Friday, February 01, 2019

ហ៊ាន ឬមិនហ៊ាន!

បន្ទាប់ពី សម រង្ស៊ី ប្រកាសក្តែងៗថាចង់វិលចូលស្រុកវិញនោះ អ្នកវិភាគ ឡៅ ម៉ុងហៃ បានឌឺដងផ្លែផ្កាថា លោក សម រង្ស៊ី គួរតែគោរពពាក្យសម្តីខ្លួនឯង បើសន្យាថាមកវិញ ត្រូវតែមក។ ប៉ុន្តែទោះបើជាយ៉ាងណា លោក ឡៅ ម៉ុងហៃ ថា សម រង្ស៊ី គេចមិនរួចពីការប្រឈមនឹងការចាប់ខ្លួនទេ និងអាចមានការវាយប្រហារតាមរូបភាពផ្សេងៗ ឬក៏អាចមានវាសនាអាក្រក់ធ្ងន់ធ្ងរជាងការចាប់ខ្លួនទៀតក៏ថាបានដែរ ប្រសិនបើគាត់ហ៊ានមកវិញមែននោះ។
លោក ឡៅ ម៉ុងហៃ នៅថ្ងៃទី៣១មករានេះ បានប្រាប់កាសែតមួយថា លោក សម រង្ស៊ី គួរប្រកាន់សម្តីខ្លួនក្នុងនាមជាកូនប្រុស ហើយវិលត្រឡប់មកវិញដូចអ្វីដែលបានសន្យា។ គាត់គួរតែធ្វើតាមគំរូរបស់លោក Nawaz Sharif ដែលជាអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលគេហ៊ានប្រថុយគ្រោះថ្នាក់។ ទោះបីជាបែបនេះក្តី លោក ម៉ុងហៃ ថា គាត់មិនរំពឹងថា សម រង្ស៊ី នឹងវិលត្រឡប់មកវិញមែននោះទេ ដោយសារតែគាត់បានសន្យាចោល ជាច្រើនដងរួចមកហើយ។ លោក ឡៅ ម៉ុងហៃ ថា ពេលកន្លងមក សម រង្ស៊ី ធ្លាប់សន្យាហើយតែមិនបានមកទេ ពីព្រោះនៅពេលគាត់មក អាចប្រឈមនឹងការចាប់ខ្លួនដាក់ពន្ធនាគារ។ ដូច្នេះកង្វល់របស់គាត់នឹងមិនផ្លាស់ប្តូរនៅពេលនេះទេ ហើយដោយផ្អែកលើស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេស ដែលវាកាន់តែអាក្រក់ជាងមុនទៀតនោះ។
យោងលើការបញ្ជាក់របស់អ្នកវិភាគ ឡៅ ម៉ុងហៃ ទណ្ឌិតធ្លាប់រត់ចោលគុក សម រង្ស៊ី ទំនងជាមិនហ៊ានចូលស្រុកវិញទេ ហើយការប្រកាសថាមកវិញនេះ គ្រាន់តែជាការបោកប្រាស់ក្នុងគោលដៅប្រមូលលុយចូលហោបៅបក្ខពួកខ្លួន និងឱ្យអ្នកគាំទ្រមានសង្ឃឹម ខណៈដែលជីវិតនយោបាយរបស់ទណ្ឌិតរូបនេះ កាន់តែចាស់និងជិតផុតរលត់ទៅហើយនោះ៕

ដោយ៖ ដំដែក

No comments:

Post a Comment