Friday, February 01, 2019

ខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំ​ពិភាក្សាការងារ ​សិក្សាស្វែងយល់​អំពីសកម្មភាពការងារ ​និងបញ្ហា​ប្រឈមនានា​

កំពង់ឆ្នាំង៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានទទួលជួបប្រជុំពិភាក្សាកាងារ និងសិក្សាស្វែងយល់សកម្មភាពការងារ និងបញ្ហាប្រឈមនានានៅក្នុងខេត្ត ជាមួយគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា ដែលដឹកនាំដោយលោក ជា វ៉ាន់ដេត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភាទទួលបន្ទុកផ្នែកផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធនានា លោក លោកស្រីសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ទាំង៨ផងដែរ។
ក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន បានអានរបាយការណ៍ជូនអង្គប្រជុំដោយរៀបរាប់ពីលក្ខណ:ភូមិសាស្រ្ត ប្រជាពលរដ្ឋ ការប្រកបរបរអាជីវកម្ម វិនិយោគ កសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។ លោកបានមានប្រសាសន៍បន្តថា ក្នុងនាមរដ្ឋបាលខេត្ត បានអនុវត្តការងារលើគ្រប់វិស័យ ក្រៅពីការកសាងសមិទ្ធផលផ្សេងៗមានការរីកចម្រើនហើយ រដ្ឋបាលខេត្តបានបម្រើការងារផ្សេងៗជាច្រើនទៀតជូនប្រជាពលរដ្ឋ និងបានផ្សព្វផ្សាយជូនដំណឹងពីការងារថ្មីៗឱ្យពួកគាត់បានដឹងយកទៅអនុវត្ត ព្រមទាំងជួយសម្រួលបង្កលក្ខណ:ងាយស្រួលដល់អ្នកវិនិយោគិននៅក្នុងខេត្ត ទាំងវិនិយោគិនបរទេស វិនិយោគិនក្នុងស្រុក ពិសេសវិស័យកសិកម្ម កសិឧស្សាហកម្ម និងសេវាកម្មផ្សេងៗជាច្រើនទៀត។
បន្ទាប់ពីរបាយការណ៍របស់លោកអភិបាលខេត្ត រួចមក លោក ជា វ៉ាន់ដេត បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង និងអង្គភាពពាក់ព័ន្ធដែលបានខិតខំអនុវត្តកន្លងមកស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងស្របតាមច្បាប់រដ្ឋធម្មនុញ្ញបានកំណត់។

លោក ជា វ៉ាន់ដេត បានបន្ថែមថា បញ្ហាប្រឈមដែលនៅសេសសល់ លោកក៏បានផ្តាំផ្ញើអោយរដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយអោយបានទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលរបស់ខ្លួនអោយបានជោគជ័យ៕


No comments:

Post a Comment