Thursday, November 05, 2020

រដ្ឋបាលខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំសាមញ្ញលើកទី១៧ សម្រាប់អាណត្តិទី៣

កំពង់ស្ពឺ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តអគារ "ខ" បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ក្រោមអធិបតីភាពដឹកនាំលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានការចូលរួមពីលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត។

នៅក្នុងកិច្ចប្រជុំនោះរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈដូចខាងក្រោម៖ 

១-ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត 

២- ពិនិត្យ និងអនុម័តកំណាត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ 

៣-ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែតុលា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត 

៤- ពិនិត្យ និងអនុម័តសន្ទស្សបែងចែកប្រាក់រង្វាន់ចាប់ពីខែមករា ដល់ខែតុលាឆ្នាំ ២០២០

៥-បញ្ហាផ្សេងៗ 

៦-កំណត់របៀបវារៈ ទីកន្លែង និងពេលវេលាសម្រាប់ កិច្ចប្រជុំបន្ទាប់ ៕






កិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការចំរុះថ្នាក់ខេត្តចុះដោះស្រាយបញ្ហាសេសសល់របស់អាជីវករផ្សារព្រែកដំបូក

កំពង់ចាម៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការចំរុះថ្នាក់ខេត្ត ចុះដោះស្រាយបញ្ហាសេសសល់របស់អាជីវករផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចំរុះថ្នាក់ខេត្ត សមាជិកគណៈកម្មកាចំរុះថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

បន្ទាប់ពីអង្គប្រជុំ បានស្តាប់របាយការណ៍ដោះស្រាយក្នុងជំហានទី១ និងវឌ្ឍនភាពនៃការដោះស្រាយវិវាទរបស់អាជីវករផ្សារព្រែកដំបូកក្នុងជំហានទី២ដែលរាយការណ៍ដោយលោក ហេង វណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចំរុះថ្នាក់ខេត្ត ចុះដោះស្រាយទំនាស់របស់អាជីវករផ្សារព្រែកដំបូក។ 

លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរការខិតខំប្រឹងប្រែងរបស់គណៈកម្មការចំរុះថ្នាក់ខេត្ត ដែលបានដោះស្រាយបញ្ហារបស់អាជីវករនៅផ្សារព្រែកដំបូកក្នុងជំហានទី ១ ទទួលបានលទ្ធផលល្អ និងកំពុងបន្តចុះដោះស្រាយក្នុងជំហានទី២។ 

លោកអភិបាលខេត្ត បានជំរុញឲ្យគណៈកម្មការចម្រុះថ្នាក់ខេត្ត ខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីឲ្យអាជីវករក្នុងផ្សារប្រកបរបរទទួលទានដូចធម្មតាវិញ៕







ប្រព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ត្រូវបានមន្ត្រីជំនាញខិតខំស្ថាបនាឱ្យប្រសើរឡើងវិញ

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បាននឹងកំពុងប្រឹងប្រែងជំរុញការជួសជុលឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ដែលទទួលរងការខូតខាតដោយសារតែជំនន់ទឹកភ្លៀងបានវាយប្រហារហូរកាត់បុកដាច់នៅតាមតំបន់មួយចំនួនដើម្បីធ្វើឱ្យប្រសើរសំដៅធានាដល់ការរក្សាទឹកទុកប្រើប្រាស់ និងសម្រួលជាផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនកសិផលផង។ 

នៅក្នុងឱកាសចុះពិនិត្យមើលសកម្មភាព និងបាននាំយកគ្រឿងចក្រទៅបិទតភ្ជាប់ ទំនប់ចាស់ កាត់ស្ទឹងថ្មពួក ដែលត្រូវទឹកជំនន់បុកដាច់នាពេលកន្លងមកនេះ ដើម្បីរក្សាទឹកទុកប្រើប្រាស់ និងសម្រួលផ្លូវឱ្យប្រជាពលរដ្ឋឆ្លងកាត់ ដឹកជញ្ជូនភោគផលឆាប់ៗខាងមុខនេះ ក្នុងភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋត្រូវប្រឹងប្រែងក្នុងការទប់ទឹករក្សាទឹកទុកឱ្យបានច្រើនដើម្បីសម្រាប់ប្រើប្រាស់ជួយស្តារការដាំដុះឡើងវិញក្រោយពេលទឹកជំនន់ស្រកទៅវិញនោះតាមរយៈការយកចិត្តទុកដាក់ជួសជុលនូវទំនប់ទឹកទាំងឡាយ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកនេះឱ្យបានទាន់ពេលវេលា។

អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ផែនការជាពិសេសក្នុងការស្តារជីវភាពកសិករតាមរយៈជួយបង្កើនការដាំដុះឡើងវិញក្រោយពេលទឹកជំនន់។ ដើម្បីជំរុញការដាំដុះទាំងការធ្វើស្រែ និងដំណាំផ្សេងៗការរក្សាទឹកទុកជារឿងចំបាច់បំផុតព្រោះតែហេតុនេះហើយទើបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងធនធានទឹកក៏ដូចអាជ្ញាធរដែនដីឆ្លើយតបបន្ទាន់លើការងារជួសជុលទំនប់ និងប្រឡាយ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនេះ។

លោក អ៊ុ រាត្រី បានអំពាវនាវទៅកាន់អាជ្ញាធរ និងប្រជាពលរដ្ឋនៅគ្រប់បណ្តាមូលដ្ឋានដែលរងការជន់លិចឱ្យយកចិត្តទុកដាក់ចាត់វិធានការឱ្យចុះទៅពិនិត្យប្រភពទឹកនានាហើយរិះរកវិធីទប់ទឹករក្សាទឹកទុកនៅគ្រប់ប្រភពទឹកទាំងអស់មិនថាទំនប់ប្រឡាយត្រពាំង ឬស្រះទឹកនោះទេត្រូវធ្វើសកម្មភាពឱ្យគ្រប់លទ្ធភាពដែលមានក្នុងការរក្សាទឹកទុកឱ្យបានច្រើនសម្រាប់ឱ្យប្រជាពលរដ្ឋដាំដុះក្រោយទឹកស្រក៕






លោក ជា សុផារ៉ា ៖ លើកទឹកចិត្ត កសិករឱ្យជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាម ដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពូជស្រូវ OM ៥១ ៥៤ ប្រមាណ១៥០០តោន ត្រូវបានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន២៧៦២ គ្រួសារ ក្នុងនោះស្រុកក្រូចឆ្មារ មានចំនួន១១៩១គ្រួសារ និងស្រុកត្បូងឃ្មុំ មានចំនួន១៥៧១គ្រួសារ  បន្ទាប់ពីរងផលប៉ះពាល់ និងខូចខាតស្រូវក្នុងគ្រាជំនន់ទឹកភ្លៀង ដោយក្នុង១គ្រួសារទទួលបានស្រូវពូជ១បេ ស្មើនឹង៥០គីឡូក្រាម។ 

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងដែនដី តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា ពូជស្រូវ OM ៥១ ៥៤ ទាំងអស់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាការយកចិត្តទុកដាក់បំផុតពោលគឺទីណាមានទុក្ខលំបាកទីនោះមានលោកទាំងទ្វេ។ លោកក៏បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តត្បូងឃ្មុំ ហើយលោកក៏បានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឲ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើកទឹកចិត្ត ជំរុញឲ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រីឡើងវិញបន្ទាប់ពីទឹកស្រកចុះផងដែ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺកូវីដ១៩ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់។

បន្ថែមពីនេះ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានដាច់ខាត ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ បទល្មើសនានា ពិសេសបញ្ហាគ្រឿងញៀនឲ្យខានតែបាន ព្រោះវាជាប្រភពបំផ្លាញនូវធនធានមនុស្សយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាត្រូវបន្តក្តាប់អោយជាប់នូវបញ្ហា ធ្វើការដោះស្រាយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តល់ជូនសេវាសាធារណៈជូនអោយបានលឿន និងមានប្រសិទ្ធភាពខ្ពស់៕







ថ្ងៃនេះក្រសួងប្រកាសថា គ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកជំងឺ៣នាក់ជាសះស្បើយ, អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ៦២៨នាក់ ត្រូវបានធ្វើតេស្តរកមិនឃើញកូវីដ១៩នោះទេ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជា ខណៈអ្នកជំងឺ៣នាក់ព្យាបាលជាសះស្បើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា ធ្វើតេស្តលើសំណាកអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី លើមនុស្ស៦២៨នាក់ ដោយលទ្ធផលតេស្តបញ្ជាក់ថា មិនមានឆ្លងកូវីដ១៩នេះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

អ្នកជំងឺជាសះស្បើយទាំង៣នាក់រួមមាន៖
* បុរសជនជាតិខ្មែរអាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកធ្វើដំណើរមកពីប្រទេសអ៉ីរ៉ាក់ បន្តជើងហោះហើរនៅទីក្រុងដូហា និងនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

* បុរសជនជាតិប៉ូឡូញអាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្ន នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
* បុរសជនជាតិបារាំងអាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់កម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។

បុគ្គលទាំងបីនាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយឡែកសម្រាប់អ្នកប៉ះពាល់ជាមួយនឹង រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ត្រូវបានក្រសួងបញ្ជាក់ថា ក្រោយពីទទួលបានសេចក្ដីជូនព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ របស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងពេលដែលគាត់កំពុងបំពេញបេសកកម្មផ្លូវការនៅថៃ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការស្រាវជ្រាវ ភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយគាត់ ក្នុងរយៈពេលដែលបានធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ហើយបាន និងកំពុងយកវត្ថុសំណាកអ្នកដែលប៉ះពាល់ ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

គិតត្រឹមម៉ោង២៣៖០០នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកប៉ះពាល់សុរុបចំនួន ៦២៨នាក់ ត្រូវបានធ្វើតេស្តវត្ថុសំណាក ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានលទ្ធផល «អវិជ្ជកមានវីរុសកូវី១៩» ទាំងអស់គ្នា ហើយក្រសួងកំពុងស្រាវជ្រាវ និងជម្រាបជូនសាធារណជន នៅពេលទទួលបានលទ្ធផលវិភាគវត្ថុសំណាកជាបន្តបន្ទាប់ទៀត។

លើសពីនេះ ក្រសួងសុខាភិបាល សូមក្រើនរំលឹក និងធ្វើការអំពាវនាវសារជាថ្មីម្តងទៀត សូមប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន ត្រូវពាក់ម៉ាស (ក្នុងករណីចាំបាច់) ជាពិសេសនៅពេលចល័តធ្វើដំណើរ និងពេលជួបមនុស្សម្នាច្រើន ប្រើកន្សែង ឬក្រម៉ាខ្ទប់មាត់ពេលក្អក កណ្តាស់ ដើម្បីចៀសវៀងការចម្លងវីរុសកូវីដ១៩ ដែលអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩២នាក់ (ស្រី ៦០នាក់ និងបុរស ២៣២នាក់) ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៦នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៦នាក់ ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រនិងហ្លួងម៉ែដែលមិនអាចដង្ហែរព្រះអង្គយាងមកពីប្រទេសចិននិងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកាបាន

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលមិនអាចដង្ហែរព្រះអង្គយាងមកពីប្រទេសចិននិងដង្ហែរព្រះអង្គប្រារព្ធ ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាបាន និងសូមអភ័យទោស ពីបងប្អូនជនរួមជាតិទាំងអស់។ នេះបើយោងតាមខ្លឹមសារដែលបានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញសង្គម Facebook ផ្លូវការមានខ្លឹមសារយ៉ាងដូច្នេះថា៖

គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!

បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០ម្សិលលម៉ិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំ និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ។ ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱយខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅក៏មិនអាចជួបបានដែរ។

ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា បាន។ សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែល ខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។ សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ១៦ វិច្ឆិកា ២០២០ ទៅពេលក្រោយវិញ។ សូមអាធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ពន្ធ័ទាំងអស់ដែល ខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥ វិច្ឆិកា ២០២០ខាងមុខនេះ។

ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែខ្ញុំនៅតែបំពេញការងារ ដោយពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាល អភិបាលខេត្ត និងមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធនៅតែអាចរាយការណ៏ឬ សុំយោបល់ខ្ញុំបានដដែល។

ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោល នៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱយមនុស្សដទៃ មកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ៕