Tuesday, June 29, 2021

បទអន្តរាគមន៍សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងសន្និសីទតុមូល ក្រោមប្រធានបទ«តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការ-ពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»

− ឯកឧត្តម ឌីមេទ្រី មេដវេឌេវ, ប្រធានគណបក្សរួបរួមរុស្សី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី,

− ឯកឧត្តមប្រធាន និងតំណាងគណបក្សនៃបណ្តាប្រទេសអាស៊ាន,

− ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ជាបឋម, ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សរួបរួមរុស្ស៊ី ដែលបានរៀបចំឡើងនូវសន្និសីទតុមូលនេះ ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃកម្លាំងគណបក្សនយោបាយ រុស្សី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ។

ជាការពិត, ការឆ្លងរាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ បានកើតឡើងក្នុងអំឡុងពេលដ៏លំបាកមួយ ដែលនិន្នាការពហុភាគីនិយមកំពុងតែស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់ការកើនឡើងនៃនិន្នាការ ឯកតោភាគីនិយម, ប្រជានិយម និងគាំពារនិយម ។ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗ បានធ្វើឱ្យស្ថានភាពនេះកាន់តែមានភាពស្មុគស្មាញ ខណៈពេលដែលស្មារតីល្បែងផលបូកសូន្យនៃសង្រ្គាមត្រជាក់ថ្មីកំពុងលេចឡើង ហើយសណ្តាប់ធ្នាប់ពិភពលោកកំពុងត្រូវបានបែងចែក ដោយសារសង្រ្គាមពាណិជ្ជកម្ម, សង្រ្គាមបច្ចេកវិទ្យា និងសង្គ្រាមដោយតួអង្គតំណាងដ៏ក្តៅគគុកមួយចំនួនទៀត ។

ពិភពលោកក៏កំពុងតែជួបប្រទះនូវការប្រកួតប្រជែងដ៏តឹងតែង រវាងប្រព័ន្ធគោលនយោបាយអន្តរ-ជាតិផ្សេងគ្នា ដែលមានភាពដាច់ដោយឡែក រួមជាមួយនឹងការកើនឡើងនូវការប៉ះទង្គិច និងការប្រកួតប្រជែង រវាងគុណតម្លៃ ក្នុងការដឹកនាំពិភពលោក ស្របគ្នាទៅនឹងការប្រឈមមុខផ្នែកយោធា ឬការប្រណាំងប្រជែង អាវុធថ្មីតែម្តង ។ និន្នាការដ៏គួរឱ្យព្រួយបារម្ភនេះ នៅមិនទាន់បានរាប់បញ្ចូលនូវទិដ្ឋភាពមនុស្សធម៌ នៃវ៉ាក់-សាំង កូវីដ-១៩ ដែលប្រទេសជាច្រើនកំពុងតែដណ្តើមគ្នា ក្រោមស្លាកស្មារតីជាតិនិយម, គាំពារនិយម និងការរើសអើងរៀងៗខ្លួន បើទោះបីជាការពិតបង្ហាញយ៉ាងច្បាស់ថា ភាគច្រើននៃប្រជាជនគ្រប់រូបនៅលើពិភពលោកត្រូវការវ៉ាក់សាំងនេះបំផុត ដើម្បីសង្រ្គោះអាយុជីវិតរបស់ពួកគេ ។

ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ កំពុងត្រូវបានកំណត់ដោយការបែងចែកភូមិសាស្ត្រនយោបាយ ។ ភាព-មិនពិតប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយនេះ បានជំរុញឱ្យមានការដាក់គំនាបលើខ្លួនឯង ពីសំណាក់រដ្ឋមួយចំនួន នៅពេលដែលពួកគេព្យាយាមលើកកម្ពស់ការធ្វើពិពិធកម្ម និងកិច្ចសហប្រតិបត្តិការពហុទិស ។ សម្ពាធនេះបានរារាំងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិក្នុងការជ្រើសរើសផ្លូវឆ្ពោះទៅកាន់ការអភិវឌ្ឍដែលសមស្របនឹងបរិបទនៃប្រទេសទាំងនោះ ។

ស្ថិតក្នុងស្ថានការណ៍នេះ, សន្និសីទតុមូលនេះពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា ក្នុងការ-បញ្ជ្រាបតួនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយ ក្នុងការថែរក្សាសណ្តាប់ធ្នាប់ពិភពលោក ដែលឱ្យតម្លៃទៅលើកិច្ចសហប្រតិបត្តិការ ជៀសជាងការប្រឈមមុខដាក់គ្នា, សាមគ្គីភាពជៀសជាងការបែកបាក់គ្នា និងការអភិវឌ្ឍជៀសជាងការបំផ្លិចបំផ្លាញ ។ សន្និសីទតុមូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ឱ្យយើងទាំងអស់គ្នា រួបរួម និងបង្ហាញនូវសារមួយយ៉ាងម៉ឺងម៉ាត់ ក្នុងការទាត់ចោលនូវស្មារតីសង្គ្រាមត្រជាក់ថ្មី និងកិច្ចខំប្រឹងប្រែងក្នុងការបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានវិសាលភាពធំជាងការបែងចែកនៃភូមិសាស្ត្រនយោបាយ ។

− ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសមួយ ដែលយើងអបអរសាទរខួបលើកទី ២៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-រុស្ស៊ី ។ កម្ពុជា ពិតជាមានមោទនភាពចំពោះភាពរឹងមាំ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង រុស្ស៊ី និងអាស៊ាន។ ជាការពិត, រុស្ស៊ី គឺជាដៃគូដ៏សំខាន់ក្នុងការរក្សាសន្តិភាព, សន្តិសុខ និងស្ថិរភាព ក្នុងតំបន់ ។ ជាមួយគ្នានេះ, រុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ អាស៊ាន ដែលស្ថិតក្នុងលំដាប់ទី ៨ ។ ចលនាការវិជ្ជមាននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែងក្នុងរយៈកាល ប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ជាងនេះទៅទៀត, គំនិតផ្តួចផ្តើមជាច្រើនក្នុងផ្នែក ហិរញ្ញវត្ថុ, អប់រំ, ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ច និងកម្មវិធីផ្លាស់ប្តូរយុវជន ក៏ត្រូវបានអនុវត្តជាបន្តបន្ទាប់ និងបានផ្តល់តម្លៃបន្ថែម ដល់កិច្ចសហ-ប្រតិបត្តិការរបស់យើង លើការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិ-បត្តិការនេះ ខ្ញុំសូមស្នើសុំការអនុញ្ញាតចែករំលែកទស្សនៈមួយចំនួនរបស់ខ្ញុំ អំពីវិធីដែលគណបក្សនយោបាយ របស់អាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៖

ទីមួយ. យើងត្រូវផ្តោតលើកិច្ចការចំពោះមុខដែលចាំបាច់បំផុត, ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ យើងត្រូវចាត់ទុកកិច្ចការនេះជាបេសកកម្មរួមរបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺដ៏សាហាវនេះ ហើយយើងក៏គួរចៀសវាងនូវរាល់ផលរំខានផ្នែកនយោបាយទាំងឡាយណា ដែលអាចកើតមានឡើង ។

ទីពីរ. ក្រោយពេលវិបត្តិជំងឺកូវីដ-១៩, យើងត្រូវរួមគ្នាជំរុញការងើបឡើងវិញប្រកបដោយភាពធន់ទាំងអស់គ្នា ។ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ថា រុស្ស៊ី និងអាស៊ាន អាចរួមគ្នាជាធ្លុងមួយក្នុងការសម្រេចបាននូវគោលបំណង តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍ រួមទាំងសកម្មភាពផ្សេងៗទៀត ។ ទន្ទឹមនេះ, ខ្ញុំសូមគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់រុស្ស៊ី ជាមួយនឹងអាស៊ាន ជាពិសេសលើការគាំទ្រការអនុវត្តយុទ្ធសាស្ត្រទាំង ៥ នៃ ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework – ACRF) ។

ទីបី. យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដង ក្នុងការលើកកម្ពស់ប្រព័ន្ធអន្តរ-ជាតិមួយ ដែលមានអង្គការសហប្រជាជាតិជាស្នូល (UN-Centered International System) និង ការស្ថាបនាឡើងនូវនិមាបនកម្មតំបន់ ដែលមានភាពបើកចំហ, យុត្តិធម៌, ស្ថិរភាព និងភាពអាចប៉ាន់ប្រមាណបាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើគោលការណ៍នៃការគោរព និងយោគយល់គ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ ក្នុងន័យនេះ, ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតនូវការប្រកាន់ខ្ជាប់ទាំងស្រុងរបស់យើងចំពោះគោលនយោបាយមជ្ឈភាពអាស៊ាន ដែលជា គោលការណ៍មិនអាចខ្វះបាន ក្នុងការជំរុញទំនាក់ទំនងការទូតពហុភាគីនៅក្នុងតំបន់នេះ ។

ទីបួន. យើងត្រូវតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងទៅលើកិច្ចការនានា ដែលរួបរួមយើងជាធ្លុងមួយ ហើយចៀសវាងនូវរាល់បញ្ហាណាដែលអាចបំបែកបំបាក់យើង ខណៈពេលយើងត្រូវទទួលស្គាល់អំពីតម្រូវការនៃការរក្សាវេទិកាសន្ទនាដែលបើកចំហ និងសេរី ចំពោះភាពខុសគ្នារបស់យើង ។ យើងចាំបាច់ត្រូវតែផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែលជំរុញឱ្យមានការជឿទុកចិត្តគ្នា និងបង្កើនទំនុកចិត្ត ព្រោះចំណងយុទ្ធសាស្រ្តនេះ ត្រូវបានកសាងឡើងពីការជឿទុកចិត្ត ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងស្មារតីនៃសង្រ្គាមត្រជាក់ ។ ការងារមួយចំនួនទៀត ដូចជា ប្រតិបត្តិការរក្សាសន្តិភាព, សន្តិសុខអ៊ីនធឺណិត, ការគ្រប់គ្រងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ គឺជាចំណុចមួយដ៏ល្អសម្រាប់ចាប់ផ្តើមកិច្ចសហប្រតិបត្តិការទាំងនេះ ។

ទីប្រាំ. ចំពោះទិដ្ឋភាពវប្បធម៌, ខ្ញុំសូមផ្តល់ការគាំទ្រទាំងស្រុងចំពោះ «ម៉ារ៉ាតុងវប្បធម៌» ដែលជាគំនិតផ្តួចផ្តើមរបស់គណបក្សរួបរួមរុស្ស៊ី និងមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាង «ច្រករបៀងវប្បធម៌» ដើម្បីលើកកម្ពស់សន្តិភាព, សុខដុមភាព និងវិបុលភាពរបស់យើង ។

ជាកិច្ចបញ្ចប់, ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការជំរុញទំនាក់-ទំនងសន្ទនារវាងអាស៊ាន និងរុស្ស៊ី ជាពិសេសនៅពេល ដែលកម្ពុជានឹងដើរតួជា ប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងសន្ទនានេះ ចាប់ផ្តើមពីខែ សីហា ឆ្នាំ ២០២១ នេះតទៅ ។ កម្ពុជាសង្ឃឹមថា គណបក្សនយោបាយទាំងឡាយរបស់អាស៊ាន និងរុស្ស៊ី នឹងដោះស្រាយឧបសគ្គជាមួយគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឡើងនូវពិភពលោកមួយ ដែលដ៏ល្អជាងមុន សម្រាប់មិត្តភាព, កិច្ចសហប្រតិបត្តិការ, សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី នូវសុខភាពល្អ, សុភមង្គល និងជោគជ័យចំពោះគ្រប់ភារកិច្ច ។

សូមអរគុណ !

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ខួប៧០ឆ្នាំថ្ងៃកំណើតគយ និងរដ្ឋាករ

(ភ្នំពេញ)៖ រដ្ឋបាលគយកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ ក្នុងសម័យអាណានិគមនិយមបារាំង ដោយព្រះរាជក្រមលេខ ៦៦១នស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ ក្រោយមករដ្ឋបាលគយកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះ រចនាសម្ព័ន្ធគ្រប់គ្រង និងទីតាំងជាបន្តបន្ទាប់ តាមការប្រែប្រួលនិន្នាការនយោបាយ សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃ និងបរិបទសង្គម និងសេដ្ឋកិច្ចពីសម័យកាលមួយទៅសម័យកាលមួយ មុននឹងឈានដល់ការបង្កើត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបច្ចុប្បន្នក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ 


គិតមកដល់ឆ្នាំ២០២១នេះ រដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ដែលជាស្ថាបនិកមានសមត្ថកិច្ចក្នុងការគ្រប់គ្រងត្រួតពិនិត្យប្រមូលពន្ធអាករ និងកម្រៃគ្រប់ប្រភេទលើទំនិញនាំចេញនាំចូលមានអាយុកាល ៧០ឆ្នាំហើយ។ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ជាទិវាប្រវត្តិសាស្ត្ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា។ ជាមួយនឹងខួប៧០ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារលិខិតជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃស្ថាប័នគយ និងរដ្ឋាករកម្ពុជា ដើម្បីអបអរសាទថ្ងៃកំណើតស្ថាប័នដើរតួនាទីដ៏សំខាន់លើការរកចំណូលជាតិមួយនេះផងដែរ។ 

ក្នុងសារលិខិតអបអរសាទរនេះ សម្តេចតេជោ ហ៊ុន សែន បានរំលេចនូវសាវតារនៃការកកើត និងដំណើរការវិវឌ្ឍមួយចំនួនរបស់ស្ថាប័ននេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានយកចិត្តទុកដាក់ និងប្រឹងប្រែងសម្រេចឱ្យបាននូវលទ្ធផលដ៏ល្អប្រសើរក្នុងការកៀងគរថវិកាជូនជាតិលើការប្រមូលពន្ធទំនិញនាំចេញនាំចូល។ 

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវលទ្ធផលល្អប្រសើរលើការងារគ្រប់គ្រង និងប្រមូលពន្ធគយ។ ដោយសារតែពេលនេះប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ១៩នោះ តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមិនភ្លេចផងដែរ ក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បន្តយកចិត្តទុកដាក់បង្ការខ្លួន និងចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល។ 

ខាងក្រោមនេះជាវីដេអូ ដែលជាការអាននូវខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖


នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ ប្រជាពលរដ្ឋដែលធ្លាប់ឆ្លងជំងឹកូវីដ-១៩ ហើយបានទទួលការព្យាបាលជាសះស្បើយដោយក្រុមគ្រូពេទ្យ គឺមិនចាំបាច់ទៅចាក់វ៉ាក់សាំងទេ

កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានលើកឡើងថា ប្រជាពលរដ្ឋ ដែលធ្លាប់បានឆ្លងជំងឺកូវីដ១៩ ហើយបានទទួលការព្យាបាលជាសះស្បើយដោយក្រុមគ្រូពេទ្យ ហើយនោះ មិនចាំបាច់ទៅចាក់វ៉ាក់សាំងនោះឡើយ ពីព្រោះអ្នកមានអង់ទីគ័រអាចការពារខ្លួនអ្នកបានហើយ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់បែបនេះ ក្នុងឱកាសដែលលោក និងមន្ត្រីស្ថាប័នពាក់ព័ន្ធជាច្រើនរូបបានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តស្រុកចំនួន៥ ដែលរួមមានស្រុកបរសេដ្ឋ.ស្រុកគងពិសី.ស្រុកសំរោងទង.ស្រុកភ្នំស្រួច.និងស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។

លោក ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា៖ «បើប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ ហើយ យើងបានយកគាត់ទៅព្យាបាលបានជាសះស្បើយហើយនោះ គាត់ចង់មកចាក់វ៉ាក់សាំង ក្នុងគោលបំណងដែលគាត់មកចាក់ ដើម្បីចង់បានប័ណ្ណចាក់វ៉ាក់សាំងនោះ សូមជម្រាបទៅគាត់ថា មិនបាច់ចាក់វ៉ាក់សាំងទៀតទេ ព្រោះអ្នកមានប្រព័ន្ធភាពសាំុរួចទៅហើយ។ សូមជម្រាបថា៖ បើតាមលក្ខណៈបច្ចេកទេស នៃវិទ្យាសាស្ត្រសុខាភិបាល យើងមិនអាចចាក់ចាក់សាំងជូនគាត់បានទេ ដោយពេលដែលគាត់បានជាហើយនេះ គឺគាត់មានភាពស៊ាំ ឈ្នះនឹងជំងឺកូវីដ១៩ ដូច្នេះហើយបានជាគាត់ជា ពីជំងឺនេះ។ 

នាឱកាសនោះ លោក ឥត សារ៉ាត់ បានសំណូមពរក្រុមការងារចាក់វ៉ាក់សាំង ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវបំផុត លើវិធានសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ»។ សូមបញ្ជាក់ថា៖ បើតាមផែនការគ្រោងទុក នៅក្នុងភូមិសាស្ត្រក្រុង ស្រុកទាំង ៨ របស់ខេត្តកំពង់ស្ពឺមានប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ ប្រមាណជា ២៧ម៉ឺន ៨ពាន់ ៦៤៦នាក់ ក្នុងចំនួននោះអង្គភាពកងទ័ពទទួលចាក់ប្រមាណជាជាង ២៦ម៉ឺន ៨ពាន់ ៦៧០នាក់ លើ៦ ក្រុង ស្រុក នឹង ១៣ទីតាំងចាក់វ៉ាក់សាំង ដែលរួមមានស្រុកបរសេដ្ឋ.គងពិសី.ស្រុកសំរោងទង.ក្រុងច្បារមន.ស្រុកភ្នំស្រួច. និងស្រុកឧដ្ដុង្គ។ ដោយឡែកប្រជាពលរដ្ឋប្រមាណជា ៩ពាន់ ៩៧៦នាក់ទៀតក្នុងភូមិសាស្ត្រស្រុកថ្ពង.និងស្រុកឱរ៉ាល់ គឺផ្នែកសុខាភិបាលខេត្តកំពង់ស្ពឺជាអ្នកទទួលខុសត្រូវចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ៕







ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧២៣នាក់ ខណៈជាសះស្បើយ ៧០៩នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧២៣ នាក់ ខណៈអ្នកជំងឺចំនួន៧០៩ នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៩,២៥៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៣,៤៧៣នាក់ និងស្លាប់សរុបចំនួន ៥៧៥នាក់៕



ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន តាមតំបន់, សូមបន្តប្រុងប្រយ័ត្នបាតុភូតខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបញ្ជាក់ថា ប្រទេសកម្ពុជានឹងរងនូវឥទ្ធិពលពីរដំណាក់កាល គឺពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី៣ ខែកក្កដា ជាឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ និងពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និងជ្រលងសម្ពាធទាបពីចិន។ លក្ខណៈបែបនេះ ធ្វើឲ្យកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន ទៅតាមតំបន់។

ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើនមានឡើងផងដែរ៕



អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូដោយបញ្ជាក់ថា៖ កម្ពុជាទទួលជោគជ័យលើនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩!

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា « កម្ពុជាទទួលជោគជ័យលើនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩» ដែលវីដេអូនេះមានរយៈពេលជាង១៣នាទី។

វីដេអូនេះផលិតឡើង ក្នុងគោលបំណងបង្ហាញជូនប្រជាពលរដ្ឋឱ្យបានដឹងយ៉ាងជាក់ច្បាស់នូវការយកចិត្តទុកដាក់ដ៍ខ្ពស់បំផុត និងការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារអាយុជីវិតរបស់ប្រជាជន តាមរយៈការស្វះស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាតកូវីដ-១៩  ដែលរហូតមដល់ពេលនេះ ប្រជាជនកម្ពុជាជាង៤លាននាក់ហើយ ឬស្មើនឹងជាង៤០ភាគរយនៃចំនួនប្រជាជនគោលដៅ១០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់។

សូមទស្សនាវីដេអូដូចតទៅ៖

#ហ៊ុនសែន #Vaccine #កូវីដ១៩ #កម្ពុជា



អង្ករជាង ៦០០តោន ត្រូវបានចែកជូនដល់ស្រុកក្រុងទាំង៧ សម្រាប់ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩

 ពោធិ៍សាត់៖ រយៈពេល៦ខែ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបញ្ចេញអង្ករជាង ៦០០តោន ដល់ស្រុកក្រុងទាំង ៧ ដើម្បីចែកជូនដល់ជនចាស់ជរាគ្មានទីពឹង គ្រួសារក្រីក្រ និងប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួនដែលមានការខ្វះខាត ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។

បើតាមលោក ឃុត ឧសភា នាយករដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា អង្ករទាំងអស់នោះ គឺទទួលបានមកតាមរយៈសប្បុរសជន សហគ្រាសនានាទាំងក្នុង និងក្រៅខេត្ត ដែលបានជួយគាំទ្ររាល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត ជាពិសេសក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។

លោកនាយករដ្ឋបាលបន្តថា មិនត្រឹមតែអង្ករប៉ុណ្ណោះទេ គឺនៅមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាជាច្រើនមុខទៀត ដែលសប្បុរសជន បានជួយជាបន្តបន្ទាប់ ក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋដែលខ្វះខាត ដែលនេះគឺជាសិល្បៈនៃការចែករំលែកសម្រាប់អ្នកមានច្រើន ត្រូវចែកឱ្យអ្នកមានតិច ហើយអ្នកមានតិច ត្រូវចែកឱ្យអ្នកដែលក្រីក្រខ្វះខាតជាងនេះបន្តទៀត ដើម្បីភាពសុខដុមរមនាក្នុងសង្គមតែមួយ គ្រួសារតែមួយ និងរស់នៅក្រោមដំបូលសុខសន្តិភាពតែមួយ។

លោក ឃុត ឧសភា បានបញ្ជាក់បន្ថែមថា សកម្មភាពនេះគឺមានតាំងតែពីលោក ម៉ៅ ធនិន បានមកដឹកនាំយន្តការនៅក្នុងខេត្តបានជាង៧ឆ្នាំមកម្លេះ៕