Friday, April 28, 2017

បន្ថយកម្តៅ! លោក ដូណាល់ ត្រាំ អះអាងថា «ជម្លោះទ្រង់ទ្រាយធំអាចនឹងផ្ទុះឡើងជាមួយកូរ៉េខាងជើង ប៉ុន្តែអាមេរិកចង់បានដំណោះស្រាយ ដោយសន្តិវិធីជាង!»

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់ថា ជម្លោះប៉ះទង្គិចគ្នាក្នុងទ្រង់ទ្រាយដ៏ធំមួយ ជាមួយប្រទេសកូរ៉េខាងជើង អាចនឹងកើតមានឡើងបាននៅក្នុងការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់រដ្ឋកុម្មុយនិស្តមួយនេះ ក៏ប៉ុន្តែរូបលោកផ្ទាល់ពិតជាចង់បាន និងចង់ឃើញលទ្ធផលដោះស្រាយ តាមរយៈការទូត ក៏ដូចជាសន្តិវិធីចំពោះបញ្ហានេះជាង។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Reuters អំឡុងបទសម្ភាសន៍ពិសេសមួយ ក្នុងការិយាល័យប្រធានាធិបតីនៅមុនពេលគំរប់ ១០០ថ្ងៃ នៃការឡើងកាន់អំណាចលោក ដូណាល់ ត្រាំ បានលើកឡើងថា «ប្រាកដណាស់… អាចនឹងមានឱកាសដែលយើងអាចឈានដល់ការផ្ទុះជម្លោះ និងប៉ះទង្គិចគ្នាក្នុងទ្រង់ទ្រាយដ៏សែនធំជាមួយកូរ៉េខាងជើង»។ យ៉ាងណាមិញ មេដឹកនាំអាមេរិករូបនេះ បាននិយាយថា រូបលោកចង់ធ្វើការដោះស្រាយប្រកបដោយសន្តិវិធីចំពោះវិបត្តិមួយនេះ ដែលបានបង្កការរំខានអតីតប្រធានាធិបតីអាមេរិកអស់ជាច្រើននាក់មកហើយនោះ ហើយវាក៏ជាផ្លូវដើរមួយ ដែលរដ្ឋបាលលោក និងរូបលោកផ្ទាល់កំពុងផ្តោតសំខាន់ តាមរយៈការរៀបចំទណ្ឌកម្មសេដ្ឋកិច្ចថ្មីៗ ស្របពេលដែលលោក ក៏មិនបោះបង់ចោលជម្រើសនៃការប្រើប្រាស់កម្លាំងយោធាចោលទាំងស្រុងដែរ។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសកូរ៉េខាងជើងគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយដល់សន្តិសុខជាតិ និងជាអាទិភាពគោលនយោបាយការបរទេសដ៏ខ្ពស់បំផុត សម្រាប់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា ខ្លួនកំពុងតែផ្តោតសំខាន់ទៅលើការដាក់សម្ពាធផ្នែកសេដ្ឋកិច្ច និងការទូតទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាង រួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការពីចិន ក្នុងការគ្រប់គ្រងអ្នកជិតខាង និងសម្ព័ន្ធមិត្តដ៏រឹងទទឹងមួយនេះ ហើយនៅតែបន្តបើកទូលាយស្វាគមន៍ចំពោះកិច្ចចរចាគ្នា។

ជុំវិញបញ្ហានេះមន្រ្តីជាន់ខ្ពស់អាមេរិកជាច្រើនរូបបានបញ្ជាក់ថា ការវាយប្រហារដោយកម្លាំងយោធា នៅតែជាជម្រើសមួយដដែលសម្រាប់ការពិចារណា ក៏ប៉ុន្តែគេពុំសូវជារំពឹងទុកថា នឹងធ្លាក់ដល់ដំណាក់កាលនេះណាស់ ទោះបីជាទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Carl Vinson ដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាមុជទឹក USS Michigan បំពាក់គ្រាប់មីស៊ីលប្រដេញទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីសំញែងឥទ្ធិពលយ៉ាងណាក្តី៕


No comments:

Post a Comment