Friday, April 28, 2017

លោកស្រី មូរ សុខហួរ ចូលបំភ្លឺក្នុងនាមសាក្សី តាមការកោះ​ហៅរបស់​តុលាការ ​ក្នុងសំណុំរឿង​បន្លំចូលពន្ធនាគារ​របស់លោក​ ជុន ច័ន្ទបុត្រ​

លោកស្រី មូរ សុខហួរ បានទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចូលបំភ្លឺក្នុងនាមសាក្សីតាមការកោះហៅរបស់តុលាការ នៅក្នុងសំណុំរឿងបន្លំចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា។
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៩៖០០នាទីព្រឹក លោកស្រី មូរ សុខហួរ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅដើម្បីឱ្យផ្តល់សក្ខីកម្ម ជូនតុលាការអំពីករណីលោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលពន្ធនាគារ ដោយបានប្រើប្រាស់តួនាទីជាជំនួយការអ្នកតំណាងរាស្រ្ត។
ពាក់ព័ន្ធនឹងករណីនេះដែរ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ក៏បានចូលបំភ្លឺជូនតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញរួចហើយដែរ ដើម្បីធ្វើជាសាក្សីនៅក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ និងបានបញ្ចប់នៅវេលាម៉ោង១១៖០៥នាទីនាព្រឹកថ្ងៃទី២៧ ខែមេសាដដែលនេះ។
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ ក្រៅពីការកោះហៅតំណាងរាស្រ្តទាំងពីររបស់គណបក្សសង្រ្គោះជាតិ ឱ្យចូលបំភ្លឺក្នុងនាមជាសាក្សីនោះ តុលាការក៏បានកោះហៅ លោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី ឱ្យចូលបំភ្លឺ ក្នុងនាមជាជនសង្ស័យផងដែរ។
គួររំលឹកផងដែរថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ និងលោក គឹម សុខ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស៕

No comments:

Post a Comment