Friday, April 28, 2017

អភិបាលខេត្តស្វាយរៀង អញ្ជើញសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី​១៣១ ​ទិវាពលកម្ម​អន្តរជាតិ​នៅតំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន​ ស្ថិតក្នុង​ក្រុងបាវិត​

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជួបសំណេះសំណាលដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងពិធីនេះ លោកអភិបាលខេត្ត បានអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានប្រសាសន៍សំណេះសំណាល ដោយបានបញ្ជាក់សង្កត់ធ្ងន់ថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្ដាប់សង្គម ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេច និងកសាងបានតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបង្កើនការវិនិយោគ បង្កើតការងារធ្វើ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធារ និងល្អប្រសើរឡើងជាលំដាប់។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនកម្មករ កម្មការិនី និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលគោរពច្បាប់ស្ដីការងារ ច្បាប់ស្ដីពីរបបសន្តិសុខសង្គម រក្សានូវសាមគ្គីភាពផ្ទៃក្នុង ចេះជួយគ្នាទៅវិញទៅមក និងទទួលខុសត្រូវលើភារកិច្ចការងាររបស់ខ្លួន ជាពិសេសខិតខំពង្រឹងភាពសុខុដុមរមនារវាងនិយោជក និងកម្មករនិយោជិត ដោយមិនត្រូវជឿលើការញុះញង់ពីជនខិលខូចមួយចំនួនដែលនាំឱ្យប៉ះពាល់ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និយោជកឡើយ ព្រមទាំងត្រូវចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានចែកជូនកម្មករ កម្មការិនី ដែលចូលរួមក្នុងពិធីសំណេះសំណាលចំនួន ១២០០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ និងថវិកា ១ម៉ឺនរៀល និងបានអញ្ជើញទៅទស្សនា និងពិនិត្យមើល ពីសង្វាក់ផលិតកម្មនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជីហ្វាអេសផងដែរ ៕




No comments:

Post a Comment