Monday, October 22, 2018

(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានាធិបតី​នៃសាធារណរដ្ឋតួកគី អញ្ជើញធ្វើជាសាក្សីនៃ​ពិធីចុះហត្ថលេខាលើ ឯកសារនិងកិច្ចព្រមព្រៀង​អនុស្សារណ:សំខាន់ៗចំនួន៨

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយ និងចំណាស់ ក្នុងទីក្រុងអ៊ីស្តានប៊ុល សាធារណរដ្ឋតួកគី

បន្ទាប់ពីពិធីចុះហត្ថលេខាលើ ឯកសារ និងកិច្ចព្រមព្រៀងអនុស្សារណៈ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយ និងចំណាស់បំផុត ក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី។
បើតាមការអះអាងពីក្រុមប្រឹក្សាព្រះវិហារបានឲ្យដឹងថា ក្នុងមួយឆ្នាំៗមានសាសនិកឥស្លាមមកពីគ្រប់ទិសទី ក្នុងទីក្រុង អ៊ីស្តានប៊ុល ក៏ដូចជាសាសនិកមកពីទីជិតឆ្ងាយ ទាំងក្នុងក្រៅប្រទេស ប្រមាណ៦លាននាក់ បានអញ្ជើញទៅចូលរួមថ្វាយបង្គុំ ក្នុងព្រះវិហារនេះ។ ព្រះវិហារឥស្លាមនេះ គឺជាព្រះវិហារដែលមានវ័យ ចំណាស់មួយ ក្នុងចំណោមព្រះវិហារវ័យចំណាស់ជាច្រើនទៀត ក្នុងទីក្រុងអ៊ីស្តានប៊ុល ដែលត្រូវបានដាក់ បញ្ចូលជាសប្បត្តិបេតិកភណ្ឌពិភពលោក។
នៅក្នុងឱកាសនៃការអញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានវ័យចំណាស់នោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ ពីការពន្យល់ណែនាំរបស់ថ្នាក់ដឹកនាំព្រះវិហារ ដូចជាការអភិរក្សថែរក្សាការពារ ពិសេសព្រះវិហារនេះគឺជាសម្បត្តិគរុភណ្ឌដ៏មានតម្លៃបំផុត របស់ប្រជាពលរដ្ឋតួកគី ដែលបានស្ថាបនាដ៏យូរលង់ណាស់មកហើយ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ កម្ពុជា និងតួកគី មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយយ៉ាងរស់រវើក ពិសេសប្រទេសទាំងពីរធ្លាប់បាន ជួយគ្នានៅលើឆាកអន្តរជាតិ ក្នុងក្របខណ្ឌ ពហុភាគី កម្ពុជាបានគាំទ្របេក្ខភាពតួកគី នៅក្នុងក្រុមប្រឹក្សាសហព័ន្ធទូរគមនាគមន៍អន្តរជាតិ សម្រាប់អាណត្តិឆ្នាំ២០១៩-២០២០។ អនុគណៈកម្មការស្តីពីការទប់ស្កាត់ទារុណកម្មសម្រាប់ អាណត្តិឆ្នាំ២០១៩-២០២០ ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ។ ជាមួយគ្នានេះតួកគីក៏បានគាំទ្រ កម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម សម្រាប់អាណត្តិឆ្នាំ២០១៩ និងជាអ្នកសង្កេតការណ៍ ក្នុងអង្គការកិច្ចសហប្រតិបត្តិការឥស្លាម។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបានភ្ជាប់ទំនាក់ ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ១៩៩៤ កម្ពុជា និងតួកគី បានបង្កើតនូវក្រុមមិត្តភាពសភាកម្ពុជា តួកគី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ជាមួយគ្នានេះបច្ចុប្បន្នមាននិស្សិត កម្ពុជាចំនួន៦៨នាក់ កំពុងសិក្សានៅប្រទេសតួកគី និងមានប្រជាពលរដ្ឋតួកគី ប្រមាណ២៥០នាក់ កំពុងរស់នៅ ក្នុងប្រទេសកម្ពុជាផងដែរ ៕




អភិបាលក្រុង អ៊ីស្តានប៊ុល បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់ដំណើរបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តលើកដំបូងបំផុត នៅលើទឹកដីនៃសាធារណរដ្ឋតួកគី

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបានអញ្ជើញទស្សនាព្រះវិហារឥស្លាម ដ៏មានប្រជាប្រិយ និងចំណាស់បំផុត ក្នុងទីក្រុងអ៊ីស្តានប៊ុលសាធារណរដ្ឋតួកគី លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលរៀបចំឡើងដោយលោកអភិបាលក្រុងអ៊ីស្តានប៊ុល សាធារណរដ្ឋតួកគី។
នៅក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តយស នោះដែរ លោកអភិបាលក្រុង អ៊ីស្តានប៊ុល បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលបានជ្រើសរើសយកទីក្រុងអ៊ីស្តានប៊ុល សម្រាប់ដំណើរបំពេញទស្សនកិច្ចការងារ ជាប្រវត្តិសាស្រ្តលើកដំបូងបំផុត នៅលើទឹកដីនៃ សាធារណរដ្ឋតួកគី។

លោកអភិបាលក្រុងបន្តថា ថ្នាក់ដឹកនាំ និងប្រជាជនតួកគី ក្នុងទីក្រុងអ៊ីស្តានប៊ុល សូមចារឹកទុកក្នុងដួងចិត្ត ក៏ដូចជាទំព័រប្រវត្តិសាស្រ្ត ចំពោះដំណើរបំពេញទស្សនកិច្ចការងារ ជាលើកដំបូង និងមិនធ្លាប់មានសម្រាប់មេដឹកនាំជាន់ខ្ពស់របស់ប្រទេសកម្ពុជា ដែលបានអញ្ជើញមកដល់សាធារណរដ្ឋតួកគី ក្នុងបេសកកម្មដ៏ថ្លៃថ្លាបំផុតនេះ៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានាធិបតីនៃសាធារណរដ្ឋតួកគី អញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើ ឯកសារនិងកិច្ចព្រមព្រៀងអនុស្សារណ:សំខាន់ៗចំនួន៨

នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាកំពូលទ្វេរភាគីទល់មុខគ្នាមួយទល់នឹងមួយ និងជំនួបអាហារការងារថ្ងៃត្រង់ដែលបានចំណាយពេលប្រមាណ ១ម៉ោង៣០នាទីរួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើ ឯកសារ និងកិច្ចព្រមព្រៀងអនុស្សារណៈសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖
១) អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងមជ្ឈមណ្ឌលជាតិសកម្មភាពមីនតួកគី ភាគីកម្ពុជាចុះហត្ថលេខារវាង លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉ូសសិន ដេរ៉េ (Muhsin Dere) អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ
២) អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋ មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក បេ គារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់
៣) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក ចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក បេគារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់
៤) កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារទៅវិញទៅមក នៃវិនិយោគ ចុះហត្ថលេខារវាងលោក សុខ ចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តមម៉ូស្តាហ្វា វ៉ារ៉ាក (Mustafa Varark) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង បច្ចេកវិទ្យា
៥) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា ចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉េតម៉េត ម៉ូហារ៉ែម (Mehmet Muharrem) រដ្ឋមន្រ្តីយុវជន និងកីឡា
៦) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទេសចរណ៍ ចុះហត្ថលេខារវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស
៧) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ចុះហត្ថលេខារវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស

៨) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស៕









កំណើនពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងតួកគី នឹងឈានដល់១ពាន់លានដុល្លារ នៅក្នុងពេលដ៏ខ្លីខាងមុខ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញជួបពិភាក្សាការងារ កំពូលទ្វេភាគីទល់មុខគ្នាមួយទល់ជាមួយ លោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន (Recep Tayyip Edogan) ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលធ្វើឡើងនៅទីក្រុង អីស្តានប៊ុល សាធារណរដ្ឋតួកគី។
នៅក្នុងជំនួបកំពូលទ្វេភាគីនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញ កំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យឈានដល់១ពាន់លានដុល្លារ នៅក្នុងពេលដ៏ខ្លីខាងមុខ។
នៅក្នុងជំនួបនេះដែរ លោកប្រធានាធិបតីតួកគី រ៉េជីប ថាយ៉ីប អ៊ែ ដ៏វ៉ាន មានប្រសាសន៍ស្វាគមន៍ចំពោះវត្តមាន នៃដំណើរបំពេញទស្សនកិច្ចការងារ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុនសែន មកកាន់ប្រទេសតួកគី ពិសេសលោកបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងដោយ នាយករដ្ឋមន្រ្តីកម្ពុជា។ លោកបានបន្តដោយក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ នឹងបន្តនៅ​ពេលខាងមុខ។ លោកប្រធានាធិបតីតួកគី បានបន្តថា បច្ចុប្បន្ននេះ តួកគីបានបើកស្ថាន ឯកអគ្គរដ្ឋទូតរបស់​ខ្លួននៅកម្ពុជា នោះគឺជាសូចនករបង្ហាញ ពីសារសំខាន់ចំពោះកម្ពុជា។ ជាមួយនឹងទិសដៅនៃការជំរុញ​ទំហំពាណិជ្ជកម្ម ឲ្យមានការកើនឡើងរហូតដល់១ពាន់លានដុល្លារ នៅពេលខាងមុខ លោកប្រធានាធិបតីតួកគី និងលោកនាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពគ្នាក្នុងការជំរុញផ្នែកធុរៈកិច្ច នៃប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការបណ្តាក់ទុនវិនិយោគ លើវិស័យអាទិភាពចំពោះមុខរបស់កម្ពុជា ពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។
ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នា ក្នុងការប្រារព្ធរៀបចំខួប​អនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នៅឆ្នាំ២០២០ តាមរយៈការរៀបចំ​នូវសកម្មភាពនានា ដើម្បីឲ្យប្រជាជននៃប្រទេសទាំងពីរបានស្គាល់ ពីប្រទេសនីមួយៗទៅវិញទៅមក។ ក្នុងជំនួបពិភាក្សាថ្នាក់កំពូលនោះដែរ មេដឹកនាំទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញកំណើននៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរ តាមរយៈ ការបើកឲ្យមានការហោះ​ហើរត្រង់​ពីគ្នា​ទៅវិញទៅមក ក្រៅពីការដឹកជញ្ជូនទំនិញនាពេលបច្ចុប្បន្ន ឲ្យក្លាយទៅជាការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរណ៍ សម្រាប់ប្រទេសទាំងពីរ នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ ដោយសាតែប្រទេសកម្ពុជា​ទទួលនូវមជ្ឈមណ្ឌលកំចាត់មីន អាស៊ាន នៅកម្ពុជា លោកប្រធានាធិបតីមានប្រសាសន៍ថា តួកគីនឹងពិនិត្យ​លទ្ធភាព​ក្នុងការផ្តល់ជំនួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ក្នុងប្រទេសកម្ពុជា ពិសេសផ្តល់នូវការ​គាំទ្រដល់អាស៊ាន។
ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-តួកគី បានពិភាក្សាគ្នាយ៉ាងយក ចិត្តទុកដាក់​ទៅ​លើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ការគាំទ្រពីគ្នាទៅវិញទៅមកក្នុងក្របខណ្ឌ​អន្តរជាតិ ពិសេសធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធ ប្រឆាំង ឧក្រិដ្ឋកម្ម និងប្រយុទ្ធប្រឆាំងទៅនឹង​បណ្តាញ​អង្គការភេរវកម្មអន្តរជាតិ។ ក្រៅពីកិច្ចព្រមព្រៀងចំនួន៨ ដែលចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់​លោកនៅពេលនេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការយ៉ាងយកចិត្តទុកដាក់ពិភាក្សាទៅលើ ការមិនយកពន្ធត្រួតគ្នានៃប្រទេសទាំងពីរ។
ដោយសារតែប្រទេសតួកគី បានបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ លោកជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ជំរាបជូនលោកប្រធានាធិបតីថា កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូត​របស់កម្ពុជា នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុង ឆ្នាំ២០១៩ខាងមុខ តាមរយៈការទិញដីសាងសង់ស្ថានទូត​ដោយផ្ទាល់ ដើម្បីបញ្ជាក់ពីឆន្ទៈរបស់កម្ពុជាលើមូលដ្ឋាន នៃទំនាក់ទំនងយូរអង្វែងនៃប្រទេសទាំងពីរ។
ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ លោកនាយករដ្ឋមន្រ្តី បានស្នើលោកប្រធានាធិបតី បន្តបង្កើនការផ្តល់​អាហារូបករណ៍ ដល់និស្សិតកម្ពុជាទៅបន្តការសិក្សា នៅប្រទេសតួកគី និងជួយទិញអង្គរ ផ្លែស្វាយ ពីប្រទេសកម្ពុជា ដើម្បីជួយដល់កសិករកម្ពុជា ។ ក្នុងព្រះបរមនាម ព្រះករុណ ព្រះមហាក្សត្រ លោកនាយករដ្ឋមន្រ្តីបានគោរពអញ្ជើញដោយផ្ទាល់មាត់ ជូនលោកប្រធានាធិបតី ក្នុងការអញ្ជើញ បំពេញទស្សនកិច្ច​ផ្លូវរដ្ឋ នៅកម្ពុជាក្នុងពេលវេលាដ៏សមស្រប នាពេលខាងមុខ។

លោកប្រធានាធិបតីតួកគី បានឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្ដី ក្នុងការ អញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងបានឆ្លើយតបទៅនឹងសំណូមពរមួយចំនួនដែលកម្ពុជា បានស្នើឲ្យតួកគី​ជួយ។ ជាមួយគ្នានេះ លោកប្រធានាធិបតីក៏បានសន្យាជួយដល់ប្រទេសកម្ពុជា ក្នុងការក្លាយជា​អ្នក​សង្កេតការណ៍របស់ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ ឥស្លាម ដែលប្រទេសតួកគីនឹងធ្វើជា​ប្រធាន​នៅឆ្នាំ២០១៩ ៕



ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដែលនៅឆ្នាំ២០២០ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប នៅទីក្រុងភ្នំពេញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា នៅឆ្នាំ២០២០ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប នៅទីក្រុងភ្នំពេញ។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តដែលកម្ពុជាត្រូវធ្វើកិច្ចការមួយដែលត្រូវទទួលប្រទេសជាង៥០ទៅប្រជុំនៅទីនោះ។ លោកបានថ្លែងដូចនេះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយយុវជន សិស្ស និងនិស្សិតប្រមាណជាង ៦០ នាក់ ដែលកំពុងរស់នៅបន្តការសិក្សានៅប្រទេសតួកគី ដែលពិធីនេះប្រារព្ធនៅទីក្រុងអ៊ីស្តានប៊ុល ប្រទេសតួកគី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកផងដែរថា កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ាន ឆ្នាំ២០០២ ធ្វើការប្រជុំអាស៊ានលើកទី២នៅឆ្នាំ២០១២ យើងក៏ធ្លាប់ធ្វើម្ចាស់ផ្ទះក្នុងការប្រជុំអង្គការសភា ដូចជា អាយប៉ា អាយកាប់ អេភីអេ រួចហើយប៉ុន្តែលើកនេះគឺជាកម្រិតប្រទេសដែលយើងត្រូវតែយកចិត្តទុកដាក់ខ្លាំងជាងមុន។ លោក បានបន្តថា សូម្បីតែព្រលានយន្តហោះក៏ត្រូវគិតដែរ ព្រោះប្រទេសមួយមានយន្តហោះមួយ ដែលពុំមែនគ្រាន់តែគិតពីបញ្ហាសណ្ឋាគារ ទីកន្លែងប្រជុំនោះទេ គិតតាំងពីចំណតយន្តហោះតើចតអស់ឬទេ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកទឹកចិត្តដល់និស្សិតខ្មែរនៅប្រទេសតួកគី ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ មុខជំនាញ និងភាសាបរទេសឱ្យបានច្រើន

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយកូមក្មួយយុវជន សិស្ស និងនិស្សិតប្រមាណជាង ៦០ នាក់ ដែលកំពុងរស់នៅបន្តការសិក្សានៅប្រទេសតួកគី។ កាលពីឆ្នាំ ១៩៩៥ តួកគីបានផ្តល់អាហារូបករណ៍ដំបូងឱ្យកម្ពុជាសម្រាប់និស្សិត៤ រូប។ នៅឆ្នាំ ១៩៩៧ មានចំនួន ៤ រូបទៀត ហើយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ សមាគមនិស្សិតកម្ពុជា-តួកគីក៏បានបង្កើតឡើងដោយមានសមាជិកចំនួន៦៨ នាក់ ដែលក្នុងនោះមានថ្នាក់បណ្ឌិត២នាក់, បរិញ្ញាបត្រជាន់ខ្ពស់៧នាក់, បរិញ្ញាបត្រ១៨នាក់, សាសនាអ៊ីស្លាម៣០នាក់ និងវិទ្យាល័យ១១ នាក់។ ក្នុងចំណោមនេះសិស្ស និស្សិតអាហារូបករណ៍រដ្ឋាភិបាលមានចំនួន៣៥ នាក់, អាហារូបករណ៍អង្គការក្រៅរដ្ឋាភិបាលចំនួន ៣០នាក់ និងបង់ថ្លៃ៣នាក់។ និស្សិតដែលបានសិក្សានៅប្រទេសតួកគីមានជំនាញដូចជា វិស្វកម្មកុំព្យូទ័រ, រដ្ឋបាលអប់រំ, ទំនាក់ទំនងការបរទេស, សំណង់ស៊ីវិល, គ្រប់គ្រងបុគ្គលិក, ច្បាប់, សេដ្ឋកិច្ច, ទេសចរណ៍, ពេទ្យ, ឱសថ, វិទ្យាសាស្ត្រនយោបាយ, ពាណិជ្ជកម្មអន្តរជាតិ, សុខភាពសាធារណៈ និងសាសនាអ៊ីស្លាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រីករាយជាអនេគដែលបានមកជួបកូនក្មួយយុវជន សិស្ស និងនិស្សិតខ្មែរដែលបានមកបន្តការសិក្សានៅតួកគីថ្ងៃនេះ ព្រោះថាពេលនេះកម្ពុជា និងតួកគីបាននិងកំពុងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឱ្យមានការហោះហើរត្រង់ពីតួកគី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបជូនក្មួយៗឱ្យបានដឹងផងដែរថា កម្ពុជាមានកិត្តិយសដែលត្រូវទទួលបានសិទ្ធិក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅឆ្នាំ២០២០ ដែលនេះជាមោទភាពមួយដ៏ធំបំផុត ព្រោះកិច្ចប្រជុំកំពូលនេះនឹងមានជាង៥៣ប្រទេសដែលនឹងត្រូវមកចូលរួមនៅកម្ពុជា។ កន្លងមកកម្ពុជាក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន២ដងរួចទៅហើយគឺនៅឆ្នាំ ២០០២ និង២០១២។ លោកបានថ្លែងថា ភារកិច្ចចម្បងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺត្រូវរក្សាបាននូវស្ថេរភាពនយោបាយ និងសន្តិភាព ដើម្បីឈានទៅសម្រេចកំណើនសេដ្ឋកិច្ច ៧.២%យូរអង្វែង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់កូនក្មួយនិស្សិតរស់ក្រៅប្រទេសដែលបានចូលរួមដំណើរការប្រជាធិបតេយ្យដោយបានទៅបោះឆ្នោតខ្លួនឯងផង និងបានអំពាវនាវឱ្យក្រុមគ្រួសារទៅបោះឆ្នោតផងដែរ។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ មានន័យថា ជាការបោះឆ្នោតជ្រើសរើសយកនូវសុខសន្តិភាព ការអភិវឌ្ឍ និងបន្តរក្សានូវកិច្ចខិតខំប្រឹងប្រែងរបស់ជីដូនជីតារបស់ខ្លួនយើងម្នាក់ៗ។ លោក ក៏បានផ្តាំផ្ញើដល់សិស្សនិស្សិតទាំងអស់ដែលបានទទួលអាហារូបករណ៍មកសិក្សានៅប្រទេសតួកគីនេះ គោរពច្បាប់ប្រទេសគេ ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសខិតខំប្រឹងប្រែងរៀនសូត្រមុខជំនាញ និងភាសាបរទេសឱ្យបានច្រើនភាសា ជាពិសេសភាសាអង់គ្លេស ដែលងាយស្រួលក្នុងការស្វែងរកការងារធ្វើដើម្បីអនាគតរបស់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ។

នៅក្នុងឱកាសនេះដែរ ដើម្បីជាការលើកទឹកចិត្តសម្រាប់កូនក្មួយយុវជនសិស្ស និស្សិតទាំងអស់ដែលកំពុងរស់នៅសិក្សារៀនសូត្រនៅក្នុងប្រទេសតួកគី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់នូវថវិកាឧបត្ថម្ភដល់និស្សិតទាំង ៦៨ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០០ដុល្លារអាមេរិកផងដែរ៕










ទស្សនៈមិត្តអ្នកអាន៖ ភ្លើងឆេះដល់រោមចិញ្ចើមរបស់ពួកប្រឆាំង

នៅទីបំផុតទៅ មេដឹកនាំអាស៊ី-អឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលលើកទី១២ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៨ កន្លងទៅនេះ បានសម្រេចឲ្យប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខ។
ការផ្តល់ឋានៈជាអ្នករៀបចំកិច្ចប្រជុំកំពូល ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើន នៅអាស៊ី និងអឺរ៉ុបនេះ បានបង្ហាញនូវការទទួលស្គាល់ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិទី៦​ ដែលដឹកនាំដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​គឺជារាជរដ្ឋាភិបាលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍ ប្រជាធិបតេយ្យ សេរី ពហុបក្ស រាប់ចាប់តាំងពីដំណាក់កាលបរិយាកាសនយោបាយមុនពេលឃោសនា ការឃោសនា រកសម្លេងឆ្នោត ការបោះឆ្នោត រហូតដល់ប្រកាសលទ្ធ​ផល និងមានការរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី។
នៅចំពោះមុខមេដឹកនាំនៃបណ្តាប្រទេសអាស៊ី-អឺរ៉ុបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថាកម្ពុជាពិតជាមាន កិត្តិយសក្រៃលែងក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ នៅរាជធានីភ្នំពេញ គឺជាការរៀបចំកិច្ចប្រជុំកំពូលទ្រង់​ទ្រាយ​ធំលើកទី១ និងប្រកបដោយសារៈសំខាន់បំផុត។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា ដោយទទួលស្គាល់ពីការទទួលខុសត្រូវខ្ពស់ និងតម្រូវការរៀបចំល្អិតល្អន់គ្រប់ជ្រុងជ្រោយ កម្ពុជានឹងខិតខំ ធ្វើកិច្ចការចាំបាច់គ្រប់យ៉ាងដើម្បីធានាឲ្យកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ដូចកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបកន្លងមក។
ក្នុងឋានៈប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប កម្ពុជាប្តេជ្ញាពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយ ប្រទេសជាសមាជិកទាំងអស់ ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោកក៏ដូចជាសម្រេចគោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។
ការផ្តល់សេចក្តីទុកចិត្តដល់កម្ពុជាដោយមិនមានការស្ទាក់ស្ទើរពីសំណាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេស
អាស៊ី-អឺរ៉ុប នេះគឺជាសក្ខីភាពមួយបង្ហាញថា បណ្តាប្រទេសទាំងអស់ស្ទើរតែពាសពេញពិភពលោកបានទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញ ពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរពិតៗ។
ការលើកឡើងដូច្នេះ ដោយសារប្រជាពលរដ្ឋខ្មែរយល់​ឃើញថា មានតែរាជរដ្ឋាភិបាល​កម្ពុជាដែល​ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលមាន​លោក​នា​យ​ក​​​រដ្ឋមន្ត្រី​ ហ៊ុន សែន ជាប្រមុខប៉ុណ្ណោះទេដែលមានសមត្ថភាព និងលទ្ធភាពការពារ អភិវឌ្ឍប្រទេស រក្សាបាននូវលំនឹងសុវត្ថិភាព ទាំងសន្តិសុខ និងលំនឹងហិរញ្ញវត្ថុ ជាមួយនឹងកំណើនសេដ្ឋកិច្ចរង្វង់៧%​ក្នុង​មួយ​ឆ្នាំជា​ដើម​ ជា​មូលហេតុចម្បងនិងសំខាន់បំផុត ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ផ្តល់​ការ​​ទុក​ចិត្ត​ទាំង​ស្រុង​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។​
ដោយឡែកសម្រាប់​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ី-អឺរ៉ុបវិញ ក៏​មិន​ខុស​គ្នា​ទៅនឹង​ការ​យល់​ឃើញ​របស់​ប្រជាពលរដ្ឋ​ខ្មែរដែរ​ ​ពោលគឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប មិនមែនជារឿងសាមញ្ញពេកនោះទេ។ បញ្ហានេះ ប្រសិនបើកម្ពុជា មិនមានសមត្ថភាព, កម្ពុជា​រំលោភសិទ្ធិមនុស្ស ឬក៏ការដឹកនាំមិនដើរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ ក៏គេមិនផ្តល់ កិត្តិយស និងឱកាសឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍ដ៏ធំនេះដែរ។នេះជាតឹកតាងបញ្ជាក់យ៉ាងច្បាស់ថាកត្តាសន្តិភាព ស្ថេរភាពនយោបាយ ការគោរពនីតិរដ្ឋ រួមផ្សំនឹងសមត្ថភាពគ្រប់គ្រាន់ ធ្វើឲ្យព្រះរាជាណាចក្រមួយដែលពីអតីតកាល មានការហែកហួរដោយសង្គ្រាមនោះ ទទួលបាននូវអ្វីៗទាំងអស់នៅពេលនេះ រួមទាំងការផ្តល់កិត្តិយសឱ្យរៀបចំ កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី ១៣ផងដែរ។
គេអាច​និយាយ​បាន​ថា ការដែលមេដឹកនាំរបស់ប្រទេសអាស៊ីនិងអឺរ៉ុប បានសម្រេចចិត្តដោយផ្តល់ឱកាសដល់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំដ៏សំខាន់នៅឆ្នាំ២០២០​នេះ គឺស្មើនឹងព្រនង់ដ៏ធំមួយដែលកាន់ដោយដៃមេដឹកនាំរួមគ្នា នៃប្រទេស​អាស៊ី-អឺរ៉ុប សំពងទៅលើកមេដឹកនាំនិងក្រុមប្រឆាំង ឬអាចនិយាយបានថា ភ្លើងឆេះដល់រោមចិញ្ចើមរបស់ពួកប្រឆាំងដោយសារអំពើព្យាយាមបន្តុះបង្អាប់ ឃោសនាអកុសល បំភ្លើសការពិតពីកម្ពុជាផង ហើយសហគមន៍អន្តរជាតិ បានយល់និងស្គាល់យ៉ាងច្បាស់ពីចេតនាទុច្ចរឹតរបស់ពួកប្រឆាំងផ្កាប់មុខទាំងនេះ៕

ដោយ៖ សុខ សុវណ្ណ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រតី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ដែលធ្វើឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មអ៊ីស្តានប៊ុល ដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល ផ្នែកឯកជនតួកគី ឥស្សរជន និងផ្នែកធុរកិច្ច ទៅពីព្រះរាជា​ណាចក្រកម្ពុជាជាច្រើនរូបផងដែរ។ បន្ទាប់ពីការស្តាប់នូវបទអន្តរាគមន៍ពីថ្នាក់ដឹកនាំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្នែកធុរកិច្ចតួកគីរួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនិងបានបញ្ជាក់ថាលោកពិតជារីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅទីក្រុងអ៊ីស្តានប៊ុល ដែលជាទីក្រុងប្រវត្តិសាស្រ្តស្ថិតជាប់គ្នាជាមួយសហគមន៍អឺរ៉ុប និងអាស៊ី។ តាមរយៈវេទិកាធុរកិច្ចតួកគី-កម្ពុជា ជាការបង្ហាញពីការរីកចម្រើននាពេលបច្ចុប្បន្នព្រមទាំងកាលានុវត្តភាព និងសក្តានុពលសម្រាប់កម្ពុជាផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានរៀបចំវេទិកាធុរកិច្ចដ៏មានសារៈសំខាន់នេះ ទន្ទឹមនឹងនេះក៏សូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមាន លោក លោកស្រីភ្ញៀវជាតិ និងអន្តរជាតិដែលជាតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមនាពេលនេះ។
តួកគី និងកម្ពុជាគឺជាប្រទេសដែលមានអរិយធម៌យូរណាស់មកហើយដែលកម្ពុជាគេស្គាល់តាមរយៈចក្រភពអង្គរ ហើយតួកគីគេស្គាល់តាមរយៈប្រភព ប៊ីហ្សេនថាញ់ ប្រទេសយើងទាំងពីរក៏បានគាំទ្របេក្ខភាពគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទំនាក់ទំនងទ្វេរភាគី។

កិច្ចព្រមព្រៀងចំនួន ៨ នឹងត្រូវចុះអនុស្សារណៈជាមួយគ្នាដែលក្នុងនោះទាក់ទងនឹងវិស័យអប់រំ ទេសចរណ៍ ធនធានទឹក កសិកម្ម វប្បធម៌ និងវិនិយោគ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ ដែលនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែមានភាពជិតស្និទ្ធប្រសើរថែមទៀត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានបន្តថា កម្ពុជានឹងខិតខំធ្វើយ៉ាងណាដើម្បីឈានទៅសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងដោយមិនយកពន្ធត្រួតគ្នាដែលនេះគឺជាចំណែកមួយយ៉ាងសំខាន់សំរាប់ផលប្រយោជន៍នៃប្រទេសទាំងពីរ។ តាមរយៈកំណើនសេដ្ឋកិច្ចកធ្វើឱ្យកម្ពុជាសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងស្ថិតនៅលើគន្លងសម្រេចយកបាននូវការដាក់ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្នចំនួនភ្ញៀវទេសចរណ៍ដែលបានមកកាន់កម្ពុជាមានការកើនឡើងជាលំដាប់ប្រមាណ ៥ លាន ៦ សែននាក់នៅឆ្នាំ ២០១៧ ហើយក្នុងរយៈពេល ៨ ខែក្នុងឆ្នាំ ២០១៨កម្ពុជាស្វាគមន៍ភ្ញៀវទេសចរមានការកើនឡើងប្រមាណ ១២% ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧៕









កម្ពុជាជំរុញឱ្យមានការហោះហើរត្រង់ពីតួកគីមកកាន់កម្ពុជាដើម្បីឱកាសកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ

មេដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា-តួកគី គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននិងប្រធានរដ្ឋសភាតួកគី បានអញ្ជើញពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅនិងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-តួកគីឱ្យកាន់តែរឹងមាំនិងរីក ចម្រើនទ្វេរឡើងថែមទៀត ដោយបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះ រួមទាំងការជំរុញឱ្យមានការហោះហើរត្រង់ពីតួកគី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។
ការជំរុញបែបនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី ក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំដែងការគួរសម ពិភាក្សាការងារ និងអញ្ជើញទទួលទានអាហារការងារពេលថ្ងៃត្រង់ជាមួយ លោក ប៊ីណាលី យីដីរីម (Binaly Yidirim) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី។

មេដឹកនាំ នៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅកាន់បញ្ហាទ្វេភាគី បញ្ហាពហុភាគី បញ្ហា តំបន់ និងអន្តរជាតិ ពិសេសការបង្កើនជំនឿទុកចិត្តនិងជួយគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេ ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលផ្តល់នូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផងដែរ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទទួលទានអាហារការងារពេលថ្ងៃត្រង់ដែលរៀបចំដោយប្រធានរដ្ឋសភាតួកគី ​​

បន្ទាប់ពីការអញ្ជើញពិភាក្សាការងារជាមួយ លោក ប៊ីណាលី យីដីរីម (Binali Yidirim) ប្រធានរដ្ឋសភា និងជាអតីត​នាយក​រដ្ឋមន្រ្តីតួកគី រួចហើយនោះ នៅថ្ងៃទ២០ ខែតុលា ឆ្នាំ២០១៨ ដដែលនោះ​ លោកនាយករដ្ឋមន្ត្រីកម្ពុជាក៏បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ដែលរៀបចំដោយប្រធានរដ្ឋសភាតីតួកគី ជូនចំពោះលោក​នាយក​រដ្ឋ​មន្រ្តី និងគណ:ប្រតិភូជាន់ខ្ពស់នៃរាជ​រដ្ឋា ភិបាលកម្ពុជា។
សូមបញ្ជាក់ដែរថា តួកគី និងកម្ពុជា ជាប្រទេសដែល មានអរិយធម៌យូរណាស់មកហើយ ក្នុងនោះប្រទេសកម្ពុជាត្រូវបានគេស្គាល់តាមរយៈចក្រភពអង្គរ ហើយប្រទេសតួកគីត្រូវបានគេស្គាល់តាមរយៈចក្រភព ប៊ីហ្សេនថាញ់​(Byzantine) និងបន្ទាប់មកចក្រភពអូតូម៉ង់ (Ottoman) ។

បើទោះបីជាព្រះរាជាណាចក្រកម្ពុជា និងសាធា​រណរដ្ឋតួកគី មានចំណងមិត្តភាពផ្នែកការទូតទើបតែជាងពីរទស វត្សរ៍ក៏ពិតមែន ប៉ុន្តែទំនាក់ទំនង នៃប្រទេសទាំងពីរមានភាពរឹងមាំ ដោយឈរលើគោលការណ៍ជំនឿទុកចិត្តគ្នា និងគោរពគ្នា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងខ្លួន ពិសេសបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។ ជាក់ស្តែងប្រទេសទាំង ពីរបានគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ក្នុងបណ្តាស្ថាប័នអន្តរជាតិផ្សេងៗទៀតផង៕



កម្ពុជាមានគម្រោងការបើកស្ថានឯកអគ្គរាជទូតនៅសា​ធារណរដ្ឋតួកគីឱ្យបានឆាប់រហ័យបំផុត

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅ​ទីក្រុង​អីស្តានប៊ុល សាធារណរដ្ឋតួកគីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំដែងការគួរសម ពិភាក្សាការងារ ជាមួយលោក ប៊ីណាលី យីដីរីម (Binali Yıldırım) ប្រធានរដ្ឋសភា និងជាអតីត​នាយក​រដ្ឋមន្រ្តីតួកគី។
នៅមុនពិធីទទួលទានអាហារថ្ងៃត្រង់ មេដឹកនាំនៃប្រ​ទេ​សទាំងពីរកម្ពុជា-តួកគី គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែ​ន និងប្រធានរដ្ឋសភាតួកគី បានអញ្ជើញជួបពិភាក្សាទល់មុខគ្នា ដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់​ទិនទៅនឹងការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេរឡើងថែមទៀត ពិសេសគម្រោងនៃការបើកស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋតួកគីឱ្យបានឆាប់រហ័យបំផុត តាមដែលអាចធ្វើទៅបាន បន្ទាប់ពីប្រ​ទេសតួកកី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលបីឆ្នាំ​២០១៣កន្លង​ទៅ។
ក្នុងជំនួបទល់មុខគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានសភាតួកគី បានធ្វើការ​ពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោ​បល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុង​នោះ រួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីតួកគី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅកាន់បញ្ហាទ្វេរភាគី បញ្ហាពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសការបង្កើនជំនឿទុកចិត្តនិងជួយគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេ ភាគី ពហុភាគី តំបន់ និងអន្តរជាតិដែលផ្តល់នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់លោកប្រធានសភាដែរថា លោកតែងតែចង់មកកាន់ប្រទេសតួកគីនេះជាយូរមកហើយ ព្រោះថាតួកគីគឺជាដែនដី នៃការតភ្ជាប់ទ្វីបអាស៊ី និងទ្វីបអឺរ៉ុប និងបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត និងជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត នៃមេដឹកនាំកម្ពុជាដំបូងគេ ដែលបានអញ្ជើញមកធ្វើទស្សន​កិច្ចការងារ នៅសាធារណរដ្ឋ តួកគី។
ក្នុងជំនួបពិភាក្សាការងារនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានសភាតួកគី បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នា ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច ពីគ្រប់កម្រិតទាំងអស់ នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង​ពីរកាន់តែមានកម្រិតខ្ពស់ថែមទៀត។ បន្ទាប់ពីបានចំណាយពេលនៃជំនួបពិភាក្សាទល់មុខគ្នារួចមកលោកនាយករដ្ឋមន្រ្តី និងប្រធានសភាតួកគី បានអញ្ជើញលំហែកាយក្នុងបរិ​វេណ នៃវិមានរដ្ឋាភិបាលក្នុងទីក្រុងអីស្តានប៊ុល ពិសេសការស្រូបយកខ្យល់អាកាសបរិសុទ្ធ មាត់ សមុទ្រមុននិងពិធីទទួលទានអាហារការងារពេលថ្ងៃ។

ប្រធានរដ្ឋសភាតួកគី​ បានមានប្រសា​សន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកនាយករដ្ឋមន្រ្តី​​ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជ​រដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើសយកប្រទេសតួកគីសម្រាប់ដំណើរបំពេញទស្សនកិច្ចការងារជា​លើក​ដំបូង ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលទើបមានអាយុ២០ឆ្នាំកន្លងមក។ ប្រធានសភាបានឯកភាពទៅនឹងទស្សនៈលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចពីគ្រប់កម្រិតទាំងអស់ ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើនខ្ពង់ខ្ពស់ថែមទៀត៕