Friday, April 28, 2017

ក្រសួងការ​ងារបង្ហាញថា​ឆ្នាំ២០១៧​នេះ បញ្ហាសុខភាព​និងសុវត្ថិភាព​ការងារ​របស់ក​ម្មករ​មានភាពល្អប្រសើរ​

លោក លោក ទេស រុក្ខាផល អគ្គលេខាធិការរងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាឆ្នាំ២០១៧នេះ ស្ថានសុខភាព និងសុវត្ថិភាពការងាររបស់កម្មករ និងយោជិកមានលក្ខណៈល្អប្រសើរទាំងលក្ខ័ណ្ឌការងារ និងសេវាពិនិត្យសុខភាពដោយឥគិថ្លៃនៅថ្ងៃទី២៨ ខែមេសានេះ ។
លោក ទេស រុក្ខាផល បានបន្តថា រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីសម្រួលនូវលក្ខ័ណ្ឌការងារ ក៏ដូចជាបញ្ហាសុខភាព សុវត្ថិភាពរបស់កម្មករនិយោជិក ដែលកំពុងធ្វើការក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរសំលាក់បំពាក់ និងស្បែកជើង។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីរបបបេឡាជាតិសន្តិសុខសង្គម ក្នុងគោលបំណងគាំពារ ចំពោះកម្មករពេលមាន ថ្នាក់គ្រោះការងារ និងពិនិត្យសុខភាពដោយមិនគិតថ្លៃ។នៅចុងឆ្នាំ២០១៧នេះ កម្មករនិយោគជិកទាំងអស់ និងមានប្រាក់សោធននិវត្តន៍ដូចជាមន្ត្រីរាជការផងដែរ។
លោកបញ្ជាក់ទៀតថា ក្រសួងការងារបង្កើតក្រុមអធិការកិច្ចដើម្បីពិនិត្យតាមដានរាល់លក្ខ័ណ្ឌការងារជួនកម្មករដោយមិនអោយមានការរំលោភបំពានពីសំណាក់ថោកែ ឬម្ចាស់សហគ្រាសនោះទេ។ ជាមួយគ្នានោះក្រួសួងត្រៀមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ និងសេវាអនឡាញដើម្បីរង់ចាំទទួលពាក្យបណ្តឹងពីកម្មករដោយផ្ទាល់នៅពេលដែលមានបញ្ហារំលោភបំពាន ឬមានគ្រោះអាសន្នអីកើតឡើង។
សូមជម្រាបផងដែរ គោលបំណងដើម្បីលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ និងជំងឺវិជ្ជាជីវៈការងារនៅលើពិភពលោក។ ដោយឡែកកម្ពុជាទិវានេះប្រារពឡើង១២ឆ្នាំហើយ ដើម្បីបង្កើនការយល់ដឹងដល់កម្មករ​​និយោគ​ជិកនិងថៅកែរឲ្យចូលរួមលើកសុវត្ថិភាពការងារជូនកម្មករឲ្យកាន់តែល្អប្រសើរឡើង៕

តើ​សហ​រដ្ឋ​អា​មេ​រិក និង​កូរ៉េ​ខាង​ជើង​កំពុង​តែ​ឈាន​ទៅ​រក​ជម្លោះឬ?

បើ​យោង​តាម​សេត​វិ​មាន​បាន​ឱ្យ​ដឹង​ថា ក្រុម​នា​វា​ពិ​ឃាត​របស់​សហ​រដ្ឋ​អា​មេ​រិក USS Carl Vinson នឹង​មក​ដល់​ក្នុង​ដែន​ទឹកឧ​ប​ទ្វីប​កូរ៉េ​​នា​សប្តាហ៍​នេះ។ សារបាន​បញ្ចេញ​ឱ្យ​​ដឹង​ថា៖ សហ​រដ្ឋ​អា​មេ​រិក​នឹង​មិន​អត់​ធ្មត់​ចំពោះ​ការ​ធ្វើ​តេស្ត​សាក​ល្បងមី​ស៊ីល ឬ​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ត​ទៅ​ទៀត​ទេ។
ប៉ុន្តែ​តាម​ការ​ឆ្លុះ​បញ្ចាំង​នូវ​ឯក​សារមួយ​ចំនួន​​ដែល​បាន​ប្រ​កាស​ជា​សាធារ​ណៈ​​នា​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា កង​នា​វា​ចម្បាំង​របស់​ប្រ​ធា​នា​ធិប​តី Donald Trump ដូច​ដែល​គាត់​បាន​រៀប​រាប់​នោះ អាចជា​ការ​​​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​នុយ​ក្លេ​អ៊ែរ ឬ​សកម្ម​ភាព​មួយ​ចំនួន​ទៀត​ដែល​បង្ក​ហេតុ​ដល់​ទី​ក្រុង​វ៉ា​ស៊ីន​តោន។
បើ​យោង​តាម​ទីភ្នាក់​សារ​ព័ត៌​មាន Reuters បាន​ឱ្យ​ដឹង​ថា សារ​ព័ត៌​មាន​រដ្ឋ Rodong Sinmun បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​ «​តៀម​ខ្លួន​ប្រ​យុទ្ធ​ដើម្បី​បាញ់​ពន្លិច​នាវា​ដឹក​យន្ត​ហោះ​ចម្បាំង​ដែល​ប្រើ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​របស់​សហ​រដ្ឋ​អា​មេ​រិកតែ​មួយ​គ្រាប់​ប៉ុណ្ណោះ»។
មួយ​សប្តាហ៍​ ឬ​ក៏​មុន​ពេល​នោះ​ ខណៈ​ដែល​សេត​វិ​មាន និង​មន្ទីរ Pentagon បានបញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រុ​ម​នា​វា​ពិ​ឃាត​បាន​តៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ឧ​បទ្វី​ប​កូរ៉េ ខណៈដែល​​អនុ​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​កូរ៉េ​ខាង​ជើង​ លោក Han Song-ryol បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន AP  នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​ថា ទី​ក្រុង​ព្យុង​យ៉ាង​នឹង​មិន​អង្គុយ​​ឱប​ដៃទេ​​ក្នុង​ការ​ប្រ​ឈម​ជា​មួយ​នឹង​ការ​វាយ​ប្រ​ហារ​ការ​ពារខ្លួនជា​​មុន​របស់​អា​មេ​រិក​។
ការ​លើក​ឡើង​ស្រដៀង​គ្នា​អាច​ត្រូវ​បាន​គេ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​អតី​ត​កាល​ កាល​ពីថ្ងៃ​ទី​១៦ ​ខែ​មេ​សា ឆ្នាំ១៩៦៩ គឺ​ជា​ថ្ងៃដែល​​បន្ទាប់​ពីកូរ៉េ​ខាង​ជើង​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​ឈ្លប​យក​ការ​ណ៍​របស់​អា​មេ​រិក​នៅ​ក្នុង​ដែន​ទឹក​នៃ​ឧ​ប​ទ្វីប​កូរ៉េ​ ដោយ​បាន​សម្លាប់​មនុស្ស​ទាំង​អស់​ចំនួន​៣១ នាក់ ​ដែល​ជិះ​នៅ​លើ​យន្ត​ហោះ​នោះ។
រដ្ឋ​មន្រ្តី​ការ​បរ​ទេស​កូរ៉េ​ខាង​ជើង លោក Pak Seong-cheol បាន​និយាយ​ថា «​វា​ជា​ការ​ល្អ​ណាស់​សម្រាប់​អា​មេ​រិក​ដែល​ដឹង​ថា យើង​នឹង​មិន​អង្គុយ​ឱប​ដៃ​នោះ»។
បើ​យើង​តាម​ឯក​សារ​ពី​បណ្ណសារ​សូវៀត​ដែល​បាន​បរិ​ច្ចាក​ទៅ​ឱ្យ​មជ្ឈ​មណ្ឌល Wilson Center ដោយ​សាកល​វិទ្យា​ល័យ Kyungnam បាន​ឱ្យ​ដឹង​ថា​ លោក Pak បាន​និយាយ​ជា​មួយ​នឹងលោក​​ N.G. Sudarikov ដែល​ជា​អតីត​ឯក​អគ្គ​រដ្ឋ​ទូត​សូវៀត​ប្រ​ចាំ​កូរ៉េ​ខាង​ជើង។​
លោក Pak បានបន្ត​ថា «​ប្រ​សិន​បើ​យើង​អង្គុយ​ឱប​ដៃ នៅ​ពេល​អ្នក​ដែល​បំពានរំលោភ​ចូល​ក្នុង​ដែន​របស់​យើង យន្តហោះពីរ​គ្រឿង​នឹង​បង្ហាញ​ខ្លួន បន្ទាប់​មក​មាន​បួនទៅប្រាំគ្រឿង​ទៀត។ នេះ​នឹង​នាំ​ឱ្យ​មាន​ការ​កើន​ឡើងឈាន​​ដល់​ភាព​គ្រោះ​ថ្នាក់​នៃ​សង្រ្គាម។ ប៉ុន្តែ​ការ​បដិសេធ​ដ៏​ម៉ឺង​ម៉ាត់​ត្រូវ​បាន​គេ​ធ្វើ​ឡើង បន្ទាប់​មក​ស្ថាន​ភាព​នេះ​នឹង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដល់​ភាព​គ្រោះ​ថ្នាក់​នៃ​ការ​ផ្ទុះ​សង្រ្គាម​ឡើង»។
លោក Van Jackson ដែល​ជា​អ្នក​វិទ្យា​សាស្រ្ត​នយោ​បាយ​ និង​ជាអតីត​​អ្នក​រៀប​ចំ​យុទ្ធ​សាស្រ្តគោល​នយោ​បាយ​របស់​កូរ៉េ​នៅ​ឯ​​មន្ទីរ Pentagon បាន​វិភាគ​ថា ការ​សន្ទនានេះ និងការ​សន្ទនាផ្សេង​ទៀត​ដែលចុះ​ផ្សាយ​នៅ​ក្នុង​​អត្ថ​បទ​មួយ​នា​ពេល​ថ្មីៗ​នេះសម្រាប់​ blog របស់​មជ្ឈ មណ្ឌល​ Wilson Center។
លោក Jackson បាន​សរសេរនៅ​ក្នុង​ឯក​សារ​​ដែល​និយាយសំដៅ​ទៅ​ដល់​រឿង​មួយ​ចំនួន៖
ប្រ​ទេស​កូរ៉េ​ខាង​ជើង​ជឿថា កងកម្លាំង​យោ​ធា​មាន​តម្លៃ​ជា​នយោ​បាយ ហើយ​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ដែល​ចេញ​មក​ពី​ភាព​មិន​ធ្ងន់​ធ្ងរ​នោះ ក៏​ដូច​ជា​ការ​បង្ក​បញ្ហា​ដើម្បី​ទប់​ទល់​ការ​ឈ្លាន​ពាន​របស់​អា​មេ​រិក ហើយ​​ការ​សង​សឹក​វិញនៅ​ពេល​ដែល​មាន​ការ​វាយ​ប្រ​ហារ​ដែល​ជាការ​ចាំ​បាច់ ដើម្បី​រក្សា​បាន​នូវ​ការ​ទប់​ទល់​ដែល​ជឿ​ទុក​ចិត្ត​បាន៕​​
ប្រភព: The Diplomat

មានសន្ទុះខ្លាំងចំពោះរលកនៃការបែកបាក់

ក្នុងការថ្លែងសុន្ទរកថាជ័យជម្នះកាលពីយប់ថ្ងៃអាទិត្យលោក Emmanuel Macron ដែលជាប្រធានាធិបតីបន្ទាប់របស់ប្រទេសបារាំងបាននិយាយថា «ខ្ញុំចង់ក្លាយខ្លួនជាប្រធានាធិបតីស្នេហាជាតិនៅចំពោះមុខការគំរាមកំហែងពីអ្នកជាតិនិយម។» ភាពខុសប្លែកគ្នានោះគឺថាខុសពីអ្នកគាំទ្រលោក Trump នៅអាមេរិក ហើយក៏ខុសពីជនជាតិអង់គ្លេសដែលបានបោះឆ្នោតឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបផងដែរ ក៏ប៉ុន្តែអ្វីដែលជាស្ថានភាពដ៏ច្បាស់ លាស់សម្រាប់បារាំងនោះគឺភាគច្រើនជាពួកគេគឺជាជនជាតិអឺរ៉ុប។
នៅអាមេរិកគេនិយមប្រើពាក្យ «អ្នកស្នេហាជាតិ» ក៏ប៉ុន្តែជាធម្មតាវាមានន័យថា «ជាអ្នកជាតិនិយម» ទៅវិញ ដោយសារតែមានអត្ថន័យបង្កប់នៅទង់ជាតិ និងពាក្យស្លោកដែលគេបាននិយាយ។ លោក Trump បាននិយាយថា «ផលប្រយោជន៍អាមេរិកមុនគេបង្អស់» ហើយក្រុមហ្វូងមហាជនឆ្លើយតបថា «អ្វីៗទាំងអស់ត្រូវគិតដល់អាមេរិក»។
អ្នកមិនអាចនឹកស្រមៃការបោះឆ្នោតអង់គ្លេសធ្វើដូច្នោះទេ ដោយសារតែចក្រភពអង់គ្លេសកៀកទៅនឹងដែនដីអឺរ៉ុប ដែលជារឿងមួយបានបញ្ចប់ទៅយ៉ាងល្វីងជូរចត់ ប៉ុន្តែជាតិនិយមរបស់អង់គ្លេសគាំទ្រចំពោះការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប គឺជាការឈឺចាប់ដ៏ធ្ងន់ធ្ងរណាស់។ សម្រាប់ប្រជាជនមួយចំនួននៅក្នុងប្រទេសទាំងពីរនេះ គឺជាអ្នកជាតិនិយមដែលមានពណ៌សប្បុរស្បែកស ប៉ុន្តែមិនមានការប្រកាន់ពូជសាសន៍ច្រើនទេ ហើយពួកគេបានបោះឆ្នោតឱ្យលោក Trump ឬក៏ឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបបានធ្វើឱ្យមានការយកចិត្តទុកដាក់ថា នេះឈានដល់ចំណុចមួយដ៏គ្រោះថ្នាក់។ វាមានម្ខាងជា «ពួកយើង» ហើយនៅផ្នែកម្ខាងទៀតមាន «ពួកគេ» ។
បើទោះបីជាបារាំងទាំងបុរស និងស្ត្រីបានបោះឆ្នោតឱ្យលោក Macron ដែលយល់ពីភាពខុសគ្នារវាងអ្នកស្នេហាជាតិ និងអ្នកជាតិនិយមបានយ៉ាងល្អក៏ដោយ។ ពួកគេនឹងបោះឆ្នោតឱ្យលោក Macron ជាថ្មីម្តងទៀតក្នុងការបោះឆ្នោតចុងក្រោយនៅថ្ងៃទី ៧ ខែឧសភា នៅពេលដែលគូប្រជែងរបស់លោកដែលជាបេក្ខជនមិនជ្រុលនិយមគឺលោកស្រី Marine Le Pen ប៉ុន្តែនៅក្នុងប្រកួតជុំនោះ ពួកគេនឹងមានការចូលរួមពីមហាជនស្ទើរតែទាំងអស់ដែលបានបោះឆ្នោតឱ្យបេក្ខជនប្រធានាធិបតីដទៃទៀតនៅក្នុងជុំទីមួយ។ លោកស្រីជាអ្នកជាតិនិយម ចំណែកឯពួកគេគឺជាអ្នកស្នេហាជាតិ។
នៅអឺរ៉ុបវិញ ភាពជាតិនិយមវាទាក់ទងទៅនឹងអារម្មណ៍រួមជាមួយសង្រ្គាមដ៏មហន្តរាយ នៃសតវត្សចុងក្រោយនោះ ហើយការប្រកាន់ពូជសាសន៍ ជានិច្ចជាកាលវាទាក់ទងទៅនឹងការធ្វើឱ្យនឹកឃើញឡើងវិញនៃការសម្លាប់នៅក្នុងជំរុំរប់ពួក Nasi។ មិនមែនជនជាតិអឺរ៉ុបទាំងអស់សុទ្ធតែស៊ាំទៅនឹងទិដ្ឋភាពនយោបាយ និងជាតិនិយមដូចលោកស្រី Le Pen នៅបារាំងនោះឡើយ។
រឿងហេតុទាំងអស់នោះ វាមិនជាការជាក់ស្តែងនៅក្នុងរយៈពេលបួនខែកន្លងមកនេះទេ។ ក្រោយពីអង់គ្លេសបានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបកាលពីខែមិថុនា លោក Trump ក៏ជាប់ឆ្នោតកាលពីខែវិច្ឆិកា អ្នកជាតិនិយមជ្រុលនៅអឺរ៉ុបជឿថា ក្តីប្រាថ្នារបស់ពួកគេនៅទីបញ្ចប់បានឈានមកដល់ ក៏ប៉ុន្តែអ្នកសង្កេតការណ៍ជាច្រើនបែរជាភ័យខ្លាចថា ពួកគេយល់នេះជាការត្រឹមត្រូវ។ ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហាក់ដូចជាជំហានដំបូងឆ្ពោះទៅរកការបែកបាក់នៃសហភាពអឺរ៉ុប ហើយសម្រាប់ការយល់ឃើញពីតំបន់ហូឡង់ទៅកាន់ប្រទេសអូទ្រីសវិញនោះ វាមានអារម្មណ៍ហាក់ដូចជាការប្រកាន់ពូជសាសន៍បានឈានមកដល់។
វាមិនមែន​ដូច្នេះ​ទេ។ សម្រាប់គណបក្សរបស់លោក Wilders ទទួលបានអាសនៈមួយចំនួនតូចប៉ុណ្ណោះក្នុងការបោះឆ្នោតកាលពីខែមុននៅប្រទេសហូឡង់ ហើយគណបក្សរបស់គាត់នៅតែទទួលបានអាសនៈភាគតិច។ លោកស្រី Marine Le Pen វិញមិនស្និទ្ធទៅរកទំនោរបែបជាប្រធានាធិបតីជាងឳពុករបស់លោកស្រីដែលមានទស្សនៈប្រកាន់ជាតិសាសន៍ជាចំហកាលពី ១៥ ឆ្នាំមុននោះឡើយ៖ ការបោះឆ្នោតរបស់គណបក្សរណសិរ្សជាតិមិនដែលទៅហួសពីកម្រិតពិដាន ២៥% ។ ហើយគណបក្សដែលមាននិន្នាការស្ដាំនិយម ប្រឆាំងនឹងអន្តោប្រវេសន៍ ប្រឆាំងនឹងសហភាពអឺរ៉ុបបានបាត់បង់មេដឹកនាំរបស់ខ្លួន ហើយបានបាត់បង់ការគាំទ្រ ១,៣ ពីមហាជននៅក្នុងខែកន្លងទៅនេះ។
រលកមហាជនដែលហាក់ដូចជាត្រូវបានគេមើលឃើញថា កំពុងតែបក់បោកវក់វីនៅក្នុងនយោបាយបស្ចឹមប្រទេស ដែលមិនត្រឹមតែជារលកនៅក្នុងប្លុកតូចមួយនោះទេ។ វាត្រូវគេស្គាល់សម្រាប់ជនជាតិអឺរ៉ុបថា ជាពាក្យសម្តីដើម្បីនិយាយទៅដល់ការកាត់បន្ថយបទដ្ឋានច្បាប់ចំពោះសេដ្ឋកិច្ច និងនយោបាយទីផ្សារក្រោយរបបប្រធានាធិបតីអាមេរិក ក៏ដូចជាក្រោយការដឹកនាំរបស់លោកស្រី Thatcher នៅអង់គ្លេស។
អស់រយៈពេល ២៥ឆ្នាំ នយោបាយនៅក្នុងប្លុកសហភាពអឺរ៉ុបនេះបានប្រកាន់យករបៀបនយោបាយទីផ្សារ សូម្បីតែមេដឹកនាំអាមេរិកពេលនោះមេដឹកនាំនៅអាមេរិកលោក Bill Clinton និងមេដឹកនាំអង់គ្លេសលោក Tony Blair ។ ជាលទ្ធផលដែលអ្នកនឹងសង្ឃឹមបាននោះគឺបានក្លាយទៅជាសេដ្ឋកិច្ចដែលមានកំណើនខ្ពស់ ហើយបានរីករាលដាលយ៉ាងលឿនរហូតដល់មហាសមុទ្ររវាងប្រទេសអ្នកមាន និងប្រទេសផ្សេងៗទៀត។​
ប្រទេសនៅបស្ចឹមប្រទេសមិនស៊ាំទៅនឹងនយោបាយបែបនេះទេ ក៏ប៉ុន្តែវាខុសខ្លាំងណាស់ពីប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុបដូចជា កាណាដា និងនូវែលហ្សេឡង់។ ឥឡូវនេះភាពខុសប្លែកគ្នានៃប្រាក់ចំណូលចន្លោះពី ១% ដល់ ៩៩% បានរីកកាន់តែធំឡើងនៅចំកណ្តាលបេះដូងនៃប្លុកប្រទេសនេះ ដែលរឿងនយោបាយវក់វីកំពុងតែឈានមកដល់   ផ្ទះ។
ជាការឆ្លើយតបទាំងនៅអាមេរិក និងចក្រភពអង់គ្លេសមិនមែនជារឿងមហាជនពិតប្រាកដនោះទេ ចំពោះការស្តីបន្ទោសទៅលើការធ្លាក់ចុះនៃភាពមិនស្មើគ្នាចំពោះប្រាក់ចំណូល។ វាជាស្តង់ដារនយោបាយស្តាំនិយមនៅក្នុងរបៀបដឹកនាំបែបប្រជាប្រិយតាមរយៈការប្រើប្រាស់ ជាតិនិយម ដើម្បីទាញអារម្មណ៍ជនរងគ្រោះពីការពិតដែលថា រដ្ឋាភិបាលទាំងអស់នេះកំពុងតែបម្រើឱ្យអ្នកមាន៕
ប្រភព: Bangkok Post ចុះថ្ងៃទី២៧ ខែមេសា​​ ឆ្នាំ២០១៧

ទស្សនៈ៖ ការពិនិត្យមើលថាតើចិនពិតជាមើលឃើញសង្រ្គាមថាអាចនឹងកើតឡើងដោយរបៀបណា ពេលដែលភាពតានតឹងបានកើនឡើងនៅកូរ៉េខាងជើង

វាជារឿងគួរឲ្យភ្ញាក់ផ្អើលពេលដែលការនិយាយប្រៀបធៀបអំពីសង្រ្គាមមានលក្ខណៈ ជាក់ស្តែង។ នៅថ្ងៃទី ១៤ ខែ មេសា ថ្ងៃដ៏ស្រស់ស្អាតនៅក្នុងខេត្តស្វ័យតរបស់ចិនជាប់ព្រំដែនកូរ៉េខាងជើងឈ្មោះ Yanbian Korean Autonomous Prefecture ត្រូវបានបំផ្លាញដោយដុំពពក ខ្មៅដ៏ធំ ភ្លៀងផ្គរ និងរន្ទះជាច្រើន។ អាកាសធាតុដ៏កាចសាហាវមួយរំពេចនេះបានកើតឡើងស្របនឹងការមកដល់នៃពាក្យចរចាមអារាមថា យោធារបស់សហរដ្ឋអាមេរិកអាចនឹងវាយប្រហារមុនមិនឲ្យមានការតដៃទាន់លើកូរ៉េខាងជើង។
ពេលដែលភ្លៀងបានធ្លាក់ចុះមកយ៉ាងខ្លាំងនៅក្រៅតូបលក់សៀវភៅមួយ អ្នកលក់សៀវ ភៅម្នាក់នៅ Yanji បានសួរខ្ញុំថាតើខ្ញុំគិតថានៅថ្ងៃទី ១៥ ខែមេសានឹងមានសង្រ្គាមផ្ទុះឡើងនៅឧបទ្វីបនេះឬ ហើយនោះមានន័យថា ចិននឹងដោះស្រាយជាមួយរដ្ឋាភិបាលនៅជាប់ព្រំដែន ដែលនៅក្រោមការត្រួតត្រារបស់កូរ៉េខាងត្បូងឬ? ខ្ញុំចង់ប្រាប់គាត់ថាសង្រ្គាមនៅឧបទ្វីបកូរ៉េនឹងនាំឲ្យមានសំលាប់រង្គាលដ៏ធំមួយ ប៉ុន្តែខ្ញុំគិតថាយកល្អកុំនិយាយ ហើយក៏បានចេញដំណើរទៅ Shenyang ភ្លាមៗ។
ផលប៉ះពាល់លើប្រទេសចិន ទោះក្នុងសេណារីយ៉ូណាក៏ដោយជាសង្រ្គាមធម្មតា ឬជាសង្រ្គាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េគឺមានលក្ខណៈធ្ងន់ធ្ងរ។ ហើយទោះបីជាមានការពិភាក្សាគ្នា រាប់សិបម៉ោងលើបញ្ហានេះរវាងមេដឹកនាំ និងមន្រ្តីចិន និងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏គេមិនមានព័ត៌មានច្រើនចេញពីព្រឹត្តិការណ៍ទាំងនេះដែរ ដែលអាចជួយឲ្យយើងយល់ដឹងអំពីជម្រើសនានារបស់ចិននៅក្នុងសេណារីយ៉ូដ៏អាក្រក់នេះ។
នៅក្នុងការដោះស្រាយជាមួយកូរ៉េខាងជើង តើអ្នកយុទ្ធសាស្រ្ត និងអ្នកផ្តល់គំនិតរបស់ ចិនចាត់ទុកសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង (រួមទាំង ជប៉ុន) ថាជាបញ្ហាចម្បង ហើយក្រុងព្យុងយ៉ាងជាទ្រព្យមួយដែលត្រូវគ្រប់គ្រងឬ? ឬក៏ ក្រុងព្យុងយ៉ាងគឺជាជនល្មើសដ៏ធំមួយក្នុងការបង្កឲ្យមានភាពតានតឹងជាថ្មីរហូតដល់ជិតផ្ទុះសង្រ្គាមឬ?
នៅក្នុងការវាយតម្លៃលើសេចក្តីថ្លែងការណ៍របស់ចិនស្តីពីកូរ៉េខាងជើង យើងត្រូវមើលឲ្យ ហួសពីសេចក្តីថ្លែងការណ៍ និងការផ្តល់ព័ត៌មានដល់អ្នកការសែតនៅក្រសួងការបរទេសចិន និង បទវិចារណកថារបស់កាសែត Global Times ។ អត្ថបទនិពន្ធរបស់បណ្ឌិតសភាសន្តិសុខ នៅក្នុងប្រទេសចិនអាចផ្តល់នូវការវាស់ស្ទង់មួយដ៏ល្អលើបញ្ហានេះ។
ទំនាក់ទំនងជាមួយកូរ៉េខាងជើងគឺមានភាពរសើបខ្លាំងនៅពេលនេះ ជាអ្វីមួយដែលខ្ញុំដឹង ដោយខ្លួនឯងពេលដែលការពិភាក្សារបស់ខ្ញុំ ស្តីពីសង្រ្គាមកូរ៉េត្រូវបានលុបចោលដោយសកល វិទ្យាល័យរបស់ខ្ញុំនៅទីក្រុងសៀងហៃ ប៉ុន្តែ បណ្ឌិតមួយចំនួន ដែលត្រូវបានអនុញ្ញាតឲ្យធ្វើការប្រកាសជាសាធារណៈលើបញ្ហានេះគឺមានការចាប់អារម្មណ៍ច្រើនជាង។
ឧត្តមសេនីយ៍ចូលនិវត្តន៍នៃកងទ័ពរំដោះប្រជាជនចិនលោក Wang Haiyun បានផ្តល់ឲ្យ កូរ៉េខាងជើងនូវសេចក្តីសុខតិចតួចនៅក្នុងអត្ថបទនិពន្ធរបស់លោកសំរាប់កាសែត National Defense Times នៅថ្ងៃទី ២៧ ខែមីនា ដែលនៅក្នុងនោះលោកបានកត់សំគាល់ថា ការប៉ុនប៉ង របស់ចិនក្នុងការដោះស្រាយស្ថានការណ៍នេះដោយសន្តិវិធីមិនបានចាក់ឫសជ្រៅឡើយ ព្រោះថា “ទោះបីជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឬ កូរ៉េខាងជើងក៏ដោយ គ្រោះថ្នាក់នៃសង្រ្គាម មួយ ដែលផ្ទុះឡើងគឺមានទំហំធំធេងណាស់។”
ការព្រួយបារម្ភដ៏ចម្បងរបស់លោក Wang គឺថាចិនត្រូវត្រៀមរៀបចំជាបន្ទាន់សំរាប់សង្រ្គាមដ៏ធំមួយនៅក្នុង និងនៅជុំវិញកូរ៉េ ការត្រៀមរៀបចំនេះរួមមានការចល័តកងអង្គភាព អាវុធប្រឆាំងគីមីទៅកាន់តំបន់ជាប់ព្រំដែន។ លោក Wang នៅតែព្រួយបារម្ភអំពីកាកសំណល់ ឬចំហាយនុយក្លេអ៊ែរពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រ ឬតំបន់បាញ់សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងចូលទៅក្នុងតំបន់ជាប់ព្រំដែនចិន ដែលនឹងប៉ះពាល់ដល់ស្ថិរភាពសង្គម និងមានឥទ្ធិពលអវិជ្ជមានលើបរិស្ថានសន្តិសុខរបស់ចិន។
គួរឲ្យភ្ញាក់ផ្អើលជាងគេនោះគឺថា លោក Wang បានអំពាវនាវឲ្យ “បង្កើតជំរុំជនភៀសខ្លួនអន្តរជាតិមួយចំនួននៅក្នុងកូរ៉េខាងជើងដើម្បីទប់ស្កាត់ជនភៀសខ្លួនកុំឲ្យចូលក្នុងប្រទេសចិន។”  ជំហរយោធារបស់លោក Wang ចំពោះសហរដ្ឋអាមេរិកត្រូវបានគេដឹងច្បាស់ ប៉ុន្តែ ការគិតថ្លឺង ថ្លែងដោយចំហរបែបនេះអំពីភាពគ្មានន័យនៃអធិបតេយ្យភាពរបស់កូរ៉េខាងជើងគឺជារឿងថ្មីមួយ។
មិនសូវគ្រោធគ្រាត និងច្រឡោតដូចលោក Wang លោក Niu Jun ដែលជាប្រវត្តិវិទូនៅ សកលវិទ្យាល័យប៉េកាំង និងជានាយករងនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តអន្តរជាតិបានរិះគន់ចំៗលើកូរ៉េខាងជើង។ នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយទស្សនាវដ្តី Southern Window លោក Niu បាននិយាយសំរាលដល់ឥទ្ធិពលបង្កអស្ថិរភាពដែលគេបានចោទប្រកាន់ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump  លើនយោបាយការបរទេសរបស់ក្រុងវ៉ាស៊ីនតោន ចំពោះឧបទ្វីបកូរ៉េ។ ទោះយ៉ាងណា គេឃើញមានការគាំទ្ររួចទៅហើយរបស់គណបក្សនយោបាយទាំងពីរនៅក្នុងរដ្ឋសភាលើជំហរសន្តិសុខដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិកនៅក្នុង តំបន់ប៉ាស៊ីហ្វិក ដែលជាការណ៍ពិតមួយត្រូវបានបញ្ជាក់ច្បាស់ជាថ្មីដោយទស្សនកិច្ចរបស់លោក Mike Pence មកកាន់តំបន់នេះ។
ការដាក់យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅ Guam ការរៀបចំកងកំលាំងពិសេស និងការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងគឺសុទ្ធតែជាវិធីសាស្រ្ត ដែលបានប្រើប្រាស់ដោយរដ្ឋបាលមុនៗរបស់សហរដ្ឋអាមេរិក។
មានការស្តីបន្ទោសខ្លាំងលើកូរ៉េខាងជើងចំពោះវិបត្តិនុយក្លេអ៊ែរ ដែលកំពុងកើតមាន ដោយសារកូរ៉េខាងជើងបានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។ លោក Niu បានកត់សំគាល់បន្ថែមទៀតថា សន្តិសុខរបប (ពោលគឺ ការរស់រាន និងការបន្តឧត្តមភាពនៃគ្រួសារត្រកូល គីម) គឺកាន់តែមានសារៈសំខាន់ជាងសន្តិសុខរដ្ឋនៅកូរ៉េខាងជើង។ ដូចប្រវត្តិវិទូលោក Shen Zhihua លោក Niu Jun ហាក់ដូចជាទទួលស្គាល់លទ្ធភាពដែលថាកូរ៉េខាងជើងអាចក្លាយជាសត្រូវរបស់ចិន។
លោក Niu និងលោក Shen បានរំលឹកយើងថា ការអះអាងណាមួយនៅក្នុងបណ្តាញ សារព័ត៌មានរដ្ឋចិន ដែលគត់សំគាល់ថាកូរ៉េខាងជើងគួរតែពេញចិត្តចំពោះការធានារបស់ក្រុង ប៉េកាំងលើសន្តិសុខរបស់ខ្លួនគឺមានសុទិដ្ឋិនិយមហួសហេតុ និងមិនមានលក្ខណៈប្រាកដនិយម។ ចំពោះកូរ៉េខាងជើង គ្មានការធានាសន្តិសុខនៅខាងក្រៅណាមួយធ្វើឲ្យខ្លួនពេញចិត្តនោះ ឡើយ ហើយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននឹងបន្តទៅមុខជានិច្ច។
ពពកសង្រ្គាមបានរសាត់បាត់ទៅនៅលើឧបទ្វីបកូរ៉េ ពេលដែលក្រុងព្យុងយ៉ាងបានសម្រេចជ្រើសរើសយកការដង្ហែរក្បួនជាជាងការបំផ្ទុះនុយក្លេអ៊ែរនៅក្រោមដីនៅថ្ងៃទី ១៥ ខែ មេសាកន្លងទៅនេះ។ ប៉ុន្តែ ពន្លឺថ្ងៃត្រូវបានបិទបាំងភ្លាមៗ ហើយនៅក្នុងការគិតគូរអំពីជម្រើស ជាយុទ្ធសាស្រ្ត និងដាក់ការស្តីបន្ទោស រដ្ឋចិននឹងធ្វើការសន្និដ្ឋានពីទស្សនៈ និងបទវិភាគនានា ដែលបង្ហាញអំពីសញ្ញាខឹងសម្បារកាន់តែខ្លាំងលើក្រុងព្យុងយ៉ាង៕
ប្រភព៖ South China Morning Post ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧

ប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស ៖ មានតែសម័យសម្ដេចតេជោ ហ៊ុន សែន ទេ ដែលកម្មករត្រូវបានយកចិត្តទុកដាក់ខ្ពស់ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម

លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់កម្មករ-កម្មការិនីថា បេឡាជាតិ​របប​សន្តិសុខ​សង្គម ​បង្កើតឡើងសម្រាប់​កម្មករ-​កម្មការិនី​​ទាំងអស់ ​មិន​ដែល​មាន​ទេ​នៅ​​ជំនាន់​មុន​ មានតែសម័យលោកនាយករដ្ឋមន្រ្ដី​ ហ៊ុន ​សែន​ ​ដែល​បាន​គិតគូរ​បង្កើតឱ្យ​មាន​បេឡាជាតិ​ ​របប​សន្តិសុខ​សង្គម​នេះឡើង​ លោក សេង សក្ដា ថ្លែងបែបនេះ ក្នុងឱកាសចុះសំណេះសំណាល និងផ្សព្វផ្សាយពីគោលនយោបាយ របបហានិភ័យការងារ របបថែទាំសុខភាព និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​ដល់កម្មករនៅក្រុមហ៊ុន CAMKO Motor Ltd ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង ខេត្តកោះកុង​ លោក​ថ្លែងបន្ដយ៉ាងដូច្នេះ​ថា «​បេឡាជាតិ​របប​សន្តិសុខ​សង្គម ​សម្រាប់​កម្មករ​កម្មការិនី​​ទាំងអស់ ​មិន​ដែល​មាន​ទេ​នៅ​គ្រប់​ជំនាន់​មុន​ៗ​ មានតែសម័សម្ដេចតេជោ​ ហ៊ុន ​សែន​ ​នាយករដ្ឋមន្រ្ដីនៃកម្ពុជាទេ ដែល​បាន​គិតគូរ​បង្កើត​ឱ្យ​មាន​បេឡាជាតិ ​របប​សន្តិសុខ​សង្គម​នេះឡើង»។
លោកបានបន្តទៀតថា ប.ស.ស មានភារកិច្ច ផ្តល់ជូនរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងរបបសោធននិវត្ត។ ពេលកម្មករគ្រោះថ្នាក់ការងារ ទទួលបានការធានារ៉ាប់រងពី ប.ស.ស ដូចខាក្រោម៖
១- លុយថ្លៃដឹកជញ្ជូនជនរងគ្រោះ
២- លុយថ្លៃសង្គ្រោះបន្ទាន់
៣- លុយថ្លៃព្យាបាលរហូតដល់ជាសះស្បើយ
៤- លុយឧបត្ថម្ភប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ
៥- លុយឧបត្ថម្ភដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ
៦- លុយឧបត្ថម្ភប្រចាំថ្ងៃ ចំពោះអ្នកបាត់បង់គ្រោះថ្នាក់ការងារអចិន្ត្រៃយ៍
៧- ចំពោះគ្រោះថ្នាក់រហូតដល់ពិការភាពទទួលបានសម្ភារៈ ដូចជា ដៃជើងអវៈយវៈសិប្បនិម្មិត ឈើច្រត់ រទេះរុញ
៨- ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា ជាងអ៊ុតសក់ ជាងសំអាង ជាងជួសជុលទូរស័ព្ទ ជាងភ្លើង
៩- ចំពោះជនរងគ្រោះរហូតដល់ស្លាប់ ទទួលបានលុយឧបត្ថម្ភធ្វើបុណ្យសពចំនួន ៤លានរៀល, លុយឧបត្ថម្ភកូនដល់អាយុ១៨ឆ្នាំ បើនៅរៀនផ្តល់ឲ្យដល់អាយុ២១ឆ្នាំ, លុយឧបត្ថម្ភ ប្តី ឬប្រពន្ធ កូន និងជនចាស់ជរានៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះ។
ជាមួយគ្នានេះ ប.ស.ស បាននិងកំពុងផ្តល់គោលរបបថែទាំសុខភាពដល់កម្មករ រួមមាន៖ ១.ទទួលបានសេវាពិគ្រោះជំងឺដោយមិនគិតថ្លៃ, ២.ទទួលបានការព្យាបាលដោយមិនគិតថ្លៃ, ៣.ទទួលសេវាពិនិត្យសុខភាព មុន និងក្រោយពេលសម្រាកមាតុភាពដោយមិនគិតថ្លៃ, ៤.ទទួលសេវាសម្រាលកូនដោយមិនគិតថ្លៃ, ៥.ទទួលបានសេវាថែទាំ និងបង្ការសុខភាពដោយមិនគិតថ្លៃ, ៦.រយៈពេល៣ខែ ឈប់សម្រាកមាតុភាព ទទួលបានប្រាក់ខែ ៥០% ពីថៅកែរោងចក្រ និងទទួលបាន ៧០% ពី ប.ស.ស សរុប១២០%។ នៅចុងឆ្នាំ២០១៧នេះ ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ នឹងដាក់ឱ្យដំណើរការនូវរបបសោធននិវត្ត សម្រាប់កម្មករនិយោជិត។
លោកប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស ក៏បានធ្វើការពន្យល់ និងណែនាំអប់រំពីសុវត្ថិភាពលើការធ្វើដំណើរ ដល់កម្មករទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពទៅលើសីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ ដែលមានខ្លឹមសារដូចខាងក្រោម៖
១- មិនត្រូវបើកបរលើសល្បឿនកំណត់
២- មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹង
៣- មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងញៀន
៤- មិនត្រូវបើកបរស្ថិតនៅក្រោមស្ថានភាពងងុយដេក
៥- ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវ
៦- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច
៧- ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច
៨- ត្រូវប្រកាន់ស្តាំជានិច្ច
៩- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
១០- ត្រូវប្រុងប្រយ័ត្នជានិច្ច ៕



លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ២១៧៤នាក់ ក្នុងឃុំភ្នំលៀប

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ២១៧៤នាក់ ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អំណោយជាសារ៉ុងម្នាក់១ដល់ប្រជាពលរដ្ឋដែលចូលរួមទាំងអស់ ក្នុងនោះឧបត្ថម្ភបក្សឃុំភ្នំលៀប ឃុំប្រាសាទ និងឃុំទឹកជោរក្នុង១ឃុំ១លានរៀលផងដែរ៕



ក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក បានរៀបចំសិក្ខាសាលាស្តីពីការកែលម្អការផ្តល់សេវាសាធារណៈ

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ក្រសួងមុខងារសាធារណៈសហការជាមួយធនាគារពិភពលោក បានរៀបចំសិក្ខាសាលាស្តីពីការកែលម្អការផ្តល់សេវាសាធារណៈ ក្រោមអធិបតីភាពលោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈដោយមាន សិក្ខាកាមចូលរួមពីមន្ត្រីជំនាញជាន់ខ្ពស់ទទួលបន្ទុកការងារការផ្តល់សេវាសាធារណៈមកពី គ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងតំណាងដៃគូរអភិវឌ្ឍ ចំនួន ៥៧ នាក់ នៅសណ្ឋាគារ Raffles Hotel Le Royal ។ សិក្ខាសាលាត្រូវបានរៀបចំឡើង ដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ នឹងប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព ក្នុងគោលដៅរួម គឺបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង៕





រដ្ឋមន្ត្រីក្រសួងការងារ ​ស្នើដល់ប្រធាន​មន្ទីរដែល​ទើបនឹងតែង​តាំងថ្មី​ ត្រូវយកចិត្ត​ទុកដាក់​ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចខ្លួនឱ្យបានល្អ

នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់ មុខតំណែងលោក ជួន វិឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញជំនួសលោក នូ នឹម ដែលត្រូវចូលនិវត្តន៍។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ ពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របតាមតម្រូវការទីផ្សារការងារ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ធ្វើឱ្យកម្ពុជា បានឈានដល់ដំណាក់កាលនៃការប្រែ
ប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម ព្រមទាំងកំពុងឈានទៅសម្រេចឋានៈជាប្រទេសដែលមានចំណូលកម្រិតមធ្យមនាពេលដ៏ខ្លីខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងការងារ បានបន្ថែមទៀតថា ដើម្បីផ្សារភ្ជាប់ជាមួយនឹងកម្មវិធីកែទម្រង់ស៊ីជម្រៅស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៥ ឆ្នាំ “២០១៤-២០១៨” ដោយប្រមូលផ្តុំលើអាទិភាព៥ រួមមាន៖ ទី១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ទី២-ការអភិវឌ្ឍការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទី៣-ការអភិវឌ្ឍមុខរបរ និងការងារ ទី៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងា និងទី៥-ការពង្រឹងសេវាសាធារណៈល្អ ដោយអនុវត្តទទួលបានសមិទ្ធផលថ្មីៗជាដើម។
លោកក៏បានស្នើដល់ប្រធានមន្ទីរដែលទើបនឹងតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ និងត្រូវបន្តជំរុញកំណែទម្រង់អាទិភាពទាំង៥ នៃផែនការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨ឱ្យទទួលបានលទ្ធផលល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ៕


អភិបាលខេត្តស្វាយរៀង អញ្ជើញសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី​១៣១ ​ទិវាពលកម្ម​អន្តរជាតិ​នៅតំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន​ ស្ថិតក្នុង​ក្រុងបាវិត​

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជួបសំណេះសំណាលដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងពិធីនេះ លោកអភិបាលខេត្ត បានអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានប្រសាសន៍សំណេះសំណាល ដោយបានបញ្ជាក់សង្កត់ធ្ងន់ថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្ដាប់សង្គម ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេច និងកសាងបានតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបង្កើនការវិនិយោគ បង្កើតការងារធ្វើ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធារ និងល្អប្រសើរឡើងជាលំដាប់។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនកម្មករ កម្មការិនី និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលគោរពច្បាប់ស្ដីការងារ ច្បាប់ស្ដីពីរបបសន្តិសុខសង្គម រក្សានូវសាមគ្គីភាពផ្ទៃក្នុង ចេះជួយគ្នាទៅវិញទៅមក និងទទួលខុសត្រូវលើភារកិច្ចការងាររបស់ខ្លួន ជាពិសេសខិតខំពង្រឹងភាពសុខុដុមរមនារវាងនិយោជក និងកម្មករនិយោជិត ដោយមិនត្រូវជឿលើការញុះញង់ពីជនខិលខូចមួយចំនួនដែលនាំឱ្យប៉ះពាល់ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និយោជកឡើយ ព្រមទាំងត្រូវចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានចែកជូនកម្មករ កម្មការិនី ដែលចូលរួមក្នុងពិធីសំណេះសំណាលចំនួន ១២០០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ និងថវិកា ១ម៉ឺនរៀល និងបានអញ្ជើញទៅទស្សនា និងពិនិត្យមើល ពីសង្វាក់ផលិតកម្មនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជីហ្វាអេសផងដែរ ៕




ក្រសួង​បរិស្ថាន រៀប​ចំកិច្ចប្រ​ជុំស្តីពី​សេ​ចក្តី​ព្រាងទ្វេ​ភាគី កម្ពុជា-រុស្ស៊ី លើ​កិច្ចសហ​ប្រតិ​បត្តិការក្នុង​ការប្រើ​ប្រាស់​ថាម​ពលនុយ​ក្លែអ៊ែ

នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ កម្ពុជា-រុស្ស៊ីស្តីពីសេចក្តីព្រាងទ្វេភាគីកម្ពុជា-រុស្ស៊ី លើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លែអ៊ែ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាពក្រោមការដឹកនាំរបស់លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) និងជាសហប្រធានក្រុមការងាររួមកម្ពុជា-រុស្ស៊ី និង លោក Todeson Sergey អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃសាជីវកម្មថាមពលបរមាណូរដ្ឋ (Rosatom) និងជាប្រធានគណៈប្រតិភូរុស្ស៊ី។
សូមជម្រាបផងដែរថា កិច្ចប្រជុំនេះមានការចូលរួមពីភាគីរុស្ស៊ី ចំនួន ៦នាក់ និងភាគីកម្ពុជាចំនួន ១៥នាក់ ដែលជាសមាជិកក្រុមការងាររួមកម្ពុជា-រុស្ស៊ី តំណាងស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ក្រុមលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច.។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្តីពា្រងចុងក្រោយ នៃកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យនៃការប្រើប្រាស់ថាមពលនុយក្លែអ៊ែ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព និងការត្រៀមរៀបចំនីតិវិធីចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរ នាពេលខាងមុខ។
បន្ទាប់ពីបានស្វាគមន៍ និងពិភាក្សាលើសេក្តីព្រាងនៃកិច្ចព្រមព្រៀងភាគីទាំងពីរ បានឯកភាពគ្នា ចាប់ផ្តើមអនុម័តលើនីតិវិធីផ្ទៃក្នុងនៃកិច្ចព្រមព្រៀង។ ខ្លឹមសារនៃកិច្ចព្រមព្រៀងជាច្រើនត្រូវបានកែសម្រួលឡើងវិញ ដូចនេះ Rosatom និង ក.ជ.អ.ច.ត្រូវតែរៀបចំបញ្ចប់ការពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅការចុះហត្ថលេខាទ្វេភាគី នៅក្នុងអំឡុងពេលកិច្ចប្រជុំអន្តររដ្ឋាភិបាល កម្ពុជា-រុស្ស៊ីលើកទី១០ ស្តីពី ពាណិជ្ជកម្ម សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងបច្ចេកទេស នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
ក្រោយពីកិច្ចប្រជុំបច្ចេកទេសនេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក.ជ.អ.ច. បានទទួលជួបស្វាគមន៍គណៈប្រតិភូរុស្ស៊ី និងពិភាក្សាការងារ ក្នុងឱកាសអាហាររួមគ្នាថ្ងៃត្រង់ ដោយលោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះសម្រាប់កម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយ ដោយបញ្ជាក់អំពីជំហានថ្មីមួយក្នុងដំណើរអភិវឌ្ឍ របស់ជាតិចេញពី ស្ថានភាពជាប្រទេសអភិវឌ្ឍតិចតួច ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប៕


លោក វេង សាខុន ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកកំពង់សៀម

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ នៅវត្តគគរ ភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន ២ឃុំ ចំនួន ១៤០០នាក់។
នាឱកាសនោះផងដែរ លោករដ្ឋមន្រ្តីបានលើកទ្បើងពីការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ច និងផែនការអភិវឌ្ឍនានា ជាពិសេសការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត និងការតភ្ជាប់បណ្តាញអគ្គីសនី។
នៅក្នុងឱកាសវេទិកានេះ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំគគរ និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលើកឡើងនូវបញ្ហាប្រឈម ដូចជា បញ្ហាខូចខាតផ្លូវលំ សំណើស្តារប្រឡាយ ជួសជុលសាលារៀន និងវត្តអារាម និងរថយន្តសង្រ្គោះបន្ទាន់។ ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងចាត់ឱ្យក្រុមការងារបន្តតាមដានចំពោះការអនុវត្តសំណើទាំងអស់ឱ្យមានប្រសិទ្ធភាព៕


ស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីឡា ក្រោមមូលបទ «រួមគ្នាជាដៃគូ ដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក»

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ក្រោមមូលបទ «រួមគ្នាជាដៃគូ ដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក» ដែលនឹងមានការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ លើបញ្ហាជាសារវ័ន្តនានា ដែលអាស៊ាន និងពិភពលោកកំពុងប្រឈម ដើម្បីលើកតម្កើងសន្តិភាព សន្តិសុខ និងវិបុលភាពសម្រាប់តំបន់ និងពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៧។
នៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០នេះ លោក ហ៊ុន សែន នឹងជួបថ្នាក់ដឹកនាំអាស៊ាន តំណាងអន្តរសភាអាស៊ាន និងតំណាងយុវជនអាស៊ានផងដែរ ក្នុងពេលដែលអាស៊ានប្រារព្ធខួបលើកទី៥០ នៅឆ្នាំ២០១៧នេះ៕



សហរដ្ឋអាមេរិក ​មានគំរោង​នឹងស្នើសុំ​ឱ្យបិទបេសកកម្ម​ការទូត​ទាំងអស់​របស់កូរ៉េ​ខាងជើង​ នៅទូទំាងពិភពលោក នៅអំឡុងកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខ UN

បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧នេះបានឱ្យដឹងថា សហរដ្ឋអាមេរិកមានគំរោងនឹងស្នើសុំឱ្យបិទបេសកកម្មការទូតទាំងអស់របស់កូរ៉េខាងជើង នៅទូទំាងពិភពលោក នៅអំឡុងកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសន្តិសុខ UN ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Mark Toner បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីពិភាក្សាលើសំណុំរឿងនុយក្លេអ៊ែរកូរ៉ខាងជើង នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងការគាំទ្រពីអន្តរជាតិ បង្កើនការដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផោ្លង។
លោក Mark Toner បានបន្តទៀតថា មានជម្រើសជាច្រើន ក៏ប៉ុន្តែក្នុងចំណោមជម្រើសទំាងនេះ ក៏មានការដាក់ទណ្ឌកម្ម ហើយការធ្វើឱ្យឯកោនៃការទូតកូរ៉េខាងជើង ក៏ជាមធ្យោបាយមួយផងដែរ។ ដោយឡែកឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានដែលសួរថា តើទណ្ឌកម្មទំាងនោះរួមមានការបិទបេសកកម្មការទូតកូរ៉េខាងជើង នៅទូទំាងពិភពលោកដែរឬទេ? អ្នកនាំពាក្យរូបនេះបានតបថា មាន។ បើតាមសម្តីលោក Mark Toner គំនិតនេះ គឺជាជម្រើសមួយក្នុងមធ្យោបាយ ដែលអាចនឹងត្រូវធ្វើឡើងក្រោមវិធានការយ៉ាងតឹងរឹងបំផុត។
គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៦ សហរដ្ឋអាមេរិកធ្លាប់បានស្នើសុំឱ្យបណ្ដាប្រទេសជុំវិញពិភពលោក កាត់បន្ថយ ឬក៏កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងសាកល្បងអាវុធនុយក្លែអ៊ែជាលើកទី០៥ ក្នុងឆ្នាំដដែល។ ក៏ប៉ុន្តែផ្អែកលើស្ថានភាពជាក់ស្ដែង បើគ្មានជំនួយពីចិនគេពិបាកនឹងដោះស្រាយជាមួយកូរ៉េខាងជើងណាស់ ត្បិតចិនមានសិទ្ធិវេតូ និងតែងតែការពាររបបដឹកនាំទីក្រុងព្យុងយ៉ាងជានិច្ច បើទោះជាខ្លួនសម្រេចចិត្តដាក់ទណ្ឌកម្មខ្លះ លើសម្ព័ន្ធមិត្តយូរអង្វែងមួយនេះក៏ដោយ៕



កាកបាទក្រហមកម្ពុជា បានរៀបចំពិធីបិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧នេះ នៅអនុវិទ្យាល័យទួលស្លែង សាខាកាកបាទក្រហមកម្ពុជារាជធានី បានរៀបចំពិធីបិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំអនុវិទ្យាល័យសរុបចំនួន ៥៩នាក់ (ស្រី២៩នាក់) ដោយបានការចូលរួមជាអធិបតីពី លោក ឈាវ ប៊ុន នាយករងអនុវិទ្យាល័យ ដែលវគ្គយល់ដឹងនេះបានចាប់ដំណើរការអស់រយៈពេល ១ថ្ងៃកន្លងមក ប្រកបដោយជោគជ័យ ជាលទ្ធផលយុវជនទទួលបាននិទ្ទេសល្អចំនួន ៧០ភាគរយ និងមធ្យម៣០ភាគរយ ។
ក្នុងឱកាសនោះ លោកនាយករងអនុវិទ្យាល័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលបានមកធ្វើការបើកវគ្គយល់ដឹងមូលដ្ឋានជូនដល់យុវជនកាកបាទក្រហម ប្រចាំអនុវិទ្យាល័យរបស់លោក។ លោកនាយករងសង្ឃឹម និងជឿជាក់ថា បន្ទាប់ពីឆ្លងកាត់វគ្គយល់ដឹងនេះ ហើយក្មួយៗពិតជាបានយល់ច្បាស់ពីប្រវត្តិចលនាបដិរូប គោលការណ៍គ្រឹះទាំង៧, តួនាទីភារកិច្ចយុវជនកាកបាទក្រហម, ការគ្រប់គ្រងគ្រោះមហន្តរាយ, ច្បាប់ចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម ។ល។ ដែលជាមុខវិជ្ជាមូលដ្ឋានសម្រាប់ជាគ្រឹះឱ្យក្មួយៗ យកទៅអនុវត្តសំដៅជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ក៏ដូចជាកម្មវិធីមិត្តអប់រំមិត្ត ៕



ការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានចុះអនុញ្ញាតជួសជុលផ្ទះ និងសាងសង់ សំណង់ស្រាលចំនួន១២១ ករណីក្នុងត្រីមាសទី១ ឆ្នាំ២០១៧

ក្រៅពីការងារអភិរក្ស រៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារសហគមន៍ បានចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ផលលំបាកនិងជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាជនដោយផ្ទាល់ដល់មូលដ្ឋាន។
យោងតាមរបាយការណ៍រយៈពេល៣ខែនៃឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាបាន ចុះទៅ ផ្សព្វផ្សាយនិងសួរសុខទុក្ខប្រជាជនក្នុងតំបន់អង្គរបានចំនួន១០ភូមិដែលមានប្រជាជនចូលរួម៥៩៤នាក់។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យនិងអនុញ្ញាត សំណើសុំសាង សង់សំណង់តូចតាច និងជួសជុលផ្ទះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់បានចំនួន ១២១ ករណី ដូចជា ជួសជុលផ្ទះ ជួសជុលដំបូលផ្ទះ ជួសជុលជញ្ជាំងផ្ទះ ប្តូរសសរផ្ទះ កឥដ្ឋក្រោមផ្ទះ សាងសង់ បង្គន់ ចាក់ដី និងសាងសង់តូបលក់ដូរ ដោយមិនបាច់ធ្វើលិខិតស្នាមសុំបែបបទសាងសង់ ឬជួសជុលមកទីស្នាក់ការអាជ្ញាធរជាតិ អប្សរា។
ក្រៅពីនោះ ការងារស្នូលរបស់ក្រុមការងារសហគមន៍ ចុះផ្សព្វផ្សាយអំពីភារកិច្ចរបស់ អាជ្ញាធរជាតិអប្សរា និងអប់រំបេតិកភណ្ឌដល់ប្រជាជនក្នុងតំបន់អង្គរបានយល់ច្បាស់ពីតម្លៃនៃ មរតកវប្បធម៌ ដូនតារបស់ខ្លួនមានតាំងពីប្រាង្គប្រាសាទទំនៀមទម្លាប់ការរស់នៅ ការគោរពបូជា នូវជំនឿ ផ្សេងៗដែលធ្វើជាប្រចាំថ្ងៃតពីដូនតាមក។
ជាមួយគ្នានោះអាជ្ញាធរជាតិអប្សរាបានចុះសួរសុខទុក្ខនិងពាំនាំនូវកញ្ចប់សុខុមាលភាពម្តាយនិងទារកទៅឧបត្ថម្ភជូនស្រ្តីទើបសម្រាលកូនរួចក្នុងឧទ្យានអង្គរបានចំនួន៣៩៩។ បន្ថែមលើការ ងារសង្គមអាជ្ញាធរជាតិអប្សរាក៏បាននាំយកនូវថវិកាចំនួន ១ លានរៀលទៅជូនអាជ្ញាធរមូលដ្ឋាន ភូមិថ្នល់ត្រង់ ឃុំរលួស ដើម្បីជួសជុលសាលាឆទានឡើងវិញ និងថវិកាចំនួន ២ លានរៀល ទៀតទៅឧបត្ថម្ភមេឃុំស្វាយចេក ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិគោកថ្មី ឃុំស្វាយចេក ស្រុកអង្គរធំ ព្រមទាំងថវិកាចំនួន១,២៩០,០០០រៀល ដើម្បីចូលរួមក្នុងពិធីបុណ្យឆ្លងកុដិថ្មី នៅវត្តរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរាក៏បាននាំយកអំណោយជាស័ង្កសី ចំនួន២០ សន្លឹកទៅឧបត្ថម្ភដែលមានជីវភាព ខ្វះខាតនៅភូមតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីប្រក់ដំបូងផ្ទះ។
ស្តែងចេញពីសកម្មភាពទាំងនេះ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាតែងតែចុះទៅ តាមគោលដៅរបស់ខ្លួនដល់ខ្នងផ្ទះប្រជាពលរដ្ឋជារៀងរាល់ ដើម្បីដោះស្រាយបញ្ហាមួយចំនួនជូន ដល់ពួកគាត់។ អាជ្ញាធរជាតិអប្សរា តែងតែនៅក្បែរនិងយកចិត្តទុកដាក់គ្រប់បញ្ហា ចំពោះ ប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព ការសាងសង់ និងការអប់រំ ធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋក្នុងតំបន់អង្គរមានសេដ្ឋកិច្ចល្អប្រសើរចំណេះដឹងទូលំទូលាយនិងមានភាពសុខសាន្ត ក្នុងសង្គមគ្រួសារ៕




បន្ថយកម្តៅ! លោក ដូណាល់ ត្រាំ អះអាងថា «ជម្លោះទ្រង់ទ្រាយធំអាចនឹងផ្ទុះឡើងជាមួយកូរ៉េខាងជើង ប៉ុន្តែអាមេរិកចង់បានដំណោះស្រាយ ដោយសន្តិវិធីជាង!»

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់ថា ជម្លោះប៉ះទង្គិចគ្នាក្នុងទ្រង់ទ្រាយដ៏ធំមួយ ជាមួយប្រទេសកូរ៉េខាងជើង អាចនឹងកើតមានឡើងបាននៅក្នុងការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់រដ្ឋកុម្មុយនិស្តមួយនេះ ក៏ប៉ុន្តែរូបលោកផ្ទាល់ពិតជាចង់បាន និងចង់ឃើញលទ្ធផលដោះស្រាយ តាមរយៈការទូត ក៏ដូចជាសន្តិវិធីចំពោះបញ្ហានេះជាង។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Reuters អំឡុងបទសម្ភាសន៍ពិសេសមួយ ក្នុងការិយាល័យប្រធានាធិបតីនៅមុនពេលគំរប់ ១០០ថ្ងៃ នៃការឡើងកាន់អំណាចលោក ដូណាល់ ត្រាំ បានលើកឡើងថា «ប្រាកដណាស់… អាចនឹងមានឱកាសដែលយើងអាចឈានដល់ការផ្ទុះជម្លោះ និងប៉ះទង្គិចគ្នាក្នុងទ្រង់ទ្រាយដ៏សែនធំជាមួយកូរ៉េខាងជើង»។ យ៉ាងណាមិញ មេដឹកនាំអាមេរិករូបនេះ បាននិយាយថា រូបលោកចង់ធ្វើការដោះស្រាយប្រកបដោយសន្តិវិធីចំពោះវិបត្តិមួយនេះ ដែលបានបង្កការរំខានអតីតប្រធានាធិបតីអាមេរិកអស់ជាច្រើននាក់មកហើយនោះ ហើយវាក៏ជាផ្លូវដើរមួយ ដែលរដ្ឋបាលលោក និងរូបលោកផ្ទាល់កំពុងផ្តោតសំខាន់ តាមរយៈការរៀបចំទណ្ឌកម្មសេដ្ឋកិច្ចថ្មីៗ ស្របពេលដែលលោក ក៏មិនបោះបង់ចោលជម្រើសនៃការប្រើប្រាស់កម្លាំងយោធាចោលទាំងស្រុងដែរ។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសកូរ៉េខាងជើងគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយដល់សន្តិសុខជាតិ និងជាអាទិភាពគោលនយោបាយការបរទេសដ៏ខ្ពស់បំផុត សម្រាប់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា ខ្លួនកំពុងតែផ្តោតសំខាន់ទៅលើការដាក់សម្ពាធផ្នែកសេដ្ឋកិច្ច និងការទូតទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាង រួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការពីចិន ក្នុងការគ្រប់គ្រងអ្នកជិតខាង និងសម្ព័ន្ធមិត្តដ៏រឹងទទឹងមួយនេះ ហើយនៅតែបន្តបើកទូលាយស្វាគមន៍ចំពោះកិច្ចចរចាគ្នា។

ជុំវិញបញ្ហានេះមន្រ្តីជាន់ខ្ពស់អាមេរិកជាច្រើនរូបបានបញ្ជាក់ថា ការវាយប្រហារដោយកម្លាំងយោធា នៅតែជាជម្រើសមួយដដែលសម្រាប់ការពិចារណា ក៏ប៉ុន្តែគេពុំសូវជារំពឹងទុកថា នឹងធ្លាក់ដល់ដំណាក់កាលនេះណាស់ ទោះបីជាទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Carl Vinson ដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាមុជទឹក USS Michigan បំពាក់គ្រាប់មីស៊ីលប្រដេញទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីសំញែងឥទ្ធិពលយ៉ាងណាក្តី៕


លោកស្រី មូរ សុខហួរ ចូលបំភ្លឺក្នុងនាមសាក្សី តាមការកោះ​ហៅរបស់​តុលាការ ​ក្នុងសំណុំរឿង​បន្លំចូលពន្ធនាគារ​របស់លោក​ ជុន ច័ន្ទបុត្រ​

លោកស្រី មូរ សុខហួរ បានទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចូលបំភ្លឺក្នុងនាមសាក្សីតាមការកោះហៅរបស់តុលាការ នៅក្នុងសំណុំរឿងបន្លំចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា។
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩៖០០នាទីព្រឹក លោកស្រី មូរ សុខហួរ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅដើម្បីឱ្យផ្តល់សក្ខីកម្ម ជូនតុលាការអំពីករណីលោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលពន្ធនាគារ ដោយបានប្រើប្រាស់តួនាទីជាជំនួយការអ្នកតំណាងរាស្រ្ត។
ពាក់ព័ន្ធនឹងករណីនេះដែរ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ក៏បានចូលបំភ្លឺជូនតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញរួចហើយដែរ ដើម្បីធ្វើជាសាក្សីនៅក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ និងបានបញ្ចប់នៅវេលាម៉ោង១១៖០៥នាទីនាព្រឹកថ្ងៃទី២៧ ខែមេសាដដែលនេះ។
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ ក្រៅពីការកោះហៅតំណាងរាស្រ្តទាំងពីររបស់គណបក្សសង្រ្គោះជាតិ ឱ្យចូលបំភ្លឺក្នុងនាមជាសាក្សីនោះ តុលាការក៏បានកោះហៅ លោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី ឱ្យចូលបំភ្លឺ ក្នុងនាមជាជនសង្ស័យផងដែរ។
គួររំលឹកផងដែរថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ និងលោក គឹម សុខ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស៕

គ.ជ.ប នឹង​បើកវគ្គបណ្ដុះបណ្ដាល​ស្ដីពី​ការបោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត បូក​សរុបលទ្ធផល​រយៈ​ពេល​​បីថ្ងៃ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោតដល់មន្រ្តីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប. ចុះថ្ងៃទី ២៧ មេសា។
សូមជម្រាបផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមវត្តមានលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. ចំណែកពិធីប្រកាសបិទវគ្គវិញ នឹងមានការចូលជាអធិបតីភាពដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប. ៕

ឧបនាយករដ្ឋមន្ដ្រី ស ខេង ព្រមានចាត់ការតាមច្បាប់ បើថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង រូបណាបន្ដឱ្យមានកុងត្រូលជជុះ

លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានជាថ្មីទៀតថា នឹងចាត់ការទៅតាមច្បាប់ចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុងរូបណា ដែលនៅតែបណ្តោយឱ្យមានកុងត្រូលជជុះ ជំរិតទារលុយពីប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។
ការព្រមានរបស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល និងសាលប្រជុំសាលាស្រុក ក្រុងចំនួន៣៤ នៅក្នុងខេត្តចំនួន១៨។  ពិធីនេះត្រូវបានធ្វើនៅសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។

ក្នុងពិធីនោះ លោក ស ខេង បានគូសបញ្ជាក់យ៉ាងច្បាស់ថា គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវលុបបំបាត់ឱ្យបានជាដាច់ខាតនូវប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ដែលមិនស្របច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន និងត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះមុខរាជរដ្ឋាភិបាល ករណីមានការកើតឡើងនូវប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់។

លោកបន្តថា ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់សំដៅទៅលើភ្នាក់ងារមានសមត្ថកិច្ចទាំងឡាយណា ដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យដោយមិនមានការអនុញ្ញាតត្រឹមត្រូវ ឬភ្នាក់ងារមានសមត្ថកិច្ចទាំងឡាយណា ដែលបំពេញការងារនៅប៉ុស្តិ៍ត្រួតពិនិត្យស្របច្បាប់ តែធ្វើសកម្មភាពជំរិតពីប្រជាពលរដ្ឋ និងអាជីវករនានា។

លោកសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហានេះ ត្រូវតែមានយន្តការមួយច្បាស់លាស់ ដូចជានៅថ្នាក់ជាតិមានគណៈបញ្ជាការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យ បន្ទាប់មកមានលេខាធិការដ្ឋាន ជាជំនួយការឱ្យគណៈបញ្ជាការនេះ បូកនឹងកម្លាំងអន្តរាគមន៍ចម្រុះដែលមានកងទ័ព នគរបាល កងរាជអាវុធហត្ថ ចំពោះកម្លាំងដែលអនុវត្តផ្ទាល់ គឺមានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានកម្លាំងចម្រុះសម្រាប់ប្រតិបត្តការនៅពេលមានប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យកើតឡើង៕




កម្ពុជា-ថៃ បើកិច្ច​ប្រជុំទ្វេភាគី ស្តីពីកិ​ច្ចសហប្រតិបត្តិការលើ​វិស័យទេស​ចរណ៍​

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី Kobkarn Wattanavrangkul រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគី ថ្នាក់រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ថៃ លើកទី១ ដើម្បីតាមដានការអនុវត្ត អនុស្សរណៈនៃការយោគយល់ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ។
អង្គប្រជុំបានសម្រេចបន្តជំរុញ អនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ ផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១-ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ដោយយកចិត្តទុកដាក់ជំរុញការអនុវត្តទិដ្ឋាការទោល (ACMECS Single Visa) សម្រាប់ទេសចរប្រទេសទី៣ ជំរុញការប្រើប្រាស់ប័ណ្ណឆ្លងព្រំដែន (Border Pass) សម្រាប់បណ្តាខេត្តជាប់ព្រំដែន និងសម្រួលការឲ្យមានច្រកពិសេស សម្រាប់ភ្ញៀវទេសចរអាស៊ាន (ASEAN lane) នៅតាមច្រកទ្វារអន្តរជាតិនានា។
២-ការជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍រួមគ្នាកម្ពុជា-ថៃ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ (2 Kingdoms, 1 Destination)» តាមគ្រប់មធ្យោបាយ និងគ្រប់សកម្មភាពទាំងនៅកម្ពុជា និងនៅថៃ។
៣-ការជំរុញវិនិយោគលើវិស័យទេសចរណ៍ ជាពិសេសចំពោះគោលដៅទេសចរណ៍សំខាន់ៗ។
៤-ការជំរុញការតភ្ជាប់ដំណើរកម្សាន្ត តាមនាវាសមុទ្រ តាមបណ្តោយឆ្នេររវាងកម្ពុជា និងថៃ។
៥-ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការយកចិត្តទុកដាក់បណ្តុះបណ្តាលផ្នែកជំនាញវិជ្ជាជីវៈ សេវាកម្ម និងការគ្រប់គ្រងគោលដៅទេសចរណ៍។
សូមជម្រាបផងដែរថា ក្នុងកិច្ចប្រជុំនោះ ភាគីថៃបានជូនដំណឹងថា ទេសចរព្យាបាលសុខភាពកម្ពុជាអាចស្នាក់នៅព្យាបាលក្នុងប្រទេសថៃ រហូតដល់រយៈពេល ៩០ថ្ងៃ ក្នុងដំណើរទស្សនកិច្ចម្តងៗ។
សូមរំលឹកផងដែរថា នៅឆ្នាំ២០១៦ កន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរជនជាតិថៃ មានចំនួនប្រមាណ ៣៥០ពាន់នាក់ ក្នុងកំណើន ១៣.៨% ឈរក្នុងលំដាប់លេខ៣។ ដោយឡែកសម្រាប់រយពេល២ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង១លាននាក់ ក្នុងនោះទេសចរជនជាតិថៃ មានចំនួន ៦៨,៧៦៥នាក់ កើនឡើងប្រមាណ ១៩%។ ជាមួយគ្នានេះ ទេសចរកម្ពុជាទៅទស្សនាប្រទេសថៃ ឆ្នាំ២០១៦ មានចំនួនប្រមាណ ៧០ម៉ឺននាក់ កើនឡើង ២៧%៕



អតីតនាយករដ្ឋមន្ត្រីប្រទេសណូវ៉ែហ្សែឡង់ កោតសរសើរពីការរីកចំរើនរបស់កម្ពុជា

នៅក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសម ជាមួយលោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន  នៅវិមានសន្តិភាព នារសៀលទី២៧ ខែមេសា ឆ្នាំ២០១៧ លោក ចន ឃី  (John Key) អតីតនាយករដ្ឋមន្ត្រីប្រទេសណូវ៉ែហ្សែឡង់ បានកោតសរសើរ ពីការរីកចម្រើនរបស់កម្ពុជា ក្នុងរយៈពេល៥ឆ្នាំមកនេះ ដោយសារ កាលពីឆ្នាំ២០១២ ក្នុងពេល ដែលលោក ជានាយករដ្ឋមន្ត្រីប្រទេសណូវ៉ែហ្សែឡង់ ធ្លាប់បាន​មក​​​កាន់ប្រទេសកម្ពុជា​ជាលើកទីមួយ ក្នុងការចូលរួមកិច្ចប្រជុំអាស៊ាន​ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ បន្ទាប់មក លោកក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី២ក្នុងប្រទេសប្រ៊ុយណាយឌេរ៉ូសាឡឹម ម្តងទៀត។  នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងប្រាប់ក្រោយជំនួបនេះ។
ចំណែកការជួបពិភាក្សា រវាងលោក​ ចន ឃី ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ  គឺក្នុងនាមលោក ជាប្រជាពលរដ្ឋសាមញ្ញ និងក្នុងន័យ​រាប់អានជាមិត្តភាពប៉ុណ្ណោះ។ បន្ថែមពីនេះភាគីទាំងពីរ ក៏បានពិភាក្សាជុំវិញបញ្ហាតំបន់ និងពិភពលោកផងដែរ​ដោយប្រទេសណូវ៉េហ្សេឡង់ គឺជាដៃគូសន្ទនារបស់អាស៊ាន។   ក្នុងដំណើរទស្សនកិច្ចរបស់ លោក ចន ឃី  នៅកម្ពុជាពេលនេះ គឺដើម្បីមកពិនិត្យមើល​គម្រោងមួយចំនួន ដែលគាំទ្រដោយបណ្ឌិត ហ៊ីរ៉ុ ហ៊ីស្សាហាន់ដា ដែលជាសប្បុរសជន​ ជប៉ុនមួយរូប តែងគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ នៅកម្ពុជា។  ដូចគ្នានេះលោកនាយករដ្ឋមន្ត្រី​ក៏បានបញ្ជាក់ថា ក្នុងមួយជីវិតរបស់លោកតែងអោយអាទិភាពចំបង​ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយកន្លងមក លោកតែងជម្រុញអោយវិស័យនេះ​មានការរីកចម្រើន នៅពេលជួបជាមួយមេដឹកនាំនៃបណ្តាប្រទេសផ្សេងៗ។ ជាក់ស្តែងជារៀងរាល់ឆ្នាំ គឺ បណ្ឌិត ហ៊ីរ៉ុ ហ៊ីស្សាហាន់ដា​ តែងផ្តល់អាហារូបករណ៌​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​មួយចំនួន សម្រាប់និស្សិតកម្ពុជា តែម្តង ។  ជាងនេះទៀត ផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងទ្វេភាគី ប្រទេសណូវ៉ែហ្សែឡង់ ក៏បានផ្តល់អាហារូបករណ៌៣៥កន្លែងក្នុងមួយឆ្នាំ សម្រាប់និស្សិតកម្ពុជា​ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅទីនោះផងដែរ៕