Friday, April 28, 2017

សហរដ្ឋអាមេរិក ​មានគំរោង​នឹងស្នើសុំ​ឱ្យបិទបេសកកម្ម​ការទូត​ទាំងអស់​របស់កូរ៉េ​ខាងជើង​ នៅទូទំាងពិភពលោក នៅអំឡុងកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខ UN

បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧នេះបានឱ្យដឹងថា សហរដ្ឋអាមេរិកមានគំរោងនឹងស្នើសុំឱ្យបិទបេសកកម្មការទូតទាំងអស់របស់កូរ៉េខាងជើង នៅទូទំាងពិភពលោក នៅអំឡុងកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសន្តិសុខ UN ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Mark Toner បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីពិភាក្សាលើសំណុំរឿងនុយក្លេអ៊ែរកូរ៉ខាងជើង នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងការគាំទ្រពីអន្តរជាតិ បង្កើនការដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផោ្លង។
លោក Mark Toner បានបន្តទៀតថា មានជម្រើសជាច្រើន ក៏ប៉ុន្តែក្នុងចំណោមជម្រើសទំាងនេះ ក៏មានការដាក់ទណ្ឌកម្ម ហើយការធ្វើឱ្យឯកោនៃការទូតកូរ៉េខាងជើង ក៏ជាមធ្យោបាយមួយផងដែរ។ ដោយឡែកឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានដែលសួរថា តើទណ្ឌកម្មទំាងនោះរួមមានការបិទបេសកកម្មការទូតកូរ៉េខាងជើង នៅទូទំាងពិភពលោកដែរឬទេ? អ្នកនាំពាក្យរូបនេះបានតបថា មាន។ បើតាមសម្តីលោក Mark Toner គំនិតនេះ គឺជាជម្រើសមួយក្នុងមធ្យោបាយ ដែលអាចនឹងត្រូវធ្វើឡើងក្រោមវិធានការយ៉ាងតឹងរឹងបំផុត។
គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៦ សហរដ្ឋអាមេរិកធ្លាប់បានស្នើសុំឱ្យបណ្ដាប្រទេសជុំវិញពិភពលោក កាត់បន្ថយ ឬក៏កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងសាកល្បងអាវុធនុយក្លែអ៊ែជាលើកទី០៥ ក្នុងឆ្នាំដដែល។ ក៏ប៉ុន្តែផ្អែកលើស្ថានភាពជាក់ស្ដែង បើគ្មានជំនួយពីចិនគេពិបាកនឹងដោះស្រាយជាមួយកូរ៉េខាងជើងណាស់ ត្បិតចិនមានសិទ្ធិវេតូ និងតែងតែការពាររបបដឹកនាំទីក្រុងព្យុងយ៉ាងជានិច្ច បើទោះជាខ្លួនសម្រេចចិត្តដាក់ទណ្ឌកម្មខ្លះ លើសម្ព័ន្ធមិត្តយូរអង្វែងមួយនេះក៏ដោយ៕



No comments:

Post a Comment