Friday, February 01, 2019

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រគល់គ្រឿងចក្រសម្អាតឆ្នេរចំនួន​ ២គ្រឿង​ ជូនដល់ខេត្តព្រះសីហនុ​ ១គ្រឿងជូនខេត្តកំពត​ និងខេត្តកែប​

ព្រះសីហនុ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ទីរជំនាញជុំវិញខេត្ត បានរៀបចំពិធី ប្រគល់គ្រឿងចក្រសម្អាតឆ្នេរចំនួន ២គ្រឿង ជូនដល់ខេត្តព្រះសីហនុ ១គ្រឿងជូន ខេត្តកំពត និងខេត្តកែប។
លោក នី ផល្លី អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នខេត្តព្រះសីហនុមានឆ្នេរសមុទ្រចំនួន៧ ឆ្នេរសមុទ្រ៤ កំពុងបើកបំរើសេវាកម្មជូនប្រជាពលរដ្ឋ ដែលជាតម្រូវការឆ្នេរស្អាត ដែលឆ្នេររបស់យើងរងផលប៉ះពាល់បរិស្ថាន ។ គណៈកម្មាធិការអភិវឌ្ឍន៍ គ្រប់គ្រងតំបន់ឆ្នេរ បានអំពាវនាវដល់សប្បុរសជន និងវិស័យឯកជនចូលរួម សហការទិញគ្រឿងចក្រសម្អាតឆ្នេរបាន ៣គ្រឿង ហើយថ្ងៃនេះយើងបានប្រគល់ជូន ខេត្តព្រះសីហនុ ២គ្រឿង ខេត្តកែប និងកំពត ១គ្រឿង ហើយមន្ទីរទេសចរណ៍ ជាសេនាធិការក្នុងការគ្រប់គ្រងថែរក្សាការពារ ក្នុងការសម្អាតឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ។
ស្របគ្នានោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់សមុទ្រកម្ពុជា បានប្រគល់គ្រឿងចក្រសម្អាតឆ្នេរ៣គ្រឿង ជូនដល់ខេត្តព្រះសីហនុ២គ្រឿង និងមួយគ្រឿងទៀតប្រគល់ជូនទៅខេត្ត កំពត ខេត្តកែប ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សង្ឃឹមថា គ្រឿងចក្រទាំង ៣គ្រឿង ត្រូវគ្រប់គ្រង ថែរក្សាដោយមានការចូលរួមពីប្រជាពលរដ្ឋ និងវិស័យឯកជន ពិសេសអាជីវករ តាមតំបន់ឆ្នេរ ចលនាប្រជាពលរដ្ឋនៅតាមសហគមន៍ចូលរួសម្អាតបរិស្ថាន នៅតាមតំបន់ឆ្នេរសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍សេដ្ឋកិច្ច មានភ្ញៀវក្នុងស្រុកជាង ៧០ម៉ឺននាក់ ក្នុងឆ្នាំ២០១៨ ខេត្តទទួលបានភ្ញៀវជាង ២លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិន ជាង ២០ម៉ឺននាក់ ។
លោក ថោង ខុន បានថ្លែងទៀតថា ព្រលានយន្តហោះអន្តរជាតិខេត្រព្រះសីហនុ មានជើងហោះហើរកើនឡើង ហើយច្រកកំពង់ផែសមុទ្រក៏នាំមកនូវភ្ញៀវទេសចរ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា និងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ មកខេត្តព្រះសីហនុនាពេលខាងមុខ។ ខេត្តព្រះសីហនុមាន ផ្លូវគមនាគមន៍ ដូចជា ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងផ្លូវគោក ខេត្តព្រះសីហនុ និងមានការអភិវឌ្ឍ រីកចម្រើនៅថ្ងៃខាងមុខ ដោយសារបច្ចុប្បមុនខេត្តព្រះសីហនុ មានការអភិវឌ្ឍ យ៉ាងគំហ៊ុក ចាំបាច់យើងត្រូវការពារតំបន់ឆ្នេរសមុទ្ររបស់យើងការពារទឹក កខ្វក់ហូរចូលសមុទ្រ ការគ្រប់គ្រងតំបន់ឆ្នេរសម្រាប់កូនចៅជំនាន់ក្រោយ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងក្រុង ខេត្ត។

មន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា យើងត្រូវបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបំរើសេវាកម្មទេសចរណ៍ ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ថ្វីត្បិតតែខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងគំហុក វាមានផលប៉ះពាល់ដល់បរិស្ថាន និងសន្តិសុខ ក៏ប៉ុន្តែយើងត្រូវធ្វើយ៉ាងណាឱ្យផលប៉ះពាល់នោះមានតិចតួច៕



No comments:

Post a Comment