Friday, April 28, 2017

រដ្ឋមន្ត្រីក្រសួងការងារ ​ស្នើដល់ប្រធាន​មន្ទីរដែល​ទើបនឹងតែង​តាំងថ្មី​ ត្រូវយកចិត្ត​ទុកដាក់​ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចខ្លួនឱ្យបានល្អ

នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសាលារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់ មុខតំណែងលោក ជួន វិឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញជំនួសលោក នូ នឹម ដែលត្រូវចូលនិវត្តន៍។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ ពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របតាមតម្រូវការទីផ្សារការងារ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ធ្វើឱ្យកម្ពុជា បានឈានដល់ដំណាក់កាលនៃការប្រែ
ប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម ព្រមទាំងកំពុងឈានទៅសម្រេចឋានៈជាប្រទេសដែលមានចំណូលកម្រិតមធ្យមនាពេលដ៏ខ្លីខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងការងារ បានបន្ថែមទៀតថា ដើម្បីផ្សារភ្ជាប់ជាមួយនឹងកម្មវិធីកែទម្រង់ស៊ីជម្រៅស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៥ ឆ្នាំ “២០១៤-២០១៨” ដោយប្រមូលផ្តុំលើអាទិភាព៥ រួមមាន៖ ទី១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ទី២-ការអភិវឌ្ឍការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទី៣-ការអភិវឌ្ឍមុខរបរ និងការងារ ទី៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងា និងទី៥-ការពង្រឹងសេវាសាធារណៈល្អ ដោយអនុវត្តទទួលបានសមិទ្ធផលថ្មីៗជាដើម។
លោកក៏បានស្នើដល់ប្រធានមន្ទីរដែលទើបនឹងតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ និងត្រូវបន្តជំរុញកំណែទម្រង់អាទិភាពទាំង៥ នៃផែនការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨ឱ្យទទួលបានលទ្ធផលល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ៕


No comments:

Post a Comment