Tuesday, August 16, 2022

វិភាគអន្តរជាតិ៖ ក្នុងតំបន់ប៉ាស៊ីហ្វិក តើអាមេរិក និងចិន ចង់បានអ្វី?


(វ៉ាស៊ីនតោន)៖ ការប្រជែងដណ្ដើមឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងចិនកាន់តែឡើងកម្ដៅខ្លាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិក ក្នុងបរិបទដែលមហាអំណាចទាំង២ កំពុងរួសរាន់ចាក់ឬសឥទ្ធិពលរៀងៗខ្លួននៅក្នុងតំបន់ ហើយដើម្បីអាចធ្វើបែបនេះបាន អ្វីដែលអាមេរិក និងចិន ត្រូវការបំផុតនោះគឺ «សម្ព័ន្ធមិត្ត»។ ទាំង អាមេរិក និងចិនសុទ្ធតែបានព្យាយាមបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក តាមរយៈការទិញទឹកចិត្ត ក្នុងនោះរួមមានការផ្ដល់កម្ចី ជំនួយសន្តិសុខ និងជំនួយអភិវឌ្ឍន៍នានា។


ការប្រជែងឥទ្ធិពលរវាងអាមេរិក និងចិនបានឡើងកម្ដៅកាន់តែខ្លាំងចាប់តាំងពីខែមេសាកន្លងទៅមក បន្ទាប់ប្រទេសដែនកោះសូឡូម៉ុនបានចុះហត្ថលេខាងលើ កិច្ចព្រមព្រៀងសន្តិសុខជាមួយចិន ជាកិច្ចព្រមព្រៀងដំបូងបំផុតដែលទីក្រុងប៉េកាំងសម្រេចបានជាមួយបណ្ដាប្រទេសក្នុងតំបន់ ហើយចាប់តាំងពីពេលនោះមក ដែរ អូស្ត្រាលី និងចិនបានបង្កើនយុទ្ធនាការការទូត ដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបំពេញទស្សនកិច្ចដ៏កម្រមួយមានរយៈពេលដល់ទៅ ៨ថ្ងៃ ទៅកាន់បណ្ដាប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក កាលពីខែឧសភា រីឯរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផែននី វ៉ុង (Penny Wong) បានបំពេញ ទស្សនកិច្ចនៅតំបន់ប៉ាស៊ីហ្វិកដល់ ៤លើក ក្នុងរយៈពេលត្រឹម២ខែប៉ុណ្ណោះ។


ប៉ាស៊ីហ្វិកជាមហាសមុទ្រធំបំផុតនៅលើពិភពលោក និងមានព្រំដែនជាប់សហរដ្ឋអាមេរិក ជប៉ុន រុស្ស៉ី និងស៊ីលី។ ប៉ុន្តែ នៅពេលគេនិយាយដល់ពាក្យប្រជាជាតិ ប៉ាស៊ីហ្វិក នោះគឺគេចង់សំដៅទៅលើប្រទេសដែនកោះចំនួន១៤ រួមមាន ប៉ាពូអាស៊ី នូវែលហ្គីណេ ហ្វីជី សូឡូម៉ុន វ៉ានូអាទូ សាម៉ៅ និងគីរីបាទី ជាដើម។ ក្នុងចំណោមប្រទេសដែនកោះទាំងនេះ មានមួយចំនួនធំបានអនុវត្តគោលនយោបាយការបរទេស «គ្មានសត្រូវ និងចាត់ទុកប្រទេសទាំងអស់នៅក្នុង ពិភពលោកជាមិត្ត»។ ក៏ប៉ុន្តែ ពួកគេមានទំនាក់ទំនងយូរអង្វែងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ នោះគឺអូស្ត្រាលី និងនូវែលសេឡង់ ហើយដែលប្រទេសទាំង២នេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំនៃប្រទេសដែនកោះប៉ាស៊ីហ្វិក អស់រយៈពេលរាប់ទសវត្សរ៍មកហើយដែរ ក៏ដូចជាស្ថិត នៅក្នុងចំណោមប្រទេសចំនួន៧ ជាស្ថាបនិកនៃវេទិកាដែនកោះប៉ាស៊ីហ្វិក (Pacific Islands Forum) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១។


អស់រយៈពេលជាងកន្លះស.វមកនេះ អូស្ត្រាលី និងនូវែលសេឡង់ បានផ្ដល់ជំនួយអភិវឌ្ឍន៍ ការគាំទ្រនយោបាយ និងសន្តិសុខនៅក្នុងស្រុកយ៉ាងច្រើន សន្ធឹកសន្ធាប់ដល់ប្រទេសដែនកោះប៉ាស៊ីហ្វិក។ តួយ៉ាង នៅពេលមានអំពើហិង្សាបង្កឡើងភាពតានតឹងនយោបាយផ្ទុះឡើង ក្នុងប្រទេសដែនកោះសូឡូម៉ុន កាលពីឆ្នាំ២០០៣ អូស្ត្រាលីបានដឹកនាំកម្លាំងប៉ូលិសនៅក្នុងតំបន់ធ្វើអន្តរាគមន៍ជួយស្ដារសណ្ដាប់ធ្នាប់ឡើងវិញ។ លើសពីនេះទៅទៀត បើតាមវិទ្យាស្ថាន Lowy Institute អូស្ត្រាលីបានផ្ដល់ជំនួយអភិវឌ្ឍន៍ជាង ១០ពាន់លានដុល្លារដល់តំបន់ប៉ាស៊ីហ្វិក នៅចន្លោះពីឆ្នាំ២០០៩ និងឆ្នាំ២០១៩ ពោលគឺច្រើនជាង ប្រទេសណាៗទាំងអស់ ហើយនូវែលសេឡង់បានផ្ដល់ជំនួយជាង ២ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។


តែទោះបែបនេះក្ដី វិទ្យាស្ថាន Lowy Institute បានឱ្យដឹងថាចិនបានលេខមុខឡើងក្នុងនាមជាដៃគូថ្មីមួយដ៏សំខាន់នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដោយចាប់តាំងពី ឆ្នាំ២០០៩មក ចិនបានក្លាយជាអ្នកផ្ដល់កម្ចីធំបំផុតដល់បណ្ដាប្រទេសដែនកោះប៉ាស៊ីហ្វិក គិតជាសរុប ៧ពាន់លានដុល្លារ។ ម្លោះហើយហេតុអ្វីបានជាចិនផ្ដល់ ជំនួយលួងលោមចិត្តប្រទេសដែនកោះទាំងនេះ? ហើយតើតំបន់ប៉ាស៊ីហ្វិក មានសារៈសំខាន់ប៉ុនណាសម្រាប់ចិន និងសហរដ្ឋអាមេរិក? សម្រាប់ចិន ដើម្បី ពង្រីកឥទ្ធិពល និងមានទឹកមាត់ប្រៃ នៅក្នុងស្ថាប័នអន្តរជាតិដូចជាអង្គការសហប្រជាជាតិ ច្បាស់ណាស់ចិនត្រូវការសម្ព័ន្ធមិត្តដែលអាចគាំទ្រ ជំហរនយោបាយ របស់ខ្លួន។ ខណៈសហរដ្ឋអាមេរិកអាចស្វែងរកការគាំទ្រពីបណ្ដាប្រទេសអឺរ៉ុប អាស៊ីបូព៌ា និងអាមេរិកខាងជើង ចិនក៏កំពុងស្វែងរកសម្ព័ន្ធមិត្តដូចគ្នានេះដែរ នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីអាចមានមិត្តដែលគាំទ្រ ឬឈរនៅខាងចិន នៅពេលមានជម្លោះ ឬវិបត្តិអន្តរជាតិណាមួយកើតឡើង។


មិនតែប៉ុណ្ណោះមានរឿង ២សំខាន់ទៀតដែលចិនត្រូវការចាំបាច់។ ម្យ៉ាង នៅក្នុងចំណោមប្រទេសចំនួន១៤ ដែលនៅតែបន្តរក្សាទំនាក់ទំនងការទូតផ្លូវការ ជាមួយតៃវ៉ាន់ មាន៤ ជាប្រទេសដែនកោះប៉ាស៊ីហ្វិក ដូចជាប៉ាលូ ណូរុ ទូវ៉ាលូ និងប្រទេសដែនកោះម៉ាសាល់។ ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយបានប្រើការទូត និងអំណាចសេដ្ឋកិច្ច ធ្វើឱ្យតៃវ៉ាន់ឯកោ តាមរយៈបញ្ចុះបញ្ចូលប្រទេសទាំងនោះផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់។ ជាឧទាហរណ៍ កាលពី ឆ្នាំ២០១៩ ប្រទេសដែនកោះប៉ាស៊ីហ្វិកចំនួន២ ក្នុងនោះរួមមានទាំងសូឡូម៉ុន បានផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ដោយៈ Fresh News

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ នៅ សាលាធម្មសភាវត្តបុទុមវតីរាជវរារាម  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទីវង្គត ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក។ 



នៅចំពោះព្រះភក្រព្រះបរមរូប និងព្រះអដ្ឋិធាតុ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តដោយសេចក្តីសោកសង្រេកយ៉ាងពន់ពេក ចំពោះការយាងចូលទិវង្គត់របស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ។ សូមបញ្ជាក់ថា ក្នុងសារលិខិតរំលែកព្រះមរណទុក្ខ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បង្គំទូលថ្វាយអ្នកម្នាង យិន នរោត្តម យុវនាថ ចុះថ្ងៃ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានទូលថ្វាយយ៉ាងដូច្នេះថា ខណៈនេះ រូបសម្តេច និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត់ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក ក្នុងជន្មាយុ ៧៨ព្រះវស្សា ដោយព្រះរោគាពាធ។ 


ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ រូបសម្តេច និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយអ្នកម្នាង រួមទាំងបុត្រាបុត្រី ប្រកបដោយអនិច្ចលក្ខណធម៌សង្វេក សោកស្តាយ ស្រណោះអាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បងព្រះស្វាមី ប្រកបដោយសង្គហធម៌ និងការបាត់បង់ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ពិសេសគឺការបាត់បង់អង្គព្រះរាជវង្ស ទ្រង់ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ មួយអង្គដ៏ល្អឆ្នើមបំផុតផងដែរ។ ជាមួយគ្នានេះ រូបសម្តេច និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕





សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សា។



លោក កស័ក្ដិ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស រាជធានីភ្នំពេញ មានការរីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត។ លើសពីនោះទៀត លោកការក៏បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់ជូនសម្ដេចតេជោនៅអាហារូបករណ៍ថ្នាក់បរិញាបត្រចំនួន១០ និងអាហារូបករណ៍សម្រាប់ថ្នាក់បច្ចេកទេសចំនួន១១ ហើយលោកបានជម្រាបជូនថា រាល់ការចំណាយទាំងអស់ លោកនឹងផ្គត់ផ្គង់ជូនសម្រាប់អាហារូបករណ៍ទាំង ២០នេះ។


ជាមួយគ្នានេះដែរ លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោអំពីល្បែងយុទ្ធសាស្ត្រហ្គោល ដែលជាល្បែងមួយមានប្រភពចេញមកពីប្រទេសចិនប្រមាណជា ៣០០០ឆ្នាំមកហើយ ហើយលោក សព្វថ្ងៃ គឺជាអ្នកបង្ហាត់បង្រៀនល្បែងយុទ្ធសាស្ត្រនេះ ។ លោកក៏បានគោរពជូនសម្ដេចតេជោ នូវការចូលរួមរបស់កុមារចំនួន ៣០នាក់ ទៅរៀនល្បែងយុទ្ធសាស្ត្រនេះនៅប្រទេសថៃ ហើយសម្រាប់ ៣០នាក់នេះ គឺជ្រើសរើសកុមារអាយុចាប់ពី ១០ឆ្នាំដល់ ១២ឆ្នាំ ។ លោកបានគោរពជម្រាបជូនសម្ដេចតេជោដែលថា លោកនឹងផ្ដល់ជូននូវរាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងការបញ្ជូនកុមារទៅរៀនលេងល្បែងហ្គោលនៅប្រទេសថៃនេះ។ លោកបានបញ្ជាក់ថា ល្បែងយុទ្ធសាស្ត្រហ្គោលនេះ គឺខ្មែរយើងហៅថា អុកចិន ដែលមានកូនគ្រាប់ពណ៌ខ្មៅ និងពណ៌ស ដែលដើរព័ទ្ធគ្នាដើម្បីយកជ័យជំនះ។ 


លើសពីនោះទៅទៀត លោក កស័ក្ដិ ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ ដើម្បីស្វែងរកសក្តានុពល ធ្វើការវិនិយោគបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ក្នុងន័យនេះ លោកបានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ លើទិសដៅដែលលោកអាចវិនិយោគនៅកម្ពុជាបាន ។


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនលោក កស័ក្ដិ ដែលបានសម្ដែងនូវការអបអរសាទរជូនចំពោះការអភិវឌ្ឍរបស់កម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនចំពោះលោកការសាក់ដែរ ចំពោះអាហារូបករណ៍ និងការផ្ដល់ឱកាសឱ្យកុមារកម្ពុជា បានទៅរៀនលេងល្បែងយុទ្ធសាស្ត្រដែលឈ្មោះថា ហ្គោល នៅប្រទេសថៃ។ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ បានណែនាំឲ្យលោក កស័ក្ដិ បន្តធ្វើការជាមួយឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ សុខ ចិន្ដាសោភា ពាក់ព័ន្ធនិងការវិនិយោគនៅកម្ពុជា ។ ពាក់ព័ន្ធនឹងអាហារូបករណ៍ និងល្បែងយុទ្ធសាស្ត្រនេះ សូមធ្វើការជាមួយឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។


ដោយឡែកពាក់ព័ន្ធនឹងទិសដៅវិនិយោគ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជូនលោក កស័ក្ដិ ពិនិត្យពិចារណាធ្វើការវិនិយោគលើការផលិតក្រដាសនៅព្រះរាជាណាចក្រកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មានតម្រូវការកើនឡើងជាលំដាប់។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានស្នើសុំឱ្យលោក កស័ក្ដិ ពិនិត្យមើលការបង្កើតរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា ព្រោះថា ជីសរីរាង្គ គឺជាជីមួយដែលអាចប្រើប្រាស់ធ្វើការដាំដុះដំណាំ ហើយផ្ដល់នូវគុណភាពដំណាំ ដែលមិនប៉ះពាល់ដល់សុខភាពផងដែរ ៕


សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា​ ជួបសម្តែងការគួសម​ និងពិភាក្សាការងារ

លោក វិទិត មុនតាប៊ន បានសម្ដែងនូវការគោរពដ៏ស្មោះជូនចំពោះសម្ដេចតេជោ នូវភាពជោគជ័យលើការចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា ហើយលោកក៏បានឆ្លៀតឱកាសនោះ សូមគោរពស្វែងយល់អំពីសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន អំពីទី១-តួនាទីរបស់កម្ពុជា ក្នុងការជំរុញសិទ្ធិមនុស្សក្នុងនាមជាប្រធានអាស៊ាន, ទី២-ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ទី៣-លំហរស៊ីវិល លំហរប្រជាធិបតេយ្យ និងការបោះឆ្នោត និងទី៤-អាទិភាពសម្រាប់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅអនាគត រវាងអ្នកកាន់អាណត្តិពិសេស និងរាជរដ្ឋាភិបាលកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងជំរុញអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេស ការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយជំងឺកូវីដ-១៩, ការដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ, ការកែសម្រួលប្រាក់សោធននិវត្ត មន្ត្រីរាជការ និងអតីតយុទ្ធជន, ការអនុវត្តន៍ប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។ ការរីករាលដាលនៃជំងឺកូវីត-១៩ បានផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ព្រមទាំងបានជះឥទ្ធិពលលើគ្រប់វិស័យនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការបន្ទាន់ ម៉ត់ចត់ ស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ច និងគាំពារសង្គមមានដូចជា៖ ការបញ្ចេញកញ្ចប់ថវិកា និងដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលនេះ គឺជាការធានាដល់ផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។ សិទ្ធិរស់រានមានជីវិត ត្រូវបានផ្ដល់ជាអាទិភាព និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋ, យុទ្ធសាស្ត្រផ្ការីករបស់កម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ និងគ្មានការរើសអើង រួមទាំងអ្នកទោស និងជនបរទេស ដោយបានសម្រេចនូវអត្រាការចាក់វ៉ាកសាំងជាង ៩៤ភាគរយ នៃចំនួនប្រជាជនសរុប ។
សម្ដេចតេជោ បានបន្តថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាសន្ន ត្រូវបានអនុម័ត និងសម្រេចឲ្យប្រើប្រាស់។ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត ដែលច្បាប់ទាំងអស់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ ការចោទប្រកាន់ថា បទប្បញ្ញតិ្តជាច្រើនត្រូវបានអនុម័ត ដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវការពិត ។ រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ ដែលបានអនុម័ត រួមទាំងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ គឺប្រកាន់ខ្ជាប់នូវគោលការណ៍នេះ និត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រដោយមានគោលបំណងតែមួយគត់ គឺដើម្បីសង្គ្រោះអាយុជីវិត ការពារពលរដ្ឋដែលគោរពច្បាប់ និងទប់ស្កាត់អំពើល្មើសច្បាប់នានា ដែលបង្កអំពើអស្ថេរភាពសង្គម ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ។
ពាក់ព័ន្ធនិងលំហស៊ីវិលប្រជាធិបតេយ្យ និងការបោះឆ្នោត សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនិយាមនៃការអនុវត្តជាសកលលទ្ធិប្រជាធិបតេយ្យត្រូវដើរតួទន្ទឹមនឹងនីតិរដ្ឋ។ ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋនិងនាំទៅជាអាណាធិបតេយ្យ។ ក្នុងស្មារតីនេះ កម្ពុជា ចង់ឲ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអ៊ុជអាល មិនបង្កើតការស្អប់ខ្ពើមរវាងពូជសាសន៍ ជាពិសេស មិនសាបព្រួសការស្អប់រវាងប្រជាជាតិខ្មែរនិងខ្មែរ ដែលអាចនាំនូវសង្រ្គាមស៊ីវិល, ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការរក្សាសន្តិភាព ស្ថេរភាព មានការអាស្រ័យគ្នាទៅវិញទៅមកមិនអាចខ្វះណាមួយបាន។ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតទៀងទាត់ ចាប់តាំងពីឆ្នាំ១៩៩៣ ហើយមកដល់ពេលនេះ កម្ពុជា បានរៀបចំការបោះឆ្នោតសកលចំនួន៦ដង និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ៥ដង ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ កម្ពុជា មានមោទនភាពចំពោះជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដោយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា៕








វិភាគអន្តរជាតិ៖ តើប្រទេសអាស៊ីណាខ្លះនឹងឈរខាងចិន ក្នុងវិបត្តិច្រកសមុទ្រតៃវ៉ាន់?


(វ៉ាស៊ីនតោន)៖ មានរឿងមួយដែលបណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រហែលជាមានគំនិតដូចគ្នា នោះគឺស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ពិតជា គួរឱ្យព្រួយបារម្ភ និងអាចបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ទាំងមូល។ ក៏ប៉ុន្តែ លើសពីការគិតដូចគ្នានេះពួកគេមានជំហរខុសៗគ្នា ជាពិសេសនៅពេល និយាយដល់ថាតើនរណាគួរតែត្រូវបានបន្ទោសសម្រាប់ការបង្កឱ្យមានភាពតានតឹងក្នុងពេលបច្ចុប្បន្ន។ ពោលគឺថាតើដោយសារតែដំណើរទស្សនកិច្ចរបស់ប្រធានសភា តំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ ឬក៏ដោយសារតែការធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់របស់ចិន។


ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៨ ខែសីហាកន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង (Wang Wenbin) បានអះអាងថាមានជាង១៧០ ប្រទេសនៅជុំវិញ ពិភពលោកដែលបានបង្ហាញការគំាទ្រចំពោះចិនពាក់ព័ន្ធនឹងសំណុំរឿងតៃវ៉ាន់។ តែតាមរយៈសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយក្រសួងការបរទេសនៃបណ្ដាប្រទេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកចំនួន ៣៣ រួមមានតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អាស៊ីកណ្ដាល និងតំបន់អូសេអានី គេសង្កេតឃើញថាមានការបញ្ចេញប្រតិកម្មផ្សេងៗគ្នា ដោយខ្លះគំាទ្រចិន ខ្លះគំាទ្រ អាមេរិក។ ខ្លះទៀតគាំទ្រចិន តែមិនថ្កោលទោសអាមេរិក ហើយគាំទ្រអាមេរិក តែមិនថ្កោលទោសចិន និងភាគច្រើនចង់នៅអព្យាក្រឹត។


មានប្រទេសចំនួន៣ ដែលបានបង្ហាញការគាំទ្រដោយបើកចំហចំពោះចិន រួមមាន មីយ៉ាន់ម៉ា រុស្ស៉ី និងកូរ៉េខាងជើង ហើយប្រទេសទាំង៣នេះបានថ្កោលទោសអាមេរិកចំៗថាជាអ្នក បង្កភាពតានតឹងនៅក្នុងតំបន់។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន របបដឹកនាំយោធាមីយ៉ាន់ម៉ាបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ជាដើមហេតុបង្កឱ្យមាន តានតឹងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ រីឯកូរ៉េខាងជើងចោទសហរដ្ឋអាមេរិកថាបានលូកលាន់កិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ និងមានចេតនាបង្កហេតុនយោបាយ និងយោធា។ រុស្ស៉ី វិញ ក៏បានឆ្លៀតថ្កោលទោសអាមេរិកឥតសម្ចៃមាត់ដែរដោយថាទីក្រុងវ៉ាស៊ីនតោន ជាមេបង្កវិបត្តិ និងបញ្ហា ព្រមទាំងបំផ្លាញអធិបតេយ្យនៃប្រទេសដទៃ។


កម្រិតគាំទ្រចិនបែបនេះគឺជារឿងកម្រ តែវាក៏គ្មានអ្វីចម្លែកដែរ ព្រោះទាំងរុស្ស៉ី កូរ៉េខាងជើង និងមីយ៉ាន់ម៉ាសុទ្ធតែមិនមានទំនាក់ទំនងល្អជាមួយអាមេរិក។ ចំណែកឯប្រទេស ១០ផ្សេងទៀត បានបង្ហាញជំហរជិតស្និទ្ធជាមួយចិន តែក៏មិនបានថ្កោលទោសហរដ្ឋអាមេរិកត្រង់ៗនោះដែរ ដោយសេចក្ដីថ្លែងការណ៍នៃប្រទេសទាំងនេះជាឧទាហរណ៍ដូចជា ប៉ាគីស្ថានបានបង្ហាញជំហរថាតៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានពីចិន ក៏ដូចជាគាំទ្រ និងបង្ហាញការព្រួយបារម្ភចំពោះការបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីចិន ហើយ អំពាវនាវកុំឱ្យមានការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន។


សម្រាប់ប្រទេសចំនួន៤ ដូចជាឥណ្ឌា នូវែលសេឡង់ សិង្ហបុរី និងវៀតណាម បានបង្ហាញជំហរឈរនៅខាងសហរដ្ឋអាមេរិក តែក៏មិនបានថ្កោលទោសចិនត្រង់ៗនោះដែរ។ ពួកគេបាន លើកឡើងតែពីភាពចាំបាច់នៃការបន្ធូរបន្ថយភាពតានតឹង និងការអត់ធ្មត់ដូចគ្នាទៅនឹងរដ្ឋបាលលោក ចូ បៃដិនដែរ ដោយមិនបានបង្ហាញពីការព្រួយបារម្ភពីអធិបតេយ្យ ឬក៏បូរណភាព ទឹកដីអ្វីឡើយ។ ជាក់ស្ដែង សិង្ហបុរីបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបញ្ចៀសការយល់ច្រឡំទាំងឡាយ ដែលនាំឱ្យមានជម្លោះ និងបង្កអស្ថិរភាពក្នុងតំបន់ ស្របពេលឥណ្ឌាបានពន្យារ ពេលចេញសេចក្ដីថ្លែងការណ៍រហូតទាល់តែដល់ ១០ថ្ងៃ ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ទើបទីក្រុងញូដេលី បានចេញមុខអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ មានការអត់ធ្មត់ខ្ពស់ និងបញ្ចៀសសកម្មភាពឯកតាភាគីដែលអាចផ្លាស់ប្ដូរស្ថានដើមនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ សំដៅថែរក្សាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។


ដោយឡែក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានតែប្រទេសចំនួន ២គត់ គឺជប៉ុន និងអូស្តា្រលី ដែលបានចេញមុខគាំទ្រសហរដ្ឋអាមេរិកដោយបើកចំហ និងថ្កោលទោសចិន ជុំវិញការធ្វើ សមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ដែលប្រទេសទាំង២នេះបានហៅថាជាទង្វើបង្កអស្ថិរភាពក្នុងតំបន់។


ជាការពិតណាស់ សេចក្ដីថ្លែងការណ៍របស់ប្រទេសនីមួយៗ ជុំវិញបញ្ហាតៃវ៉ាន់ បានបង្ហាញពីគោលជំហរនៃប្រទេសទាំងនោះចំពោះសហរដ្ឋអាមេរិក និងចិន ប៉ុន្តែបណ្ដាប្រទេសក្នុងតំបន់ រួមមានទាំងប្រទេសភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ បានជ្រើសរើសយក ជំហរអព្យាក្រឹត តាមរយៈការបង្ហាញការព្រួយបារម្ភ និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់ ប្រុងប្រយ័ត្នខ្ពស់ និងបញ្ចៀសឱ្យបាននូវរាល់សកម្មភាពទាំងឡាយណាដែលអាច បង្កឱ្យមានភាពតានតឹង ហើយជំហរបែបនេះគេបានឃើញរួចមកហើយដែរ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ក៏ប៉ុន្តែរឿងដែលសំខាន់ បើយើងចង់អព្យាក្រឹត លុះត្រាតែយើងខ្លួនឯង ខ្លាំងដែរ៕


ដោយៈ Fresh News