Monday, October 22, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រតី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ដែលធ្វើឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មអ៊ីស្តានប៊ុល ដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល ផ្នែកឯកជនតួកគី ឥស្សរជន និងផ្នែកធុរកិច្ច ទៅពីព្រះរាជា​ណាចក្រកម្ពុជាជាច្រើនរូបផងដែរ។ បន្ទាប់ពីការស្តាប់នូវបទអន្តរាគមន៍ពីថ្នាក់ដឹកនាំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្នែកធុរកិច្ចតួកគីរួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនិងបានបញ្ជាក់ថាលោកពិតជារីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅទីក្រុងអ៊ីស្តានប៊ុល ដែលជាទីក្រុងប្រវត្តិសាស្រ្តស្ថិតជាប់គ្នាជាមួយសហគមន៍អឺរ៉ុប និងអាស៊ី។ តាមរយៈវេទិកាធុរកិច្ចតួកគី-កម្ពុជា ជាការបង្ហាញពីការរីកចម្រើននាពេលបច្ចុប្បន្នព្រមទាំងកាលានុវត្តភាព និងសក្តានុពលសម្រាប់កម្ពុជាផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានរៀបចំវេទិកាធុរកិច្ចដ៏មានសារៈសំខាន់នេះ ទន្ទឹមនឹងនេះក៏សូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមាន លោក លោកស្រីភ្ញៀវជាតិ និងអន្តរជាតិដែលជាតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមនាពេលនេះ។
តួកគី និងកម្ពុជាគឺជាប្រទេសដែលមានអរិយធម៌យូរណាស់មកហើយដែលកម្ពុជាគេស្គាល់តាមរយៈចក្រភពអង្គរ ហើយតួកគីគេស្គាល់តាមរយៈប្រភព ប៊ីហ្សេនថាញ់ ប្រទេសយើងទាំងពីរក៏បានគាំទ្របេក្ខភាពគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទំនាក់ទំនងទ្វេរភាគី។

កិច្ចព្រមព្រៀងចំនួន ៨ នឹងត្រូវចុះអនុស្សារណៈជាមួយគ្នាដែលក្នុងនោះទាក់ទងនឹងវិស័យអប់រំ ទេសចរណ៍ ធនធានទឹក កសិកម្ម វប្បធម៌ និងវិនិយោគ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ ដែលនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែមានភាពជិតស្និទ្ធប្រសើរថែមទៀត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានបន្តថា កម្ពុជានឹងខិតខំធ្វើយ៉ាងណាដើម្បីឈានទៅសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងដោយមិនយកពន្ធត្រួតគ្នាដែលនេះគឺជាចំណែកមួយយ៉ាងសំខាន់សំរាប់ផលប្រយោជន៍នៃប្រទេសទាំងពីរ។ តាមរយៈកំណើនសេដ្ឋកិច្ចកធ្វើឱ្យកម្ពុជាសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងស្ថិតនៅលើគន្លងសម្រេចយកបាននូវការដាក់ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្នចំនួនភ្ញៀវទេសចរណ៍ដែលបានមកកាន់កម្ពុជាមានការកើនឡើងជាលំដាប់ប្រមាណ ៥ លាន ៦ សែននាក់នៅឆ្នាំ ២០១៧ ហើយក្នុងរយៈពេល ៨ ខែក្នុងឆ្នាំ ២០១៨កម្ពុជាស្វាគមន៍ភ្ញៀវទេសចរមានការកើនឡើងប្រមាណ ១២% ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧៕









No comments:

Post a Comment