Friday, February 01, 2019

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន​ អំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជធូបទៀន និងដុតក្រដាសសែននៅថ្ងៃសែនចូលឆ្នាំចិន

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអំពាវនាវទៅដល់បងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ឬក៏ជនជាតិចិននៅកម្ពុជា ត្រូវមានស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់លើការអុជធូបទៀន ​និងដុតក្រដាសសែនជាដើមនៅក្នុងថ្ងៃសែនចូលឆ្នាំចិន កុំឲ្យបង្កទៅជាគ្រោះអគ្គិភ័យ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអំពាវនាវនៅលើ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះ «សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលអុជធូបទៀន និងដុតក្រដាសសែន ចៀសវាងអគ្គីភ័យដែលអាចកើតមានឡើងដោយសារការធ្វេសប្រហែសណាមួយ»។
ពិធីសែនចូលឆ្នាំប្រពៃណីចិន នឹងឈានចូលមកដល់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នាសប្តាហ៍ក្រោយនេះហើយ។ គ្រាដែលពិធីសែនចូលឆ្នាំចិនជិតចូលមកដល់នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានគូសរំលេចផងដែរថា ក្រោមដំបូលនៃសុខសន្តិភាពរបស់ប្រទេសជាតិ គ្មានអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនព្រួយបារម្ភនោះឡើយ ក្រៅតែពីការមមាញឹកត្រៀមរៀបចំពិធីអបអរសាទរ និងជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ ក៏ដូចជាត្រៀមរៀបចំសម្ភារៈ ចំណីចំណុក ម្ហូបអាហារ និងអាំងប៉ាវ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នផងដែរ​ សម្រាប់ការធ្វើដំណើរកម្សាន្តទៅទីជិតឆ្ងាយកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕

No comments:

Post a Comment