Friday, February 01, 2019

កម្ពុជា គ្រោងរៀបចំធ្វើលំហាត់ហ្វឹកហ្វឺនមហារំអិល១៩ នៅខេត្តកោះកុង ក្រោមប្រធានបទ «ប្រឆាំងនឹងការប្លន់នាវាដឹកប្រេង»

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឯកភាពនៅក្នុងគម្រោងផែនការធ្វើ​លំហាត់ហ្វឹកហ្វឺន មហារំអិល១៩ ដែលលំហាត់នេះធ្វើរៀងរាល់២ឆ្នាំម្ដង ហើយនៅឆ្នាំនេះនឹងប្រារព្ធនៅក្នុង​ដែនសមុទ្រខេត្តកោះកុង ដោយលើកយកប្រធានបទ «ប្រឆាំងនឹងការប្លន់នាវាដឹកប្រេង»។
ការឯកភាពរបស់ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោក បានអញ្ជើញបើកកិច្ចប្រជុំពេញអង្គ ដើម្បីត្រួតពិនិត្យការងាររបស់ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្តថា សម្រាប់លំហាត់ហ្វឹកហ្វឺនមហារំអិលនេះ អាចនឹងធ្វើឡើងខ្ទង់​ខែចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើងដោយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។ ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្រ្ដី បានកោតសសើដល់ក្រុមការងារបច្ចេកទេស របស់អគ្គលេខាដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលបានចុះស្រាវជ្រាវត្រួតពិនិត្យ និងសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណាឱ្យ​កិច្ចការលម្ហសមុទ្រកម្ពុជា មានដំណើរការទៅមុខល្អ។
លោក សួង សំណាង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជាក់ថា គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានរៀបចំជួសជុលនាវាប្រដេញដោយខ្លួនឯង ដែលបានផ្លាស់ប្ដូរម៉ាស៊ីនដោយប្រើប្រាស់ថវិកាជាតិ និងការកសាង់សាលប្រជុំ ការចុះទៅតាមតំបន់សមុទ្រដើម្បីត្រួតពិនិត្យសភាពការ ការវិវត្តរីកចម្រើននៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាលប្រទេសជាដៃគូរ គឺបញ្ហាសន្តិសុខលំហសមុទ្រ។

របាយការណ៍កិច្ចប្រជុំពេញអង្គ ដើម្បីត្រួតពិនិត្យការងារ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បង្ហាញថា ឆ្នាំ២០១៨ មានបទល្មើសនៅលើ ផ្ទៃសមុទ្រមានការថយចុះ ហើយក្នុងនោះ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្យ បានសម្រេចលើការងារកសាងអង្គភាពជាច្រើនដូចជា៖ ការកសាងប៉ុស្តិ៍ជួរមុខ នៅក្នុងខេត្តព្រះសីហនុ, កោះកុង, កំពត ដោយឡែកនៅខេត្តកែប កំពុងតែមានគម្រោងការសាងសង់ប៉ុស្តិ៍លំហសមុទ្រមួយ ៕



No comments:

Post a Comment