Friday, April 28, 2017

អតីតនាយករដ្ឋមន្ត្រីប្រទេសណូវ៉ែហ្សែឡង់ កោតសរសើរពីការរីកចំរើនរបស់កម្ពុជា

នៅក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសម ជាមួយលោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន  នៅវិមានសន្តិភាព នារសៀលទី២៧ ខែមេសា ឆ្នាំ២០១៧ លោក ចន ឃី  (John Key) អតីតនាយករដ្ឋមន្ត្រីប្រទេសណូវ៉ែហ្សែឡង់ បានកោតសរសើរ ពីការរីកចម្រើនរបស់កម្ពុជា ក្នុងរយៈពេល៥ឆ្នាំមកនេះ ដោយសារ កាលពីឆ្នាំ២០១២ ក្នុងពេល ដែលលោក ជានាយករដ្ឋមន្ត្រីប្រទេសណូវ៉ែហ្សែឡង់ ធ្លាប់បាន​មក​​​កាន់ប្រទេសកម្ពុជា​ជាលើកទីមួយ ក្នុងការចូលរួមកិច្ចប្រជុំអាស៊ាន​ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ បន្ទាប់មក លោកក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី២ក្នុងប្រទេសប្រ៊ុយណាយឌេរ៉ូសាឡឹម ម្តងទៀត។  នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងប្រាប់ក្រោយជំនួបនេះ។
ចំណែកការជួបពិភាក្សា រវាងលោក​ ចន ឃី ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ  គឺក្នុងនាមលោក ជាប្រជាពលរដ្ឋសាមញ្ញ និងក្នុងន័យ​រាប់អានជាមិត្តភាពប៉ុណ្ណោះ។ បន្ថែមពីនេះភាគីទាំងពីរ ក៏បានពិភាក្សាជុំវិញបញ្ហាតំបន់ និងពិភពលោកផងដែរ​ដោយប្រទេសណូវ៉េហ្សេឡង់ គឺជាដៃគូសន្ទនារបស់អាស៊ាន។   ក្នុងដំណើរទស្សនកិច្ចរបស់ លោក ចន ឃី  នៅកម្ពុជាពេលនេះ គឺដើម្បីមកពិនិត្យមើល​គម្រោងមួយចំនួន ដែលគាំទ្រដោយបណ្ឌិត ហ៊ីរ៉ុ ហ៊ីស្សាហាន់ដា ដែលជាសប្បុរសជន​ ជប៉ុនមួយរូប តែងគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ នៅកម្ពុជា។  ដូចគ្នានេះលោកនាយករដ្ឋមន្ត្រី​ក៏បានបញ្ជាក់ថា ក្នុងមួយជីវិតរបស់លោកតែងអោយអាទិភាពចំបង​ទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយកន្លងមក លោកតែងជម្រុញអោយវិស័យនេះ​មានការរីកចម្រើន នៅពេលជួបជាមួយមេដឹកនាំនៃបណ្តាប្រទេសផ្សេងៗ។ ជាក់ស្តែងជារៀងរាល់ឆ្នាំ គឺ បណ្ឌិត ហ៊ីរ៉ុ ហ៊ីស្សាហាន់ដា​ តែងផ្តល់អាហារូបករណ៌​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​មួយចំនួន សម្រាប់និស្សិតកម្ពុជា តែម្តង ។  ជាងនេះទៀត ផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងទ្វេភាគី ប្រទេសណូវ៉ែហ្សែឡង់ ក៏បានផ្តល់អាហារូបករណ៌៣៥កន្លែងក្នុងមួយឆ្នាំ សម្រាប់និស្សិតកម្ពុជា​ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅទីនោះផងដែរ៕



No comments:

Post a Comment