Friday, April 28, 2017

ប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស ៖ មានតែសម័យសម្ដេចតេជោ ហ៊ុន សែន ទេ ដែលកម្មករត្រូវបានយកចិត្តទុកដាក់ខ្ពស់ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម

លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់កម្មករ-កម្មការិនីថា បេឡាជាតិ​របប​សន្តិសុខ​សង្គម ​បង្កើតឡើងសម្រាប់​កម្មករ-​កម្មការិនី​​ទាំងអស់ ​មិន​ដែល​មាន​ទេ​នៅ​​ជំនាន់​មុន​ មានតែសម័យលោកនាយករដ្ឋមន្រ្ដី​ ហ៊ុន ​សែន​ ​ដែល​បាន​គិតគូរ​បង្កើតឱ្យ​មាន​បេឡាជាតិ​ ​របប​សន្តិសុខ​សង្គម​នេះឡើង​ លោក សេង សក្ដា ថ្លែងបែបនេះ ក្នុងឱកាសចុះសំណេះសំណាល និងផ្សព្វផ្សាយពីគោលនយោបាយ របបហានិភ័យការងារ របបថែទាំសុខភាព និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​ដល់កម្មករនៅក្រុមហ៊ុន CAMKO Motor Ltd ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង ខេត្តកោះកុង​ លោក​ថ្លែងបន្ដយ៉ាងដូច្នេះ​ថា «​បេឡាជាតិ​របប​សន្តិសុខ​សង្គម ​សម្រាប់​កម្មករ​កម្មការិនី​​ទាំងអស់ ​មិន​ដែល​មាន​ទេ​នៅ​គ្រប់​ជំនាន់​មុន​ៗ​ មានតែសម័សម្ដេចតេជោ​ ហ៊ុន ​សែន​ ​នាយករដ្ឋមន្រ្ដីនៃកម្ពុជាទេ ដែល​បាន​គិតគូរ​បង្កើត​ឱ្យ​មាន​បេឡាជាតិ ​របប​សន្តិសុខ​សង្គម​នេះឡើង»។
លោកបានបន្តទៀតថា ប.ស.ស មានភារកិច្ច ផ្តល់ជូនរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព និងរបបសោធននិវត្ត។ ពេលកម្មករគ្រោះថ្នាក់ការងារ ទទួលបានការធានារ៉ាប់រងពី ប.ស.ស ដូចខាក្រោម៖
១- លុយថ្លៃដឹកជញ្ជូនជនរងគ្រោះ
២- លុយថ្លៃសង្គ្រោះបន្ទាន់
៣- លុយថ្លៃព្យាបាលរហូតដល់ជាសះស្បើយ
៤- លុយឧបត្ថម្ភប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ
៥- លុយឧបត្ថម្ភដល់អ្នកចាំថែរក្សា និងអ្នកថែទាំជនរងគ្រោះ
៦- លុយឧបត្ថម្ភប្រចាំថ្ងៃ ចំពោះអ្នកបាត់បង់គ្រោះថ្នាក់ការងារអចិន្ត្រៃយ៍
៧- ចំពោះគ្រោះថ្នាក់រហូតដល់ពិការភាពទទួលបានសម្ភារៈ ដូចជា ដៃជើងអវៈយវៈសិប្បនិម្មិត ឈើច្រត់ រទេះរុញ
៨- ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជា ជាងអ៊ុតសក់ ជាងសំអាង ជាងជួសជុលទូរស័ព្ទ ជាងភ្លើង
៩- ចំពោះជនរងគ្រោះរហូតដល់ស្លាប់ ទទួលបានលុយឧបត្ថម្ភធ្វើបុណ្យសពចំនួន ៤លានរៀល, លុយឧបត្ថម្ភកូនដល់អាយុ១៨ឆ្នាំ បើនៅរៀនផ្តល់ឲ្យដល់អាយុ២១ឆ្នាំ, លុយឧបត្ថម្ភ ប្តី ឬប្រពន្ធ កូន និងជនចាស់ជរានៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះ។
ជាមួយគ្នានេះ ប.ស.ស បាននិងកំពុងផ្តល់គោលរបបថែទាំសុខភាពដល់កម្មករ រួមមាន៖ ១.ទទួលបានសេវាពិគ្រោះជំងឺដោយមិនគិតថ្លៃ, ២.ទទួលបានការព្យាបាលដោយមិនគិតថ្លៃ, ៣.ទទួលសេវាពិនិត្យសុខភាព មុន និងក្រោយពេលសម្រាកមាតុភាពដោយមិនគិតថ្លៃ, ៤.ទទួលសេវាសម្រាលកូនដោយមិនគិតថ្លៃ, ៥.ទទួលបានសេវាថែទាំ និងបង្ការសុខភាពដោយមិនគិតថ្លៃ, ៦.រយៈពេល៣ខែ ឈប់សម្រាកមាតុភាព ទទួលបានប្រាក់ខែ ៥០% ពីថៅកែរោងចក្រ និងទទួលបាន ៧០% ពី ប.ស.ស សរុប១២០%។ នៅចុងឆ្នាំ២០១៧នេះ ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ នឹងដាក់ឱ្យដំណើរការនូវរបបសោធននិវត្ត សម្រាប់កម្មករនិយោជិត។
លោកប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស ក៏បានធ្វើការពន្យល់ និងណែនាំអប់រំពីសុវត្ថិភាពលើការធ្វើដំណើរ ដល់កម្មករទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពទៅលើសីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ ដែលមានខ្លឹមសារដូចខាងក្រោម៖
១- មិនត្រូវបើកបរលើសល្បឿនកំណត់
២- មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹង
៣- មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងញៀន
៤- មិនត្រូវបើកបរស្ថិតនៅក្រោមស្ថានភាពងងុយដេក
៥- ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវ
៦- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច
៧- ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច
៨- ត្រូវប្រកាន់ស្តាំជានិច្ច
៩- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
១០- ត្រូវប្រុងប្រយ័ត្នជានិច្ច ៕



No comments:

Post a Comment