Monday, October 22, 2018

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយ និងចំណាស់ ក្នុងទីក្រុងអ៊ីស្តានប៊ុល សាធារណរដ្ឋតួកគី

បន្ទាប់ពីពិធីចុះហត្ថលេខាលើ ឯកសារ និងកិច្ចព្រមព្រៀងអនុស្សារណៈ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយ និងចំណាស់បំផុត ក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី។
បើតាមការអះអាងពីក្រុមប្រឹក្សាព្រះវិហារបានឲ្យដឹងថា ក្នុងមួយឆ្នាំៗមានសាសនិកឥស្លាមមកពីគ្រប់ទិសទី ក្នុងទីក្រុង អ៊ីស្តានប៊ុល ក៏ដូចជាសាសនិកមកពីទីជិតឆ្ងាយ ទាំងក្នុងក្រៅប្រទេស ប្រមាណ៦លាននាក់ បានអញ្ជើញទៅចូលរួមថ្វាយបង្គុំ ក្នុងព្រះវិហារនេះ។ ព្រះវិហារឥស្លាមនេះ គឺជាព្រះវិហារដែលមានវ័យ ចំណាស់មួយ ក្នុងចំណោមព្រះវិហារវ័យចំណាស់ជាច្រើនទៀត ក្នុងទីក្រុងអ៊ីស្តានប៊ុល ដែលត្រូវបានដាក់ បញ្ចូលជាសប្បត្តិបេតិកភណ្ឌពិភពលោក។
នៅក្នុងឱកាសនៃការអញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានវ័យចំណាស់នោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ ពីការពន្យល់ណែនាំរបស់ថ្នាក់ដឹកនាំព្រះវិហារ ដូចជាការអភិរក្សថែរក្សាការពារ ពិសេសព្រះវិហារនេះគឺជាសម្បត្តិគរុភណ្ឌដ៏មានតម្លៃបំផុត របស់ប្រជាពលរដ្ឋតួកគី ដែលបានស្ថាបនាដ៏យូរលង់ណាស់មកហើយ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ កម្ពុជា និងតួកគី មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយយ៉ាងរស់រវើក ពិសេសប្រទេសទាំងពីរធ្លាប់បាន ជួយគ្នានៅលើឆាកអន្តរជាតិ ក្នុងក្របខណ្ឌ ពហុភាគី កម្ពុជាបានគាំទ្របេក្ខភាពតួកគី នៅក្នុងក្រុមប្រឹក្សាសហព័ន្ធទូរគមនាគមន៍អន្តរជាតិ សម្រាប់អាណត្តិឆ្នាំ២០១៩-២០២០។ អនុគណៈកម្មការស្តីពីការទប់ស្កាត់ទារុណកម្មសម្រាប់ អាណត្តិឆ្នាំ២០១៩-២០២០ ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ។ ជាមួយគ្នានេះតួកគីក៏បានគាំទ្រ កម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម សម្រាប់អាណត្តិឆ្នាំ២០១៩ និងជាអ្នកសង្កេតការណ៍ ក្នុងអង្គការកិច្ចសហប្រតិបត្តិការឥស្លាម។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបានភ្ជាប់ទំនាក់ ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ១៩៩៤ កម្ពុជា និងតួកគី បានបង្កើតនូវក្រុមមិត្តភាពសភាកម្ពុជា តួកគី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ជាមួយគ្នានេះបច្ចុប្បន្នមាននិស្សិត កម្ពុជាចំនួន៦៨នាក់ កំពុងសិក្សានៅប្រទេសតួកគី និងមានប្រជាពលរដ្ឋតួកគី ប្រមាណ២៥០នាក់ កំពុងរស់នៅ ក្នុងប្រទេសកម្ពុជាផងដែរ ៕




No comments:

Post a Comment