Friday, April 28, 2017

លោក វេង សាខុន ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកកំពង់សៀម

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ នៅវត្តគគរ ភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន ២ឃុំ ចំនួន ១៤០០នាក់។
នាឱកាសនោះផងដែរ លោករដ្ឋមន្រ្តីបានលើកទ្បើងពីការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ច និងផែនការអភិវឌ្ឍនានា ជាពិសេសការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត និងការតភ្ជាប់បណ្តាញអគ្គីសនី។
នៅក្នុងឱកាសវេទិកានេះ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំគគរ និងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលើកឡើងនូវបញ្ហាប្រឈម ដូចជា បញ្ហាខូចខាតផ្លូវលំ សំណើស្តារប្រឡាយ ជួសជុលសាលារៀន និងវត្តអារាម និងរថយន្តសង្រ្គោះបន្ទាន់។ ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងចាត់ឱ្យក្រុមការងារបន្តតាមដានចំពោះការអនុវត្តសំណើទាំងអស់ឱ្យមានប្រសិទ្ធភាព៕


No comments:

Post a Comment