Wednesday, December 02, 2020

គ្រីស្ទបរិស័ទកម្ពុជា ចេញសេចក្ដីណែនាំស្តីពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»

គ្រីស្ទបរិស័ទកម្ពុជា បានចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ក្នុងអំឡុងពេលព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ឆ្នាំ២០២០។ សេចក្ដីណែនាំបានឲ្យដឹងថា ដោយមានព្រឹត្តិការណ៍ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឥឡូនេះជំងឺកូវីដ-១៩ ត្រូវរាជរដ្ឋាភិបាលកំពុងដាក់ការសង្ស័យ មានការរាតត្បាតចូលសហគមន៍ជាច្រើនមានដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ដែលក្រសួងសុខាភិបាល កំពុងធ្វើការស្រាវជ្រាវ ករណីពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ខាងលើ។

គ្រីស្ទបរិស័ទកម្ពុជា សូមអំពាវនាវដល់ព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ គ្រប់គណៈនិកាយ សូមចូលរួមអនុវត្តការការពារ និងទប់ស្កាត់ឲ្យបានខ្ជាប់ខ្លួនតាមវិធានរបស់ក្រសួងសុខាភិបាល និងសូមផ្អាកការជួបជុំ ដូចជា ការថ្វាយបង្គំការប្រារព្ធពិធីណូអែល ឬពិធីផ្សេងៗជាបណ្តោះអាសន្ន ចាប់ពីថ្ងៃផ្សព្វផ្សាយនេះតទៅរហូតដល់មានការប្រកាសឲ្យមានការជួបជុំឡើងវិញចំពោះរាជធានីភ្នំពេញខេត្តសៀមរាប និងខេត្តប្រឈមខ្លាំង ដោយធ្វើការថ្វាយបង្គំតាមផ្ទះនិងតាមអនឡាយ (online) មិនឲ្យលើសពី២០នាក់។

ចំពោះខេត្តនានា ក្រៅពីរាជធានី-ខេត្តដែលបានបញ្ជាក់ខាងលើត្រូវអនុវត្តដូចខាងក្រោម៖
* អនុវត្តតាមសេចក្តីណែនាំជូនដំណឹង ឬសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ឬរដ្ឋបាលខេត្តដែលតាំងនៅ ឬការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។
* សូមធ្វើការផ្អាក ការជួបជុំ ការថ្វាយបង្គំ ការប្រារព្ធពិធីណូអែល ឬពិធីផ្សេងៗ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជៀសវាងការឆ្លងដោយយថាហេតុណាមួយ។
* សូមធ្វើការថ្វាយបង្គំព្រះ ជាក្រុមតូចៗមិនឲ្យលើសពី២០នាក់ ឬតាមអនឡាញ (Online) ឬនៅតាមផ្ទះរៀងៗខ្លួនដោយអនុវត្តខ្ជាប់ខ្លួនតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។
គ្រីស្ទបរិស័ទកម្ពុជា បានបន្ថែមទៀតថា ទទួលបានសេចក្តីណែនាំនេះសូមព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំ គ្រីស្ទបរិស័ទគ្រប់គណៈនិកាយ អនុវត្តឲ្យបានហ្មត់ចត់ជាទីបំផុត។

ក្នុងករណី ដែលមានបញ្ហាទាក់ទង នឹងការសង្ស័យថា មានជំងឺកូវីដ-១៩ ជាយថាហេតុ សូមគណៈដឹកនាំ វិហារនីមួយៗ រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលជិតបំផុត។ សូមយកឱកាសនេះ ដើម្បីថ្វាយបង្គំ អធិស្ឋានបួងសួងដល់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទសម្រាប់ប្រទេសជាតិយើង រួចផុតពីជំងឺឆ្លងកូវីដ-១៩នេះ គ្រប់ពេលវេលាដែលអាចធ្វើបាន៕





នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ផ្ញើលិខិតថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ លោក ទួរ ម៉ាតាន់ រ៉ូអាក់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានផ្ញើលិខិតថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្តល់ជំនួយឧបត្ថម្ភជាមាសចំនួន១លាន និងសម្ភារៈវេជ្ជសាស្រ្តផ្សេងទៀតជូនដល់ប្រជាជនទីម័រឡេស្តេ។

សូមអានលិខិតថ្លែងអំណរគុណខាងក្រោម៖







ទីស្តីការគណៈរដ្ឋមន្ត្រី ចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រីនិងតាមបណ្តាអង្គភាពក្រោមឱវាទ

 នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នៅទីស្តីការគណៈរដ្ឋមន្ត្រី និងតាមបណ្តាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តី ដោយបានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងកម្មករទាំងអស់ក្នុងទីស្តីការគណៈរដ្ឋមន្រ្តី និងតាមបណ្តាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តីដូចខាងក្រោម៖




តំបន់ប្រវត្តិយោធាតេជោ បុស្សស្បូវ ជាំតែ បានរួមចំណែកដល់កិច្ចការការពារអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

ព្រះវិហារ៖ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរាយការណ៍ជូនលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងប្រតិភូអំពីស្ថានភាពភូមិសាស្ត្រក្នុងតំបន់នេះ ដោយបានបញ្ជាក់ថា តំបន់បុស្សស្បូវ ជាំតែ ពីអតីតកាលជាសមរភូមិប្រទាញប្រទង់ដ៏តានតឹងបំផុត រវាងកំលាំងកងទ័ពប្រជាជនបដិវត្តិកម្ពុជានិងកំលាំងកងទ័ពកម្ពុជាប្រជាធិបតេយ្យ នាដើមទស្សវត្សឆ្នាំ១៩៨០ និងជាបន្តបន្ទាប់ រហូតមកដល់ដំណាក់កាលអនុវត្តិនយោបាយឈ្នះ ឈ្នះ របស់លោកនាយរកដ្ឋមន្រ្តី ហ៊ុន សែន ទើបតំបន់នេះ ទទួលបានសុខសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសជួបសំណេះសំណាលជាកងទ័ពឈរជើងនៅទិសជួរមុខនាពេលនោះ លោក ទៀ បាញ់ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះវិហារទាំងអស់ត្រូវបន្តថែរក្សា តឹកតាងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកនៅតំបន់ប្រវត្តិយោធាតេជោ បុស្សស្បូវ ជាំតែ ឱ្យបានគង់វង្ស។

លោក ទៀ បាញ់ បានបញ្ជាក់ថា ត្រូវរក្សាទីតាំងប្រវត្តិសាស្ត្រយោធាតេជោ បុស្សស្បូវ ជាំតែ ជាមជ្ឈមណ្ឌលកណ្តាលដោយមិនត្រូវធ្វើអោយបាត់ស្លាកស្នាមប្រវិត្តសាស្ត្រនៅទីនេះពីព្រោះតំបន់ប្រវត្តិយោធាតេជោ បុស្សស្បូវ ជាំតែ នេះបានរួមចំណែកដល់កិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាថែមទៀត។ លោក ទៀ បាញ់ បានអំពាវនាវដល់ស្ថាប័ន ដែលមានការពាក់ពន្ធ័ដូចជា ផ្នែកឧទ្យានជាតិ គំរបព្រៃឈើ វប្បធម៌ ត្រូវចូលរួមសហការគ្នាធ្វើយ៉ាងណាកុំឱ្យមានការបាត់បង់នូវស្លាកស្នាមប្រវត្តិសាស្រ្តាដ៏មានសារៈសំខាន់នេះ។ ក្នុងឱកាសនោះ លោក ទៀ បាញ់ បានចូលរួមដាំកូនឈើនៅក្នុងបរិវេណតំបន់ប្រវត្តិសាស្ត្រយោធាតេជោ បុស្សស្បូវ ជាំតែ ផងដែរ៕







លិខិតមិត្តអ្នកអាន៖ «កឹម សុខា ផ្លែផ្កាឲ្យក្រុមឧទ្ទាមក្រៅច្បាប់ពេលក្រុមនេះប្រកាសចូលស្រុក!»

នៅក្នុងសំណេរតាមហ្វេសប៊ុកនាល្ងាចថ្ងៃទី ១ ធ្នូ ឆ្នាំ ២០២០ នេះ កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនិងកំពុងធ្វើជា «ត្រីងៀតឆ្លៀតពង»ក្រោមលេសនៃសកម្មភាពមនុស្សធម៌នោះ បានសរសេរផ្លែផ្កាឌឺដងឲ្យក្រុមឧទ្ទាមក្រៅច្បាប់យ៉ាងចាស់ដៃ។

កឹម សុខា អះអាងថា «… ការ ដែលខ្មែរចង់កម្ចាត់គ្នាគឺនាំឲ្យបាត់បង់ពេលវេលានិងធនធានមនុស្សដើម្បីកសាងប្រទេស…។ ប្រទេសកម្ពុជាជាមាតុភូមិ ជា
ទឹកដីកំណើត ជាកន្លែងដែលខ្ញុំកើត រស់ និងស្លាប់ ដែលមិនអាចបោះបង់ និងមិនគាំទ្រអ្នកណាដែលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរនិងមាតុភូមិកម្ពុជាឡើយ…. ។ កឹម សុខា បន្តថា ខ្លួនមិនលើកទឹកចិត្តឲ្យមានការរើសអើង សងសឹកគ្នារវាងខ្មែរនិងខ្មែរទេ…»

សំណេរទាំងនេះ គឺជាពាក្យផ្លែផ្កា ឌឺដងចំៗទៅលើក្រុមអតីតយុទ្ធមិត្តក្លែងក្លាយរបស់ខ្លួនដែលបាន និងកំពុងបង្កព្យុះភ្លៀងធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគ្រោះថ្នាក់ដល់អ្នកគាំទ្រខ្លួនជាបន្តបន្ទាប់តាមរយៈសកម្មភាពញុះញង់ឲ្យអ្នក ទាំងនោះប្រព្រឹត្តអំពើបំពានច្បាប់ ហើយមានទោសទណ្ឌដើម្បីកេងចំណេញនយោបាយ។

ទន្ទឹមនឹងនោះ កឹម សុខា ក៏ចង់ប្រដៅក្រុមអ្នកនយោបាយដែលជំនាញខាងរត់ចោលស្រុកឲ្យចេះគិតប្រយោជន៍ជាតិ និងចេះផ្តល់សារៈសំខាន់ដល់ប្រទេសជាតិដែលជាទីកន្លែងកំណើត និងទីដែលខ្លួនបានរស់ធំធាត់ ដោយមិនត្រូវធ្វើសកម្មភាពបំផ្លិចបំផ្លាញជាតិរបស់ខ្លួនឡើយ។

កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការក៏បានប្រដៅអតីតគូសត្រូវរបស់ខ្លួន គឺសម រង្ស៊ីកុំឲ្យប្រើនយោបាយញុះញង់បញ្ឆេះកំហឹងឲ្យមានការរើសអើងនិងសងសឹកគ្នាតទៅទៀត។ សំណេររបស់ កឹម សុខា មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែ វាបានកើតឡើងស្របពេលដែលក្រុមឧទ្ទាមមួយដំបរស្វារដែលជាជើងឯកខាងរត់ចោលស្រុក ស្រាប់តែប្រកាសថានឹងចូលមកកម្ពុជាវិញនៅឆ្នាំ ២០២១ ខាងមុខ ដើម្បីប្រឈមមុខជាមួយតុលាការ។

តាមរយៈសំណេររបស់ខ្លួន កឹម សុខា ទំនងជាធុញទ្រាន់ខ្លាំងណាស់នឹងពាក្យភូតកុហកដដែលៗឥតបានការរបស់ក្រុមជ្រុលនិយមមួយនេះដែលតែងតែប្រកូកប្រកាសភូតកុហកអ្នកគាំទ្ររបស់ខ្លួនអំពីផែនការវិលចូលស្រុកហើយដែលនៅទីបំផុតបានត្រឹមតែនាំទុក្ខទោសដល់អ្នកគាំទ្រតែប៉ុណ្ណោះ។ ចំណែកឯអ្នក ទាំងអស់នោះវិញ នៅទីបំផុតតែងតែយកលេសនេះលេស នោះដើម្បីគេចវេសពីការទទួលខុសត្រូវចំពោះពាក្យសន្យារបស់ខ្លួនជានិច្ច។

សាររបស់ កឹម សុខា ក៏ត្រូវបានគេមើលឃើញថា ចង់បន្តុះបង្អាប់ក្រុមឧទ្ទាមក្រៅច្បាប់ថា ជាមនុស្សធុនអន់ពីព្រោះសូម្បីតែរូបគាត់ស្ថិតក្នុងស្ថានភាពជាប់បំរាមតុលាការ ក៏នៅអាចធ្វើអ្វីបានខ្លះជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួនដែរ។ ចុះពួក រត់ចោលស្រុកវិញ តើបានធ្វើអ្វីខ្លះក្រៅពីញុះញង់ឲ្យខ្មែរ
បែកបាក់និងបំផ្លិចបំផ្លាញប្រទេសជាតិរបស់ខ្លួននោះ?

នេះមិនមែនជាលើកទី១ទេ ដែលកឹម សុខា បានបង្ហើរសារតាម ហ្វេសប៊ុកដើម្បីឌឺដងឲ្យក្រុមអតីតបងប្អូនគូសត្រូវរបស់ខ្លួនដែលមិនចេះគិតគូរប្រយោជន៍ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។ ការបង្ហើរសារបែបនេះក៏ព្រោះតែ កឹម សុខា អាចយល់ឃើញថា ក្រុមនេះមិនបោះបង់ចោលចរិតបំផ្លាញជាតិទាល់តែសោះ។

ម្យ៉ាងទៀត កឹម សុខា និងក្រុម កឹម សុខានិយមដឹងច្បាស់ណាស់ថា ខ្លួនមិនអាចដើរផ្លូវជាមួយ ក្រុមឧទ្ទាមក្រៅច្បាប់បានទៀត ទេ តែក៏មិនអាចនិយាយចំៗបាន ដែរ គឺមានតែការផ្ញើសារតាម អនឡាញទេដើម្បីឲ្យពួក
ទាំងនោះដឹងខ្លួន។ ទោះបីជាសាររបស់ កឹម សុខា មិននិយាយ ត្រង់ៗ ថាសំដៅលើអ្នកណា ប៉ុន្តែគេក៍អាចយល់បានយ៉ាងច្បាស់ថា តើអ្នកណាដែលកឹម សុខា ចង់សំដៅទៅរក។ គឺគ្មានអ្នកណាក្រៅពីអ្នកនយោបាយកំសាក រត់ចោលស្រុក និងធ្វើ នយោបាយដោយយកទឹកភ្នែកពលរដ្ឋជាឈ្នាន់នោះឡើយ។

កឹម សុខា តែងតែសរសេរបង្កប់ន័យថា ធ្វើនយោបាយត្រូវចេះស្រឡាញ់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ស៊ូស្លាប់រស់ជាមួយគ្នា មិនរត់ចោលគ្នា មិនបង្កការញុះញង់ឲ្យខ្មែរបែកបាក់ មិនប្រើហិង្សា និងមិនលាបពណ៌គ្នាជាដើមដែលសុទ្ធសឹងជាទង្វើរបស់អតីតបងប្អូនគូសត្រូវរបស់ខ្លួនទាំងអស់។

ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កឹម សុខា និងក្រុមរបស់ខ្លួនក៏នៅតែជាមនុស្សកំសាកដូចគ្នាដែរ គឺកំសាកព្រោះតែមិនហ៊ានប្រកាសចែកផ្លូវជាមួយដៃគូទ្រូសមិត្តរបស់ខ្លួនឡើយដោយសុខចិត្តបៀមទុក្ខ បើទោះ ជានៅលើសាច់ការជាក់ស្តែងសម្ព័ន្ធភាពបានបែកបាក់រួចស្រេចទៅហើយក៏ដោយ។ ភាពកំសាកនេះក៏មិនផ្តល់អនាគត ដល់កឹម សុខា និងក្រុមរបស់ខ្លួន ដែរ។ ហើយភាពកំសាកនេះក៏ជាការបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនដែរដោយសារតែកឹម សុខា កំពុងធ្វើឲ្យពួកគេផ្ញើក្តីសង្ឃឹមលើសម្ព័ន្ធភាពផ្សែងដែលរលាយរលត់បាត់ទៅហើយ។

ដូច្នេះ ខ្ញុំយល់ថា ទំនងជាគ្មានអ្នកណាគ្រាន់បើជាងអ្នកណានោះទេ ព្រោះសុទ្ធតែជាក្រុមបោកដូចគ្នា ពោលគឺមិនខុសពីមួយដំបរនិងបួននោះឡើយ៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ








ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣នាក់ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេសមិនពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នោះឡើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៣នាក់ ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស មិនមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ខែវិច្ឆិកា» នោះឡើយ។ អ្នកដំណើរមកពីក្រៅប្រទេស ដែលរកឃើញឆ្លងកូវីដ១៩ ទាំង៣នាក់នេះរួមមាន៖

១៖ បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកដងទង់ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី ២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខ ភាពចាក់អង្រែ រាជធានីភ្នំពេញ។

២៖ បុរសជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តកណ្ដាល ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាក លើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានី ភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥០នាក់ដែលនៅក្នុងចំនួននេះ មានបុគ្គលពីរនាក់ខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន៤៨នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស ចំនួន៣៦នាក់ និង នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន១២នាក់។

៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ស្ត្រីនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១៦២នាក់ដែលនៅក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១៦១នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាសចំនួន ០២នាក់ និងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន១៥៩នាក់។

ដោយឡែកសម្រាប់លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» វិញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានយកវត្ថុសំណាកពីអ្នកពាក់ព័ន្ធបានចំនួន ២,០៥២នាក់ បន្ថែមទៀត។ បើគិតទាំងចំនួនដែលនៅសល់ពីថ្ងៃមុនៗ ដែលត្រូវយកមកវិភាគ នៅថ្ងៃជាបន្តបន្ទាប់នោះ គឺមានវត្ថុសំណាកសរុបចំនួន ៣,៩៩៨នាក់ ដែលនៅក្នុងចំនួននេះ វត្ថុសំណាកចំនួន ២,៩១៧ នាក់ បានធ្វើវិភាគនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដោយបានផ្តល់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រឹមម៉ោង២៣៖៣០នាទី យប់នៃថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។

បើគិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២០នេះ វត្ថុសំណាកចំនួន ៧,១៣១នាក់ ត្រូវបានធ្វើវិភាគរួចហើយ ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧នាក់ (ចំនួននេះបានរាយការណ៍ ជូនសាធារណជនរួចហើយ) ដែលកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។ ដូច្នេះ វត្ថុសំណាកនៅសល់ចំនួន ១,០៨១នាក់ទៀត នឹងត្រូវបន្តធ្វើវិភាគនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដោយវិធ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុប ទាំងអស់បានចំនួន ៨,២១២នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុស កូវីដ-១៩ មានចំនួនសរុប ៣២៩នាក់ (ស្រី ៧៤នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៥នាក់៕





លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ» ជាសច្ចធម៌ប្រវត្តិសាស្ត្រ នៃការរស់រានឡើងវិញរបស់ពលរដ្ឋខ្មែរ

 

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ គឺជារយៈពេល៤២ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» របស់ខ្មែរអ្នកស្នេហាជាតិ ដឹកនាំដោយកលោក ជា ស៊ីម លោក ហេង សំរិន និងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំដោះមកវិញនូវសិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។

ក្នុងថ្ងៃខួប ៤២ឆ្នាំ នៃចលនារំដោះអាយុជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ថ្ងៃនេះគឺជាថ្ងៃសច្ចធម៌ប្រវត្តិសាស្ត្រនៃការរស់រានឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសរំលេចលើទំព័រ Facebook ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។

លោកនាយករដ្ឋមន្រ្ដី បានបន្ថែមថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលមានលោកអគ្គមហាពញាចក្រី ហេង សំរិន លោកអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោក ព្រមទាំងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

លោកនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា «ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩»។

លោកនាយករដ្ឋមន្រ្ដី ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា «មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ»។

លោកនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា «ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។ នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។

សូមបញ្ជាក់ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា «ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តី ថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គី ប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេស ដែលមានលោកអគ្គមហាពញាចក្រី ហេង សំរិន លោកអគ្គមហាធម្មពោធិសាល ជា ស៊ីម លោកអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀតជាប្រមុខដឹកនាំ។ មូលហេតុដែលនាំឲ្យមាន រណសិរ្សសាមគ្គីសង្រ្គោះជាតិ ដោយសារ៖

ក្នុងអំឡុងឆ្នាំ ១៩៧៥-១៩៧៨ ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត សភាពការណ៍ ប្រទេសជាតិ បានធ្លាក់ចូលទៅក្នុងជ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ ពេលនោះពួកឃាតក ប៉ុល ពត បានរុញច្រានប្រទេសជាតិ ឲ្យក្រឡាប់ចាក់ធាក់ថយ ក្រោយយ៉ាង ឆ្ងាយដាច់សង្វែង ដែលគ្មានអ្នកណាម្នាក់នឹកស្មានដល់។

ក្រោមផ្លាកសញ្ញាបដិវត្តន៍ដាច់ខាត ពួកគេបានចាប់ផ្តើមបោសសម្អាតសង្គមខ្មែរជាបន្តបន្ទាប់ ដោយបំបាត់ចោលទីក្រុង ចាប់បង្ខំប្រជាជនទីក្រុង ទីផ្សាររាប់លាននាក់ ឲ្យចាកចោលផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ខ្លួនឲ្យទៅរស់នៅជនបទ ព្រៃភ្នំក្រំថ្មក្នុងសភាពលំបាក វេទនា និងចាប់បង្ខំឲ្យធ្វើការជាទម្ងន់។

* កាត់ផ្តាច់មនោសញ្ចេតនាដ៏ពិសិដ្ឋ ក្នុងគ្រួសាររវាងឪពុក ម្តាយ ជីដូនជីតា បងប្អូន ប្តីប្រពន្ធ ញាតិមិត្ត សាច់សាលោហិត ហើយមិងអនុញ្ញាតឲ្យ មានទំនាក់ទំនងជាប្រក្រតីបានឡើយ ។

* រំលាយចោលនូវភូមិករ ដែលជាប្រភពភ្ជាប់នូវមនោសញ្ចេតនា និងជាលំនៅឋាន របស់ប្រជាជន យើងតាំងពីបុរាណកាលមក ។

* រឹបអូសឧបករណ៍ផលិតកម្ម សម្ភារប្រើប្រាស់សម្រាប់ជីវភាពផ្ទាល់ ចាប់បង្ខំឲ្យប្រជាជនធ្វើពលកម្ម ដូចគោ ក្របី ស៊ីអត់ស៊ីឃ្លាន សម្លៀកបំពាក់ប៉ះមុខប៉ះក្រោយ រហែករយ៉ីរយ៉ៃ ធ្វើឲ្យខ្មែរគ្រប់រូបធ្លាក់ចូលក្នុង ទុគ៌តភាព និងជាទាសករ។

* ជាន់ឈ្លី និងបំផ្លាញវប្បធម៌ អរិយធម៌ បំបាត់សិទ្ធិសេរីភាពខាងជំនឿ សាសនា ចាប់បង្ខំឲ្យបុរសនារី រៀបអាពាហ៍ពិពាហ៍ជាសមូហភាពរាប់សិបគូ ដោយគ្មានមនោសញ្ចេតនា សាសនានានា។

* ពួកវាបំផ្លិចបំផ្លាញវត្តអារាមព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិតាំងពីយូរលង់ កម្ទេច វិហារ កុដិសាលាគម្ពីរដីកា ក្បួន ច្បាប់ នៃពុទ្ធសាសនា និងឥស្លាមសាសនា។

* បំបិទស្ទើរតែទាំងស្រុងការអភិវឌ្ឍធនធានមនុស្ស បិទទ្វារសាលារៀនតាំង ពីបឋមរហូតដល់ឧត្តមសិក្សា។ កុមារដល់វ័យសិក្សាមិនត្រូវបានរៀនសូត្រ និងត្រូវពួកវាបង្ខំឲ្យទៅនៅក្នុងកងចល័តធ្វើការងារដូច មនុស្សពេញវ័យ។

* មនុស្សចាស់ជរាត្រូវបានចាត់ទុក ជាបុគ្គលគ្មានប្រយោជន៍ដល់សង្គម មិនត្រូវបានទទួលការជួយ ឧបត្ថម្ភ ទំនុកបម្រុង និងត្រូវកម្ទេចចោល ។ ជាបន្តបន្ទាប់ពួកគេអនុវត្តន៍នយោបាយ កាប់សម្លាប់ជនជាតិឯង រហូតដល់អស់ជាង ៣ លាននាក់។

អាស្រ័យដោយពួកឃាតក ប៉ុល ពត បានជ្រលក់មាតុភូមិកម្ពុជា ដោយឈាម និងទឹកភ្នែក ដូច្នោះហើយទើបកម្លាំងប្រជាជន ដែលនៅសេសសល់ ពីការកាប់សម្លាប់ ក្រោមការដឹកនាំនៃវីរជនស្នេហាជាតិ បានបង្កើតរណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបឃាតក ប៉ុល ពត សង្រ្គោះរំដោះមាតុភូមិ និងប្រជាជនកម្ពុជាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ និងបានទទួល ជ័យជន្នះទាំងស្រុងនាថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាត់តាំងឡើងដោយ ផ្អែកលើស្មារតីឯករាជ្យ ជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេសផង។

សេចក្តីថ្លែងការណ៍ ១១ខ របស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា មានដូចតទៅនេះ៖

១៖ អនុវត្តន៍មាគ៌ាមហាសាមគ្គីជាតិ វាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ រៀបចំការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តទូទាំងប្រទេស ។ បង្កើតរដ្ឋធម្មនុញ្ញាថ្មីសំដៅធានា អះអាងរាល់សិទ្ធិស្មើភាព សេរីភាព ប្រជាធិបតេយ្យពិតប្រាកដរបស់ប្រជាជន។

២៖ កសាងរាល់សមាគម ដែលជាសមាជិករណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដើម្បីប្រមែប្រមូលគ្រប់ កម្លាំងក្នុងសង្គមគ្រប់មជ្ឈដ្ឋាន មានសមាគមយុវជន នារី សហជីព កសិករ និងសមាគមបញ្ញវន្ត។ល។

៣៖ កសាង និងពង្រឹងកម្លាំងកងទ័ពជាតិ ដើម្បីការពារមាតុភូមិ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជន ការពារនូវឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី។

៤៖ អនុវត្តន៍សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ គោរពសិទ្ធិ និងតម្លៃមនុស្សរបស់ប្រជាជនគ្រប់ជាន់ថ្នាក់។ បើកសិទ្ធិជូនប្រជាជនឲ្យវិលត្រឡប់មករស់នៅ តាមភូមិឋានចាស់របស់ខ្លួន និងកសាងជីវ ភាពរស់នៅប្រកបដោយ សុភមង្គលក្នុងគ្រួសារឡើងវិញ។ ធានាសិទ្ធិក្នុងការស្នាក់អាស្រ័យ នូវការធ្វើដំណើរ ក្នុងប្រទេសដោយសេរី មានសិទ្ធិក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំង មានសិទ្ធិសេរីភាពក្នុង ការនិយាយស្តី មានសិទ្ធិសេរីក្នុងការបង្កើតសមាគម មានសិទ្ធិសេរីភាពក្នុងជំនឿសាសនា មានសិទ្ធិប្រកបពលកម្ម សម្រាក និងរៀនសូត្រ។

ធានាអះអាងនូវសិទ្ធិសេរីភាព ខាងរូបកាយរបស់ប្រជាជនគ្រប់រូប។ មាន សិទ្ធិរស់នៅស្មើភាព។ មានកាតព្វកិច្ច និងមានផលប្រយោជន៍ដូចគ្នា។

៥៖ អនុវត្តន៍មាគ៌ាសេដ្ឋកិច្ច ឯករាជ្យតាមដំណាក់កាលនីមួយៗ កសាងឡើងវិញនូវទឹកដី ដែលបំផ្លិចបំផ្លាញ ជួសជុលសេដ្ឋកិច្ចថ្មីគឺ សេដ្ឋកិច្ចបម្រើផលប្រយោជន៍ លើមូលដ្ឋានពង្រីកកសិកម្ម និងឧស្សាហកម្ម ។ បំបាត់ចោលរបបចាប់បង្ខំឲ្យធ្វើរួមហូបរួម បំបាត់ចោលរបបគៀរប្រមូលស្រូវ អង្ករ ទ្រព្យសម្បត្តិប្រជាជន បើកធនាគារចាយវាយក្រដាសប្រាក់ ជួសជុល និងពង្រីកការផ្លាស់ប្តូរនូវរាល់មុខទំនិញ បើកទូលាយការ លក់ដូរក្នុងប្រទេស លុបបំបាត់ចោលរបបចាប់បង្ខំ ឲ្យធ្វើពលកម្មបាក់កម្លាំង។

៦៖ បំបាត់ចោលរបបអាពាហ៍ពិពាហ៍ដោយចាប់បង្ខំ ។ អនុវត្តន៍របបកសាងជីវភាពគ្រួសារ អនុវត្តន៍ សិទ្ធិស្មើភាពរវាងបុរស និងនារី ។ លើកទឹកចិត្តនារីឲ្យបានរៀនសូត្រខាងវប្បធម៌ និងមុខវិជ្ជាជំនាញ ដើម្បីបម្រើសង្គម ជួយឧបត្ថម្ភដល់ជនពិការ គ្រួសារពលី មរណៈ ។ យកចិត្តទុកដាក់អ្នកចាស់ជរា ក្មេងកំព្រា ស្រ្តី មេម៉ាយ។ មានមាគ៌ាត្រឹមត្រូវចំពោះបងប្អូនខ្មែរកំពុងរស់នៅបរទេស និងជនបរទេសកំពុងរស់នៅក្នុងប្រ ទេសកម្ពុជា ។

៧៖ បំបាត់ចោលវប្បធម៌ប្រតិកិរិយា ហើយកសាងវប្បធម៌ថ្មី មានចរិកជាតិ និងទស្សនៈប្រជាជន ។ បំបាត់គ្រោះអវិជ្ជា ពង្រីកកម្រិតសិក្សាគ្រប់ថ្នាក់ និងវិជ្ជាជីវៈជំនាញ ។ ថែរក្សាការពារវត្ថុបុរាណ បេតិកភណ្ឌ ជាតិ សួនឧទ្យាន វត្តអារាម ដែលត្រូវ ប៉ុល ពត បំផ្លាញ ។

៨៖ អបអរសាទរ និងបង្កលក្ខណៈងាយស្រួលដល់នាយទាហាន ពលទាហាន ក្នុងកម្លាំងប្រដាប់អាវុធ កម្មាភិបាល បុគ្គលិក ដែលបានបោះបង់របប ប៉ុល ពត ហើយវិលត្រឡប់មករួមរស់ជាមួយប្រជាជន ។ ផ្តទ្ទា ទោសមេក្លោងក្បាលរឹង និងអនុគ្រោះចំពោះអ្នកស្មោះត្រង់ និងកែប្រែទាន់ពេលវេលា ព្រមទាំងលើកសរសើរ ចំពោះអ្នកមានស្នាដៃ។

៩៖ អនុវត្តន៍មាគ៌ាបរទេស សន្តិភាព មិត្តភាព និងមិនចូលបក្ខសម័្ពន្ធជាមួយប្រទេសទាំងឡាយ ដោយ មិនប្រកាន់របបនយោបាយសង្គម លើលក្ខការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យ អធិបតេយ្យ និងបូរណ ភាពដែនដីគ្នា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក។

១០៖ ដោះស្រាយរាល់បញ្ហាវិវាទជាមួយ បណ្តាប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើមូលដ្ឋានគោរព ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីគ្នាទៅវិញទៅមក ។ បញ្ចប់សង្រ្គាមតាមព្រំដែនជាមួយវៀតណាម ដែលពួក ប៉ុល ពត បង្កឡើង។ ស្ថាបនាឡើងវិញនូវចំណងមិត្តភាព សហប្រតិបត្តិការល្អ ក្នុងន័យជាអ្នកភូមិ ផងរបងជាមួយ និងបណ្តាប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ រួមចំណែកកសាងភូមិភាគអាស៊ីអាគ្នេយ៍ជា មណ្ឌលមួយប្រកបដោយសន្តិភាព ឯករាជ្យ សេរីភាព អព្យាក្រឹត ស្ថិរភាព និងសម្បូណ៌ស្តុកស្តម្ភ។

១១៖ បង្កើនសាមគ្គីភាពជាមួយ បណ្តាប្រទេសលើសកលលោក ដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនសង្គម។

ពិនិត្យលើខ្លឹមសាររួម នៃសេចក្តីថ្លែងការណ៍ទាំង ១១ ខ របស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ឃើញថា ពុំមានប្រការណាមួយ ដែលផ្ទុយពីគំនិតផ្តួចផ្តើម នៃកម្មវិធីនយោបាយបង្រួបបង្រមជាតិរបស់ យើងបច្ចុប្បន្នឡើយ។

ផ្អែកលើគោលការណ៍ជាសារវន្ត នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ទើបយើងអនុវត្តន៍គោលការណ៍ បង្រួបបង្រួមជាតិដោយជោគជ័យ។ គ្រប់ស្រទាប់ វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណភាព ជំនឿសាសនា។

សូមឧទ្ទិសឲ្យស្មារតីរណសិរ្ស ២ ធ្នូស្ថិតនៅជាប់ជានិច្ចក្នុងចិត្តរបស់កុលបុត្រ កុលធីតាខ្មែរ បើនិយាយពីរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវនិយាយពី កម្លាំងមហាសាមគ្គី ប្រជាជនទាំងមូលគ្រប់រូប ដើម្បីរួបរួមគ្នាបម្រើផលប្រយោជន៍ប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរឲ្យមានសុខសន្តិភាព សម្បូណ៌ សប្បាយប្រកបដោយកិត្តិយស និងសុភមង្គល ៕





កម្ពុជាផ្ដល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀតជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)

ម៉ាសរបស់កម្ពុជាចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ត្រូវបានដឹកតាមយន្តហោះពិសេស ចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៥ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)។ ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយតំណាងក្រសួងសុខាភិបាល និងមន្រ្តីមួយចំនួនទៀត។

ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន១លាន, ម៉ាសក្រណាត់៥ពាន់, ម៉ាស N95 ចំនួន១ម៉ឺន, វែនតាសុវត្ថិភាព ចំនួន១ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន១ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន២៥០, របាំងមុខចំនួន១ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស, ស្បែកជើងក៏វែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ១ពាន់គូ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ទើបបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ៕