Thursday, November 05, 2020

លោក ជា សុផារ៉ា ៖ លើកទឹកចិត្ត កសិករឱ្យជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាម ដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពូជស្រូវ OM ៥១ ៥៤ ប្រមាណ១៥០០តោន ត្រូវបានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន២៧៦២ គ្រួសារ ក្នុងនោះស្រុកក្រូចឆ្មារ មានចំនួន១១៩១គ្រួសារ និងស្រុកត្បូងឃ្មុំ មានចំនួន១៥៧១គ្រួសារ  បន្ទាប់ពីរងផលប៉ះពាល់ និងខូចខាតស្រូវក្នុងគ្រាជំនន់ទឹកភ្លៀង ដោយក្នុង១គ្រួសារទទួលបានស្រូវពូជ១បេ ស្មើនឹង៥០គីឡូក្រាម។ 

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងដែនដី តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា ពូជស្រូវ OM ៥១ ៥៤ ទាំងអស់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាការយកចិត្តទុកដាក់បំផុតពោលគឺទីណាមានទុក្ខលំបាកទីនោះមានលោកទាំងទ្វេ។ លោកក៏បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តត្បូងឃ្មុំ ហើយលោកក៏បានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឲ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើកទឹកចិត្ត ជំរុញឲ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រីឡើងវិញបន្ទាប់ពីទឹកស្រកចុះផងដែ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺកូវីដ១៩ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់។

បន្ថែមពីនេះ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានដាច់ខាត ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ បទល្មើសនានា ពិសេសបញ្ហាគ្រឿងញៀនឲ្យខានតែបាន ព្រោះវាជាប្រភពបំផ្លាញនូវធនធានមនុស្សយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាត្រូវបន្តក្តាប់អោយជាប់នូវបញ្ហា ធ្វើការដោះស្រាយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តល់ជូនសេវាសាធារណៈជូនអោយបានលឿន និងមានប្រសិទ្ធភាពខ្ពស់៕







No comments:

Post a Comment