Friday, February 01, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សុខសន្តិភាព ធ្វើឲ្យបងប្អូនខ្មែរ-ចិន ត្រៀមអបអរសាទពិធីចូលឆ្នាំចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីទៀតថា កត្តាសុខសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋ​ទូទាំង​ព្រះរាជា​ណា​ចក្រកម្ពុជាសប្បាយរីករាយ គ្មានកង្វល់ ឬព្រួយបារម្ភអ្វីឡើយ ក្រៅពីការត្រៀមរៀបចំពិធីអបអរសាទ និងជួបជុំសប្បាយ​រីក​រាយជាមួយក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំចិន ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
សំណេរក្នុងទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី បានរៀបរាប់យ៉ាងដូច្នេះថា៖ ថ្ងៃ​ចូល​ឆ្នាំ​ចិនក៏កាន់តែកៀក បងប្អូនខ្មែរ-ចិន រួមទាំងពលរដ្ឋខ្មែរមួយភាគធំក៏បានត្រៀមរៀបសម្ភារៈ ចំណីចំណុក ម្ហូបអាហារ និងអាំងប៉ាវ ដើម្បីអបអសាទរឆ្នាំថ្មី ស្របពេលដែលស្ថានភាពប្រទេសជាតិកំពុងមានសុខសន្តិភាពល្អប្រសើរ។ គ្មានអ្វីដែល​ធ្វើឲ្យ​ពលរដ្ឋមាន​កង្វល់ ឬព្រួយបារម្ភឡើយ ក្រៅតែពីការត្រៀមរៀបចំពិធីអបអរសាទ និងជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ។

ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវសូម ឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា-ចិន មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេល​អុជ​ធូបទៀន និងដុតក្រដាសសែន ចៀសវាងអគ្គីភ័យដែលអាចកើតមានឡើងដោយសារការធ្វេសប្រហែសណាមួយ។ សូមបើកបរ គោរពច្បាប់ចរាចរណ៍ និងធ្វើដំណើរមានសុខសុវត្ថិភាពនៅគ្រប់ទីកន្លែង។ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជាទីស្រឡាញ់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ៕

No comments:

Post a Comment