Friday, April 28, 2017

កម្ពុជា-ថៃ បើកិច្ច​ប្រជុំទ្វេភាគី ស្តីពីកិ​ច្ចសហប្រតិបត្តិការលើ​វិស័យទេស​ចរណ៍​

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី Kobkarn Wattanavrangkul រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគី ថ្នាក់រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ថៃ លើកទី១ ដើម្បីតាមដានការអនុវត្ត អនុស្សរណៈនៃការយោគយល់ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ។
អង្គប្រជុំបានសម្រេចបន្តជំរុញ អនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ ផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១-ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ដោយយកចិត្តទុកដាក់ជំរុញការអនុវត្តទិដ្ឋាការទោល (ACMECS Single Visa) សម្រាប់ទេសចរប្រទេសទី៣ ជំរុញការប្រើប្រាស់ប័ណ្ណឆ្លងព្រំដែន (Border Pass) សម្រាប់បណ្តាខេត្តជាប់ព្រំដែន និងសម្រួលការឲ្យមានច្រកពិសេស សម្រាប់ភ្ញៀវទេសចរអាស៊ាន (ASEAN lane) នៅតាមច្រកទ្វារអន្តរជាតិនានា។
២-ការជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍រួមគ្នាកម្ពុជា-ថៃ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ (2 Kingdoms, 1 Destination)» តាមគ្រប់មធ្យោបាយ និងគ្រប់សកម្មភាពទាំងនៅកម្ពុជា និងនៅថៃ។
៣-ការជំរុញវិនិយោគលើវិស័យទេសចរណ៍ ជាពិសេសចំពោះគោលដៅទេសចរណ៍សំខាន់ៗ។
៤-ការជំរុញការតភ្ជាប់ដំណើរកម្សាន្ត តាមនាវាសមុទ្រ តាមបណ្តោយឆ្នេររវាងកម្ពុជា និងថៃ។
៥-ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការយកចិត្តទុកដាក់បណ្តុះបណ្តាលផ្នែកជំនាញវិជ្ជាជីវៈ សេវាកម្ម និងការគ្រប់គ្រងគោលដៅទេសចរណ៍។
សូមជម្រាបផងដែរថា ក្នុងកិច្ចប្រជុំនោះ ភាគីថៃបានជូនដំណឹងថា ទេសចរព្យាបាលសុខភាពកម្ពុជាអាចស្នាក់នៅព្យាបាលក្នុងប្រទេសថៃ រហូតដល់រយៈពេល ៩០ថ្ងៃ ក្នុងដំណើរទស្សនកិច្ចម្តងៗ។
សូមរំលឹកផងដែរថា នៅឆ្នាំ២០១៦ កន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរជនជាតិថៃ មានចំនួនប្រមាណ ៣៥០ពាន់នាក់ ក្នុងកំណើន ១៣.៨% ឈរក្នុងលំដាប់លេខ៣។ ដោយឡែកសម្រាប់រយពេល២ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង១លាននាក់ ក្នុងនោះទេសចរជនជាតិថៃ មានចំនួន ៦៨,៧៦៥នាក់ កើនឡើងប្រមាណ ១៩%។ ជាមួយគ្នានេះ ទេសចរកម្ពុជាទៅទស្សនាប្រទេសថៃ ឆ្នាំ២០១៦ មានចំនួនប្រមាណ ៧០ម៉ឺននាក់ កើនឡើង ២៧%៕



No comments:

Post a Comment