Thursday, July 22, 2021

សេចក្តីសម្រេចលេខ៣៥២ សខល របស់ក្រសួងសុខាភិបាល ស្តីពី ការតែងតាំងសមាសភាពនៃរចនាសម្ព័ន្ធ ចំណុះអនុគណៈកម្មការគ្រប់គ្រង ច្រកទ្វាចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១

 
 សេចក្តីសម្រេចលេខ៣៥២ សខល របស់ក្រសួងសុខាភិបាល ស្តីពី ការតែងតាំងសមាសភាពនៃរចនាសម្ព័ន្ធ ចំណុះអនុគណៈកម្មការគ្រប់គ្រង ច្រកទ្វាចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១

ពិធីអបអរសាទរ «រុក្ខទិវា» ៩កក្កដាឆ្នាំ២០២១ នៅសងខាងផ្លូវជាតិលេខ៣៣ កំពត-កែប ប្រវែង ៣៥០០ម៉ែត្រ

កំពត៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំអបអរសាទរ«រុក្ខទិវា»៩កក្កដាឆ្នាំ២០២១ នៅសងខាងផ្លូវជាតិលេខ៣៣ កំពត-កែបប្រវែង៣៥០០ម ពីស្ពានព្រែកជីក ស្ថិតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត រហូតដល់ស្ពានក្បាលរមាស ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនាព្រឹកនេះ ប្រព្រឹត្តិទៅក្រោមអធិបតី លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត។

ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយ នាយរងខណ្ឌ លោកអភិបាល អភិបាលរងក្រុង ស្រុក ឃុំ-សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបប្រមាណជា២០០ នាក់។

ថ្លែងនៅក្នុងពិធីនាព្រឹកនេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ពិធីបុណ្យ « រុក្ខទិវា » គឺជាព្រះរាជសកម្មភាពជាប្រវត្តិសាស្រ្តក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណភ្លឺស្វាងបំផុត របស់ព្រះករុណា ព្រះមហាវិរៈក្សត្រ ព្រះវៈរាជបិតាជាតិខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដោយព្រះអង្គបានឡាយព្រះហស្ថលេខាលើព្រះរាជក្រិត្យលេខ៧៣៨នស ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។

ក្នុងទិសដៅបន្តវេនជាប្រពៃណី ពីសម័យសង្គមរាស្រ្តនិយម រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់បំផុត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកំណែទម្រង់វិស័យព្រៃឈើជារៀងរហូតមកដល់បច្ចុប្បន្ននេះ និងបានរៀបចំពិធីបុណ្យរុក្ខទិវា៩កក្កដា ជាប្រពៃណីគ្រប់បណ្តាខេត្ត រាជធានី ជារៀងរាល់ឆ្នាំ។ ដោយឡែក ខេត្តកំពត នៅសងខាងផ្លូវជាតិលេខ៣៣ កំពត-កែប ប្រវែង៣៥០០ម ក្នុងស្រុកទឹកឈូ ខេត្តកំពត រួមមានដើម បេង ធ្នង់ កូនក្ងោកសរុបចំនួន ២៥០ដើម។

លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាសរុប៥០ម៉ឺនរៀល ជូនដល់កងកម្លាំងដែលបានជួយសម្រួលសណ្តាប់ធ្នាប់ក្នុងពិធី សរុប២៥នាក់៕





 

កាកបាទក្រហមក្រុងស្វាយរៀង បានចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសារ ដែលមានជីវភាពខ្វះខាត

ស្វាយរៀង៖ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ លោក ណុប ចំរើន អភិបាលក្រុង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង និងលោក ជួន ចាន់ឫទ្ធី អភិបាលរងក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង ព្រមទាំងសហការី បានចែកអំណោយមនុស្សធម៌របស់អនុសាខាក្រុងស្វាយរៀង ជូនដល់គ្រួសារក្រីក្រ ដែលមានជីវភាពខ្វះខាតនៅក្រុងស្វាយរៀង ក្នុងនោះសង្កាត់ស្វាយតឿមានចំនួន ៣ គ្រួសារ និងសង្កាត់ចេក ២ គ្រួសារ សរុប ០៥ គ្រួសារ ។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា  បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក  ។ លោកបានលើកឡើងថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា  ជាក់ស្តែងដូចជាពេលនេះ  គឺការជួយរបស់កាកបាទក្រហមកម្ពុជា  ដោយមិនប្រកាន់ពីនិន្នាការនយោបាយ  ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  បង្កើនការប្រុងប្រយត្ន័បន្ថែមទៀតបើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ  និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា    គឺ៖  ៣ការពារ   និង  ៣ កុំ  ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩  ទាំងអស់គ្នា  ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖
ក្នុងមួយគ្រួសារទទូលបានសម្ភារៈ និងថវិការួមមាន៖ អង្ករ ៣០គ.ក្រ មី ៣០ កញ្ចប់ ទឹកស៊ីអ៊ីវ ៣ ដប ត្រីខ ១០ កំប៉ុង ទឹកត្រី ៣ ដប កាធុនញ៉ូម ១ ចានស្រាក់ ១ ម៉ាស់ ២ និងថវិកា ៥០.០០០៛ ៕



 

លោកស្រី បាន ស្រីមុំ ៖ ក្រើនរំលឹកដល់ពលករមកពីក្រៅប្រទេស និងកំពុងធ្វើចត្តាឡីស័កទាំងអស់ សូមប្រកាន់ភ្ជាប់វិធានការពារសុខភាពឱ្យបានត្រឹមត្រូវបំផុត

ប៉ៃលិន៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងកងកម្លាំងសមត្ថកិច្ច ព្រមទាំងក្រុមគ្រូពេទ្យជំនាញប្រចាំការ នៅមណ្ឌលចត្តាឡីស័កអតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ស្ថិតក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍ក្រើនរំលឹកដល់ ពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងកំពុងតែធ្វើចត្តាឡីស័កទាំងអស់ សូមប្រកាន់ភ្ជាប់ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ«៣ការពារ ៣កុំ» ដើម្បីឆាប់បានត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ហើយមិនចម្លងជម្ងឺកូវីដ-១៩ ទៅកាន់ក្រុមគ្រួសារសាច់ញាតិ និងសហគមន៍ដែលយើងរស់នៅ។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស។

នៅក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងការកោតសរសើ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាម មណ្ឌលចត្តាឡីស័កក្នុងខេត្ត ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា នៅមណ្ឌលចត្តាឡីស័កអតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ចំនួន ៣០៣នាក់ ស្រី ១២៧នាក់ (ជាពលករមកពីប្រទេសថៃ) ហើយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានរៀបចំជូនអាហារ ៣ពេលជាប្រចាំថ្ងៃ និងភេសជ្ជៈផងដែរ៕





 

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលទីតាំងសាលារៀនរដ្ឋ ត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩

ប៉ៃលិន៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១  លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌល ប៉ៃលិន ព្រមទាំងក្រុមការងារ បានចុះពិនិត្យមើលទីតាំងសាលារៀនរដ្ឋ មួយ ចំនួន ដើម្បីត្រៀមសម្រាប់ជាមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក និងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ថែមទៀត។

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។

នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះ ស្រីអភិបាលខេត្ត ក៏បានប្រសាសន៍ជំរុញដល់លោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការតាមមន្ទីរស្ថាប័នជុំវិញខេត្តទាំងអស់ សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានក្នុងបរិវេណសាលា និងនៅតាមបន្ទប់រៀននីមួយៗអោយបានស្អាតល្អ និងមានសោភណ្ឌភាព ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋស្នាក់នៅធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយក្រោយពី ជម្ងឺកូវីដ-១៩ត្រូវបានបញ្ចប់ សិស្សានុសិស្សនឹងអាចចូលសិក្សារៀនសូត្រវិញជាធម្មតា។

លោកស្រី បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តប៉ៃលិន កំពុងដំណើរការមណ្ឌលចត្តាឡីស័កចំនួន ២ គឺ ទី១-មណ្ឌលចត្តាឡីស័ក អតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ និងទី២-មណ្ឌលចត្តាឡីស័កមជ្ឍមណ្ឌលនារី (ស្រែត្នោត០ និងមណ្ឌលសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ ចំនួន ១ គឺ មណ្ឌលវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ៕





 

អាជ្ញាធរជាតិអប្សរាប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតាក្នុងពេលធ្វើកំណាយបុរាណវិទ្យាជួសជុលខ្លោងទ្វារតាកាវ

សៀមរាប៖ ក្នុងរយៈពេល៣សប្តាហ៍នៃការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាលនៃខ្លោងទ្វារតាកាវ អាជ្ញាធរជាតិអប្សរាបានរកឃើញរូបចម្លាក់ និងបំណែកវត្ថុបុរាណមួយចំនួន។

លោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បានរកឃើញក្បាលយក្សចំនួន០៣នៅពេញល្អ ឯក្បាល០៣ទៀតមានត្រឹមតែពាក់កណ្តាល។ ចំពោះ ដងខ្លួនអាសុរៈបានរកឃើញចំនួន០៤។ រីឯ ព្រះសិរទេវតាបានរកឃើញចំនួន០៣ ក្នុងនោះចំនួន០២នៅពេញល្អ   និង០១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។

សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត ត្រូវបានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ៕






សាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប ផ្តល់មនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ២គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់

ស្វាយរៀង ៖ នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២១ លោក ហាយ ចន្នាត់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប បានយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ២ គ្រួសារ  នៅឃុំសំបួរ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ១ គ្រួសារ និងគ្រួសាររងគ្រោះដោយសារឆក់ខ្សែភ្លើង ១គ្រួសារ នៅឃុំប្រសូត្រ ស្រុកស្វាយទាប សរុប ៤គ្រួសារ។ 

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ប្រធានគណៈកម្មាធិការអនុសាខាស្រុក បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តចំពោះក្រុមគ្រួសារដែលរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល លោក តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកបានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ 

ហើយលោក បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ 

អំណោយដែលបានផ្តល់ជូនរួមមាន៖ គ្រួសារក្រីក្រ ២ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គីឡូ ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ ដបធុងជរ័ ១ ចានស្រាក់ ១ កំសៀវតែ ១ បំពង់ទឹកក្តៅ ១ ការធន់ញ៉ូម ១ ឃីត ១កញ្ចប់មាន កន្ទេល ១ មុង១ ភួយ ១ និងថវិកាចំនួន ៥០.០០០ រៀល។ គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ១ គ្រួសារ ក្នុងមួយទទួលបាន អង្ករ ៣០ គីឡូ ទឹកត្រី ៦ ដប ទឹកស៊ីអ៊ីវ ៦ ដបឆ្នាំងបាយសម្លរ ១ គូធុងជរ័ ១ ការធន់ញ៉ូម ១ និងថវិកាចំនួន ១០០.០០០ រៀល ។ គ្រួសាររងគ្រោះដោយឆក់ខ្សែភ្លើង ១ គ្រួសារ ទទួលបានឧបត្ថម្ភថវិកាចំនួន ១០០.០០០ រៀល ៕




អភិបាលរងខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័កបន្ថែម សម្រាប់ទទួលពលករមកពីក្រៅប្រទេស

កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក អម សុភា និង លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត រួមដំណើរដោយវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលខេត្ត ព្រមទាំងលោកលោកស្រីថ្នាក់ដឹកនាំមន្ទីពាក់ព័ន្ធ និង អាជ្ញាធរក្រុង បានចុះពិនិត្យមើលការរៀបចំមណ្ឌលចត្តាឡីស័កមួយបន្ថែមទៀតនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង សម្រាប់ទទួលពលករមកពីក្រៅប្រទេស ។

អាជ្ញាធរខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័កមួយបន្ថែមមួយទៀតនេះ នៅវិទ្យាល័យក្រុង កំពង់ឆ្នាំង សម្រាប់ត្រៀមលក្ខណៈទទួលពលករត្រឡប់មកពីក្រៅប្រទេស ហើយជាកន្លែង ដែលមានទីធ្លា ធំទូលាយប្រកបដោយផាសុកភាព៕





រដ្ឋបាលបាលខេត្តស្វាយរៀង ចូលរួមរំលែកទុក្ខគ្រួសារសពដែលស្លាប់ដោយសារកូវីដ-១៩

ស្វាយរៀង៖ រដ្ឋបាលបាលខេត្តស្វាយរៀង បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារដោយសារជំងឺកូវីដ-១៩ ចំនួន ០១នាក់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។រដ្ឋបាលបាលខេត្ត ក៏បានបញ្ជាក់យ៉ាងច្បាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិត ប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅផងដែរ ។

រដ្ឋបាលបាលខេត្តស្វាយរៀង ក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត ៣កុំ និង៣ការពារ ៕



ពិធីសម្ពោធបើកឲ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងក្រុងសៀមរាប

សៀមរាប៖ មណ្ឌលផ្តល់សេវាសាធារណៈ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបានបើកសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យដំណើរការជាផ្លូវការ  នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅលើទីតាំងផ្សារទំនើប ហេរីថេក វ៉ក សៀមរាប ជាន់ទី២ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ 

ការបង្កើតឲ្យមានមណ្ឌលផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅលើទឹកដីសៀមរាប អង្គរនេះ ក្នុងគោលបំណង បង្ខិតសេវាសាធារណៈឲ្យកាន់តែនៅជិតបងប្អូនប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសព័ត៌មានវិទ្យា ដែលធ្វើឲ្យការផ្តល់សេវាបានលឿនរហ័ស ចំណាយតិច ចំណេញពេលវេលា និង មានប្រសិទ្ធភាព តម្លាភាពទៀតផងដែរ ។ ម៉្យាងទៀតការផ្តល់សេវានេះ ដើមី្បបំពេញតម្រូវការប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និង ជួយសម្រាលភាពលំបាកបានច្រើនទៀតផង ។ 

មានប្រសាសន៍នោះដែរលោក ទៀ សីហា បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំយក ចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ខិតយកសេវារបស់ខ្លួនមកដាក់បម្រើជូនប្រជាពលរដ្ឋដល់តាមបណ្ដាខេត្ត ព្រមទាំងការខិតខំប្រឹងប្រែងបង្កើត និងកែប្រែប្រភេទសេវាមួយចំនួនទៅជាការស្នើសុំតាមរយៈ ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម (Online) ផងដែរ ដែលនេះជាការបង្កលក្ខណៈកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ក្នុងការស្នើសុំសេវា ដោយមិនចាំបាច់ធ្វើដំណើរទៅស្នើសុំសេវានៅរាជធានីភ្នំពេញ។ លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវាដោយផ្ទាល់ នៅផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) និងអង្គភាព ច្រកចេញចូលតែមួយរដ្ឋបាលខេត្ត កុំចាំបាច់ពឹងពាក់អ្នកដទៃ (អ្នករត់ការ) ដែលនាំឱ្យខាតបង់ថវិកាច្រើន និងសូមឱ្យមន្ត្រីបម្រើសេវា ធ្វើជាមន្ត្រីបម្រើរាស្ត្រដោយស្មោះត្រង់ ផ្តល់សេវាជូនប្រជាពលរដ្ឋ បានកាន់តែលឿន និងឆាប់រហ័ស ហើយលុបបំបាត់នូវភាពអសកម្មទាំងឡាយ ។ 

មានប្រសាសន៍បើកមណ្ឌលផ្តល់សេវានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាមណ្ឌលទី៥ បង្កើតឡើង ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង ។  ប្រជាពលរដ្ឋ អាចមកទទួលសេវាប្តូរបណ្ណបើកបរយានយន្ត ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមរយៈមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៨យប់ ស្ថិតនៅជាន់ទី២ នៃផ្សារទំនើបហេរីថេក វ៉ក (The Heritage Walk) មានអាសយដ្ឋានស្ថិតនៅអាគារលេខ ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ 

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប អាចមកទទួលសេវាប្តូរបណ្ណបើកបរយានយន្ត ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅមណ្ឌលផ្តល់សេវាសាធារណៈថ្មី នៅក្នុងផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ចាប់ពីថ្ងៃបើកឲ្យដំណើរការនេះតទៅ ហើយប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួលសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ។ ទាក់ទងនឹងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាព ជាអនេក ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចនាយករដ្ឋមន្ត្រី បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយគិតថ្លៃបានចំនួន ៦ លាននាក់ ស្មើនឹង ៦០% នៃប្រជាពលរដ្ឋដែលត្រូវទទួលវ៉ាក់សាំង៕









ព្រឹកថ្ងៃនេះវ៉ាក់សាំងស៊ីណូហ្វាម ១លានដូសទៀត នឹងដឹកពីប្រទេសចិន មកដល់កម្ពុជា

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម ដែលដឹកមកដល់កម្ពុជាព្រឹកថ្ងៃនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល។

វ៉ាក់សាំង ជាវិធីសាស្ត្រដ៏ចាំបាច់ និងសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមរយៈផែនការយុទ្ធសាស្ត្រនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។

មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងសរុប ១៦លានដូសហើយ។ ក្នុងនោះប្រមាណ ១៥លាន ៧សែនដូស ជាវ៉ាក់សាំងដែលជាជំនួយ និងទិញមកពីប្រទេសចិន។

នៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង ៤លានដូសទៀត ក៏នឹងដឹកពីចិន មកដល់កម្ពុជាផងដែរ។ វ៉ាក់សាំង ដែលកម្ពុជាទទួលបាន គឺជាការសម្រេចផែនការរបស់កម្ពុជា ដែលរកវ៉ាក់សាំងឱ្យបាន ២០លានដូស ដេីម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។

ចិនបានក្លាយជាប្រទេសដើរតួនាទីដ៏សំខាន់ក្នុងការជួយកម្ពុជាសម្រេចផែនការនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកចិន ជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់ វ៉ាក់សាំងផងដែរ។

គិតត្រឹមថ្ងៃទី២០ ខែកក្កដា កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦៣.៣៤% ធៀបនឹងគោលដៅចំនួន ១០លាននាក់។

ប្រជាពលរដ្ឋកម្ពុជា សុទ្ធតែបានជ្រូតជ្រាបពីគុណតម្លៃវ៉ាក់សាំងក្នុងការជួយដល់សុខភាពរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ បានសម្តែងការត្រេកអរ និងបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ ជូនប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃ ៕




មេរោគបំប្លែង​ខ្លួន​“ដែលតា”​ ដែល​ជា​មេរោគ​ឆ្លង​លឿន​ខ្លាំង នឹងក្លាយ​ជាវីរុស​ដែល​គ្រប​ដណ្តប់​នៅទូទាំង​សកល

 នៅពេល​ធ្វើបច្ចុប្បន្នភាពកូវីដ១៩​ប្រចាំ​សប្តាហ៍​ អង្គការ​សុខភាព​ពិភពលោក​បានឲ្យដឹងថា​ មេរោគ​ដែលតា​អាច​ប្រជែងយកឈ្នះ​ជាមួយ​មេរោគ​ដទៃទៀត​រួមមាន​មេរោគបំប្លែងខ្លួនអាល់ហ្វា​ បេតា​ និង​ហ្កាំម៉ា​បាន​យ៉ាង​ឆាប់រហ័ស​ ហើយវានឹង​ក្លាយជា​មេរោគ​ដែលធ្វើ​ចរាចរខ្លាំងជាងគេទូទាំងពិភពលោកក្នុងរយៈពេល​ប៉ុន្មានខែ​ខាងមុខ​។


ឥឡូវនេះ​ ជាង៧៥%​ នៃករណីឆ្លងកូវីដ​នៅក្នុងប្រទេសជាច្រើន​សុទ្ធតែ​បង្កឡើង​ដោយ​មេរោគដែលតា​។ ប្រទេសទាំងនោះ​រួមមាន​ អូស្ត្រាលី​ បង់ក្លាដែស​ បុតស្វាណា​ អង់គ្លេស​ ចិន​ ដាណឺម៉ាក​ ឥណ្ឌា​ ឥណ្ឌូណេស៊ី​ អ៊ីស្រាអែល​ ព័រទុយហ្កាល់​ រុស្ស៊ី​ សង្ហិបូរី​ និង​អាហ្វ្រិកខាងត្បូង​។

យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ មាន​ភ័ស្តុតាង​កាន់តែច្រើនបង្ហាញ​ថា​ មេរោគបំប្លែងខ្លួនដែលតា​ចម្លងជំងឺកូវីដ​កាន់តែខ្លាំង​ ប៉ុន្តែ​ថា​តើវា​អាច​ចម្លង​មេរោគបាន​លឿនរហ័ស​និង​ខ្លាំង​បាន​ដូច​ម្តេចនោះ​គេ​នៅទាន់​យល់​ច្បាស់​នោះទេ​។

គួរ​ជម្រាបជូនថា​ រយៈពេលជាង​១៨ ខែ​ចាប់តាំង​ផ្ទុះឡើង​ដំបូង​នៅចិន​ ជំងឺកូវីដ​នៅបន្ត​ធ្វើ​ចរាចរគួរឲ្យបារម្ភ​ក្នុង​ពិភពលោក​ដដែល​។ ជាក់ស្តែង​នាពេលថ្មីៗនេះ​ ករណីឆ្លងកូវីដ​បង្កឡើងដោយ​មេរោគដែលតា​បានចាប់​រីករាលដាល​នៅក្នុង​បណ្តា​ប្រទេសជាច្រើន​រួមទាំង​ប្រទេសដែល​បាន​ចាក់វ៉ាក់សាំងជូន​ប្រជាជន​បាន​ច្រើន​ហើយ​ក៏ដោយ​។

មូលហេតុនេះ​ធ្វើឲ្យគេប៉ាន់ប្រមាណថា​ ចំនួន​ករណី​ឆ្លង​កូវីដនៅ​ទូទាំងពិភពលោក​អាចនឹងកើន​លើស​ ២០០ លាននាក់​ក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខ​។ អង្គការសុខភាព​ពិភពលោក​ បាននិយាយថា​ ករណីឆ្លងកូវីដ​បានកើនឡើងមកវិញខ្លាំង​ទំនងជា​បណ្តាលមកពី​កត្តាសំខាន់ៗចំនួន៤​ ដែលក្នុងនោះ​រួមមាន​៖ មេរោគបំប្លែងខ្លួនដែលឆ្លងខ្លាំង​និង​លឿនរហ័ស​ ការ​បន្ធូរបន្ធយ​វិធានការ​សុខភាពសាធារណៈ​ ការប្រមូលផ្តុំ​គ្នា​របស់​ប្រជាជន​លែងគោរព​តាម​គោលការណ៍សុវត្ថិភាព​ និង​ចុងក្រោយគេ​គឺ​ប្រជាជន​ដែលនៅ​មិនទាន់​បាន​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩​ នៅតែមានចំនួនច្រើននៅឡើយ​៕