Friday, February 01, 2019

លោក កែវ ពៅ អំពាវនាវអ្នកធ្វើដំណើរចរាចរណ៍លើផ្លូវគោកត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ

កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរ ក្នុងឱកាសបុណ្យឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះ។
លោកប្រធានមន្ទីរបានអំពាវនាវបែបនេះ ក្នុងពេលដែលជួបជាមួយ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងក្នុងការពាក់មួកសុវត្ថិភាព នៅភូមិស្មែត្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកបានអោយដឹងថា រាល់ពេលមានពិធីបុណ្យធំៗ គ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានឡើង ស្ទើរគ្រប់ទីកន្លែងដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ទាំងកត្តាសេដ្ឋកិច្ច ជីវភាពរស់នៅ ហើយបង្ករអោយមនុស្សរបួស និងស្លាប់ ជាបន្តបន្ទាប់។ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ប្រជាពលរដ្ឋត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាក្នុងពេលធ្វើដំណើរ។ ចំពោះម៉ូតូពេលធ្វើដំណើរ ត្រូវពាក់មួកសុវត្តិភាព មានកញ្ចក់មើលក្រោយ ដោយឡែកអ្នកបើកបររថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាប្រចាំ ការបើកបរត្រូវចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
លោកប្រធានមន្ទីរ បានអោយដឹងទៀតថា យុទ្ធនានេះជាលើកទី១៤ ហើយ សម្រាប់យុទ្ធនាការពាក់មួកសុវត្ថិភាព ដែលបានចែកមួកសុវត្ថិភាពជូន ប្រជាពលរដ្ឋបានសរុបចំនួន ១.៤៥៣មួក។ ហើយថ្ងៃនេះបានបំពាក់មួកសុវត្ថិភាពដល់ ប្រជាពលរដ្ឋដែលបានឆ្លើយសំណួរត្រូវចំនួន ៧០មួក ផងដែរ។

ក្រៅពីពាក់មួកសុវត្ថិភាព មន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន បានចែក ជូននូវសៀវភៅច្បាប់ចររាចរណ៍ផ្លូវគោក ខិតប័ណ្ណអប់រំស្តីពីចរាចរណ៍ និង បិទចំណាំងផ្លាតដល់យានយន្ត និងទោចក្រយាន្តជាច្រើនផងដែរ៕




No comments:

Post a Comment