយប្រើប្រាស់ថវិកាជាតិ និងការកសាង់សាលប្រជុំ ការចុះទៅតាមតំបន់សមុទ្រដើម្បីត្រួតពិនិត្យសភាពការ ការវិវត្តរីកចម្រើននៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាលប្រទេសជាដៃគូរ គឺបញ្ហាសន្តិសុខលំហសមុទ្រ។

របាយការណ៍កិច្ចប្រជុំពេញអង្គ ដើម្បីត្រួតពិនិត្យការងារ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បង្ហាញថា ឆ្នាំ២០១៨ មានបទល្មើសនៅលើ ផ្ទៃសមុទ្រមានការថយចុះ ហើយក្នុងនោះ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្យ បានសម្រេចលើការងារកសាងអង្គភាពជាច្រើនដូចជា៖ ការកសាងប៉ុស្តិ៍ជួរមុខ នៅក្នុងខេត្តព្រះសីហនុ, កោះកុង, កំពត ដោយឡែកនៅខេត្តកែប កំពុងតែមានគម្រោងការសាងសង់ប៉ុស្តិ៍លំហសមុទ្រមួយ ៕



មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ រៀបចំពិនិត្យព្យាបាល​ និងវះកាត់ជម្ងឺភ្នែក​ជូនប្រជាពលរដ្ឋទូទៅ​ដោយឥតគិតថ្លៃ​

កំពង់ឆ្នាំង៖ រដ្ឋបាលស្រុកកំពង់លែង ចេញសេចក្តីជូនដំណឹងដល់លោកមេឃុំគ្រប់ឃុំ មេភូមិ ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងស្រុក ឲ្យបានដឹងថា ក្រុមគ្រូពេទ្យភ្នែក នៃអង្គការ Pour les yeux du Monde ប្រទេសបារាំងរបស់កម្មវិធីសុខភាពភ្នែក ដោយមានកិច្ចសហការជាមួយមន្ទីរ សុខាភិបាលខេត្តកំពង់ឆ្នាំង បានមក ពិនិត្យព្យាបាល និងវះកាត់ជម្ងឺភ្នែកតាមកាប៉ាល់ជូនប្រជាពលរដ្ឋទូ ទៅក្នុងស្រុក កំពង់លែង ដោឥតគិតថ្លៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងទាំងស្រុងខាងក្រោម៖

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្ដីពី ស្ថានភាពនយោបាយចុងក្រោយ នៃអតីតគណបក្សសង្គ្រោះជាតិ

ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលមួយ ស្ដីពីស្ថានភាពនយោបាយចុងក្រោយ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបើកឱកាសឲ្យមានការ សួរដេញដោល ពីអ្នកដែលចូលរួមផងដែរ។

កិច្ចពិភាក្សានេះ មានការចូលរួមធ្វើបទបង្ហាញពីសំណាក់ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី, លោក ស៊ា ម៉ៅ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងលោក ឌៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ដ្រ និងទំនាក់ទំនងអន្ដរជាតិ ៕



លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន​ អំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជធូបទៀន និងដុតក្រដាសសែននៅថ្ងៃសែនចូលឆ្នាំចិន

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអំពាវនាវទៅដល់បងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ឬក៏ជនជាតិចិននៅកម្ពុជា ត្រូវមានស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់លើការអុជធូបទៀន ​និងដុតក្រដាសសែនជាដើមនៅក្នុងថ្ងៃសែនចូលឆ្នាំចិន កុំឲ្យបង្កទៅជាគ្រោះអគ្គិភ័យ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអំពាវនាវនៅលើ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះ «សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលអុជធូបទៀន និងដុតក្រដាសសែន ចៀសវាងអគ្គីភ័យដែលអាចកើតមានឡើងដោយសារការធ្វេសប្រហែសណាមួយ»។
ពិធីសែនចូលឆ្នាំប្រពៃណីចិន នឹងឈានចូលមកដល់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នាសប្តាហ៍ក្រោយនេះហើយ។ គ្រាដែលពិធីសែនចូលឆ្នាំចិនជិតចូលមកដល់នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានគូសរំលេចផងដែរថា ក្រោមដំបូលនៃសុខសន្តិភាពរបស់ប្រទេសជាតិ គ្មានអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនព្រួយបារម្ភនោះឡើយ ក្រៅតែពីការមមាញឹកត្រៀមរៀបចំពិធីអបអរសាទរ និងជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ ក៏ដូចជាត្រៀមរៀបចំសម្ភារៈ ចំណីចំណុក ម្ហូបអាហារ និងអាំងប៉ាវ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នផងដែរ​ សម្រាប់ការធ្វើដំណើរកម្សាន្តទៅទីជិតឆ្ងាយកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕

ហ៊ាន ឬមិនហ៊ាន!

បន្ទាប់ពី សម រង្ស៊ី ប្រកាសក្តែងៗថាចង់វិលចូលស្រុកវិញនោះ អ្នកវិភាគ ឡៅ ម៉ុងហៃ បានឌឺដងផ្លែផ្កាថា លោក សម រង្ស៊ី គួរតែគោរពពាក្យសម្តីខ្លួនឯង បើសន្យាថាមកវិញ ត្រូវតែមក។ ប៉ុន្តែទោះបើជាយ៉ាងណា លោក ឡៅ ម៉ុងហៃ ថា សម រង្ស៊ី គេចមិនរួចពីការប្រឈមនឹងការចាប់ខ្លួនទេ និងអាចមានការវាយប្រហារតាមរូបភាពផ្សេងៗ ឬក៏អាចមានវាសនាអាក្រក់ធ្ងន់ធ្ងរជាងការចាប់ខ្លួនទៀតក៏ថាបានដែរ ប្រសិនបើគាត់ហ៊ានមកវិញមែននោះ។
លោក ឡៅ ម៉ុងហៃ នៅថ្ងៃទី៣១មករានេះ បានប្រាប់កាសែតមួយថា លោក សម រង្ស៊ី គួរប្រកាន់សម្តីខ្លួនក្នុងនាមជាកូនប្រុស ហើយវិលត្រឡប់មកវិញដូចអ្វីដែលបានសន្យា។ គាត់គួរតែធ្វើតាមគំរូរបស់លោក Nawaz Sharif ដែលជាអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលគេហ៊ានប្រថុយគ្រោះថ្នាក់។ ទោះបីជាបែបនេះក្តី លោក ម៉ុងហៃ ថា គាត់មិនរំពឹងថា សម រង្ស៊ី នឹងវិលត្រឡប់មកវិញមែននោះទេ ដោយសារតែគាត់បានសន្យាចោល ជាច្រើនដងរួចមកហើយ។ លោក ឡៅ ម៉ុងហៃ ថា ពេលកន្លងមក សម រង្ស៊ី ធ្លាប់សន្យាហើយតែមិនបានមកទេ ពីព្រោះនៅពេលគាត់មក អាចប្រឈមនឹងការចាប់ខ្លួនដាក់ពន្ធនាគារ។ ដូច្នេះកង្វល់របស់គាត់នឹងមិនផ្លាស់ប្តូរនៅពេលនេះទេ ហើយដោយផ្អែកលើស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេស ដែលវាកាន់តែអាក្រក់ជាងមុនទៀតនោះ។
យោងលើការបញ្ជាក់របស់អ្នកវិភាគ ឡៅ ម៉ុងហៃ ទណ្ឌិតធ្លាប់រត់ចោលគុក សម រង្ស៊ី ទំនងជាមិនហ៊ានចូលស្រុកវិញទេ ហើយការប្រកាសថាមកវិញនេះ គ្រាន់តែជាការបោកប្រាស់ក្នុងគោលដៅប្រមូលលុយចូលហោបៅបក្ខពួកខ្លួន និងឱ្យអ្នកគាំទ្រមានសង្ឃឹម ខណៈដែលជីវិតនយោបាយរបស់ទណ្ឌិតរូបនេះ កាន់តែចាស់និងជិតផុតរលត់ទៅហើយនោះ៕

ដោយ៖ ដំដែក

លោក នេត សាវឿន ដាក់ចេញនូវភារកិច្ចសំខាន់ ៤ចំនុច ជូនស្នងការនគរបាលខេត្តថ្មី​ និងមន្រ្តីនគរបាល​ខេត្តប៉ៃលិន​ ដែលជាក្តីសង្ឃឹម​របស់ប្រជាពលរដ្ឋ​

ប៉ៃលិន៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិន បានរៀបចំពិធី ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក នេត សាវឿន អគ្គស្នងការនគរបាល ជាតិ តំណាងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
ពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កនេះ បានធ្វើឡើងក្នុង ពេលដែលលោកឧត្តមសេនីយ៌ត្រី ជា ចាន់ឌិន ដល់អាយុចូលនិវត្តន៍ស្របតាម ច្បាប់របស់កងកំលាំង ក៏ដូចជាទៅតាមក្រឹត្យក្រមពេលវេលានៃការបំពេញ ការងារកន្លងមក។ បើយោងតាមសេចក្តីប្រកាសលេខ ៦៧៨ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃត្រូវបានផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តម សេនីយ៍ទោ សេង សុគន្ធ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន បានបញ្ចាក់ថា ក្នុងឆ្នាំកន្លងមកសភាពការណ៍បទល្មើសព្រហ្មទណ្ឌដែលកើតឡើងមាន ៧២លើក ក្នុងនោះបទល្មើសឧក្រិដ្ឋមានចំនួន៨លើក បទល្មើសមជ្ឈឹម៦៤លើក។ ការបង្រ្កាប បទល្មើសជាក់ស្តែងបានចំនួន១០១លើក បង្រ្កាបតាមដីការ៩លើក ជាមួយគ្នា នេះចំពោះបញ្ហាការត្រួតពិនិត្យរបស់ចរាចរណ៍ផ្លូវគោក បានធ្វើការអប់រំដល់អ្នក បើកបររថយន្តចំនួន ១១០៨នាក់ និងម៉ូតូចំនួន១៣៩៨នាក់ ជាមួយនេះក៏បានធ្វើការ ផាកពិន័យលើបទល្មើសយានយន្តចំនួន១១៦៨គ្រឿង ក្នុងនោះរថយន្តធុន ស្រាលចំនួន ៧៣៨ គ្រឿង រថយន្តធុនធ្ងន់៥៧គ្រឿង និងម៉ូតូចំនួន៣៦៨គ្រឿង។
ការងារអត្តសញ្ញាណកម្ម បានធ្វើសៀវភៅគ្រួសារជូនប្រជាពលរដ្ឋចំនួន ២២០ក្បាល ប្រមូលទិន្នន័យអត្តសញ្ញាប័ណ្ណសញញជាតិខ្មែរបានចំនួន៣២១០នាក់ បញ្ជូនទិន្នន័យអត្តសញ្ញាណប័ណ្ណទៅក្រសួងមហាផ្ទៃបានចំនួន៣១៩៩ សន្លឹក និងបានចែកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរបានចំនួន២១៩៩ សន្លឹក។
ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក្នុងនាមអភិបាលខេត្ត និងក្នុងនាមគណៈ បញ្ជាការឯកភាពខេត្តបាន ធ្វើការវាយតម្លៃខ្ពស់ចំពោះកងកំលាំងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចជំនាញធ្វើឲ្យសភាពការសន្តិសុខ សណ្ឋាប់ធ្នាប់ សាធារណៈក្នុងខេត្តមានលក្ខណៈល្អប្រសើរ ធ្វើអោយប្រជាពលរដ្ឋរស់នៅសុខសាន្ត គ្មានការភ័យខ្លាច និងមានជីវភាពរីកចម្រើនគួរជាទីមោទនៈ។
ជាពិសេសកងកំលាំង បានចូលរួមការពារសន្តិសុខ ក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី៦ ក្នុងឆ្នាំ២០១៨ ធ្វើឲ្យដំណើការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហឹង្សា កើតឡើង ហើយគ្រប់ភាគីពាក់ព័ន្ធដែលចូលរួមសង្កេត ការណ៍ទាំងទទួលយកនូវលទ្ធផលនៃការបោះឆ្នោត។
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានដ៏ត្រចះត្រង់កន្លងមកនេះ លោក ផាន់ ចាន់ធុល ក៏បានជំរុញដល់លោកស្នងការដែលត្រូវបំពេញភារកិច្ចថ្មីក្នុងដែនសមត្ថិកិច្ចខេត្តប៉ៃលិន ត្រូវបន្តពង្រឹងស្មារតីសាមគ្កីឯកភាពផ្ទៃក្នុងរឹងមាំ ត្រូវធ្វើជាសេនាធិការអោយបាន ល្អរបស់គណៈបញ្ជាការឯកភាពខេត្ត ពិនិត្យអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ត្រូវយកចិត្តទុកដាក់ទប់ស្កាត់រាល់ទំនិញគេចពន្ធ និងពលករឆ្លងដែន ខុសច្បាប់ដោយសហការជាមួយកងកំលាំងដែលនៅជាប់ជាមួយព្រំដែន និងសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ដែលមានភូមិផង របងជាមួយគ្នា។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៏លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ក្នុងនោះគឺការបញ្ចប់សង្រ្គាមក្រោមនយោបាយឈ្នះ ឈ្នះ ដែលធ្វើអោយមានការឯកភាពទឹកដីទាំងស្រុងធ្វើអោយប្រទេសដែលពីមុនមានតំបន់ត្រួតត្រាច្រើន ក្លាយជាប្រទេសមួយដែលមានតំបន់ត្រួត្រាមួយ មានព្រះមហាក្រត្យ តែមួយ មានរដ្ឋធម្មនុញ្ញមួយ និងមានកងកំលាំងប្រដាប់អាវុធជាតិតែមួយ។
អគ្គស្នងការនគរបាលជាតិ ក៏បានវាយតម្លៃចំពោះការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដែលមានស្នាដៃច្រើន ដែលមិនអាចគណនាអស់ ក្នុងការថែររក្សាសន្តិសុខ សណ្ឋាប់ធ្នាប់សាធារណៈ ចូលរួមទប់ស្កាត់បាននូវរាល់គំនិតសកម្មភាពក្រុមជនអគតិដែលព្យាយាម ម្តងហើយ ម្តងទៀត ក្នុងការបង្ករអសន្តិសុខ ចលាចលសង្គម ធ្វើឲ្យមានដបិវត្តន៏ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តធម៌ និងការបង្ហាញឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ។
លើសពីនេះ លោក នេត សាវឿន ក៏បានណែនាំដល់លោកស្នងការថ្មី និងមន្រ្តី នគរបាលទាំងអស់ត្រូវខិតខំបន្តយកចិត្តទុកដាក់សម្រេចឲ្យបាននូវសមិទ្ធិផលថ្មីៗ ថែមទៀតសម្រាប់បម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវមានវិន័យ មានចរិយាល្អប្រពៃសាកសមជាកងកំលាំងរបស់ជាតិជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។
ម្យ៉ាងទៀតត្រូវរៀនសូត្រនូវទម្លាប់ការងារពីចៅហ្វាយប្រជាពលរដ្ឋ មកជាអ្នកបម្រើ ជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អនៅលើជំនាញនីមួយៗដែលខ្លួនត្រូវទទួលខុសត្រូវ ដូចជាចូលរួមទប់ស្កាត់បទល្មើស ចោរកម្ម ចោរលួច ចោរប្លន់ ល្បែងស៊ីសង គ្រប់ប្រភេទ និងត្រូវបង្កើនកិច្ចសហការជាមួយកងកំលំាង ប្រដាប់អាវុធ គ្រប់ប្រភេទ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ដើម្បីប្រែក្លាយព្រំដែនទាំងពីរទៅជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
បន្ថែមពីនោះ លោកក៏បានដាក់ចេញនូវភារកិច្ច សំខាន់ចំនួន៤ចំណុច ក្នុងនោះ ទី១ត្រូវធ្វើជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពខេត្តលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបង្កើនសមត្ថភាពជំនាញឲ្យបានសមស្រប ទៅតាមមុខតំណែងនិងភារៈកិច្ចទទួលខុសត្រូវ ទី២ត្រូវពង្រឹងកំលាំងគ្រប់គ្រង ស្ថានការណ៍ក្នុងខេត្ត ជាពិសេសប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ត្រូវបើកទ្វារទទួលដោះ ស្រាយការងារជូនប្រជាពលរដ្ឋទាំងក្នុងម៉ោងរដ្ឋបាល និងការប្តូរវេនប្រចាំការ ក្រៅម៉ោងរដ្ឋបាលដូចជាពេលយប់ និងពេលសម្រាកជាដើម ទី៣ ត្រូវយកចិត្តទុកដាក់ ទៅលើកំលាំងអន្តរគមន៍ ដែលត្រូវធ្វើការប្តូរវេនជាអចិន្រ្តៃយ៍ ឃ្លាំមើលសភាពការណ៍ ទូទៅ ក្នុងនោះត្រូវធ្វើការដោះស្រាយទីកន្លែងធ្វើការ ការហូបចុក និងមធ្យោបាយ សម្រាប់ចុះប្រតិបត្តិការ និងទី៤ ត្រូវបង្កើនទំនាក់ទំនងល្អរវាងកងកំលាំងទាំងអស់ ជ្រោងទង់ស្មារតីសាមគ្គីឯកភាព ក្នុងនាមជាអាណាព្យាបាលនៅនិងកន្លែង។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសនោះផងដែរ អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភដល់កងកំលាំងនូវដំបងចរាចរណ៍ចំនួន៥០ អាវចរាចរណ៍ចំនួន៥០ អាវកងអន្តរាគមន៍ចំនួន៥០ ថវិកាចំនួន៥លានរៀល ឧបត្ថម្ភដល់កងតំបន់ ប្រតិបត្តិការសឹងរងខេត្តថវិកា៣លានរៀល និងកងរាជអាវុធហត្ថចំនួន៣លានរៀល៕


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រគល់គ្រឿងចក្រសម្អាតឆ្នេរចំនួន​ ២គ្រឿង​ ជូនដល់ខេត្តព្រះសីហនុ​ ១គ្រឿងជូនខេត្តកំពត​ និងខេត្តកែប​

ព្រះសីហនុ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ទីរជំនាញជុំវិញខេត្ត បានរៀបចំពិធី ប្រគល់គ្រឿងចក្រសម្អាតឆ្នេរចំនួន ២គ្រឿង ជូនដល់ខេត្តព្រះសីហនុ ១គ្រឿងជូន ខេត្តកំពត និងខេត្តកែប។
លោក នី ផល្លី អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នខេត្តព្រះសីហនុមានឆ្នេរសមុទ្រចំនួន៧ ឆ្នេរសមុទ្រ៤ កំពុងបើកបំរើសេវាកម្មជូនប្រជាពលរដ្ឋ ដែលជាតម្រូវការឆ្នេរស្អាត ដែលឆ្នេររបស់យើងរងផលប៉ះពាល់បរិស្ថាន ។ គណៈកម្មាធិការអភិវឌ្ឍន៍ គ្រប់គ្រងតំបន់ឆ្នេរ បានអំពាវនាវដល់សប្បុរសជន និងវិស័យឯកជនចូលរួម សហការទិញគ្រឿងចក្រសម្អាតឆ្នេរបាន ៣គ្រឿង ហើយថ្ងៃនេះយើងបានប្រគល់ជូន ខេត្តព្រះសីហនុ ២គ្រឿង ខេត្តកែប និងកំពត ១គ្រឿង ហើយមន្ទីរទេសចរណ៍ ជាសេនាធិការក្នុងការគ្រប់គ្រងថែរក្សាការពារ ក្នុងការសម្អាតឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ។
ស្របគ្នានោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់សមុទ្រកម្ពុជា បានប្រគល់គ្រឿងចក្រសម្អាតឆ្នេរ៣គ្រឿង ជូនដល់ខេត្តព្រះសីហនុ២គ្រឿង និងមួយគ្រឿងទៀតប្រគល់ជូនទៅខេត្ត កំពត ខេត្តកែប ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សង្ឃឹមថា គ្រឿងចក្រទាំង ៣គ្រឿង ត្រូវគ្រប់គ្រង ថែរក្សាដោយមានការចូលរួមពីប្រជាពលរដ្ឋ និងវិស័យឯកជន ពិសេសអាជីវករ តាមតំបន់ឆ្នេរ ចលនាប្រជាពលរដ្ឋនៅតាមសហគមន៍ចូលរួសម្អាតបរិស្ថាន នៅតាមតំបន់ឆ្នេរសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍សេដ្ឋកិច្ច មានភ្ញៀវក្នុងស្រុកជាង ៧០ម៉ឺននាក់ ក្នុងឆ្នាំ២០១៨ ខេត្តទទួលបានភ្ញៀវជាង ២លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិន ជាង ២០ម៉ឺននាក់ ។
លោក ថោង ខុន បានថ្លែងទៀតថា ព្រលានយន្តហោះអន្តរជាតិខេត្រព្រះសីហនុ មានជើងហោះហើរកើនឡើង ហើយច្រកកំពង់ផែសមុទ្រក៏នាំមកនូវភ្ញៀវទេសចរ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា និងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ មកខេត្តព្រះសីហនុនាពេលខាងមុខ។ ខេត្តព្រះសីហនុមាន ផ្លូវគមនាគមន៍ ដូចជា ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងផ្លូវគោក ខេត្តព្រះសីហនុ និងមានការអភិវឌ្ឍ រីកចម្រើនៅថ្ងៃខាងមុខ ដោយសារបច្ចុប្បមុនខេត្តព្រះសីហនុ មានការអភិវឌ្ឍ យ៉ាងគំហ៊ុក ចាំបាច់យើងត្រូវការពារតំបន់ឆ្នេរសមុទ្ររបស់យើងការពារទឹក កខ្វក់ហូរចូលសមុទ្រ ការគ្រប់គ្រងតំបន់ឆ្នេរសម្រាប់កូនចៅជំនាន់ក្រោយ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងក្រុង ខេត្ត។

មន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា យើងត្រូវបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបំរើសេវាកម្មទេសចរណ៍ ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ថ្វីត្បិតតែខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងគំហុក វាមានផលប៉ះពាល់ដល់បរិស្ថាន និងសន្តិសុខ ក៏ប៉ុន្តែយើងត្រូវធ្វើយ៉ាងណាឱ្យផលប៉ះពាល់នោះមានតិចតួច៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សុខសន្តិភាព ធ្វើឲ្យបងប្អូនខ្មែរ-ចិន ត្រៀមអបអរសាទពិធីចូលឆ្នាំចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីទៀតថា កត្តាសុខសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋ​ទូទាំង​ព្រះរាជា​ណា​ចក្រកម្ពុជាសប្បាយរីករាយ គ្មានកង្វល់ ឬព្រួយបារម្ភអ្វីឡើយ ក្រៅពីការត្រៀមរៀបចំពិធីអបអរសាទ និងជួបជុំសប្បាយ​រីក​រាយជាមួយក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំចិន ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
សំណេរក្នុងទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី បានរៀបរាប់យ៉ាងដូច្នេះថា៖ ថ្ងៃ​ចូល​ឆ្នាំ​ចិនក៏កាន់តែកៀក បងប្អូនខ្មែរ-ចិន រួមទាំងពលរដ្ឋខ្មែរមួយភាគធំក៏បានត្រៀមរៀបសម្ភារៈ ចំណីចំណុក ម្ហូបអាហារ និងអាំងប៉ាវ ដើម្បីអបអសាទរឆ្នាំថ្មី ស្របពេលដែលស្ថានភាពប្រទេសជាតិកំពុងមានសុខសន្តិភាពល្អប្រសើរ។ គ្មានអ្វីដែល​ធ្វើឲ្យ​ពលរដ្ឋមាន​កង្វល់ ឬព្រួយបារម្ភឡើយ ក្រៅតែពីការត្រៀមរៀបចំពិធីអបអរសាទ និងជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ។

ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវសូម ឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា-ចិន មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេល​អុជ​ធូបទៀន និងដុតក្រដាសសែន ចៀសវាងអគ្គីភ័យដែលអាចកើតមានឡើងដោយសារការធ្វេសប្រហែសណាមួយ។ សូមបើកបរ គោរពច្បាប់ចរាចរណ៍ និងធ្វើដំណើរមានសុខសុវត្ថិភាពនៅគ្រប់ទីកន្លែង។ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជាទីស្រឡាញ់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ៕