Thursday, November 05, 2020

ប្រព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ត្រូវបានមន្ត្រីជំនាញខិតខំស្ថាបនាឱ្យប្រសើរឡើងវិញ

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បាននឹងកំពុងប្រឹងប្រែងជំរុញការជួសជុលឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ដែលទទួលរងការខូតខាតដោយសារតែជំនន់ទឹកភ្លៀងបានវាយប្រហារហូរកាត់បុកដាច់នៅតាមតំបន់មួយចំនួនដើម្បីធ្វើឱ្យប្រសើរសំដៅធានាដល់ការរក្សាទឹកទុកប្រើប្រាស់ និងសម្រួលជាផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនកសិផលផង។ 

នៅក្នុងឱកាសចុះពិនិត្យមើលសកម្មភាព និងបាននាំយកគ្រឿងចក្រទៅបិទតភ្ជាប់ ទំនប់ចាស់ កាត់ស្ទឹងថ្មពួក ដែលត្រូវទឹកជំនន់បុកដាច់នាពេលកន្លងមកនេះ ដើម្បីរក្សាទឹកទុកប្រើប្រាស់ និងសម្រួលផ្លូវឱ្យប្រជាពលរដ្ឋឆ្លងកាត់ ដឹកជញ្ជូនភោគផលឆាប់ៗខាងមុខនេះ ក្នុងភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋត្រូវប្រឹងប្រែងក្នុងការទប់ទឹករក្សាទឹកទុកឱ្យបានច្រើនដើម្បីសម្រាប់ប្រើប្រាស់ជួយស្តារការដាំដុះឡើងវិញក្រោយពេលទឹកជំនន់ស្រកទៅវិញនោះតាមរយៈការយកចិត្តទុកដាក់ជួសជុលនូវទំនប់ទឹកទាំងឡាយ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកនេះឱ្យបានទាន់ពេលវេលា។

អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ផែនការជាពិសេសក្នុងការស្តារជីវភាពកសិករតាមរយៈជួយបង្កើនការដាំដុះឡើងវិញក្រោយពេលទឹកជំនន់។ ដើម្បីជំរុញការដាំដុះទាំងការធ្វើស្រែ និងដំណាំផ្សេងៗការរក្សាទឹកទុកជារឿងចំបាច់បំផុតព្រោះតែហេតុនេះហើយទើបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងធនធានទឹកក៏ដូចអាជ្ញាធរដែនដីឆ្លើយតបបន្ទាន់លើការងារជួសជុលទំនប់ និងប្រឡាយ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនេះ។

លោក អ៊ុ រាត្រី បានអំពាវនាវទៅកាន់អាជ្ញាធរ និងប្រជាពលរដ្ឋនៅគ្រប់បណ្តាមូលដ្ឋានដែលរងការជន់លិចឱ្យយកចិត្តទុកដាក់ចាត់វិធានការឱ្យចុះទៅពិនិត្យប្រភពទឹកនានាហើយរិះរកវិធីទប់ទឹករក្សាទឹកទុកនៅគ្រប់ប្រភពទឹកទាំងអស់មិនថាទំនប់ប្រឡាយត្រពាំង ឬស្រះទឹកនោះទេត្រូវធ្វើសកម្មភាពឱ្យគ្រប់លទ្ធភាពដែលមានក្នុងការរក្សាទឹកទុកឱ្យបានច្រើនសម្រាប់ឱ្យប្រជាពលរដ្ឋដាំដុះក្រោយទឹកស្រក៕






No comments:

Post a Comment